ហាងធ្វើក្រចករបស់ខ្មែរមួយនេះនៅទីក្រុងClaytonដែលស្ថិតនៅភាគខាងត្បូងទីក្រុងអាត្លង់តានៃរដ្ឋចរចាសហរដ្ឋអាមេរិកមានអតិថិជនស្ទើរតែពេញហាងតាំងពីព្រឹកព្រលឹម។
បុគ្គលិកនៅទីនេះដែលសុទ្ធតែមានដើមកំណើតខ្មែរកំពុងតែមមាញឹកដុសខាតសម្អាតក្រចកនិងលាបថ្នាំជូនអតិថិជនដែលអង្គុយនៅតុនិងលើកៅអីដ៏ធំទូលាយរៀងៗខ្លួន។
វាជាការងារមួយមានលក្ខណៈពេញនិយមក្នុងចំណោមខ្មែរមួយចំនួនដែលមករស់នៅសហរដ្ឋអាមេរិក។ ការណ៍នេះខុសពីនៅស្រុកខ្មែរគឺពួកគាត់មិនសូវនិយមធ្វើប៉ុន្មានទេ។
ដោយអង្គុយនៅពីមុខតុប៊ុយរ៉ូដែលនៅខាងក្រោយមានតាំងលម្អដោយថ្នាំក្រចកគ្រប់ប្រភេទនិងមានពណ៍ស្រស់ៗ លោកគង់ ច័ន្ទសុគន្ធម្ចាស់ហាងធ្វើក្រចកពន្យល់ពីហេតុផលដែលនាំឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតនេះ៖
«ទីមួយខ្មែរនៅស្រុកខ្មែរប្រកាន់។ គាត់មិនកាន់ជើងមិនកាន់អ្វីដែរ។ គាត់នៅស្រុកខ្លួនឯងគាត់ប្រកាន់កន្លែងហ្នឹងដែរប៉ុន្តែនៅស្រុកនេះយើងឃើញហើយថាគេអត់ប្រកាន់ទេយើងមើលទៅធ្វើម៉េចឱ្យតែបានស្រួល។ មិនមែនធ្វើនេះស្រួលប៉ុន្មានទេតែដោយសារខ្មែរយើងមិនមានចំណេះដឹងវេជ្ជបណ្ឌិតឬមេធាវីឬក៏ទៅធ្វើអ្វី ជំនួញធំៗបានទេដូច្នេះយើងមានតែធ្វើកម្លាំង។ ដូច្នេះ គ្នាគ្មានផ្លូវណាមានតែខាងធ្វើក្រចកហ្នឹងទេ។ វាមិនមែនថាការងារនេះបានលុយការងារនោះមិនបានលុយទេគឺដោយសារតែយើងអត់ចំណេះដែរហើយការងារនេះអត់ចំណេះក៏ធ្វើបានដែរ»។
លោកសុគន្ធបានបើកហាងនេះជាង៥ឆ្នាំហើយនិងបានជួយឱ្យខ្មែរសរុបចំនួន១៥នាក់មានការងារធ្វើ។
លោកសុគន្ធស្ថិតនៅក្នុងចំណោមមនុស្សជំនាន់ថ្មីរបស់ខ្មែរអាមេរិកាំងដែលកំពុងតែងាកបន្តិចម្តងៗមកបើករបរអាជីវកម្មដោយខ្លួនឯងជាជាងធ្វើការឱ្យគេ។
លោកវីននី ឆាយ ក៏ដូចនេះដែរ។ លោកបើកហាងជួសជុលរថយន្តតាំងពីឆ្នាំ២០០៦មក៖
«ខ្ញុំបើកហាងតាំងពីឆ្នាំ២០០៦ម្ល៉ោះហើយ១០ឆ្នាំហើយ»។
លោកវីននី ឆាយ ធ្លាប់ជាកីឡាករលេងបាល់ទាត់ប្រចាំសាលានិងត្រូវបានសាកលវិទ្យាល័យមួយចំនួនទាក់ទងឱ្យទៅលេងប្រចាំក្រុមរបស់គេប៉ុន្តែលោកបែរជាមានគំនិតចង់ប្រកបរបរដោយខ្លួនឯងវិញ។
«ចឹងទៅចេះតែគិតៗចុះបើយើងលេងបាល់ យើងឈឺយើងពិការដល់ពេលយើងមិនមានអ្វីដែលយើងចេះតើយើងទៅរកស៊ីយ៉ាងម៉េច? តើយើងធ្វើការឱ្យគេ? ខ្ញុំអត់ចង់ធ្វើការឱ្យគេទេ»។
លោកតូនី អ៊ុំ ជាខ្មែរម្នាក់ទៀតដែលបានបើកក្រុមហ៊ុនរថយន្តដឹកទំនិញដោយខ្លួនឯងចំនួន១២ឆ្នាំហើយ៖
«នៅចរចាខ្មែរទើបតែចាប់ផ្តើមចេញរកស៊ី។ ពីដើមឡើយខ្មែរនៅចរចាបើកឡានដឹកទំនិញច្រើនណាស់ប៉ុន្តែបើចេញមកបើកក្រុមហ៊ុនខ្លួនឯងទើបតែមានមួយៗប៉ុន្តែនៅតូច»។
