សកម្មជន​សហគមន៍​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង​ឡុងប៊ិច​ចាប់ផ្តើ​ម​ចូល​ពាក់ព័ន្ធ​ក្នុង​ឆាក​នយោបាយ​ថ្នាក់​មូលដ្ឋាន

កញ្ញា​ Vanndearlyn Vong​ អាយុ២១​ឆ្នាំ ​កំពុងឈរ​ឈ្មោះ​ជាថ្មី​ក្រោយពី​បាន​ជាប់​មួយ​អណត្តិ​កន្លង​មក​នេះ។

ពេល​ដែល​អ្នក​ឃើញ​ក្រុមមនុស្ស​កាន់​បដា​គ្រវី​បក់​ចុះឡើង​ នៅ​ក្នុង​ពេល​ដែល​គណបក្ស​នយោបាយធ្វើ​មហា​សន្និបាត​ជាតិ​ ដើម្បី​សម្រេច​ជ្រើសរើស​បេក្ខជន​សម្រាប់​តំណែង​ប្រធានាធិបតី​ គឺ​ពួកគេ​ជា​ប្រតិភូ​ដែល​មកពី​តាម​រដ្ឋ​នានា។

​ភាគច្រើន​នៃ​ប្រតិភូ​ទាំងនេះ​គឺ​មកពី​ថ្នាក់​ស្រុក​ឬ​សង្កាត់​នីមួយៗ​តំណាង​ឲ្យ​មណ្ឌល​ក្នុង​រដ្ឋ។ ពួកគេ​គឺ​ជា​អ្នកស្មោះត្រង់​និង​ស្ម័គ្រចិត្ត​របស់​គណបក្ស​ សម្រាប់​ធ្វើការងារ​ដើម្បី​ជួយ​សហគមន៍។

ប្រតិភូសភា​ប្រចាំ​មណ្ឌល​និង​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រចាំ​រដ្ឋ​ មាន​ភារៈកិច្ច​រៀបរំ​ផែនការ​និង​ចូលរួម​កិច្ចប្រជុំ​ផ្តល់​ព័ត៌មាន​នៅ​ទូទាំង​តំបន់​និ ង​ធ្វើការ​ជាមួយ​គ្នា​នៅ​ទូទាំង​រដ្ឋ​ ដើម្បី​តំណាង​សហគមន៍​របស់​ពួកគេ​ទៅលើ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ នៅក្នុង​រដ្ឋ​និង​ជ្រើសរើស​ថ្នាក់ដឹកនាំ​គណបក្ស​ប្រចាំ​រដ្ឋ​ផងដែរ។

នៅក្នុង​មណ្ឌល​នីមួយៗ​មាន​ប្រតិភូសភា​ចំនួន​ ១៤ ​នាក់ ​ដែល​មាន​ស្ត្រី​ ៧ រូប​និង​បុរស ​៧ ​រូប។ ពួកគេ​ត្រូវ​បាន​ជ្រើសរើស​តាម​រយៈ​ការបោះឆ្នោត​ដែល​បើក​ឲ្យ​ដល់​អ្នកចុះឈ្មោះ​ជា​អ្នកគាំទ្រ​គណបក្ស​នយោបាយ​នីមួយៗ​ នៅ​ក្នុង​រដ្ឋ។ នេះ​បើ​តាម​លក្ខខន្តិកៈ​របស់​គណបក្ស។​

​នៅក្នុង​ឆ្នាំ ២០២១​ នេះ ​មាន​សមាជិក​សហគមន៍​ខ្មែរ​អាមេរិកាំង​ពីរ​នាក់​កំពុង​ឈរ​ជា​ប្រតិភូសភា​ប្រចាំ​មណ្ឌលទី ៧០ ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​រដ្ឋកាលីហ្វញ៉ា។ មណ្ឌល​នេះ​គ្រប​ដណ្តប់​លើ​ក្រុង​Catalina Island, Long Beach, San Pedro និង ​Signal Hill​ និង​មាន​បេក្ខជន​ចំនួន​ ៤៥​ នាក់​កំពុង​ប្រកួត​ប្រជែង។

