វីរុសកូរ៉ូណាប្រភេទថ្មីដែលបង្កជំងឺកូវីដ១៩ មានផលប៉ះពាល់យ៉ាងខ្លាំងចំពោះប្រាង្គប្រាសាទអង្គរវត្ត ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតមួយក្នុងពិភពលោក។
នៅទីនេះ ឥឡូវគេកម្រឃើញមានអ្នកទេសចរបរទេស ដំរីដែលធ្លាប់ដឹកភ្ញៀវត្រូវគេយកទៅថែទាំនៅកន្លែងផ្សេង ហើយអាជីវកម្មក្នុងតំបន់នេះបានបិទក្ស័យធន។ ប៉ុន្តែសម្រាប់ជនជាតិខ្មែរ ទិដ្ឋភាពថ្មីនេះជាឱកាសសម្រាប់ពួកគេអាចដណ្តើមបានមកវិញនូវកេរមរតកដូនតារបស់ពួកគេ។
អាជ្ញាធរនិយាយថា អ្នកទេសចរបរទេសមកទស្សនាប្រាសាទនេះក្នុងមួយថ្ងៃមានត្រឹមរាប់សិបនាក់ប៉ុណ្ណោះ ហើយសុទ្ធសឹងអ្នកដែលបន្តស្នាក់នៅក្នុងប្រទេសក្រោយពីវីរុសដែលបង្កជំងឺកូវីដ១៩ ចាប់ផ្តើមឆ្លងដែនកាលពីចុងខែមករា ដោយបានបង្ខំឲ្យមានវិធានការបិទសកម្មភាពសង្គមនៅជុំវិញពិភពលោក និងបានបញ្ចប់ការធ្វើដំណើរកម្សាន្តអន្តរជាតិ។
ចំនួនទេសចរពេលនេះគឺផ្ទុយស្រឡះនឹងចំនួនអ្នកទេសចរ២,២លាននាក់កាលពីឆ្នាំមុនដែលបានទិញសំបុត្រដែលមានតម្លៃសរុបជិត១០០លានដុល្លារ ដើម្បីចូលទស្សនាបរិវេណប្រាង្គប្រាសាទអង្គរវត្តពីសតវត្សរ៍ទី១២ ដែលគ្របដណ្តប់លើផ្ទៃដី២០៨ហិកតា។
នាង Sreynath Sarum ជាអ្នកបម្រើការខាងវិស័យបដិសណ្ឋារកិច្ចម្នាក់ពីក្រុងភ្នំពេញ ថ្លែងថា៖ «ទិដ្ឋភាពមិនមានអ្នកទេសចរនៅទីនេះពេលនេះគួរឲ្យចាប់អារម្មណ៍ ព្រោះពីមុនមានអ្នកទេសចរ(បរទេស)ច្រើនណាស់ហើយពេលយើងមកទស្សនា យើងក៏ដូចជាអ្នកទេសចរម្នាក់ដែរ និងមិនគិតថាយើងជាម្ចាស់ស្រុកទេ។ ប៉ុន្តែនៅពេលនេះល្អណាស់។»
វិស័យទេសចរណ៍របស់ប្រទេសកម្ពុជាបានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល១០ទៅ១៥ឆ្នាំចុងក្រោយនេះ។ ប្រាសាទអង្គរវត្តនិងប្រាសាទបុរាណដទៃទៀតនៅតំបន់ជុំវិញនេះ តែងជាប់ចំណាត់ថ្នាក់ជ័យលាភីតំបន់ទេសចរណ៍អន្តរជាតិជាច្រើន ហើយទីក្រុងសៀមរាបដែលនៅក្បែរនោះត្រូវបានអាជ្ញាធរអភិវឌ្ឍឡើងវិញឲ្យទៅជាមជ្ឈមណ្ឌលទេសចរណ៍។
ប៉ុន្តែវិស័យទេសចរណ៍ទ្រង់ទ្រាយធំនេះក៏បាននាំមកនូវបញ្ហាជាច្រើនណាស់ដែរ។
ទិដ្ឋភាពរួមនៅប្រាសាទអង្គរវត្តនៅមុនវិបត្តិកូវីដ១៩ មានដូចជាការតម្រង់ជួរដ៏វែងនៅច្រកចូលប្រាសាទ រថយន្តក្រុងដឹកអ្នកទេសចរចតពាសពេញក្បែរបរិវេណ ហ្វូងទេសចរជនជាតិចិនដែលកាន់ selfie stick សម្រាប់ថតរូប និងក្រុមទេសចរបរទេសលោកខាងលិចដែលពាក់អាវពណ៌បែបហាវ៉ៃ ស្លៀកខោខ្លី រួមទាំងអ្នករត់ហាត់កីឡាផង ដែលបានប្រែក្លាយទីសក្ការៈសម្រាប់ពុទ្ធសាសនានិងសាសនាហិណ្ឌូនេះ ឲ្យទៅដូចជាឧទ្យានកម្សាន្តអធឹកអធមមួយកន្លែង។
ប៉ុន្តែទិដ្ឋភាពបែបនេះមិនមែនធ្វើឲ្យព្រះសង្ឃនិងពលរដ្ឋខ្មែរទូទៅជារឿយៗពេញចិត្តនោះទេ។ ជនជាតិខ្មែរលើកតម្កើងប្រាង្គប្រាសាទអង្គរវត្តថាជាគ្រឹះនៃសង្គមនិងវប្បធម៌ខ្មែរ ជានិមិត្តសញ្ញាដែលរំឭកពួកគេថា ប្រទេសជាតិនេះធ្លាប់ជាមហាអំណាចក្នុងតំបន់[អាស៊ីអាគ្នេយ៍] ហើយអង្គរវត្តក៏ជានិមិត្តរូបនៃការរស់រានឡើងវិញនៃប្រជាជាតិខ្មែរនៅក្រោយសង្គ្រាមស៊ីវិលដ៏ប្រល័យអស់៣ទសវត្សរ៍។
លោក Nick Ray អ្នកនិពន្ធនិងអ្នកផលិតភាពយន្តឲ្យសៀវភៅមគ្គុទេសក៍ទេសចរណ៍ Lonely Planet បានបញ្ជាក់ថា ប្រសិនបើវិបត្តិជំងឺរាតត្បាតកូវីដ១៩អាចមានផលវិជ្ជមានណាមួយ នោះគឺការណ៍ដែលជនជាតិខ្មែរអាចផ្សាភ្ជាប់ខ្លួនឡើងវិញទៅនឹងដួងព្រលឹងជាតិរបស់ពួកគេ។
លោក Nick Ray បញ្ជាក់ក្នុងសម្តីដើមថា៖ «បើគិតពីទស្សនៈសេដ្ឋកិច្ចវិញ ការបាត់បង់អ្នកទេសចរជាមហន្តរាយមួយ។ យើងដឹងច្បាស់ថាតើការណ៍នេះប៉ះពាល់យ៉ាងណាដល់សេដ្ឋកិច្ច និងអាជីវកម្មដូចជាសណ្ឋាគារ ផ្ទះសំណាក់ ហាងកាហ្វេ បារ។ ទីនេះប្រៀបដូចជាក្រុងខ្មោចអញ្ចឹងឥឡូវនេះ»។
អ្នកនិពន្ធសៀវភៅទេសចរណ៍រូបនេះបន្ថែមទៀតថា៖ «ប៉ុន្តែបើគិតពីទស្សនៈខ្មែរវិញ ស្ថានភាពនេះប្រៀបដូចជាជនជាតិខ្មែរបានដណ្តើមកាន់កាប់ប្រាង្គប្រាសាទទាំងនេះវិញអញ្ចឹង។ ប្រាសាទទាំងនេះជាមរតកនិងកេរដំណែលពីដូនតាខ្មែរ ប្រាសាទអង្គរវត្តមាននៅលើទង់ជាតិកម្ពុជា។ អង្គរជានិមិត្តរូបនៃដួងព្រលឹងជាតិ ដែលជនជាតិខ្មែរតម្កល់ទុកក្នុងបេះដូង»។
ទិដ្ឋភាពនៅប្រាសាទអង្គរវត្តនៅពេលនេះគឺប្រហាក់ប្រហែលនឹងទិដ្ឋភាពកាលពីពីរទសវត្សរ៍មុន នៅពេលតំបន់បុរាណវិទ្យានេះមានសភាពស្ងាត់ជ្រងំនៅឡើយ ក្រោយពីក្រុមទាហានខ្មែរក្រហមត្រូវបានរំសាយ ប៉ុន្តែនៅមានក្រុមចោរព្រៃនិងការក្រុមជនឧក្រិដ្ឋលួចវត្ថុបុរាណដែលអាជ្ញាធរត្រូវដោះស្រាយនិងលុបបំបាត់ចោលសិនមុននឹងអាចបើកទ្វារតំបន់ប្រាសាទបុរាណនេះដល់ទេសចរណ៍អន្តរជាតិ។
ក្នុងរយៈពេល២០ឆ្នាំនេះ ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរក៏បានប្រសើរឡើងដែរ។ នៅក្បែរប្រាសាទទាំងនេះ មានកូនខ្មែរដែលឥឡូវជិះកង់លេងនិងលេងនឹងដី ខណៈដែល ឪពុកម្តាយពួកគេបន់ស្រន់នៅកន្លែងបន់ស្រន់បែបពុទ្ធសាសនា និងធ្វើដំណើរចេញចូលតំបន់ព្រៃក្រាស់ជុំវិញប្រាសាទនេះ។
អ្នកស្រី Marissa Carruthers អ្នកនិពន្ធសៀវភៅដំណើរកម្សាន្តម្នាក់ថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំមិនធ្លាប់ស្រមៃឃើញពេលវេលាមួយដែលជនជាតិខ្មែរអាចមកលេងប្រាសាទអង្គរវត្តនិងបួងសួងដោយស្ងប់ស្ងៀម និងមិនមានហ្វូងអ្នកទេសចរនៅជុំវិញ។ ឬពួកគេអាចនាំក្រុមគ្រួសារមកលេងកីឡាវាយសីឬញ៉ាំអាហារពិកនិកជុំគ្រួសារនៅទីនេះទេ។ នេះជាទិដ្ឋភាពថ្មីពិសេសមួយ»។
អ្នកស្រីបន្តទៀតថា៖ «ប៉ុន្តែដូចខ្ញុំនិយាយកន្លងមកអញ្ចឹង ទិដ្ឋភាពដែលប្រាង្គប្រាសាទអង្គរនិងក្រុងសៀមរាបត្រូវបិទសកម្មភាពទាំងស្រុងនេះ គឺជាស្ថានភាពដ៏ធ្ងន់ធ្ងរមួយ»។
ចំណូលដ៏ច្រើនពីទេសចរណ៍និងហ្វូងអ្នកមកទស្សនាបានរសាយបាត់ទៅវិញស្ទើរភ្លាមៗក្រោយពីវិបត្តិជំងឺរាតត្បាតកូវីដ១៩ចាប់ផ្តើមផ្ទុះឡើង។ ហើយការជំរុញវិស័យទេសចរណ៍ឲ្យដំណើរការឡើងវិញក្រោយការបន្ធូរបន្ថយវិធានាការបិទសកម្មភាពក៏ជាការលំបាក។
រដ្ឋាភិបាលកម្ពុជាទើបបានប្រកាសពីវិធានថ្មីៗមួយចំនួន រួមទាំងការតម្រូវឲ្យជនបរទេសដែលធ្វើដំណើរមកកម្ពុជាត្រូវតេស្តរកជំងឺកូវីដ១៩ មានបណ្ណបញ្ជាក់សុខភាព និងប្រភេទទិដ្ឋាការថ្មីមួយសម្រាប់អ្នកទេសចរបរទេសពេលអនាគត។
ប្រសិនបើមានអ្នកធ្វើដំណើរណាម្នាក់តាមជើងយន្តហោះចូលប្រទេសកម្ពុជា ចេញរោគសញ្ញានិងធ្វើតេស្តឃើញជំងឺកូវីដ១៩ នោះអ្នកដំណើរទាំងអស់នៅលើយន្តហោះនេះនឹងត្រូវដាក់ឲ្យស្ថិតនៅដាច់ពីគេឬចត្តាឡីស័ករយៈពេល២សប្តាហ៍។ ម្យ៉ាងទៀត រាល់អ្នកដំណើរបរទេសដែលមកដល់ប្រទេសកម្ពុជាត្រូវតម្កល់ប្រាក់៣.០០០ដុល្លារនៅធនាគារក្នុងស្រុកមួយដើម្បីជាសោហ៊ុយចំណាយក្នុងករណីដែលពួកគេកើតជំងឺកូវីដ១៩។
ចំនួនទឹកប្រាក់តម្កល់ដែលមិនត្រូវចំណាយត្រូវរំពឹងថានឹងបង្វិលទៅឲ្យទៅអ្នកធ្វើដំណើរបរទេសវិញ។ ប៉ុន្តែវិធានថ្មីនេះធ្វើឲ្យមានការមិនសប្បាយចិត្តពីវិស័យទេសចរណ៍ដែលធ្លាក់ចុះស្រាប់ ថាជាឧបសគ្គដែលមិនគួរមាន និងជាកត្តាត្រូវគិតគូរមួយទៀតរបស់អ្នកធ្វើដំណើរ ជាពិសេសអ្នកធ្វើដំណើរពីបណ្តាប្រទេសលោកខាងលិច ដែលត្រូវធ្វើដំណើរតាមជើងយន្តហោះយ៉ាងតិចពីរដើម្បីអាចមកដល់ប្រទេសកម្ពុជាបាន។
លោក Nick Ray ថ្លែងអំពីប្រាក់តម្កល់៣.០០០ដុល្លារនេះថា៖ «និយាយត្រង់ទៅ វាជាកត្តាមួយដែលធ្វើឲ្យគេលែងចង់មក(លេងប្រទេសកម្ពុជា)»។
លោកបន្ថែមទៀតថា៖ «វាស្ទើរតែដូចជានិយាយប្រាប់គេថា អាជីវកម្មរបស់យើងបានបិទហើយ»។
ពលរដ្ឋខ្មែរក៏បានដឹងពីផលលំបាកធ្ងន់ធ្ងរដែលបង្កដោយជំងឺកូវីដ១៩ និងស្ថានភាពយ៉ាប់យ៉ឺននៃសេដ្ឋកិច្ចដែលជំងឺនេះបានបង្កើតឡើង។
នាង Sreynath Sarum ជាអ្នកបម្រើការខាងវិស័យបដិសណ្ឋារកិច្ចម្នាក់ពីក្រុងភ្នំពេញ ថ្លែងថា៖ «ខ្ញុំចង់ឲ្យអ្នកទេសចរត្រឡប់មកវិញ ព្រោះពលរដ្ឋនៅទីនេះកំពុងរងទុក្ខវេទនា។ ប៉ុន្តែសូមឲ្យអ្នកទេសចរមកវិញបន្តិចម្តងៗ មិនមែនមកវិញចំនួន១លាននាក់ក្នុងពេលតែមួយនោះទេ»៕
ប្រែសម្រួលដោយ សឹង សុផាត