គណបក្សភ្លើងទៀនអំពាវនាវឱ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង២ពាន់នាក់នៅស្មោះស្ម័គ្រនឹងបក្សដើម្បីរក្សាមុខតំណែងនិងចូលរួមបោះឆ្នោតព្រឹទ្ធសភានៅកម្ពុជា

រូបឯកសារ៖ លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

គណ​បក្ស​ភ្លើងទៀន​ បាន​ចេញ​សេចក្តីអំពាវ​នាវ​ជា​បន្ទាន់​មួយ​ឱ្យអង្គ​បោះ​ឆ្នោត​ជាង​ ២​.០០០ នាក់​របស់​ខ្លួន​ រក្សា​ជំហរ​ភក្តី​ភាព​ជាមួយ​នឹងគណ​បក្ស ​ដោយ​កុំ​ងាក​រេទៅ​គាំទ្រ​ ​ឬ​ចូល​ជា​សមា​ជិក​គណ​បក្ស​ក្រៅ​សម្ព័ន្ធ​ភាព​ ដើម្បីប្រមូល​កម្លាំង​នៃ​អង្គ​បោះ​ឆ្នោត ​ឱ្យបោះ​ឆ្នោត​គាំទ្រគណ​បក្ស​ចង​សម្ព័ន្ធ​ភាព​ ដើម្បី​ទ​ទួល​បាន​មុខ​តំណែង​ជា​សមា​ជិក​ព្រឹទ្ធ​សភា ​នា​ឆ្នាំ​២០​២៤។

ការ​អំពាវ​នាវ​របស់​គណ​បក្ស​ភ្លើង​ទៀន​យ៉ាង​ដូច្នេះ​ កើត​ឡើង​ស្រប​ពេល​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ​(គ.ជ.ប)​ ​ចាប់​ផ្តើម​ទទួល​ពាក្យ​សុំ​ចុះ​បញ្ជី​គណបក្ស​នយោ​បាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត ​និង​បញ្ជី​បេក្ខ​ជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា​សម្រាប់ នីតិ​កាល​ទី៥ ​ដែលនឹង​ប្រព្រឹត្ត​ទៅ ​នៅខែ​កុម្ភៈ​ ​ឆ្នាំ​២០២៤​ ​ខាង​មុខ​នេះ។

​នៅ​ក្នុង​សារ​ជា​សំឡេង​ដែល​មាន​រយៈ​ពេល​ជិត​៣នាទី​ ហើយ​ត្រូវ​បាន​ចែក​រំលែក​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុកគណ​បក្ស​ភ្លើង​ទៀន ​កាល​ពី​ថ្ងៃ​អាទិត្យ​ អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ​បានណែនាំ​សមា​ជិក​គណ​បក្ស​ភ្លើង​ទៀន​ជាង ​២​.០០០នាក់ ​ដែល​បាន​ជាប់​ឆ្នោត​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ កាល​ពីឆ្នាំ​២០២២​ ​កុំ​ឱ្យ​ចាកចេញ​ ពី​គណបក្ស​ភ្លើង​ទៀន មុនឆ្នាំ​២០​២៧ ​ដើម្បី​រក្សា​កម្លាំង​ចូល​ប្រកួត​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី ​ខេត្ត​ ក្រុង​ ​ស្រុក​ ខណ្ឌ​ និង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​។

