ប្រទេសកាណាដា នឹងបញ្ជូនអាវុធយុទ្ធភ័ណ្ឌយោធាទៅឲ្យប្រទេសអ៊ុយក្រែននិងផ្តល់ប្រាក់កម្ចីប្រ មាណ៥០០លានដុល្លារទៅឲ្យប្រទេសនេះ ដើម្បីការពារខ្លួននៅក្នុងការប្រឈមនៃការឈ្លានពានពីប្រទេសរុស្ស៊ី។ នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau កាលពីថ្ងៃចន្ទ ហើយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP។
លោកនាយករដ្ឋមន្ត្រី Trudeau បានថ្លែងប្រាប់សន្និសីទកាសែតថា «ក្នុងស្ថានភាពនៃការប្រឈមមុខដ៏ធ្ងន់ធ្ងរ និងបន្ទាប់ពីការសន្ទនាជាមួយដៃគូអ៊ុយក្រែនរួចមក ខ្ញុំ បានយល់ព្រមផ្តល់គ្រាប់រំសេវនិងឧបករណ៍យោធាដែលមានទឹកប្រាក់ប្រមាណ៧លាន ៨សែនដុល្លារកាណាដាទៅឲ្យអ៊ុយក្រែន»។
លោក បានបន្ថែមទៀតថា «នេះ ជាការឆ្លើយតបទៅនឹងការស្នើសុំជាក់ស្តែងរបស់អ៊ុយក្រែន និងជាការបន្ថែមទៅនឹងជំនួយដែលមិនមែនជាឧបករណ៍យោធាដែលយើងបានផ្តល់ឲ្យក្នុងពេលកន្លងទៅ។ គោលបំណងនៃការផ្តល់ជំនួយយោធារបស់កាណាដា និងដៃគូដទៃផ្សេងទៀតដើម្បីកំញើញដល់ភាពគឃ្លើនកាន់តែខ្លាំងឡើងដែលរុស្ស៊ីកំពុងបន្តធ្វើទៅលើអ៊ុយក្រែន»។
ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្ត្រីកាណាដារូបនេះ ក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលកាណាដា នឹងផ្តល់ប្រាក់កម្ចីបន្ថែមទៀតដល់អ៊ុយក្រែន ដែលមានចំនួនសរុបប្រមាណ៤៩០លានដុល្លារអាមេរិក ចាប់តាំងពីដើមឆ្នាំ២០២២មក។
សម្ព័ន្ធមិត្តលោកខាងលិច បានត្រៀមរៀបចំនូវអ្វីដែលជាការព្រមានមួយស្តីពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាកញ្ចប់លើរុស្ស៊ីដើម្បីឆ្លើយតបទៅនឹងការវាយប្រហារណាមួយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ រុស្ស៊ីបានបដិសេធជាច្រើនដងថា ខ្លួនគ្មានគម្រោងផែនការធ្វើដូចនោះឡើយ។
ការធ្វើសមយុទ្ធយោធានាពេលថ្មីៗនេះរបស់រុស្ស៊ីដែលរួមជាមួយប្រទេសបេឡារុសផងដែរនោះ ដែលត្រូវបានសហរដ្ឋអាមេរិកនិយាយថា រុស្ស៊ីបានដាក់ពង្រាយកងទ័ពប្រមាន៣ម៉ឺននាក់នៅក្នុងសមយុទ្ធយោធាជាងមួយសប្តាហ៍នោះ បានធ្វើឲ្យមានការបារម្ភកាន់តែខ្លាំងឡើង។
កាណាដាដែលមានសហគមន៍ជនជាតិអ៊ុយក្រែនរស់នៅច្រើនផងដែរនៅទីនោះ បានបញ្ជាឲ្យអ្នកបណ្តុះបណ្តាលផ្នែកយោធារបស់ខ្លួនចាកចេញពីប្រទេសអ៊ុយក្រែន និងបិទស្ថានទូតរបស់ខ្លួនជាបណ្តោះអាសន្ននៅក្នុងរដ្ឋធានីកៀវ។
កងទ័ពកាណាដាប្រមាណ២០០នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីឆ្នាំ២០១៥មក ដែលជាផ្នែកមួយនៃបេសកកម្មរបស់អង្គការ UNIFIER ដែលមានគោលបំណងជួយបណ្តុះបណ្តាលដល់កងទ័ពរបស់អ៊ុយក្រែន៕