កាមេរូន​ផ្អាក​កិច្ច​សន្យា​ការងារ​និង​ថា​ពលករ​បរទេស​ខុស​ច្បាប់​ត្រូវតែ​ចាកចេញ​ពី​ប្រទេស

មន្ត្រី​រដ្ឋាភិបាល​កាមេរូន​បាន​ថ្លែង​ថា ពលករ​បរទេស​ជាង ១០.៥០០ នាក់​ក្នុង​ចំណោម​ពលករ​បរទេស​ប្រមាណ ១១.០០០ នាក់​នៅ​ក្នុង​ប្រទេស​កាមេរូន​មិន​មាន​ប័ណ្ណ​ការងារ​នោះ​ទេ។

រដ្ឋាភិបាល​កាមេរូន​បាន​បញ្ជាក់​ថា មានតែ​ពលករ​បរទេស​ប្រហែល ១០០ នាក់​ក្នុង​ចំណោម​ជាង ២.០០០ នាក់​ប៉ុណ្ណោះ​មក​ពី​ប្រទេស​ចិន នីហ្សេរីយ៉ា សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល និង​ឆាដ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើការ​នៅ​អណ្ដូង​រ៉ែ​មាស​និង​នាំ​ចេញ​ឈើ​នៅ​ជិត​ព្រំដែន​ភាគ​ខាង​កើត​នៃ ប្រទេស​កាមេរូន​ជាប់​នឹង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល។

លោក Issa Tchiroma Bakary ដែល​ជា​រដ្ឋមន្ត្រី​ការងារ​នៃ​ប្រទេស​កាមេរូន បាន​ថ្លែង​ថា ពលករ​បរទេស​ភាគ​ច្រើន​កំពុង​ប្រព្រឹត្ត​អំពើ​មិន​ត្រឹមត្រូវ។ លោក​បន្ត​ថា ពលករ​បរទេស​បាន​ធ្វើ​ឱ្យ​ប្រទេស​កាមេរូន​ខាត​បង់​ប្រាក់​ជាង ២៥ លាន​ដុល្លារ​អាមេរិក​តាំងពី​ខែ​មករា​មក ដោយ​ការ​មិន​បង់​ពន្ធ។

លោក Bakary បាន​លើកឡើង​ទៀត​ថា កាលពី​ពេល​ថ្មីៗ​នេះ​ប្រធានាធិបតី​កាមេរូន​លោក Paul Biya បាន​ចាត់​លោក​ឱ្យ​ទៅ​ព្រំដែន​ភាគ​ខាង​កើត​កាមេរូន​ជាប់​ជាមួយ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ដែល​នៅ​ទីនោះ​មនុស្ស​រាប់​ពាន់​នាក់​មិន​មាន​ប័ណ្ណ​ការងារ ដើម្បី​ណែនាំ​ពលករ​បរទេស​ទាំង​អស់​ឱ្យ​ស្នើ​សុំ​ប័ណ្ណ​ការងារ​និង​បង់​ពន្ធ បើ​មិន​ដូច្នេះ​ទេ​ត្រូវ​តម្រូវ​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​កាមេរូន​ក្នុង​រយៈពេល ៣០ ថ្ងៃ។

លោក Bakary បាន​បន្ថែម​ថា រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​មន្ត្រី​នៅ​ក្នុង​ស្រុក​ចំនួន ៣៦០ នៅ​ក្នុង​ប្រទេស​កាមេរូន​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រាកដ​ថា ពលករ​បរទេស​ស្នើ​សុំ​ប័ណ្ណ​ការងារ​និង​បង់​ពន្ធ បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ចាក​ចេញ​ពី​ប្រទេស។

ក្រសួង​ការងារ​កាមេរូន​បាន​ថ្លែង​ថា ការ​ចាប់ផ្ដើម​ឡើង​វិញ​នៃ​ការ​សាងសង់ ការ​រុករក​រ៉ែ ឧស្ម័ន និង​ប្រេង​ធ្វើ​ឱ្យ​មាន​លំហូរ​វិស្វករ​ចិន​និង​អឺរ៉ុប​ចូល​ក្នុង​ប្រទេស​យ៉ាង​ច្រើន។

រដ្ឋាភិបាល​បាន​បញ្ជាក់​ថា ពលករ​បរទេស​ជា​ច្រើន​ពាន់​នាក់​នៅ​អណ្ដូង​រ៉ែ​មាស​និង​ព្រៃឈើ​នៅ​ភាគ​ខាង​ជើង​និង​ខាង​កើត បាន​បោក​បញ្ឆោត​មន្ត្រី​កុងស៊ុល​កាមេរូន​និង​ទទួល​បាន​ទិដ្ឋាការ​ទេសចរណ៍។