លោក​ថ្លែង​ថា​៖ ​«ដូច្នេះ​កុំ​ទាន់​ឮ​ដំណឹង​បែប​នេះ ​បែប​នោះ ​រត់​ទៅ​ខាង​នេះ ​ខាង​នោះ ​ពី​ព្រោះអ្នក​ដែល​មាន​សិទ្ធិ​ធានាសិទ្ធិ​អំណាចអស់​លោក​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ហ្នឹង​ គឺ​គណបក្សភ្លើង​ទៀន។ គណ​បក្ស​ភ្លើងទៀន នឹង​ធ្វើការ​ណែនាំ​ ហើយ​ខ្លួន​ខ្ញុំ​ផ្ទាល់​ នឹង​ចុះ​នៅ​ពេល​ឆាប់ៗ​នេះ ទៅ​ជួប​បង​ប្អូន​ ដើម្បី​ជម្រាប​ជូន​អំពី​ថា​តើ​កម្មវិធី​គណបក្សភ្លើង​ទៀន​ធ្វើដំណើរ​ទៅ​របៀប​យ៉ាង​ម៉េច​? ហើយ​អស់​លោក​ត្រូវ​រួម​គ្នា​បន្ត​ស្តាប់​តាម​ការ​ណែ​នាំ​របស់​គណបក្សភ្លើង​ទៀន​ រហូត​យ៉ាង​ហោច​តិចណាស់ រហូត​ដល់​ឆ្នាំ​២០២៧ អាហ្នឹង​ទើប​បាន​អស់​លោក​អាច​មាន​ អាច​នឹង​មាន​សិទ្ធិ​ក្នុង​ការ​ទៅ​រក​គណ​បក្ស​ផ្សេង​ ឬក៏​គណ​បក្ស​ណា​ដទៃ​ទៀត»​។

កាល​ពី​ខែតុលា​ គណ​បក្ស​នយោ​បាយ​ដែល​មិន​ទាន់​មាន​អាសនៈ​នៅ​រដ្ឋ​សភា គឺ​គណបក្ស​ភ្លើង​ទៀន​ ​គណ​បក្ស​ឆន្ទៈ​ខ្មែរ​ គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន និង​គណបក្ស​កែ​ទម្រង់​កម្ពុជា​ បាន​រួម​គ្នា​បង្កើត​«សម្ព័ន្ធ​ភាព​ឆ្ពោះ​ទៅ​អនាគត​» ក្នុង​គោល​ដៅ​ប្រកួត​ប្រជែងជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ក្នុង​ការបោះ​ឆ្នោត និង​លើក​ស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស​ និងដំណើរ​ការ​ប្រជា​ធិប​តេយ្យ​នៅ​ប្រទេស​កម្ពុជា​។

​លោក សុន​ ឆ័យ​ បង្ហាយ​តម្រុយ​ថា គណបក្សភ្លើង​ទៀន​នឹង​យក​គណ​បក្សឆន្ទៈ​ខ្មែរ​ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី​ខេត្ត​ និង​សមា​ជិក​ព្រឹទ្ធសភា ខណៈ​គណ​បក្ស​ភ្លើងទៀន​នៅ​បន្ត​រក​វិធី និង​ស្នើ​ទៅ​គណ​បក្ស​កាន់​អំណាច ឬ​រដ្ឋាភិបាល ​ដើម្បី​បើក​ផ្លូវ​ឱ្យ​គណបក្សភ្លើង​ទៀន​បាន​ចូលរួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។ ​លោក​ថា ការ​ផ្តល់​សិទ្ធិ​ឱ្យ​គណ​បក្ស​ភ្លើង​ទៀន​បាន​ចូល​រួម​ការ​បោះឆ្នោត​ មាន​សារ​សំខាន់​ ​ក្នុង​ការស្តា​មុខ​មាត់​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​ធ្វើឱ្យ​មាន​ភាព​ប្រសើរ​វិញ​នូវទំនាក់​ទំនង​ការ​បរ​ទេស​ជាមួយ​បណ្តា​ប្រទេស​លោក​ខាង​លិច​។​

រូបឯកសារ៖ សកម្មជននិងក្រុមអ្នកគាំទ្រគណបក្សភ្លើងទៀនចូលរួមពិធីហែក្បួនក្នុងអំឡុងយុទ្ធការឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២។

អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន ​លោក គីម​សួរ ភិរិទ្ធ ប្រាប់​វីអូអេ​បន្ថែម​ថា ​ការ​អំពាវនាវ​របស់​លោក​ សុន ឆ័យ​ ​ធ្វើឡើង​ក្នុង​បំណង​បង្ការ​កុំ​ឱ្យអង្គ​បោះ​ឆ្នោត​របស់​គណ​បក្ស​ភ្លើង​ទៀន​មាន​ការ​ភាន់​ច្រឡំ​ បោះ​បង់​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន​ ដោយទៅ​ចូល​រួម​ជាមួយ​គណបក្ស​ដែល​មិន​ស្ថិត​ក្នុង​សម្ព័ន្ធ​ភាព​ ដូច​ជា​គណ​បក្សកម្លាំង​ជាតិ ​ដែល​ទើប​បង្កើត​ឡើង​ថ្មីៗ​ ហើយបាន​ឃោសនា​ឱ្យ​អង្គ​បោះ​ឆ្នោត​របស់​គណ​បក្ស​ភ្លើង​ទៀន ​បោះ​ឆ្នោត​គាំទ្រ​ខ្លួន ទាំង​មិន​ទាន់​មាន​អង្គ​បោះ​ឆ្នោត​នៅ​ថ្នាក់​ឃុំ​សង្កាត់​នៅ​ឡើយ​។ ​

​លោក​ថ្លែង​ថា៖ ​«អ្វី​ដែល​យើង​អំពាវ​នាវ​កុំ​ឱ្យ​អង្គ​បោះ​ឆ្នោតហ្នឹង ​គាត់​មិនច្បាស់​លាស់ គឺគ្រាន់​តែចង់​បញ្ជាក់​កុំ​ឱ្យ​គាត់​យល់​ច្រឡំ​ថា​យើង​ទៅ​យក​[គណបក្ស]​កម្លាំង​ជាតិ​អី ​ឱ្យ​គាត់​មាន​បញ្ហា​អី ​វា​ធ្វើ​ឱ្យ​គាត់​បាត់​បង់​តួនាទី​របស់​គាត់ យើង​សោក​ស្តាយ​ទេ។ ​អ៊ីចឹង​យើង​បញ្ជាក់​ជំហរ​គណ​បក្ស​ឱ្យច្បាស់​ថា យើង​យក​គណ​បក្ស​ឆន្ទៈ​[ខ្មែរ] ​ហើយ​មូល​ហេតុ​ដែល​ធំបំផុត គឺ​ចង់​លើក​ស្ទួយ​សម្ព័ន្ធ​ភាព ហើយ​គណ​បក្ស​ណា​ដែល​នៅ​ក្រៅ​សម្ព័ន្ធ​ភាព យើងអត់​បាន​គិត​គូរ​ទេ​»។

​បើ​តាមលោក គីម​សួរ ភិរិទ្ធ គណ​បក្ស​ភ្លើងទៀន​នៅ​តែ​សម្រេច​យក«គណបក្ស​ឆន្ទៈខ្មែរ»​ ​ដើម្បីចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា ​ឆ្នាំ​២០​២៤​។ លោក​ថា គណ​បក្ស​ក៏​បានរៀប​ចំបញ្ជី​បេក្ខ​ជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ ដែលគ្រោង​នឹង​យក​បញ្ជី​ទៅ​ចុះ​ឈ្មោះ​យ៉ាង​យូរ​ ត្រឹមថ្ងៃ​ទី​២៩ ​ឬ​ថ្ងៃ​ទី​៣០ ​ខែ​វិច្ឆិកា​នៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប)​។ ​

​ការ​ចុះ​បញ្ជី​គណបក្ស​ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា ​នឹង​ចាប់​ផ្តើម​នៅ​ចន្លោះ​ថ្ងៃទី២៧ ​ខែ​វិច្ឆិកា​ ដល់​ថ្ងៃទី​១១ ​ខែធ្នូ​ ឆ្នាំ​២០​២៣​។​ ​សម្រាប់​បេក្ខ​ជន​ដែល​ចង់​ឈរ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ ​ត្រូវ​តែ​ជា​បុគ្គល​ដែល​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ​កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០​២៣​ ទៅ​តាម​ការ​ចែង​ ក្នុង​វិសោធន​កម្ម​ច្បាប់បោះ​ឆ្នោត ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​។ ​នេះ​បើតាម​អ្នក​នាំ​ពាក្ យ​គ.ជ.ប លោក ​ហង្ស​ ពុទ្ធា ដែល​ប្រាប់​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​នេះ​។

