ក្រុមប៉ូលិសកាណាដាបានចាប់ខ្លួនបងប្អូនប្រុសពីរនាក់ដោយចោទប្រកាន់ពួកគេពីបទភេរវកម្មមួយចំនួន ក៏ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតពីសកម្មភាពភេរវកម្មទាំងនោះទេ។
ក្រុម Royal Canadian Mounted Police បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាបងប្អូនប្រុសភ្លោះអាយុ២៤ឆ្នាំឈ្មោះ Ashton Carleton Larmond និង Carlos Larmond ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ បន្ទាប់ពីមានការស៊ើបអង្កេតឧក្រិដ្ឋកម្មទាក់ទងនឹងសន្តិសុខជាតិ។
ជនសង្ស័យ Ashton Carleton ត្រូវបានចោទប្រកាន់ពីបទ«សម្រួលសកម្មភាពភេរវកម្ម» ចំណែកឯការចោទប្រកាន់ប្រឆាំងនឹង Carlos មានរួមបញ្ចូល «ការប៉ុនប៉ងចាកចេញពីប្រទេសកាណាដាទៅចូលរួមក្នុងសកម្មភាពភេរវកម្មនៅឯក្រៅប្រទេស»។
ក្រុមប៉ូលីស RCMP និយាយថា Carlos បានត្រូវចាប់ខ្លួននៅក្នុងក្រុង Montreal នៅឯចំណតយន្តហោះអន្តរជាតិ Pierre-Elliott Trudeau «នៅពេលគាត់ប៉ុនប៉ងធ្វើដំណើរទៅប្រទេសក្រៅសម្រាប់គោលបំណងភេរវកម្ម»។ Ashton បានត្រូវចាប់ខ្លួននៅក្នុងក្រុង Ottawa។
កាលពីខែតុលា ទាហានពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដាច់ដោយទ្បែកពីគ្នាមួយនៅក្នុងប្រទេសកាណាដា ដែលការវាយប្រហារនេះត្រូវបានពណ៌នាដោយអាជ្ញាធរថាជាការវាយប្រហារភេរវកម្ម៕