គណបក្សភ្លើងទៀនអនុម័តបន្ថែមអនុប្រធានបីរូបនិងសារនយោបាយចំនួនប្រាំ

ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនមានវត្តមាននៅក្នុងសមាជវិសាមញ្ញរបស់បក្សនេះ ដែលធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

គណបក្ស​ភ្លើងទៀន​បានសម្រេច​ជ្រើសតាំង​អនុប្រធាន​បី​រូប​បន្ថែម ហើយប្រកាសកំណត់​យក​សារ​នយោបាយចំនួន​ ៥ ចំណុច​ សម្រាប់​ការ​ប្រកួត​ប្រជែងការបោះឆ្នោត​ជាតិ ឆ្នាំ​ ២០២៣​។​

ការ​សម្រេច​បែបនេះត្រូវបានប្រកាស​ឡើងនៅ​ក្នុងសមាជ​វិសាមញ្ញ​ ដែល​មាន​អ្នក​ចូល​រួមប្រមាណ ​៧.០០០ ​នាក់ នៅ​ថ្ងៃទី​ ១១ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ក្នុងនៅភូមិ​ព្រៃគុយ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប​។ គណបក្ស​ភ្លើងទៀន​បានរៀបចំ​សមាជ​វិសាមញ្ញ​មួយនេះ ដើម្បី​កំណត់យុទ្ធសាស្រ្ត និងគោលនយោបាយ​របស់ខ្លួន សម្រាប់​ការ​បោះឆ្នោត​នាខែកក្កដាខាងមុខនេះ។​

​អនុប្រធាន​ចំនួន​បីរូបដែលត្រូវបានសម្រេចតែងតាំងជា​ផ្លូវ​ការ​ រួម​មាន​លោក សុន ​ឆ័យ ​អ្នកនយោបាយជើងចាស់ លោក រ៉ុង ឈុន អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​លោក សុក ហាច​ អតីតទីប្រឹក្សាធនាគារពិភពលោកនិងស្ថាបនិកវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា។ ជា​សរុប ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​មាន​ចំនួន​ប្រាំ​រូប។ ​ក្នុង​សមាជនោះ​ ក៏​មានការ​ប្រកាសអំ​ពី​គោលនយោបាយ​សំខាន់ៗ​ចំនួន​ ៩ ​ចំណុច​ និង​សារ​នយោបាយចំនួន​ ៥ ចំណុច​របស់គណបក្សនេះផងដែរ។

សារនយោបាយ​អាទិភាព​ ៥ ​ចំណុច​ដែល​ដកស្រង់ចេញពីគោលនយោបាយទាំង​ ៩ ​ចំណុច រួមមាន ពិនិត្យនិង​ព្យាបាលជំងឺ​នៅមន្ទីរពេទ្យ​រដ្ឋ​ឥតបង់​ប្រាក់។ មនុស្សចាស់អាយុ​ ៦៥ ​ឆ្នាំ​ឡើង​ទទួល​បាន​ប្រាក់​ ២០ ម៉ឺនរៀល​រៀងរាល់ខែ កម្មករ​ប្រាក់​ខែ​ទាបបំផុត​ ១ លាន ២ ​សែន​រៀល​ និង​មន្រ្តី​រាជការ​ទាបបំផុត ​២ ​លាន​រៀល។​ កសិផល​ថ្លៃ ជីថោក ប្រេងថោក ការប្រាក់ទាប។ ការអប់រំ​ល្អ បង្កើតការងារ​សម្រាប់​យុវជន​ ១ លាន​នាក់។​

សកម្មជននិងអ្នកគាំទ្រគណបក្សភ្លើងទៀនគ្រវីទង់ជាតិនិងទង់គណបក្ស នៅក្នុងអំឡុងសមាជវិសាមញ្ញរបស់បក្ស នៅខេត្តសៀមរាប កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន ប្រាប់ VOA ក្រោយ​បញ្ចប់​សមាជ​ថា សមាជ​វិសាមញ្ញ​នេះ ​ជាការ​បង្ហាញ​អំពី​កម្លាំង​របស់​គណបក្ស​ភ្លើង​ទៀន ក្នុងការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជាមួយ​គណបក្ស​កាន់អំណាច។

លោកបានថ្លែងថា៖ «យើង​សង្ឃឹម​ថា​ គណបក្ស​ភ្លើង​ទៀន​នឹង​ទទួល​ជ័យ​ជម្នះ។ គណបក្ស​ភ្លើងទៀន​នឹង​មានការ​គាំទ្រ​អំ​ពី​ប្រជាពលរដ្ឋទូទាំង​ ២៥ ​ខេត្ត​ក្រុង ហើយ​យើង​នឹង​ទទួល​ជ័យ​ជម្នះ​នា​ពេល​ខាងមុខ​នេះ»។

ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រអាណត្តិ​ទី​ ៧ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣​ នេះ ដោយ​មានការ​មើលឃើញ​ថា គណបក្ស​ភ្លើងទៀន​នឹង​ក្លាយជា​គណបក្ស​ឈរលើ​លំដាប់ទី​ ១ ​ដែលប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​។​

សមាជវិសាមញ្ញ​របស់​គណបក្ស​ភ្លើងទៀន ​ត្រូវបានធ្វើឡើង​ ខណៈដែល​មន្រ្តី​ជាន់ខ្ពស់គណបក្ស​នេះ​រង​ការប្តឹងផ្តល់​ពី​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ជា​បន្តបន្ទាប់៕