​ប្រធាន​គណ​បក្ស​កម្លាំង​ជាតិ​ដែល​ទើប​បង្កើត​ថ្មី ​លោក ​ស៊ុន ចន្ធី ​ប្រាប់​វីអូអេ​ថា ​ការ​អំពាវ​នាវ​ឱ្យ​អង្គ​បោះ​ឆ្នោត​របស់​គណ​បក្ស​ភ្លើង​ទៀន បោះ​ឆ្នោត​គាំទ្រ​គណ​បក្ស​កម្លាំងជាតិ ​សម្រាប់​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ ឆ្នំាំ២០២៤ គឺ​ដោយ​សារ​តែគណ​បក្ស​ភ្លើង​ទៀននៅ​តែ​អ​វត្ត​មាន​ក្នុង​ការចូល​រួម​ប្រកួត​ប្រជែងការ​បោះឆ្នោត​ព្រឹទ្ធសភានោះ។

រូបឯកសារ៖ ពលរដ្ឋម្នាក់បានបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

​ប៉ុន្តែលោក​ថា ប្រសិន​បើ​គណ​បក្ស​ភ្លើងទៀន អាច​ឈរ​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង​ ការបោះ​ឆ្នោត​ព្រឹទ្ធ​សភា ​គឺ​អង្គ​បោះឆ្នោត​ត្រូវ​តែបោះ​ឆ្នោត​គាំទ្រគណ​បក្ស​ភ្លើង​ទៀន​ដោយ​ភាព​ស្មោះ​ត្រង់​។

​លោក ​ស៊ុន ចន្ធី ចាត់ទុកគណ​បក្ស​កម្លាំង​ជាតិ​ដែល​លោក​បង្កើត​ឡើង ថាជា​គណបក្ស​តំណាង​ឱ្យ​ឆន្ទៈ​ដើម​ ឧត្តម​គតិ​ដើម ​មន​សិការ​ដើម និង​ការ​តស៊ូរបស់​អ្នក​ប្រជា​ធិប​តេយ្យ​។ លោក​ថា​ កា​រចង​សម្ព័ន្ធ​ភាព​ ក៏មិន​អាច​ជំនួស​ឱ្យ ​គណ​បក្ស​ភ្លើង​ទៀន​បាន​ឡើយ​។ លោក​បន្ថែម​ថា ​គណ​បក្ស​កម្លាំង​ជាតិ​ ក៏បានត្រៀម​ខ្លួនរួចរាល់ ដើម្បី​ឈរ​ឈ្មោះ​ចូល​រួមប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិកព្រឹទ្ធសភា​។

លោក​ថ្លែង​ថា៖ ​«គណ​បក្ស​ភ្លើង​ទៀនមិន​អាច​ទៅ​បង្ខំ​ឱ្យ​អង្គ​បោះ​ឆ្នោត​របស់​ខ្លួន​ ទៅ​បោះ​ឆ្នោត​ឱ្យ គណបក្ស​ណាដែលគាត់​មិន​ពេញ​ចិត្ត មិន​គាំទ្រ​នោះ​ទេ ដូច្នេះ​ខ្ញុំសូម​ឱ្យបង​ប្អូន​អង្គ​បោះ​ឆ្នោត​ទាំង​អស់​ ត្រូវ​បោះ​ឆ្នោត​ឈរ​លើ​ឧត្តម​គតិ​ ស្មារតី​ដើម​ ហើយ​ការ​បោះ​ឆ្នោត​ គឺ​ជា​ការ​បោះ​ឆ្នោត​ដោយ​សម្ងាត់​ អ៊ីចឹង​បង​ប្អូន​មាន​សេរីភាព​គ្រប់គ្រាន់ក្នុង​ការ​គូស​សន្លឹកឆ្នោត​ដោយ​សម្ងាត់​មិន​ឱ្យ ​នរណាដឹង»។​

