នៅក្នុងឱកាសខួប២៦ឆ្នាំនៃសោកនាដកម្ម ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧នៃការបោកគ្រាប់បែកសម្លាប់មនុស្ស គណបក្សភ្លើងទៀនបានប្រកាសបន្តទាមទាររកយុត្តិធម៌សម្រាប់ជនរងគ្រោះដែលស្លាប់និងរបួស។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀនមួយចំនួន បានជួបជុំគ្នានៅបរិវេណស្តូបវីរបាតុករ មុខអតីតមន្ទីររដ្ឋសភា ដែលបច្ចុប្បន្នជាអគារតុលាការកំពូល ដើម្បីរៀបចំពិធីបុណ្យបង្សុកូល គោរពវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ ក្នុងការវាយប្រហារដោយគ្រាប់បែកដៃចំនួន៤គ្រាប់។
គណបក្សភ្លើងទៀនបញ្ជាក់ក្នុងសារបង្ហោះលើហ្វេសប៊ុករបស់គណបក្សនាថ្ងៃព្រហស្បតិ៍នេះថា៖ «រយៈពេល ២៦ឆ្នាំកន្លងមកនេះ ក្រុមគ្រួសារជនរងគ្រោះ នៅតែទទួលរងនូវការឈឺចាប់ ដោយសារជនដៃដល់ និងអ្នកនៅពីក្រោយខ្នងនៃអំពីភេរវកម្មនៃការវាយប្រហារដោយគ្រាប់បែកដៃ នៅពុំទាន់ត្រូវបានចាប់ខ្លួនយកមកផ្តន្ទាទោសនៅឡើយ»។
គណបក្សភ្លើងទៀនបន្តអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ច «វែកមុខនិងចាប់ខ្លួនឃាតកពិត និងអ្នកនៅពីក្រោយខ្នងនៃអំពើភេរវកម្មនេះ យកមកផ្តន្ទាទោសតាមច្បាប់ ជាធរមាន ដើម្បីផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារជនរងគ្រោះ និងបញ្ចប់វប្បធម៌និទណ្ឌភាពនៅកម្ពុជា»។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ មានជនមិនស្គាល់មុខមួយក្រុមបានវាយប្រហារដោយគ្រាប់បែកដៃចំនួន៤គ្រាប់ទៅលើក្រុមបាតុករ ដែលដឹកនាំដោយលោក សម រង្ស៊ី ដែលកាលនោះជាប្រធានគណបក្សជាតិខ្មែរ ដើម្បីទាមទាររកយុត្តិធម៌សង្គមលក្ខខណ្ឌការងាររបស់ក្រុមកម្មករ និងកែទម្រង់ប្រព័ន្ធតុលាការនៅពីមុខអតីតអគាររដ្ឋសភា។
ព្រឹត្តិការណ៍បោកគ្រាប់បែកកាលពី២៦ឆ្នាំនោះ បានសម្លាប់មនុស្សយ៉ាងតិច១៦នាក់ និងរបួសជាង១០០នាក់ ដែលកាលនោះមានការធ្វើបាតុកម្មដោយលោក សម រង្ស៊ី ដើម្បីទាមទារឱ្យមានការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។
គណបក្សប្រឆាំងជារៀងរាល់ឆ្នាំបានរៀបចំពិធីរំឭកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបានស្លាប់។
ក្នុងពិធីបុណ្យបង្សុកូលនោះ អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ថ្លែងថាលោកមានការសោកស្តាយចំពោះការវាយប្រហារ ដែលកើតឡើងអស់រយៈពេល២៦ឆ្នាំមកហើយ ប៉ុន្តែមិនទាន់ឃើញយុត្តិធម៌សម្រាប់ក្រុមគ្រួសារជនរងគ្រោះនៅឡើយ។
លោកថ្លែងថា៖ «ទាក់ទងទៅនឹងព្រឹត្តិការណ៍សោកនាកម្មនៅថ្ងៃ៣០ មីនា ឆ្នាំ១៩៩៧នោះ បើតាមFBI សហរដ្ឋអាមេរិកបានបង្ហាញរបាយការណ៍ថាបញ្ហានេះមានទាក់ទងទៅនឹងមន្ត្រីដែលមានឋានៈមានតួនាទីធំនៅក្នុងរដ្ឋាភិបាលកម្ពុជា»។
លោកបន្ថែមទៀតថាគណបក្សភ្លើងទៀននឹងវែករកមុខជនដៃដល់ និងអ្នកនៅពីក្រោយខ្នងនៃការវាយប្រហារដោយគ្រាប់បែកនេះឱ្យបាន នៅពេលខ្លួនឡើងកាន់អំណាច។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថាគណបក្សប្រឆាំងតែងតែយកឱកាសនេះ ដើម្បីវាយប្រហាររដ្ឋាភិបាល និងឃោសនានយោបាយរបស់គណបក្សខ្លួន ដើម្បីជាប្រយោជន៍។ លោកជំរុញ ឱ្យខាងភាគីទាំងអស់គួរតែសហការគ្នា ដើម្បីចាប់ជនល្មើសប្រសើរជាងការវាយប្រហារគ្នា។
លោកថ្លែងថា៖ «សុំឱ្យបក្សប្រឆាំងកុំយកអារឿងហ្នឹងទៅជារឿងនយោបាយអី។ យើងនាំគ្នាចាប់ជនល្មើសល្អជាង មិនមែនយករឿងនយោបាយដាក់កំហុសអ៊ីចឹងទេ។ ចង់និយាយថាយើងរួមគ្នាស្វែងរកជនល្មើស។ កុំអះអាងថាសមត្ថកិច្ចមិនយកចិត្តទុកដាក់ សមត្ថកិច្ចមិនអើពើមិនមែនអ៊ីចឹងទេ។ ចោរបើយើងមិននាំគ្នាចាប់ទេវាបានចិត្ត ហើយបើយើងទម្លាក់កំហុសតែមកលើសមត្ថកិច្ចតែម្នាក់ បើយើងមិនផ្ដល់ភស្តុតាង មិនផ្ដល់ព័ត៌មាន សាក្សីអី គឺរកវាមិនឃើញអាហ្នឹងវាអ៊ីចឹង»។
លោកបន្ថែមថាសមត្ថកិច្ចមិនទាន់បិទសំណុំរឿងនេះនៅឡើយទេ ហើយសមត្ថកិច្ចនៅតែបន្តស៊ើបអង្កេតដដែល។
កាលពីខួបព្រឹត្តិការណ៍ក្នុងឆ្នាំ២០១៧ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានអះអាងថារដ្ឋាភិបាលកម្ពុជាបានការពារ និងដំឡើងតំណែងដល់ជនទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងករណីបោកគ្រាប់បែកនេះ។
នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ប្រ៊ែដ អាដាម (Brad Adams) បានថ្លែងកាលពីឆ្នាំ២០១៧ថា៖ « ភស្តុតាងច្បាស់ៗដែលបង្ហាញពីការជាប់ពាក់ព័ន្ធរបស់កងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងអំពើដ៏សាហាវឃោរឃៅនេះ គឺមានន័យថាការស៊ើបអង្កេតផ្ទៃក្នុងដ៏ហ្មត់ចត់មួយ គឺមិនបានកើតឡើង និងគ្មានថ្ងៃកើតឡើងនោះទេ»។
បើតាមអង្គការសិទ្ធិមនុស្សអន្តរជាតិ ការវាយប្រហារដោយគ្រាប់បែកដៃ៤គ្រាប់កាលនោះ ធ្វើឡើងក្នុងបំណងសម្លាប់លោក សម រង្ស៊ី តែវាបានសម្លាប់បាតុករ និងអ្នកដែលឈរក្បែរនោះ ដោយរួមទាំងកុមារ និងបានខ្ទាតអំបែងគ្រាប់ទៅលើអ្នកលក់ដូរនៅតាមផ្លូវ។ កាលនោះ លោក សម រង្ស៊ី បានគេចខ្លួនរួច ដោយរបួសស្រាលនៅជើង៕