ប្រទេសកាណាដាទទួលបាននាយករដ្ឋមន្ត្រីថ្មីហើយនៅថ្ងៃពុធនេះ ក្នុងខណៈពេលដែលលោក ចាស្ទីន Justin Trudeau បានស្បថស្បែរចូលកាន់តំណែងដោយសន្យាថា នឹងធ្វើឱ្យមានរដ្ឋាភិបាលមួយដែលខុសពីមុនយ៉ាងខ្លាំង គឺខុសពីរដ្ឋាភិបាលដែលស្ថិតក្រោមការដឹកនាំរបស់លោក Stephen Harper រយៈពេលជិត១០ឆ្នាំកន្លងមក។
លោកទ្រូដូ (Trudeau) ដែលមានអាយុ៤៣ឆ្នាំបានដឹកនាំគណបក្សសេរីនិយមរបស់លោកឱ្យទទួលបានជ័យជម្នះយ៉ាងធំធេងនៅក្នុងការបោះឆ្នោតសភាជាតិកាលពីខែមុន ដោយឈ្នះបានអាសនៈចំនួន១៨៤។ ចំណែកគណបក្សអភិរក្សនិយមរបស់លោក Harper ទទួលបានតែ៩៩អាសនៈប៉ុណ្ណោះ។
នៅក្រោយពីលោកបានស្បថស្បែរចូលកាន់តំណែង លោកទ្រូដូ ត្រូវបានគេរំពឹងថានឹងប្រកាសពីគណៈរដ្ឋមន្ត្រីរបស់លោកដែលនឹងមានរដ្ឋមន្ត្រីបែងចែកស្មើគ្នារវាងបុរសនិងស្រ្តី។
លោកបានចេញលិខិតមួយកាលពីយប់ថ្ងៃអង្គារ ដោយលោកបានសន្យាថានឹងធ្វើច្បាប់មួយដែលកាត់បន្ថយការយកពន្ធលើពលរដ្ឋថ្នាក់កណ្តាល ហើយថាច្បាប់នេះជាច្បាប់ដែលលោកនឹងយកជាអាទិភាព។
លោក ទ្រូដូ ក៏បាននិយាយដែរថា លោកមានផែនការពង្រីកការចូលរួមរបស់ប្រទេសកាណាដានៅលើឆាកអន្តរជាតិថា ជាចំណែកដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ។
លោកបានប្រកាសពីផែនការក្នុងការចូលរួមកិច្ចប្រជុំអន្តរជាតិមួយចំនួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត ក្នុងនោះរួមមានកិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំប្រទេស G20ក្នុងប្រទេសតួកគី សន្និសីទពិភពលោកស្តីពីការប្រែប្រួលអាកាសធាតុក្នុងទីក្រុងប៉ារីស និងកិច្ចពិភាក្សា APEC ក្នុងប្រទេសហ្វីលីពីន៕