កិច្ចព្រមព្រៀង​ អាមេរិក-ជប៉ុន-កូរ៉េ​ខាងត្បូង​ ទំនង​ជំរុញ​ការ​គឃ្លើន​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden (កណ្តាល) ថ្លែង​ អម​ដោយ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida (ស្តាំ) និង​ប្រធានាធិបតី​កូរ៉េខាងត្បូងលោក Yoon Suk Yeol ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន កាល​ពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៣ នៅ​ Camp David ក្នុង​រដ្ឋ Maryland សហរដ្ឋអាមេរិក។

ក្រុម​អ្នកវិភាគ​ ថា កិច្ច​ព្រមព្រៀង​សន្តិសុខ​ត្រី​ភាគី ​Camp David ​រវាង​សហរដ្ឋ​អាមេរិក ជប៉ុន ​និង​កូរ៉េ​ខាងត្បូង ​ទំនង​ជា​ជំរុញ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឱ្យ​កាន់​តែ​គឃ្លើន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។​

កិច្ចប្រជុំ​កំពូល​ត្រី​ភាគី​ ដែល​ជា​ការ​ប្រមូល​ផ្តុំ​ជា​លើក​ដំបូង​របស់​មេ​ដឹកនាំ​មក​ពី​ប្រទេស​ទាំង​បី ​បាន​ផ្តល់​វិធានការ​សន្តិសុខ​ សំដៅ​ឆ្លើយ​តប​ដោយ​ផ្ទាល់​ទៅ​លើ​អ្វី​ដែល​បាន​ចារ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​ថា​«អាកប្បកិរិយា​ដ៏​គ្រោះថ្នាក់ ​និង​គឃ្លើន» របស់​ប្រទេស​ចិន​ ជាពិសេស​នៅ​សមុទ្រ​ចិន​ខាងត្បូង។

កិច្ចព្រមព្រៀង​នេះ​អំពាវនាវ​ឱ្យ​សម្ព័ន្ធមិត្ត​ទាំងបី​ប្តេជ្ញា​ពិគ្រោះ​យោបល់​គ្នា​ដើម្បី​សហ​ការ​ឆ្លើយតប​នឹង​ការ​គំរាម​កំហែង​នានា​ក្នុង​តំបន់។

វា​ក៏​តម្រូវ​ឱ្យ​ពួកគេ​ពង្រីក​សមយុទ្ធ​យោធា​រួម​គ្នា ​និង​ធ្វើ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ។ ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ ប្រទេស​ទាំង​បី​បាន​លើក​ចំៗ​អំពី​ «អាកប្បកិរិយា​ដ៏​គ្រោះថ្នាក់ ​និង​គឃ្លើន​របស់​ប្រទេស​ចិន​ដែល​គាំទ្រ​ការ​ទាមទារ​ដែន​សមុទ្រ​ដោយ​ខុស​ច្បាប់»ដែល​ហាក់​ដូចជា​ស្តី​បន្ទោស​ភាព​គឃ្លើន​របស់​រដ្ឋាភិបាល​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង។

លោក Clint Work ​នាយក​ផ្នែក​ សិក្សាស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​សេដ្ឋកិច្ច​កូរ៉េ​នៅ​ អាមេរិក បាន​ប្រាប់ VOA ​ភាសា​កូរ៉េ​ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា​ ការ​លើក​ឡើង​ចំៗ​អំពី​អាកប្បកិរិយា​និង​ការ​ទាមទារ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ មិន​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​ពី​មុន​ទេ។

លោក Work បាន​និយាយ​ថា «ការ​និយាយ​អំពី​អាកប្បកិរិយា ​និង​ការ​ទាមទារ​ជាក់​លាក់​របស់​ចិន​ទាំង​អស់​នេះ គឺ​ជា​ការ​រឿងថ្មីមួយ។​ ហើយ​ការ​និយាយ​ក្នុង​កិច្ចព្រមព្រាង​ត្រី​ភាគី​នេះ​គឺ​ពិត​ជា​គួរ​ឱ្យ​កត់​សម្គាល់»។

ការប្រឆាំង​របស់ចិន

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​យ៉ាងខ្លាំង​ចំពោះ​កិច្ចប្រជុំ​កំពូល​នេះ។

អ្នកនាំពាក្យ​ការបរទេស​ចិន លោក Wang Wenbin បាន​ហៅ​កិច្ចប្រជុំ​នេះ​ថា​ជា «ទង្វើ​ជ្រៀតជ្រែក​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន ​ដែល​ជា​ការប៉ុនប៉ង​បង្ក​ភាព​មិនចុះ​សម្រុង​គ្នា» រវាង​ប្រទេស​ចិន​ និងប្រទេស​ជិតខាង។

អ្នក​នាំ​ពាក្យ​រូប​នេះ​ក៏​បាន​ច្រាន​ចោល​ការ​រិះគន់​ចំពោះ​អាកប្បកិរិយា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ផងដែរ។