កញ្ញា​ Vanndearlyn Vong​ អាយុ ២១ ​ឆ្នាំ​កំពុងឈរ​ឈ្មោះ​ជាថ្មី​ ក្រោយពី​បាន​ជាប់​មួយ​អណត្តិ​កន្លង​មក​នេះ។ កញ្ញា​ត្រូវ​បាន​ជ្រើសរើស​ដំបូង​សម្រាប់​ការងារ​នេះ​ក្នុង​ឆ្នាំ ២០១៩។

កញ្ញា Vanndearlyn​ បាន​បញ្ជាក់​ក្នុង​បទសម្ភាស​ជាមួយ​នឹង​វីអូអេ​ថា៖ «ខ្ញុំ​មាន​ចិត្ត​ចង់​ទាមទារ​ការថែរក្សា​សុខភាព​សម្រាប់​មនុស្ស​ទាំងអស់ ​កិច្ចព្រមព្រៀង​ការពារ​បរិស្ថាន​ថ្មី​ ដែល​នាំ​ឲ្យ​យើង​ឈប់​អាស្រ័យ​លើ​ឋាមពល​ផូស៊ីល​ និង​បង្កើត​ការងារ​ថ្មី​ដែល​ល្អ​ចំពោះ​បរិស្ថាន​ ក៏ដូចជា​លុបចោល​ប៉ូលិស​អន្តោ​ប្រវេសន៍​ ព្រោះ​វា​ជា​ប្រព័ន្ធ​ដែល​បណ្តេញ​បងប្អូន​របស់​យើង​ដោយ​មិន​ត្រឹមត្រូវ»។

កញ្ញា Vanndearlyn​ តំណាង​ឲ្យ​សំឡេង​ចម្រើន​និយម​នៅក្នុង​គណបក្ស​ប្រជាធិបតេយ្យ​ ហើយ​នៅក្នុង​ពេល​មហាសន្និបាត​ថ្នាក់​ជាតិ​របស់​គណបក្ស​ កាលពី​ខែសីហា ​ឆ្នាំ២០២០​ គឺបាន​ចូលរួម​ជា​ប្រតិភូ​គាំទ្រ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋV ermont​ គឺ​លោក ​Bernie Sanders ​សម្រាប់​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ ប៉ុន្តែ​លោក​មិន​បាន​ជោគជ័យ​ទេ​ដោយ​ជ័យជម្នះ​បាន​ទៅ​លោក Joe Biden​ អតីត​អនុ​ប្រធានាធិបតី​ ដោយសារ​លោក​ទទួល​បាន​សំឡេង​ប្រតិភូ​ច្រើន​ជាង។

ព័ត៌មាន​ទាក់ទង៖ ខ្មែរ-​អាមេរិកាំង​ទី១ គឺ​អ្នកស្រី ស៊ូលី សារ៉ូ បាន​ស្បថ​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​ក្រុងឡុងប៊ិច

តាម​រយៈ​បទពិសោធ​នេះ​ កញ្ញា​V anndearlyn​ កំពុង​សំឡឹង​យក​តួនាទី​ជា​នាយក​គណៈកម្មការ​នៃ​ក្រុម​ប្រតិភូ​សភា​នេះ​ ដោយ​ប្រកួត​នឹង​បេក្ខជន​ ៧ ​នាក់​ផ្សេង​ទៀត។

កញ្ញា​លើក​ទឹកចិត្ត​ឲ្យ​យុវជន​ដទៃ​ទៀត​ចូលរួម​សកម្មភាព​នយោបាយ​ដោយ​ចាត់ទុក​ថា ​វា​ប្រៀបបី​ដូចជា​ការស្ម័គ្រចិត្ត​នៅ​កម្រិត​អង្គការ​ស្ម័គ្រចិត្ត​ថ្នាក់​មូលដ្ឋាន​ដែរ​ ដោយ​គ្រាន់​តែ​ត្រូវ​មាន​គោលការណ៍​ណា​ដែល​ប្រតិភូ​ចង់​បាន​បញ្ចូល​ក្នុង​គោលនយោបាយ​ និង​មិន​ត្រូវការ​បទពិសោធ​និង​ចំណេះដឹង​ខ្ពង់ខ្ពស់​ទេ។

ជា​និស្សិត​ឯកទេស​វិទ្យាសាស្ត្រ​នយោបាយ​ឆ្នាំ​បញ្ចប់​នៅ​សាកល​វិទ្យាល័យ​រដ្ឋកាលីហ្វញ៉ា​ប្រចាំ​នៅ​ទីក្រុង​ឡុងប៊ិច​ កញ្ញា Vanndearlyn Vong​ ចង់​បន្ត​ការសិក្សា​រហូត​ដល់​ថ្នាក់​អនុបណ្ឌិត​ ប៉ុន្តែ​ក៏​នៅតែ​ធ្វើ​សកម្មភាព​ដើម្បី​ជួយ​សហគមន៍។

«ខ្ញុំ​មើល​ឃើញ​ថា​វា​ជា​មូលដ្ឋាន​ សម្រាប់​ខ្ញុំ​រៀនសូត្រ​និង​ចូលរួម​ខាង​ផ្នែក​នយោបាយ​ ទោះក្នុង​នាម​ជា​ប្រតិភូ​នៅ​កម្រិត ​១​ ទៀត​ ឬ​ជា​មន្ត្រី​ជាប់​ឆ្នោត ​គឺ​ខ្ញុំ​មិន​មាន​ផែនការ​នៅឡើយ​ទេ​ ប៉ុន្តែ​ខ្ញុំ​ចង់នៅ​ជួយ​ការងារ​និង​បន្ត​រៀនសូត្រ​ ដែល​ខ្ញុំ​អាច​យក​ចំណេះ​ដឹង​ ដើម្បី​បម្រើ​សហគមន៍»។

រដ្ឋកាលីហ្វញ៉ា​មាន​មណ្ឌល​សភា​ចំនួន​ ៨០ ​និង​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​របស់​គណបក្ស​ប្រជាធិបតេយ្យ។ ពលរដ្ឋ​ខ្មែរ​រស់នៅ​រដ្ឋ​នេះ​ច្រើន​ជាងគេ​បំផុត​ក្នុង​សហរដ្ឋ​អាមេរិក​ ដោយ​មាន​ចំនួន​ប្រហែល​ ៥០.០០០ ​នាក់​រស់នៅ​ក្នុង​ទីក្រុង​ Los Angeles។

រូបឯកសារ៖ លោក ឆល សុង ​ដែល​បាន​ជួយ​ដល់​យុទ្ធនាការ​ឃោសនា​របស់​អ្នកស្រី ស៊ូលី សារ៉ូ (Suely Saro) បេក្ខជន​ខ្មែរ​អាមេរកាំងសម្រាប់​តំណែង​ចៅសង្កាត់​លេខ៦ នៅ​ទីក្រុង​ឡុងប៊ិច​ រដ្ឋ​កាលីហ្វ័រញ៉ា។ (រូបថតដោយ Suely Saro)

លោក ឆល សុង ​គឺជា​បេក្ខជន​១​រូប​ទៀត​សម្រាប់​មណ្ឌល​ទី ៧០ ​នេះ​ដែរ។ លោក​បាន​បម្រើ​ការងារ​សហគមន៍​ជាង​ ៣០ ឆ្នាំ​។ បច្ចុប្បន្ន​លោក​គឺជា​អ្នកផ្តល់​ប្រឹក្សា​ខាង​ស្វែងរក​ការងារ​នៅ​សមាគម​ខ្មែរ​នៅ​ទ្វីប​អាមេរិក។​

លោក ឆល សុង​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «ជំហរ​របស់​ខ្ញុំ​គឺ​ត្រង់​ស្ថិត​លើ​ការតស៊ូ​មតិ ​ដើម្បី​យក​ភាពយុត្តិធម៌​នៅ​ក្នុង​សហគមន៍​តម្លាភាព​សម្រាប់​សហគមន៍​សមភាព​សមធម៌ ​ផ្នែក​ផ្ទះ​សម្បែង​សមរម្យ​ហើយ​ក៏ដូចជា​ខាង​សុខាភិបាល​ ដើម្បី​យក​មក​បម្រើ​ប្រជាពលរដ្ឋ​យើង​ត្រង់​ទៅមុខ»។

លោក​ ឆល សុង​ រៀបរាប់​ពី​ការងារ​កន្លង​មក​ដែល​លោក​បាន​ចូលរួម​គឺ​ការដឹកនាំ​សកម្មភាព​ឃោសនា​ដើម្បី​បោះឆ្នោត​ជ្រើសរើស​អ្នកស្រី​ ស៊ូលី សារ៉ូ​ជា​ សមាជិក​ក្រុមប្រឹក្សា​ទីក្រុង​ឡុងប៊ិច​ដំបូង ​ដែល​ចេញ​ពី​សហគមន៍​ខ្មែរ​អាមេរិកាំង​ការលុប​បំបាត់​ការកំណត់​ព្រំដែន​បោះឆ្នោត ​ដោយ​ពុះជ្រែក​សហគមន៍​ខ្មែរ​ជាច្រើន​ផ្នែក​និង​ការជួយ​ឲ្យ​កញ្ញា​ Vanndearlyng Vong​ បាន​ជាប់ឆ្នោត​ជា​ប្រតិភូ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មួយ​អណត្តិ​មក​នេះ។

លោក ​ឆល សុង​ បាន​បន្ថែម​ថា៖ «អីចឹង​ដោយសារតែ​អ្វី​ដែល​យើង​បាន​រៀបចំ​ហ្នឹង​ ហើយ​បាន​ជា​ខ្ញុំ​យល់​ឃើញ​ថា​នេះ​ គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​យើង​អាច​ពង្រឹង​និង​ពង្រីក​ នៅក្នុង​ផ្នែក​នយោបាយ​ដើម្បី​យកមក​បម្រើ​ស្ថាប័ន​របស់​យើង ​ផ្នែក​ខាងក្រោម​ហ្នឹង ​ឲ្យ​បងប្អូន​យើង​បាន​យល់​កាន់តែ​ច្រើន​ទៅទៀត​ ពីព្រោះ​គោលជំហរ​របស់​ខ្ញុំ​ គឺ​ខ្ញុំ​ចង់​ត្រួសត្រាយ​ផ្លូវ​ឲ្យ​ប្អូនៗ​ជំនាន់​ក្រោយ​ ឲ្យ​មាន​ការងាយ​ស្រួល​ដល់​ពេល​ណា​ពួកគាត់​ត្រៀម​ខ្លួន​រួច​រាល់»។​

ដើម្បី​ចូលរួម​ជ្រើសរើស​ប្រតិភូ​របស់​គណបក្ស​ប្រជាធិបតេយ្យ ​នៅ​ឆ្នាំ ២០២១​ នេះ​ បាន​ពលរដ្ឋ​ត្រូវ​ចុះ​ឈ្មោះ​ជា​អ្នកបោះឆ្នោត​របស់​គណបក្ស​ឲ្យ​បាន​ត្រឹម​ ថ្ងៃចន្ទ​ ទី១១​ ខែមករា។​ នេះ​បើ​តាម​គេហទំព័រ​របស់​គណបក្ស​ប្រចាំ​រដ្ឋកាលីហ្វញ៉ា។

បន្ទាប់​ពីនេះ​រហូត​ដល់​ថ្ងៃទី១៨ ​ខែមករា ពួកគេ​នឹង​ទទួលបាន​សន្លឹកឆ្នោត​តាម​ប្រៃសណីយ៍​ដែល​អាចផ្ញើ​ទៅ​ប្រអប់​សំបុត្រ​របស់​គណបក្ស​នៅ​ទីក្រុង​ Los Angeles ​ឬ​ទីក្រុង Sacramento​ នៃ​រដ្ឋ​កាលីហ្វញ៉ា ​ឲ្យ​បាន​ត្រឹម​ថ្ងៃទី​២៧​ ខែមករា​នេះ៕