គ្រោះទឹកជំនន់​នៅ​ព្រំដែន​​កាមេរូន​និង​ឆាដ​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ប្រឈម​ភាព​អត់ឃ្លាន​និង​បាត់បង់​ទីលំនៅ

រូបឯកសារ៖ ស្ត្រី​ជនជាតិ​កាមេរូនកំពុង​​ស្ថិត​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​ពួកគេ​ក្នុង​ក្រុង Kerawa ប្រទេស​កាមេរូន ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦។

ចំនួន​អ្នក​បាត់បង់​ទី​លំនៅ​ដោយសារ​តែ​គ្រោះទឹកជំនន់​កំពុង​តែ​កើន​ឡើង​នៅ​តំបន់​ព្រំដែន​រវាង​ភាគ​ខាង​ជើង​ប្រទេស​កាមេរូន​និង​ប្រទេស​ឆាដ​ដែលស្ថិត​នៅ​ជិត​ខាង។

ក្រុម​អាជ្ញាធរ​កាមេរូន​និយាយ​ថា ភ្លៀងធ្លាក់​ខ្លាំង​ដែល​បាន​ចាប់ផ្តើម​នៅ​ខែ​កញ្ញា​និង​កាន់​តែ​អាក្រក់​នៅ​ពាក់ណ្តាល​ខែ​វិច្ឆិកា​បាន​ធ្វើ​ឲ្យ​បាក់ច្រាំង​ទន្លេ Logone។

​លោក Ali Khadil ដែល​ជា​កសិករ​មួយ​រូប​នៅ​ក្រុង Kousseri ​បាន​ប្រាប់ VOA កាល​ពី​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា​ថា ផ្ទះ​របស់​លោក​និង​ផ្ទះ​ចំនួន​១៥​ខ្នង​ដទៃ​ទៀត​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយសារ​ទឹកជំនន់។

លោក Khadil ថ្លែងថា៖«នៅម៉ោង​ប្រហែល៥​ព្រឹក​ ទន្លេ Logone ​ជាប់​ព្រំដែននឹង​ប្រទេស​ឆាដ​ បាន​បាក់ច្រាំង និង​គួច​យក​ផ្ទះ​សម្បែង​ទាំងអស់។ ខ្ញុំ​ដឹង​គុណ​ព្រះជាម្ចាស់​ដែល​បាន​ជួយ​ជីវិត​ភរិយាចំនួន​២នាក់​និង​កូន​ចំនួន​៤​នាក់​របស់​ខ្ញុំ។ ប៉ុន្តែ​គ្រួសារ​របស់​ខ្ញុំ​កំពុង​តែប្រឈម​នឹង​ភាព​អត់ឃ្លាន ហើយ​កូនៗ​របស់ខ្ញុំ​លែង​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ត​ទៅ​ទៀតហើយ»។

អាជ្ញាធរ​នៅ​តំបន់​ជាយ​ភាគ​ខាង​ជើង​ប្រទេស​កាមេរូន​និយាយ​ថា ផ្ទះរាប់រយ​ខ្នង និង​កសិដ្ឋាន​ជា​ច្រើន​ត្រូវ​បាន​បំផ្លាញ​ចាប់​តាំង​ពី​ថ្ងៃ​ពុធ​ ទី​១៨ ខែ​វិច្ឆិកា​មក។

​អ្នកនេសាទ​លោក Oumar Aziz អាយុ ៣៥​ឆ្នាំ គឺ​ជា​អ្នក​តំណាង​ឲ្យជនរងគ្រោះ​ពី​ទឹកជំនន់។

លោក​ Aziz បាន​ថ្លែង​ថា៖«ពលរដ្ឋកំពុង​រង់ចាំ​ស្បៀងអាហារ​និង​ជំនួយ​សុខាភិបាលជា​បន្ទាន់។ ទឹកទន្លេ Logone និង​ទន្លេ Chari ដែល​ហូរ​កាត់ក្រុង​ Kousseri បាន​កួច​យក​បាវខ្សាច់​ដែល​ត្រូវ​បាន​ដាក់​ដើម្បី​រារាំងការ​ខូចខាត​បន្ថែម​ទៀត​ដោយសារ​ទឹកជំនន់​នៅ​ក្នុង​ភូមិ។ ​ទឹកជំនន់​បាន​បំផ្លាញ​ផ្ទះ​ប្រមាណ​៧០​ភាគរយ​តាម​បណ្តោយ​ច្រាំង​ទន្លេ Logone ទាំង​នៅក្នុង​ប្រទេស​កាមេរូន និង​ប្រទេសឆាដ»។

នៅ​មិនទាន់​អាចបញ្ជាក់​លម្អិត​ពី​ចំនួន​ផ្ទះ​សម្បែង​ដែល​ត្រូវ​បាន​បំផ្លាញដោយសារ​ទឹកជំនន់​នៅ​ប្រទេស​ឆាដ​នោះ​ទេ។

ប៉ុន្តែ​ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ Tele Chad បាន​រាយការណ៍​ថា រដ្ឋាភិបាល​បាន​បញ្ជូន​ជំនួយ​ស្បៀង​អាហារ​ទៅ​កាន់​ជនរងគ្រោះ។

ចៅ​ហ្វាយ​ក្រុង Kousseri លោក Esseini Darkadre និយាយ​ថា សាលាក្រុង​កំពុង​ផ្តល់​ស្បៀង​អាហារ​និង​ជំនួយ​សុខាភិបាល​ទៅ​កាន់​ភាគី​ប្រទេស​កាមេរូន។

លោក​ Darkadre ថ្លែងថា៖«កសិករ​ជាច្រើន​នាក់មក​ពី​តំបន់​ដែល​ឥឡូវ​នេះ ​មាន​សភាពស្ងួត​បាន​ទៅ​ស្នាក់​នៅ​តាម​បណ្តោយ​ទន្លេ​ដើម្បី​ដាំ​និង​លក់​ដំណាំ​នៅ​ប្រទេស​កាមេរូន​និងប្រទេស​ឆាដ។ សាលាក្រុង​មាន​គម្រោងផ្លាស់​ប្តូរ​ទីតាំងពលរដ្ឋ​ពី​តំបន់ងាយរងគ្រោះ​តាម​បណ្តោយ​ទន្លេ​ទៅ​កាន់​ទីដែល​មាន​សុវត្ថិភាព​ជាង​នេះ»។

អាជ្ញាធរ​កាមេរូន​និយាយ​ថា កាកបាទក្រហម​អន្តរជាតិ​និង​អង្គការ​សហប្រជាជាតិ​ក៏កំពុង​ផ្តល់​នូវ​ជំនួយ​ផង​ដែរ។

ភ្លៀង​ធ្លាក់​ប្រចាំ​រដូវ​ពី​តំបន់​ភ្នំ​និង​បឹង​ Chad តែង​តែ​បង្ក​គ្រោះ​ទឹកជំនន់​នៅ​ទន្លេ Logone និង​ Chari។

​គ្រោះ​ទឹកជំនន់ដ៏​អាក្រក់​បំផុត​នៅ​ភាគខាងជើង​ប្រទេស​កាមេរូន​កាល​ពី​ឆ្នាំ ២០១២ បាន​សម្លាប់​មនុស្ស​ ៦០​នាក់ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​អស់រយៈ​ពេល​ជាង​មួយ​ខែ។

អាជ្ញាធរ​កាមេរូន​និយាយ​ថា គ្រោះទឹកជំនន់​កាល​ពី​ឆ្នាំ​មុន​បាន​បណ្តាល​ឲ្យ​មនុស្ស​មួយ​សែន​នាក់​នៅ​សងខាង​ព្រំដែន​ប្រទេស​ទាំង​ពីរ​បាត់បង់​ទី​លំនៅ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា