ប្រទេសកាណាដាបានដាក់ចេញនូវយុទ្ធសាស្រ្តសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលត្រូវបានរង់ចាំជាយូរមកហើយ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ដោយបានបង្ហាញពីគម្រោងចំណាយក្នុងទឹកប្រាក់ ១ពាន់៧០០លានដុល្លារ ដើម្បីពង្រឹងវិស័យយោធានិងសន្តិសុខប្រព័ន្ធអ៊ីនធឺណិតនៅក្នុងតំបន់នេះ និងបានប្តេជ្ញាដោះស្រាយបញ្ហាផ្សេងៗជាមួយចិន «ដែលតែងធ្វើការបង្អាក់» ខណៈធ្វើការជាមួយរដ្ឋាភិបាលចិនលើបញ្ហាបម្រែបម្រួលអាកាសធាតុនិងពាណិជ្ជកម្ម។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ផែនការបង្ហាញលម្អិតចំនួន ២៦ទំព័រនិយាយថា កាណាដានឹងពង្រឹងគោលការណ៍វិនិយោគបរទេស ដើម្បីការពារកម្មសិទ្ធិបញ្ញា និងរារាំងសហគ្រាសរដ្ឋចិនមិនឲ្យទន្ទ្រានយកការផ្គត់ផ្គង់ធនធានរ៉ែសំខាន់ៗ។
កាណាដាស្វះស្វែងពង្រឹងទំនាក់ទំនងជាមួយប្រទេសទាំង៤០ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលកំពុងរីកចម្រើនខ្លាំង ដែលមានសកម្មភាពសេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ជិត ៣៧,៣លានលានដុល្លារ។ ប៉ុន្តែការផ្តោតចម្បងគឺទៅលើប្រទេសចិន ដែលត្រូវបានលើកឡើងជាង៥០ដង នៅក្នុងឯកសារផែនការខាងលើ ខណៈពេលទំនាក់ទំនងទ្វេភាគីរវាងកាណាដានិងចិននៅបន្តមានភាពល្អក់កករនោះ។
នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង Vancouver ប្រទេសកាណាដា រដ្ឋមន្រ្តីកាណាដាចំនួនបួននាក់បានផ្លាស់វេនគ្នា បង្ហាញលម្អិតពីផែនការថ្មីដោយនិយាយថា យុទ្ធសាស្រ្តនេះគឺសំខាន់សម្រាប់សន្តិសុខជាតិ បញ្ហាអាកាសធាតុ និងគោលដៅសេដ្ឋកិច្ចរបស់កាណាដា។
រដ្ឋមន្រ្តីការបរទេសកាណាដាអ្នកស្រី Melanie Joly បាននិយាយថា៖ «យើងនឹងប្រឡូកក្នុងផ្នែកការទូតពីព្រោះយើងគិតថាការទូតគឺជាកម្លាំងមួយ។ ស្របពេលដូចគ្នានេះដែរ យើងនឹងបង្ហាញភាពមុតមាំ ហើយនេះជាហេតុផល ដែលឥឡូវនេះ យើងមានផែនការប្រកបដោយតម្លាភាពមួយដើម្បីប្រឡូកជាមួយចិន»។
រដ្ឋាភិបាលសេរីនិយមរបស់នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau ចង់ធ្វើឱ្យមានភាពចម្រុះលើទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ច ដែលកំពុងពឹងផ្អែកជាខ្លាំងលើសហរដ្ឋអាមេរិកនោះ។ ទិន្នន័យផ្លូវការសម្រាប់ខែកញ្ញាកន្លងទៅបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីជាមួយចិនមានចំនួនសរុបតិចជាង ៧ភាគរយ បើបៀបនឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដែលមានចំនួន ៦៨ភាគរយនោះ។
ការឈោងទៅចាប់ដៃរបស់កាណាដាជាមួយបណ្តាប្រទេសសម្ព័ន្ធមិត្តអាស៊ីកើតឡើង ស្របពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបង្ហាញសញ្ញាពីការប្រយ័ត្នប្រយែងច្រើនជាងមុន ពាក់ព័ន្ធនឹងពាណិជ្ជកម្មសេរីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ឯកសារផែនការខាងលើក៏បានសង្កត់ធ្ងន់ពីចំណោទរបស់កាណាដា នៅក្នុងការពង្រឹងទំនាក់ទំនងជាមួយចិន ដែលផ្តល់ឱកាសចម្បងនានាសម្រាប់ក្រុមហ៊ុននាំចេញរបស់កាណាដា សូម្បីតែនៅខណៈពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងកំពុងស្វះស្វែងកែប្រែគោលការណ៍របៀបរៀបរយ លើឆាកអន្តរជាតិឲ្យទៅជា «បរិស្ថានអំណោយផលជាងមុនសម្រាប់ផលប្រយោជន៍ និងគុណតម្លៃ ដែលកាន់តែប្រាសចាកពីផលប្រយោជន៍និងគុណតម្លៃរបស់កាណាដា» ក៏ដោយ។
ប៉ុន្តែឯកសារនេះក៏បានលើកឡើងថា កិច្ចសហប្រតិបត្តិការជាមួយនឹងចិន ដែលជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីរលើសាកលលោក គឺមានសារសំខាន់ ដើម្បីដោះស្រាយ «សម្ពាធដែលមានស្រាប់មួយចំនួននៅលើពិភពលោក» ដែលក្នុងនោះ រួមមានការប្រែប្រួលអាកាសធាតុ សុខភាពសាកល និងការរីកសាយអាវុធនុយក្លេអ៊ែរជាដើម។
ឯកសារផែនការរៀបរាប់ថា៖ «ចិនគឺជាមហាអំណាចលើពិភពលោក ដែលកាន់តែធ្វើការបង្អាក់លើបញ្ហាផ្សេងៗ។ ចំណាត់ការរបស់យើងគឺត្រូវបានរៀបរៀងតាមរយៈការវាយតម្លៃផ្តោតលើធាតុពិត និងភាពប្រាកដនិយមទៅលើប្រទេសចិននាពេលបច្ចុប្បន្ន។ នៅក្នុងផ្នែកដែលមានការខ្វែងយោបល់គ្នាខ្លាំង យើងនឹងតតាំងជាមួយប្រទេសចិន»។
ភាពតានតឹងជាមួយចិនមានកាន់តែខ្លាំងឡើងកាលពីចុងឆ្នាំ ២០១៨ បន្ទាប់ពីប៉ូលិសកាណាដាបានឃុំខ្លួននាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Huawei Technologies ហើយបន្ទាប់មក រដ្ឋាភិបាលក្រុងប៉េកាំងបានចាប់ខ្លួនជនជាតិកាណាដាពីរនាក់ពាក់ព័ន្ធនឹងបទចោទប្រកាន់ចារកម្ម។ បុគ្គលទាំងបីនាក់ត្រូវបានដោះលែងកាលពីឆ្នាំមុន ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនៅបន្តមានភាពអាប់អ៊ួរ។
កាលពីដើមខែវិច្ឆិកា កាណាដាបានបញ្ជាឲ្យក្រុមហ៊ុនចំនួនបីដកការវិនិយោគចេញពីវិស័យរ៉ែសំខាន់ៗនៅកាណាដា ដោយលើកឡើងពីបញ្ហាសន្តិសុខជាតិ។
នៅក្នុងផ្នែកលើកឡើងពីចិន ឯកសារបាននិយាយថា រដ្ឋាភិបាលក្រុង Ottawa នឹងពិនិត្យនិងធ្វើបច្ចុប្បន្នភាពលើច្បាប់ដើម្បីឲ្យខ្លួនអាចចាត់វិធានការ «ជាចាំបាច់នៅពេលការវិនិយោគផ្សេងៗពីសំណាក់សហគ្រាសរដ្ឋនិងអង្គភាពបរទស មានការគំរាមកំហែងដល់សន្តិសុខជាតិ ដែលរួមមានខ្សែសង្វាក់ផ្គត់ផ្គង់ធនធានរ៉ែសំខាន់ៗរបស់កាណាដា» ផងដែរ។
ប្រធានសភាពាណិជ្ជកម្មកាណាដាលោក Perrin Beatty បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា៖ «ពីព្រោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានលក្ខណៈធំ និងចម្រុះ ជម្រើសដំណោះស្រាយតែមួយនឹងមិនបំពេញបានគ្រប់យ៉ាងនោះទេ ដោយបន្ថែមថា អាទិភាពរបស់កាណាដានឹងត្រូវរងការប៉ះពាល់ដោយសារទំនាក់ទំនងរវាងប្រទេសនិងប្រទេស»។
ឯកសារយុទ្ធសាស្ត្រនេះបន្តទៀតថា កាណាដានឹងបង្កើនវត្តមានយោធាជើងទឹកនៅក្នុងតំបន់ ហើយ «បង្កើនការប្រឡូកផ្នែកយោធានិងសមត្ថភាពចារកម្ម ជាមធ្យោបាយតបតទៅនឹងឥរិយាបថបែបបង្ខិតបង្ខំនិងការគំរាមកំហែងទៅលើសន្តិសុខក្នុងតំបន់»។
រដ្ឋមន្រ្តីការពារជាតិកាណាដាអ្នកស្រី Anita Anand បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដោយឡែកមួយថា ផែនការនេះនឹងរួមមានការដាក់ពង្រាយនាវាចម្បាំងប្រចាំឆ្នាំបីគ្រឿងនៅក្នុងតំបន់នេះ ដែលពេលនេះមានតែ២គ្រឿងប៉ុណ្ណោះ ក៏ដូចជាការចូលរួមពីកងយោធាជើងអាកាសនិងទាហានជើងគោកកាណាដា នៅក្នុងលំហាត់សមយុទ្ធយោធានៅក្នុងតំបន់ផងដែរ។
កាណាដាក៏ស្ថិតនៅក្នុងចំណោមបណ្តាប្រទេសរីកចម្រើនខ្លាំងផ្នែកឧស្សាហកម្មទាំងប្រាំពីរ ឬG7 លើសាកលោក ដែលចង់បានវិធានការចាំបាច់ក្នុងការឆ្លើយតបទៅនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើងផងដែរ។
ឯកសារផែនការខាងលើលើកឡើងថា រដ្ឋាភិបាលក្រុង Ottawa កំពុងប្រឡូកក្នុងតំបន់ជាមួយដៃគូនានាដូចជា សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបជាដើម។
ឯកសារបានបន្តទៀតថា កាណាដាត្រូវបន្តនិយាយជាមួយបណ្តាប្រជាជាតិនានា ដែលខ្លួនខ្វែងមតិយោបល់ជាមួយ ប៉ុន្តែមិនបានបញ្ចេញឈ្មោះបណ្តាប្រទេសទាំងនោះឡើយ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា