កាលពីប៉ុន្មានឆ្នាំមុន កម្មករខ្មែរដែលមកធ្វើការនៅទីក្រុងផ្ញើប្រាក់ទៅក្រុមគ្រួសាររបស់ពួកគេដែលរស់នៅតាមទីជនបទតាមរយៈរថយន្តឈ្នួល។ ប៉ុន្តែសព្វថ្ងៃនេះ ដោយសារតែបចេ្ចកវិទ្យាទំនើបតាមទូរស័ព្ទចល័ត ពួកគេអាចផ្ញើប្រាក់អស់តម្លៃថោកនិងជាជម្រើសដ៏មានសុវត្ថិភាពមួយផងដែរ។
ថ្ងៃនេះគឺជាថ្ងៃបើកប្រាក់ខែរបស់នាង សុត សោភ័ណ្ឌ កម្មការិនីរោងចក្រកាត់ដេរ។
ដូចកម្មកររោងចក្រ ៦០០.០០០នាក់ទៀតនៅក្នុងប្រទេសនេះដែរ សោភ័ណ្ឌផ្ញើប្រាក់រាល់ខែដល់គ្រួសារនាងនៅឯស្រុក។
ពេលសោភ័ណ្ឌបង់ប្រាក់រួច ឪពុកម្តាយនាងនឹងទទួលបានលេខកូដ ដែលអាចដកប្រាក់បានតាមភ្នាក់ងារនៅខេត្ត។
«និយាយទៅ ខ្ញុំអត់សូវផ្ញើញឹកញាប់អីប៉ុន្មានទេ មួយខែផ្ញើម្តងទេ នៅពេលដែលខ្ញុំបើកលុយហើយ។ ហើយជាទូទៅផ្ញើតិចតួចបំផុតពី ២០ ទៅ៣០ដុល្លារ។»
ប៉ុន្មានឆ្នាំមុន គេផ្ញើប្រាក់តាមឡានឈ្នួល ដែលមានតម្លៃថ្លៃ ហើយប្រថុយប្រថានអាចត្រូវគេលួច។
ទោះបីប្រាក់ដែលផ្ញើមានចំនួនតិចក៏ដោយ ក៏ការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាជួយដល់ជីវភាពប្រជាពលរដ្ឋក្រីក្រនៅជនបទ។ ស្ទើរគ្រប់គ្នានៅកម្ពុជា សព្វថ្ងៃមានទូរស័ព្ទចល័ត។ យោងតាមការសិក្សាមួយរបស់មូលនិធិអាស៊ី ការប្រើប្រាស់នៃចំនួនទូរស័ព្ទទំនើបកើនឡើង៣០ភាគរយ ពីឆ្នាំ ២០១៣ ដល់ ២០១៤។
ភ្នាក់ងារផ្ទេរប្រាក់ក្នុងស្រុក Wing ដ៏ធំបំផុតនៅកម្ពុជា បានធ្វើការផ្ទេរប្រាក់ក្នុងស្រុកជាងមួយពាន់លានដុល្លារនៅឆ្នាំ ២០១៣។
អ្នកស្រី ឃួន ហ្វ្រង់តារា អគ្គនាយកផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុន Wing ថ្លែងថា Wingទទួលបានមេរៀនជោគជ័យនៃការផ្ទេរប្រាក់តាមទូរស័ព្ទនេះ ពីប្រទេស កេនយ៉ា និងហ្វីលីពីន។
«ពីដើម មុនមានក្រុមហ៊ុន Wing គឺមានតម្រូវការរបស់កម្មករដែលធ្វើការតាមរោងចក្រកាត់ដេរនៅទីក្រុង ដែលខ្ញុំគិតថាជាវិស័យសំខាន់ទី២សម្រាប់សេដ្ឋកិច្ចកម្ពុជានោះ ពួកគេមានការលំបាកក្នុងការផ្ញើប្រាក់ទៅស្រុកភូមិ ទៅឲ្យក្រុមគ្រួសារតាមរយៈរថយន្តឈ្នួល ដែលជាវិធីក្រៅផ្លូវការមួយ ព្រោះត្រូវបង់ប្រាក់ថ្លៃនិងមិនមានសុវត្ថិភាព»។
សម្រាប់កម្មកររោងច្រកដូចជា សោភ័ណ្ឌ ដែលមានប្រាក់ខែតិចតួច ងាយរងផលប៉ះពាល់ពីការប្រែប្រួលតម្លៃនោះ ការផ្ញើប្រាក់តាមទូរស័ព្ទចល័តបានជួយដល់នាងច្រើន៕
ប្រែសម្រួលលដោយ ស្រេង លក្ខិណា