គណបក្ស​ភ្លើង​ទៀន​ទាមទារ​​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​វិវាទ​ការងារ​​​នៅ​ក្រុម​ហ៊ុន​​ណាហ្គា​វើលដ៍

រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍កាន់បដាធ្វើបាតុកម្មតវ៉ានៅមុខរដ្ឋសភាជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

គណ​បក្ស​ភ្លើង​ទៀន​ជា​គណ​បក្ស​ជំទាស់​ដែល​បាន​ដំណើរ​ការឡើង​វិញ​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០​២២​នេះ បង្ហាញ​ជំហរ​ទាម​ទារ​ឱ្យ​រដ្ឋា​ភិបាល​ជំរុញឱ្យ​ក្រុម​ហ៊ុនណាហ្កា​វើលដ៍ ​គោរព​ច្បាប់​ការងារ​ និងដោះ​ស្រាយ​វិវាទ​ការ​ងារ​រ៉ាំរ៉ៃ​ ដែល​អូស​បន្លាយ​ពេល​ជា​ច្រើន​ខែមក​នេះ ឱ្យ​បាន​ឆាប់។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​ច្បាប់​របស់​គណ​បក្ស​ភ្លើង​ទៀន​ ចុះ​ថ្ងៃ​ទី១៩​ ខែ​កញ្ញា​នេះ ​ វិវាទ​ការងាររវាង​អតីត​បុគ្គលិក​ ឬ​បុគ្គលិក​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ និង​ក្រុម​ហ៊ុន​ល្បែង​ស៊ីសង​បានអូស​បន្លាយ​ពេល​៩ខែ​មក​ហើយ​ គិត​ចាប់​តាំង​ពី​ក្រុម​ហ៊ុន​បាន​បញ្ឈប់​បុគ្គលិក​ ដោយ​កាត់​ឈ្មោះ​ និង​បណ្តេញ​បុគ្គ​លិកចេញ​ពី​ការងារ ​តាំង​ពី​ខែ​ធ្នូឆ្នាំ​២០២១​មក។​

គណ​បក្ស​ភ្លើង​ទៀន ​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖​ «គណ​បក្សភ្លើង​ទៀន​ទាម​ទារ​ឱ្យ​រាជ​រដ្ឋា​ភិបាល​ តាម​រយៈ​ក្រសួង​ការងារ​ក្នុង​សមត្ថ​កិច្ច​របស់​ខ្លួន ធ្វើការ​ឱ្យបាន​ត្រឹម​ត្រូវ​ ដោយ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ឈ្មោះ Naga World ​មួយ​នេះ ​គោរពច្បាប់​ការងារ​ និង​បទ​ដ្ឋាន​គតិ​យុត្តិ​នានា​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​ដើម្បី​មាន​ការ​ដោះស្រាយ​ជម្លោះ​ឱ្យ​បាន​ឆាប់ ​ ហើយ​សុំ​ឱ្យ​សមត្ថកិច្ច​ត្រូវ​ការ​ពារ​សុវត្ថិភាព​បុគ្គលិក​ជា​អ្នក​តវ៉ា​ឱ្យ​បាន​ត្រឹម​ត្រូវ​ ក្នុង​ការ​អនុវត្ត​សិទ្ធិ​របស់​ពួក​គាត់​ដោយ​សន្តិ​វិធី»។​

បើតាម​គណបក្ស​ភ្លើង​ទៀន​ ​បុគ្គល​លិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​បញ្ឈប់​ គឺ​មក​ដល់ពេល​នេះ ​មិន​ទាន់​ទទួល​បាន​យុត្តិ​ធម៌​នៅ​ឡើយ​ទេ​ ដោយ​អ្នក​ចេញ​តវ៉ា​ខ្លះ​ត្រូវ​បាន​គេ​វាយ​ដំ ​និង​ចាប់​ឃុំ​ឃាំង ​ដោយ​ល្មើស​សិទ្ធិ​ស្រប​ច្បាប់​ ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។ ​

គណ​បក្ស​ជំទាស់​មួយ​នេះ​ក៏​បាន​ស្នើ​ឱ្យ​រដ្ឋា​ភិបាលដក​អាជ្ញា​បណ្ណ​រក​ស៊ី ​បើសិន​រក​ឃើញថា​ អ្នក​មាន​អំណាច​កាង​នៅ​ពី​ក្រោយ​ក្រុមហ៊ុន​កាស៊ីណូ​មួយនេះ។​

ប្រធាន​ស្តី​ទី​គណ​បក្ស​ភ្លើង​ទៀន​ លោក​ថាច់ សេដ្ឋា ​កត់​សម្គាល់​ឃើញ​ថា​ បើ​សិន​ជា​វិវាទ​ការងារ​មួយ​នេះ​នៅតែ​មិន​អាច​រក​ដំណោះ​ស្រាយ​បាន​ និង​នៅ​តែ​អូស​បន្លាយ​ ​ នោះ​ជម្លោះ​ការងារ​នេះនឹងធ្វើ​ឱ្យខូចមុខ​មាត់​ប្រទេសកម្ពុជា ​និង​ធ្វើ​ឱ្យគេ​ឃើញ​ពី​សកម្ម​ភាព​អាក្រក់​របស់​រដ្ឋា​ភិបាល​ទីក្រុង​ភ្នំពេញបន្ថែម​ទៀត។​

ម្យ៉ាង​ទៀត​លោក ​ថាច់ សេដ្ឋា​ កត់​សម្គាល់​ថា​ ការ​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ចបង្ក្រាប​លើ​ក្រុម​កូដករ​រហូត​ដល់​ការ​ប្រើ​ប្រាស់​ហិង្សា ​បង្ក​ជារបួស​ស្នាម​ និង​មាន​ស្ត្រី​រលូត​កូន​ជា​ដើម​ផង​នោះ​ គឺ​បាន​ធ្វើ​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា ​អាជ្ញាធរ​មិន​បាន​ការពារ​ប្រជា​ពល​រដ្ឋ​ទេ ​បែរ​ជា​ការពារ​ក្រុម​ហ៊ុន​ទៅ​វិញ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ ​«[បើ​រដ្ឋា​ភិបាល​នៅ​តែ]​មិន​មាន​ដំណោះ​ស្រាយ​ហើយ​នៅ​តែ​បង្ក្រាប​បែប​នេះ​ វា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​មុខ​មាត់​ប្រទេស​ជាតិ​របស់​ខ្លួន។ ​ហើយ​រឹត​តែ​ធ្វើ​ឱ្យ​ឃើញ​ពី​សកម្ម​ភាព​អាក្រក់​របស់​រដ្ឋាភិបាល​ថែម​ទៀត​ផង។ ​ដូច្នេះខ្ញុំ​ ចង់​ជម្រាប​ថា​ [ការ​ទាម​ទារ​នេះ​គឺ]​ មិន​មែន​ជា​ករណី​រឿង​នយោ​បាយ​ទេ​ គឺ​ដើម្បី​ប្រជា​ពល​រដ្ឋ​ ដើម្បី​ផល​ប្រយោជន៍​ប្រជា​ពល​រដ្ឋ​ និង​ការ​គោរព​ច្បាប់»។​

លោក​បន្ថែម​ថា៖ ​«រដ្ឋា​ភិបាល​ត្រូវ​តែមាន​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​អ្នក​វិនិយោគ​ទាំង​អស់​ដែល​មក​វិនិយោគ​នៅ​ខ្មែរ​ ត្រូវ​តែ​គោរព​ច្បាប់​ការងារ​របស់​ខ្មែរ។​ ហើយ​ដូច​ណាហ្គា​វើលដ៍ ​ត្រូវ​បញ្ចប់​ដោយ​ច្បាប់​ការងារ ​និង​អ្វីដែល​មាន​ជាធរមាន​នេះ ​ហើយ​តួនាទី​របស់​រដ្ឋាភិបាល​ត្រូវតែ​ការពារ​ផល​ប្រយោជន៍​របស់​ប្រជា​ពល​រដ្ឋ​ខ្លួន​ឯង»។​

