នៅក្នុងការធ្វើការប្រកាសបន្តបិទព្រំដែនរវាងសហរដ្ឋអាមេរិកនិងប្រទេសកាណាដា មន្ត្រីនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងក្រុង Ottawa បានយល់ស្របគ្នាបិទព្រំដែនប្រវែង៨,៨៩៣គ.ម. តែបើកសម្រាប់តែចរាចរណ៍ពាណិជ្ជកម្មនិងជាចាំបាច់ប៉ុណ្ណោះ។
ការណ៍នេះមានន័យថា មានតែការដឹកទំនិញពាណិជ្ជកម្មនិងការដឹកជញ្ជូនដូចជាគិលានុបដ្ឋាកគិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិតដែលរស់នៅក្នុងប្រទេសមួយ ហើយធ្វើការនៅក្នុងប្រទេសមួយទៀតអាចឆ្លងកាត់ព្រំដែននេះបាន។ ការធ្វើដំណើរសម្រាប់ទេសចរណ៍និងសកម្មភាពនានាដូចជា ការទៅទិញអីវ៉ាន់លក់រាយបានត្រូវហាមប្រាម។
ដោយចាប់ផ្តើមកាលពីថ្ងៃទី២០ ខែមីនា ការបិទព្រំដែននេះមានការគាំទ្រពីការស្ទង់មតិពីរដាច់ដោយឡែកពីគ្នា ធ្វើឡើងកាលពីខែកក្កដា ដែលបានរកឃើញថា ពលរដ្ឋកាណាដាជាង៨០ភាគរយចង់ឱ្យមានការបិទព្រំដែនតទៅទៀតសម្រាប់ចរាចរណ៍ដែលមិនចាំបាច់។
លោក David Webb ជាម្ចាស់កន្លែងសម្រាប់ស្នាក់អាស្រ័យឈ្មោះ Ocean Rose and Breakfast នៅក្រុង White Rock ក្នុងតំបន់ British Columbia ប្រទេសកាណាដា។តំបន់ជាយក្រុង Vancouver នេះឋិតនៅជិតព្រំដែនអន្តរជាតិ។ ពីផ្ទះរបស់លោក លោក Webb អាចមើលឃើញកន្លែងឆ្លងកាត់ព្រំដែន Peace Arch និងក្រុងព្រំដែនអាមេរិកាំង Blaine ក្នុងរដ្ឋវ៉ាស៊ីនតោន ។ ចំនួន៤០ភាគរយនៃភ្ញៀវរបស់លោកមកពីស.រ.អា. ក៏ប៉ុន្តែលោកយល់ស្របឱ្យមានការបិទព្រំដែនតទៅទៀត។ លោក Webbនិយាយថា៖
«ខ្ញុំយល់ស្របនឹងការបិទព្រំដែន។ បញ្ហាមួយក្នុងបញ្ហានានាដែលយើងត្រូវតែគិតគឺពួកមនុស្សមានប្រព័ន្ធការពារមិនមាំទាំ។ ប្រពន្ធខ្ញុំនិងខ្ញុំមានប្រព័ន្ធការពារមិនមាំទាំទេ ហើយមនុស្សច្រើននាក់ក៏ដូច្នេះដែរ។ មនុស្សតែម្នាក់ដែលមានផ្ទុកវីរុសនេះអាចចម្លងជំងឺនេះទៅមនុស្សច្រើននាក់។ ខ្ញុំយល់ថា នេះជាអ្វីដែលមនុស្សកំពុងពិនិត្យមើលនៅទីនេះ»។
ការស្ទង់មតិមួយធ្វើដោយអង្គការស្រាវជ្រាវ Nanos សម្រាប់កាសែត The Globe and Mail បានរកឃើញថា មានតែ៣ភាគរយប៉ុណ្ណោះនៃមនុស្សត្រូវស្ទង់មតិយល់ថា គួរបើកព្រំដែនជាបន្ទាន់។
លោក Nick Nanos ដែលជាប្រធានទិន្នន័យវិទ្យាសាស្ត្រនៅឯអង្គការស្រាវជ្រាវ Nanos មើលឃើញថា លទ្ធផលនេះគួរឲ្យកត់សម្គាល់ដោយពិចារណាអំពីថា ការពឹងពាក់របស់ប្រទេសកាណាដាលើការបើកព្រំដែលចូលស.រ.អា.។ លោក Nanos ថ្លែងថា៖
«ការស្ទង់មតិនេះនាំឱ្យមានការយល់ឃើញថា មនុស្សដែលចង់ឱ្យមានការបើកព្រំដែនជាបន្ទាន់មានចំនួនតិចក្នុងចំណោមក្រុមពលរដ្ឋកាណាដាគឺមានតិចជាងម្នាក់ក្នុងបណ្តាជនជាតិកាណាដា២០នាក់។ ជាធម្មតា យើងមិនបានឃើញការមូលមតិគ្នាបែបនេះទេនៅក្នុងទិន្នន័យនៃការស្ទង់មតិដែលមានមនុស្ស៨នាក់ក្នុងបណ្តាមនុស្ស១០នាក់យល់ស្របដូច្នេះ។ អ្វីដែលខ្ញុំអាចពិចារណាគឺ សកម្មភាពគំហុកមួយដោយបិទព្រំដែនមិនឱ្យពួកភ្ញៀវទេសចរមិនចាំបាច់ឆ្លងកាត់ព្រំដែន។ ដូច្នេះវិធានការនេះមិនធម្មតាទេ ក៏ប៉ុន្តែវាសមរម្យនឹងពេលវេលានេះនិងអ្វីដែលពលរដ្ឋកាណាដាមានអារម្មណ៍ថាជាការគំរាមកំហែងដល់ពួកគេ»។
មានភាពខុសគ្នាច្រើនអំពីអត្រានៃការផ្ទុកវីរុសកូរ៉ូណានៅតាមបណ្តោយផ្នែកខាងលិចបំផុតនៃព្រំដែននេះ។
រដ្ឋវ៉ាស៊ីនតោនបានរាយការណ៍អំពីការឆ្លងជំងឺនេះកម្រិតខ្ពស់បំផុតគឺមានករណីអ្នកផ្ទុកវីរុស១ពាន់២រយ៦៧នាក់និងមានមនុស្សស្លាប់៦នាក់កាលពីថ្ងៃទី១៦កក្កដា។ នៅថ្ងៃដដែលនោះខេត្ត British Columbia នៃប្រទេសកាណាដាមានមនុស្សឆ្លងវីរុសនេះថ្មីៗចំនួន២១នាក់ ហើយគ្មានមនុស្សស្លាប់ទេ។ ជិត៦ភាគរយនៃពួកជនបានត្រូវធ្វើតេស្តនៅក្នុងរដ្ឋ វ៉ាស៊ីនតោនមានវីរុសនេះរីឯនៅក្នុងខេត្ តBritish Columbia មានតែកន្លះភាគរយប៉ុណ្ណោះ។ ក្រៅពីជាព្រំដែនអន្តជាតិគ្មានការការពារវែងបំផុតក្នុងពិភពលោក ព្រំដែនរវាងប្រទេសកាណាដានិងស.រ.អា.ក៏មានធុរកិច្ចច្រើនដែរ។ អ្នកតំណាងពាណិជ្ជកម្មស.រ.អា.ស្ទង់ប្រមាណថា ពាណិជ្ជកម្មគ្រប់ប្រភេទឆ្លងកាត់ព្រំដែននេះកាលពីឆ្នាំ២០១៨មាន៧១៨,៥ពាន់លានដុល្លារគឺមានប្រមាណ២ពាន់លានដុល្លារក្នុងមួយថ្ងៃ៕
ប្រែសម្រួលដោយលោកឈឹម សុមេធ