រដ្ឋាភិបាល​បាន​បន្ថែម​ថា ខ្លួន​មិន​អាច​មាន​លទ្ធភាព​អនុញ្ញាត​ឱ្យ​ពលករ​បរទេស​ខុស​ច្បាប់​ជាង ១០.០០០ នាក់​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កាមេរូន​បាន​ទេ ខណៈ​ដែល​ពលរដ្ឋ​ជាង ៧០% ក្នុង​ចំណោម ២៧ លាន​នាក់​ខ្វះ​ការងារ​ធ្វើ​ឬ​ធ្វើ​ការ​ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ទាប។

លោក Florent Djounou គឺ​ជា​ម្ចាស់​ក្រុមហ៊ុន​ឈើ​មួយ​ដែល​ជួល​ពលរដ្ឋ​ចិន ៣០ នាក់ និង​ពលរដ្ឋ​អឺរ៉ុប ៨ នាក់​ឱ្យ​ធ្វើ​ការ។

លោក​បាន​ថ្លែង​តំណាង​ឱ្យ​ពលករ​បរទេស​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការងារ​នៃ​ប្រទេស​កាមេរូន​នៅ​ក្នុង​ទីក្រុង Baturi ជិត​ព្រំដែន​កាមេរូន​ជាមួយ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ថា ពលករ​បរទេស​ដឹង​ថា​ពួកគេ​គួរតែ​គោរព​ច្បាប់​របស់​ប្រទេស​កាមេរូន​មុន​នឹង​ធ្វើ​សកម្មភាព​សេដ្ឋកិច្ច។

ប៉ុន្តែ​លោក​ថា ពលករ​បរទេស​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​ដឹង​ថា កិច្ច​សន្យា​យ៉ាង​ហោច​ណាស់​ចំនួន ១.០០០ ត្រូវ​បាន​ផ្អាក គឺ​មុន​ពេល​ដែល​រដ្ឋាភិបាល​កាមេរូន​បាន​ស្នើ​សុំ​ជា​សាធារណៈ​ឱ្យ​ពលករ​បរទេស​ទៅ​ស្នើ​សុំ​ប័ណ្ណ​ការងារ​ទៅ​ទៀត។

លោក​បាន​បន្ត​ថា ពលករ​ចិន​និង​អឺរ៉ុប​អាច​ទទួល​បាន​ប័ណ្ណ​ការងារ ប៉ុន្តែ​ពលរដ្ឋ​អាហ្វ្រិក ជាពិសេស​អ្នក​ដែល​ផ្លាស់​ទីលំនៅ​ដោយសារ​ជម្លោះ ប្រហែល​ជា​មិន​មាន​លទ្ធភាព​បង់​ប្រាក់​សម្រាប់​ប័ណ្ណ​ការងារ​របស់​ពួកគេ​នោះ​ទេ។

លោក Djounou បាន​បន្ថែម​ថា តម្លៃ​ឈើហុប​និង​ឈើ​បាន​ឡើង​ថ្លៃ ១៥% ដោយសារ​បរិមាណ​ឈើ​ដ៏​ច្រើន​មិន​អាច​ត្រូវ​បាន​នាំ​ចេញ​ពី​ព្រៃ​ភាគ​ខាង​កើត ដែល​នៅ​ទី​នោះ​រដ្ឋាភិបាល​បាន​បញ្ឈប់​សកម្មភាព​របស់​ពលករ​បរទេស។

លោក Bakary បាន​លើកឡើង​ថា ពលករ​បរទេស​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​ដោយ​សេរី​នៅ​ពេល​ពួកគេ​ទទួល​បាន​ប័ណ្ណ​ការងារ។

ការងារ​របស់​ពលករ​បរទេស​ស្ថិត​នៅ​ក្រោម​នីតិវិធី​ពិសេស​នៅ​ក្នុង​ប្រទេស​កាមេរូន។ ពលករ​ដែល​មាន​សក្ដានុពល​ត្រូវ​មាន​កាតព្វកិច្ច​ប្រកាស​ប្រាក់​ឈ្នួល​និង​ប្រាក់​ឧបត្ថម្ភ​របស់​ពួកគេ រួម​ទាំង​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការ​ធ្វើ​ដំណើរ​និង​ស្នាក់នៅ​ផង​ដែរ ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​កំណត់​ថា​តើ​ត្រូវ​បង់​ប្រាក់​ប៉ុន្មាន​ដើម្បី​ទទួល​បាន​ទិដ្ឋាការ។

ច្បាប់​ឆ្នាំ ២០២២ កំណត់​ថ្លៃ​ឈ្នួល​ដែល​ស្មើ​នឹង​ប្រាក់​បៀវត្សរ៍ ២ ខែ​សម្រាប់​ពលករ​ដែល​មិន​មែន​ជា​ពលរដ្ឋ​អាហ្វ្រិក និង​ប្រាក់​បៀវត្សរ៍​មួយ​ខែ​សម្រាប់​ពលករ​អាហ្វ្រិក មុន​ពេល​ប័ណ្ណ​ការងារ​ត្រូវ​បាន​ចេញ​ឱ្យ។ ច្បាប់​នេះ​បាន​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​នេះ៕