លោក Wang Wenbin បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃចន្ទ​ ទី២១ ខែសីហា ថា «សហរដ្ឋ​អាមេរិក រួមជា​មួយសម្ព័ន្ធ​មិត្ត​ បាន​ធ្វើ​សម​យុទ្ធយោធា​ជា​ញឹកញាប់ ​និង​ឈ្លប​យក​ការណ៍​យ៉ាង​ជិត​នៅ​ក្នុង​ដែន​ទឹក​ជុំវិញ​ប្រទេស​ចិន ​រួមទាំង​សមុទ្រ​ចិន​ខាង​ត្បូង​ ដើម្បី​បង្ហាញ​សាច់ដុំ និង​បង្កើន​ភាព​តានតឹង​នៅ​ក្នុង​តំបន់»។

«វិធីសាស្រ្ត​រំកិល​ចូល​បន្តិច​ម្តងៗ»​

អ្នកវិភាគ​និយាយ​ថា​ សម​យុទ្ធ​យោធា​ និង​ការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​មីស៊ីល​ផ្លោង​របស់​សហរដ្ឋអាមេរិក ជប៉ុន និង​កូរ៉េ​ខាងត្បួង ​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ទំនង​ជា​នឹង​ជំរុញ​ឱ្យ​ប្រទេស​ចិន​ពង្រឹង​យុទ្ធសាស្រ្ត​គឃ្លើន​នៅ​ក្នុង​ដែនទឹក​ដែល​មាន​ជម្លោះ។

លោក Carl Thayer សាស្ត្រាចារ្យ​ផ្នែក​នយោបាយ​នៃ​សាកលវិទ្យាល័យ​ New South Wales Canberra ​បាន​សរសេរ​អ៊ីមែល​មក​ VOA ​ភាសាខ្មែរ​ថា «ប្រទេស​ចិន​នឹង​រៀបចំ​សមយុទ្ធ​យោធា​របស់​ខ្លួន​ជា​ការ​ឆ្លើយតប ហើយ​បង្កើត​ជា​ស្ថានភាព​សកម្មភាព​និង​ប្រតិកម្ម​ទៅ​វិញ​ទៅ​មក»។

លោក Thayer បាន​បន្ថែម​ថា ទោះ​បី​ដៃគូ​ត្រីភាគី​ផ្នែក​មីស៊ីល​ផ្លោង​ត្រូវ​បាន​តម្រង់​ជា​ចម្បង​នៅ​កូរ៉េ​ខាងជើង​ក៏ដោយ ​ក៏​«អន្តរ​ប្រតិបត្តិការ ​និង​ជំនាញ​កាន់​តែ​ខ្លាំង​ក្នុង​វិស័យ​ការពារមីស៊ីល​ផ្លោង​» ដែល​កើត​ចេញ​ពី​ភាពជាដៃគូ​នេះ នឹង​កាត់​កង​ការ​គំរាម​កំហែង​បង្កឡើង​ដោយ​កាំជ្រួច​មីស៊ីល​ផ្លោងរបស់ចិន។

លោក Thayer បាននិយាយថា៖ «ការ​ឆ្លើយតប​របស់​ចិន គឺធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​វាយលុក​ និង​បង្កើន​ចំនួន​កាំជ្រួច​មីស៊ីល​ផ្លោង​ដែល​អាច​បាញ់​ចេញ​បាន»។

លោក ​John Ciorciari​ សាស្ត្រាចារ្យ​ផ្នែក​ស្រាវជ្រាវ និង​គោល​នយោបាយ​នៅ​សាកលវិទ្យាល័យ Michigan ​បាន​សរសេរ​អ៊ីមែល​មក​កាន់ VOA ភាសា​ខ្មែរ​ថា ​ក្នុង​រយៈពេល​ខ្លី ​ប្រទេស​ចិន​ទំនង​ជា​នឹង​ធ្វើ​សកម្មភាព​យ៉ាង​ម៉ឹងម៉ាត់​បង្ហាញ​ថា​កិច្ច​សហ​ប្រតិបត្តិការ​កាន់​តែ​ជិតស្និទ្ធ​រវាង​កូរ៉េខាងត្បូង ជប៉ុន និង​សហ​រដ្ឋអាមេរិក​គឺ​ជា​ការ​ខាតបង់ ​ប៉ុន្តែ​ក្នុង​រយៈពេលវែង​ «កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​ដែល​កាន់តែ​រឹងមាំ​នេះ ទំនង​ជា​នឹង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ប្រុង​ប្រយ័ត្ន​បន្ថែម»។

លោក Ciorciari បាន​និយាយ​ថា៖ «ប្រទេស​ចិន​ទំនង​ជា​មិន ​ចូល​ក្នុង​ជម្លោះ​យោធា​ធ្ងន់ធ្ងរ​នោះទេ​ ប៉ុន្តែ​ប្រហែល​ជា​នឹង​ចាត់​វិធានការ​សេដ្ឋកិច្ច​ដាក់​ទណ្ឌកម្ម​កូរ៉េខាងត្បូង និង​ជប៉ុន»។

លោក បន្ថែម​ថា៖ «​ប្រទេស​ចិន​ទំនង​ជា​នឹង​បន្ត​អនុវត្ត​វិធីសាស្រ្ត​ រំកិល​ចូល​បន្តិច​ម្តងៗ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​ដោយ​ធ្វើ​ការ​សាងសង់​ទាញ​យក​ដែន​ទឹក​បន្តិចម្តងៗ ​ដោយ​មិន​ឲ្យ​មាន ​ជម្លោះ​ប្រដាប់​អាវុធ​ទ្រង់ទ្រាយ​ធំ»។

ការ​ទាមទារ​យក​ដែនសមុទ្រ​ស្ទើរតែ​ទាំងស្រុង

ប្រទេស​ចិន​បាន​ធ្វើការ​ទាមទារ​ អធិបតេយ្យភាព​ស្ទើរ​តែ​ទាំងស្រុង​លើដែន​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​តំបន់​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​មាន​ផ្ទុក​ប្រេង​ឆៅ​ចំនួន ១១ ពាន់​លាន​បារ៉ែល និង​ឧស្ម័ន​ធម្មជាតិ ​ជាង​៥​លាន​លាន​ម៉ែត្រ​គីប។

ការ​ទាមទារ​នេះ​បាន​ធ្វើ​ឲ្យ​បណ្តា​គូប្រជែង​ ខឹង​សម្បា រួម​មាន​ប្រទេស​ប្រ៊ុយណេ​ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន​ តៃវ៉ាន់​ និង​វៀតណាម។

កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៦​ តុលាការ​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​បាន​កាត់​ក្តី​ប្រឆាំង​នឹង​ប្រទេស​ចិន ​ប្តឹង​ដោយ​ហ្វីលីពីន​ ក្រោម​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​ច្បាប់សមុទ្រ។

បើ​ទោះ​បី​ជា​ចិន​ជា​ប្រទេស​ហត្ថ​លេខី​នៃ​សន្ធិសញ្ញា​ដែល​បង្កើត​សាលាក្តី​អន្តរជាតិ​នេះ​ក៏​ដោយ​ ក៏​ចិន​នៅ​តែ​ មិន​ទទួល​យក​សេចក្តី​សម្រេច​របស់​តុលាការ​នេះ​ដែរ។

ប្រទេស​ចិន​បាន​បង្កើន​ភាព​គឃ្លើន​កាន់​តែ​ខ្លាំង​ឡើង​ នៅ​ក្នុង​ការ​ទាមទារ​របស់​ខ្លួន​ ដោយ​ប្រើ​វត្តមាន​និង​សមយុទ្ធ​កងទ័ព​ជើងទឹក​ ដើម្បី​រារាំង​បណ្តាគូប្រជែងពី​ខាងក្នុង​និង​ក្រៅ​តំបន់ ​ហើយ​ធ្វើ​ប្រតិបត្តិការ​ត្រង់​ចំណុច​ដែល​កិច្ចព្រមព្រាង​មិន​បាន​ចែង​ច្បាស់ — គឺ​ប្រើ​យុទ្ធសាស្ត្រ​វាយលុក​ដែល​មិន​ឈាន​ដល់​ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ ​ធ្វើឡើង​ដោយ​ឆ្មាំ​សមុទ្រ​ កង​ជីវពល​ដែន​សមុទ្រ និង​ទូកនេសាទ​របស់ខ្លួន— ដើម្បី​យាយី និង​បំភិត​បំភ័យ​បណ្តា​រដ្ឋ​ជាប់​ដែន​សមុទ្រ។​

រូបឯកសារ៖ រូប​ផ្កាយរណប​របស់ Planet Labs PBC បង្ហាញ​កោះ Triton នៅ​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពី​ថ្ងៃ ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៣។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​កំពុង​សាងសង់​ផង​ដែរ​ នូវ​អ្វី​ដែល​មើល​ទៅ​ដូច​ជា​អាកាសយានដ្ឋាន​នៅលើកោះ​ Triton​ ដែល​ជា​ដែនដី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​វៀតណាម ​និង​តៃវ៉ាន់​កំពុង​ទាមទារ​យក​ផង​ដែរ។

កាល​ពី​ពេលថ្មីៗ​នេះ ឆ្មាំ​សមុទ្រ​ហ្វីលីពីន​បាន​បញ្ចេញ​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​នាវា​ឆ្មាំសមុទ្រ ចិន បាញ់​ទឹក​ខ្លាំង​មក​លើ​នាវា​មួយ​របស់​ខ្លួន។

សហរដ្ឋ​អាមេរិក​មិន​មាន​ការ​ទាមទារ​យក​ដែនទឹកសមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ​នេះទេ ប៉ុន្តែ​ខ្លួន​បាន​អះអាង​ថា ​សេរីភាព​នាវាចរណ៍ និង​ការ​ហោះហើរ ​ក៏​ដូចជា​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ គឺ​ស្ថិត​នៅ​ក្នុង​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន។​

VOA ភាសា​កូរ៉េ បាន​ចូលរួម​ចំណែក​ក្នុង​សេចក្តី​រាយការណ៍​នេះ។