​វីអូអេ​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការងារ​ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ លោក​ ហេង សួរ​ និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ​ផៃ ស៊ីផាន ​បាន​ទេ ​នៅ​ថ្ងៃ​អង្គារ​នេះ។​

ដោយ​ឡែក ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា ​នៅ​ថ្ងៃទី​១៥​ខែ​កញ្ញា​នេះ ​ក្រសួង​បាន​បន្ត​សម្រប​សម្រួល​វិវាទ​ការងារ​មួយ​នេះ​ លើក​ទី​១៨ ​ដែល​មានភាគី​តំណាង​កម្មករ​ និង​ភាគី​ក្រុម​ហ៊ុន ​ប៉ុន្តែ​ជា​លទ្ធ​ផលភាគីទាំង​ពីរ​នៅ​មិន​ទាន់​ឯក​ភាព​គ្នា​នៅ​ឡើយ​ទេ ​ដោយ​ភាគី​តំណាង​កម្មករ​ នៅ​តែ​បន្ត​ទាម​ទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​ចូល​ធ្វើ​ការ​វិញ​ រី​ឯ​ភាគី​តំណាង​និយោជក​នៅតែ​ថា ​មិន​អាចទទួល​យក​ឱ្យ​ចូល​ធ្វើ​ការ​វិញ​បាន​ទេ​ ដោយ​មិន​បាន​បញ្ជាក់​លម្អិត​ពី​ហេតុផល។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​ ចុះ​ថ្ងៃទី​១៥ ខែ​កញ្ញា​នេះ។​

បើ​តាម​ក្រសួង​ការងារ​ ប្រសិន​វិវាទ​ការងារ​នេះ​មិន​អាច​ស្វែង​រក​ដំណោះ​ស្រាយ​បាន​តាមរ​យៈ​ការ​ផ្សះផ្សា​ នោះ​នីតីវិធី​បន្ទាប់​គឺ​អាច​បញ្ជូន​ទៅ​តុលាការ​ដើម្បី​រក​ខុស​រក​ត្រូវ​ក្នុង​សំណុំ​រឿង​វិវាទ​ការងារ​នេះ។​

ជុំវិញវិវាទ​ការងារ​ខាង​លើ​នេះ​ បុគ្គ​លិក​របស់​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​បាន​ចេញ​តវ៉ា​ជា​បន្ត​បន្ទាប់ ​តាំង​ពីចុង​ឆ្នាំ​២០២១​មក​ នៅ​ពេល​ដែល​ក្រុម​ហ៊ុន​នេះ​ប្រកាស​បញ្ឈប់​បុគ្គលិក​ទ្រង់​ទ្រាយ​ធំ​រហូត​ដល់​១.៣០០​នាក់​នៃ​បុគ្គលិក​សរុប​ប្រមាណ​៨​ពាន់​នាក់ ដោយ​ក្រុម​ហ៊ុន​ថា​ មាន​បញ្ហា​ហិរញ្ញ​វត្ថុ​ក្នុង​ពេល​វិបត្តិ​ជំងឺ​កូវីដ១៩។​

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​កញ្ញា​ ឈឹម ស៊ីថរ ​ធ្លាប់​លើក​ឡើង​កន្លង​មក​ថា​ ការ​តវ៉ា​របស់​កម្មករ​និយោជិត​ គឺ​ដើម្បី​ធានា​ការ​គោរព​សេរី​ភាព​របស់​សហ​ជីព ​ហើយ​សេរី​ភាព​នេះ​មិន​អាច​ទូទាត់​នឹង​សំណង​បាន​ឡើយ។​

កញ្ញា ​ស៊ីថរ ​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារនេះ​បន្ថែម​ថា ​កញ្ញា​ ក៏ដូចជាក្រុម​កូដករ នៅ​តែ​ចង់​ឃើញ​ក្រសួង​ការងារ​ និង​រដ្ឋា​ភិបាល​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ​ឱ្យ​បាន​ឆាប់។​

កញ្ញា​ថ្លែងថា៖ ​«ក្នុង​នាម​យើង​ជា​តំណាង​កម្មករ​និយោជិត​ គឺ​អត់​មាន​អ្វី​ចង់​បាន​ទេ ​ក្រៅ​ពី​ការ​ទាម​ទារ និង​ចង់​ឱ្យ​ក្រសួង​ ចង់​ឱ្យ​រដ្ឋា​ភិបាលដោះ​ស្រាយ​រឿង​នេះ ​តាម​ការ​ទាម​ទាររបស់​កម្មករ​នយោជិត​ហ្នឹង»។​

ប្រធាន​គ្រប់​គ្រង​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា ​សង់ត្រាល់​ លោក ​ឃុន ថារ៉ូ ​យល់​ថា​ កូន​សោ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នេះ​គឺ​មាន​តែ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ តែ​ម្នាក់​គត់​ដែល​អាច​ដោះ​ស្រាយបាន។​

លោក​ថ្លែង​ថា៖ ​«បើ​នាយក​រដ្ឋមន្ត្រី​បើក​ភ្លើង​ខៀវ​ក្នុង​ការ​ផ្តល់​ដំណោះ​ស្រាយ​ក្នុង​ការ​បញ្ចប់​វិវាទ​ការងារ​នេះ ​គឺ​មិន​មែន​ជារឿង​ដែល​លំបាក​ទេ។ ​ហើយ​យើង​ដឹង​ហើយ​ថា ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​នេះ​ជា​ក្រុម​ហ៊ុន​មួយ​មាន​ឥទ្ធិ​ពល ​មាន​អំណាច​ [អ៊ីចឹង]​វា​លុះ​ត្រា​តែ​អ្នក​មាន​ឥទ្ធិពល​ ឬ​អំណាច​ដាក់​ចុះ​នូវ​គោល​ការណ៍ ​ឬ​ដំណោះ​ស្រាយ​សម​ស្រប​ណា​មួយ​ [ទើប]​ វិវាទ​ការងារ​មួយ​នេះ​អាច​បិទ​បញ្ចប់​ដោយ​សន្តិ​វិធី​ហើយ»។ ​

គួរ​បញ្ជាក់​ថា ​កាល​ពី​អំឡុង​ខែ​មិថុនា​ ឆ្នាំ​២០២២​នេះ ​ក្រុម​កូដករ​បាន​នាំ​គ្នា​យក​ញត្តិ​ទៅ​ដាក់​សុំ​កិច្ច​អន្តរា​គមន៍​ ពីខុទ្ទ​កាល័យ​នាយក​រដ្ឋ​មន្រ្តី ​និង​ស្ថាប័ន​រដ្ឋ​សភា​ ដែល​ពួក​គេ​មាន​ជំនឿ​ថា ​អាច​នឹង​ដោះ​ស្រាយ​វិវាទ​ការ​ងារ​នេះ​បាន​ជោគ​ជ័យ ​ បន្ទាប់​ពី​ពួកគេ​ថា ​ អស់​ជំនឿ​លើ​ស្ថាប័ន​ពាក់​ព័ន្ធ​ ជា​ពិសេស​ក្រសួង​ការងារ​ ដែល​ជា​ក្រសួង​សាមី​សម្រប​សម្រួល​ដោះ​ស្រាយ​វិវាទ​ការ​ងារ។ ​

គិត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​មាន​ស្ថាប័ន​ណា​មួយ​អាច​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ​បាន​នៅ​ឡើយ​ទេ​ ខណៈ​កូដករ​នៅ​តែ​បន្ត​ធ្វើ​កូដ​កម្ម​ទាម​ទារ​ឱ្យ​ក្រុមហ៊ុន​ចូល​តុ​ចរចា​ និង​ទទួល​ពួក​គេ​ចូល​ធ្វើការ​វិញ៕