សាស្ត្រា​ចារ្យ​វិទ្យា​សាស្ត្រ​នយោ​បាយ​ លោក ឯម សុវណ្ណារ៉ា ​យល់​ឃើញ​ថា​ ការ​អំពាវនាវ​របស់​គណ​បក្ស​ភ្លើង​ទៀន គឺជា​ការ​ពង្រឹង​កម្លាំង ​កុំ​ឱ្យបាត់​បង់​ ដើម្បី​ងាយ​ស្រួល​រៀប​ចំ​រចនា​សម្ព័ន្ធ​បន្ថែមទៀត​ ​ដែល​នឹង​កើត​ចេញ​ពីក្រុម​ប្រឹក្សារាជធានី ខេត្ត ​ក្រុ​ង​ ស្រុក ​ខណ្ឌ។ ​លោកបន្ត​ថា ​កម្លាំង​មូលដ្ឋាន​របស់​គណ​បក្ស​ភ្លើង​ទៀន ក៏​អាច​នឹង​មាន​ការ​បាត់​បង់​មួយ​ចំនួន​តូច​ផង​ដែរ ដែល​នឹង​ទៅ​ចូល​រួមជា​មួយ​គណ​បក្ស​កម្លាំង​ជាតិ​។

លោក​ថ្លែង​ថា៖ ​«ជា​កិច្ច​ការ​មួយ​ដែល​គាត់​ពង្រឹង​កម្លាំង​គាត់​ កុំឱ្យ ​វាបែក​ខ្ញែក​ដែរ​ នេះ​ជាកិច្ច​ការ​មួយដែល​គាត់​អាច​ធ្វើ​បាន ​ហើយ​គាត់អាច​កុំ​ឱ្យ ​កម្លាំង​គណបក្ស​ភ្លើងទៀន វា​បែក​ខ្ញែក​ ថម​ថយ​ ហើយ​ក៏ជាកម្លាំង​មួយ​ទាម​ទារ​ឱ្យ គណ​បក្ស​កាន់​អំណាច​ឬគណ​បក្ស​ប្រជាជន​ គិត​ពិចារណាផ្តល់នូវ​សុពល​ភាព​បក្ស​របស់​គាត់​ឡើង​វិញ​ដែរ​»។ ​

ក្នុង​ចំណោម​សមា​ជិក​ព្រឹទ្ធ​សភា​សរុប​ចំនួន​៦២​រូប​ ​គណ​បក្ស​ភ្លើង​ទៀន​រំពឹង​ថា ​គណបក្ស​ឆន្ទៈ​ខ្មែរ ​ដែល​ត្រូវ​បាន​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​គណ​បក្ស​ភ្លើង​ទៀន​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ឱ្យឈរ​លំដាប់​លេខ​១​នោះ​ នឹង​ទទួល​បាន​តំណែង​សមា​ជិក​ព្រឹទ្ធ​សភា​យ៉ាង​ហោចណាស់​៩​រូប ប្រសិន​បើ​ស្ថាន​ភាព​នយោ​បាយ​មិន​មាន​ការ​ប្រែប្រួល​ ដោយ​ហេតុ​ថា គណ​បក្ស​ភ្លើង​ទៀន ​ឈ្នះ​បាន​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​ ២,១៩៨ ​ខណៈ​គណ​បក្ស​កាន់​អំណាច ​ទទួល​បាន ៩,​៣​៧៦ អាសនៈ​ នៅក្នុងការ​បោះ​ឆ្នោត​ជ្រើស​តាំង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ កាលពី​ឆ្នាំ​២០​២២៕