លោកតូនី ធ្លាប់បើករថយន្តដឹកទំនិញឱ្យថៅកែអាមេរិកាំងជាច្រើនឆ្នាំនិងធ្វើការនៅតាមភោជនីយដ្ឋានមុននឹងមកបើកអាជីវកម្មដោយខ្លួនឯង។ លោកបានផ្តល់ជាយោបល់ដល់ខ្មែរដទៃទៀតថាពួកគេគួរតែហ៊ានប្រថុយក្នុងការបើកអាជីវកម្មដោយខ្លួនឯងព្រោះវានឹងជួយឱ្យជីវភាពកាន់តែប្រសើរឡើង។
«ជាជំនឿរបស់ខ្ញុំគឺថាបើយើងធ្វើការឱ្យគេបានមួយចិញ្ចឹមជីវិតរស់នៅពីពេលបើកប្រាក់ខែមួយទៅពេលបើកប្រាក់ខែមួយគឺជាធម្មតាដូចគេដូចឯងដែរមានឡានបើកមកញ៉ាំបាយដូចគ្នាប៉ុន្តែយើងមិនអាចក្លាយទៅជាអ្នកមានបាន។ បើយើងចង់ក្លាយទៅជាអ្នកមានអនាគតភ្លឺស្វាងមានផ្ទះធំមានឡានថ្មីមានតែចេញរកស៊ីមួយគត់។ បើយើងធ្វើត្រូវយើងបានសម្រេចប្រាថ្នាចង់បានអ្វីបានដូចចិត្ត។ បើយើងធ្វើខុសយើងនៅតែមានបាយញ៉ាំមានម្ហូបញ៉ាំ ដូចគេដូចឯងទាំងអស់គឺដូចទូទៅអីចឹង»។
បច្ចុប្បន្នលោករកចំណូលបានពី២០០០ទៅ៣០០០ដុល្លារក្នុងមួយសប្តាហ៍ដែលធ្វើឱ្យលោករស់នៅដោយជីវភាពធូរធាបាន។
មានពលរដ្ឋខ្មែរអាមេរិកាំងជាង១ម៉ឺននាក់កំពុងរស់នៅរដ្ឋចរចាដែលភាគច្រើនរស់នៅជុំវិញទីក្រុងអាត្លង់តានិងទីក្រុងClaytonនេះ។
លោកណែម ឈឿងប្រធានសមាគមក្រុងខ្មែរពេញចិត្តនឹងការវិវត្តន៍ផ្នែកធនធានមនុស្សរបស់ពលរដ្ឋខ្មែរអាមេរិកាំង។
«បើយើងគិតពីជំនាន់ថ្មីនេះគាត់មានសមត្ថភាពខ្ពស់ជាងជំនាន់ចាស់ទាំងភាសាអង់គ្លេសផ្នែកទំនាក់ទំនងហើយនឹងការឈ្លាសវៃរបស់គាត់។ ម្ល៉ោះហើយគាត់គិតថាការទំនាក់ទំនងភ្ញៀវគាត់អាចទំនាក់ទំនងបានហេតុអ្វី ក៏គាត់មិនអាចទៅបើក Business ខ្លួនឯងបាន? Business ងាយៗដូចជាធ្វើហាងធ្វើក្រចក ដូចជាផ្គត់ផ្គង់គ្រឿងកែសម្ភស្សជាដើមគឺមិនត្រូវការជំនាញខ្ពស់ទេ»។
លោកឈឿង ដាក់ក្តីសង្ឃឹមយ៉ាងខ្លាំងលើទីក្រុងខ្មែរដែលសហគមន៍ទើបបានរួមគ្នាបង្កើតឡើង។
«ខ្ញុំសង្ឃឹមថាទីក្រុងខ្មែរនេះនឹងអាចជួយលើកមុខលើកមាត់សហគមន៍ជំនាន់ថ្មីឱ្យគេស្គាល់ថាខ្មែរមិនមែនធ្វើតែការអន់ៗទេ។ គាត់មានសមត្ថភាពធ្វើ Business ខ្លួនឯងហើយគាត់ជួយរដ្ឋាភិបាលដែលជាម្ចាស់ស្រុកដែលនៅទីនេះឱ្យមានជីវភាពឱ្យមានសហគមន៍ ឱ្យមានទីក្រុងល្អជាងជំនាន់មុនៗ។ នេះជាកត្តាចូលរួមសំខាន់ដែលខ្ញុំចង់ឃើញនៅក្នុងសហគមន៍ខ្ញុំ»។
ចំណុចទាក់ទាញថ្មីសម្រាប់តំបន់នេះគឺផ្សារខ្មែរមួយដែលទើបតែបង្កើតឡើងនៅទីក្រុងរីវើដេល(Riverdale)។ វាស្ថិតនៅចំងាយតែជាង១០គីឡូម៉ែត្រពីអាកាសយានដ្ឋានHartsfield-Jackson រដ្ឋចរចាដែលជាអាកាសយានដ្ឋានស្ថិតក្នុងលំដាប់មមាញឹកជាងគេបំផុតនៅលើពិភពលោក។
នៅឯផ្សារនេះមានហាងខ្មែរមួយចំនួនដូចជាហាងលក់គ្រឿងទេស ហាងលក់មាស ហាងលក់គ្រឿងសម្អាង និងភោជនីយដ្ឋានជាដើម។ អ្នកគ្រប់គ្រងសង្ឃឹមថានឹងមានខ្មែរជាច្រើនទៀតនឹងចូលមកដើម្បីបើកអាជីវកម្មនៅទីនេះដើម្បីទាក់ទាញខ្មែរជាច្រើនហើយធ្វើឱ្យក្រុងខ្មែរនេះគឺជាសក្តានុពលសេដ្ឋកិច្ចមួយនៅទីក្រុងរីវើដេលរដ្ឋចរចា។
លោកវ៉ាន់សៀង លីជាម្ចាស់ផ្សារនេះ។ លោកជាខ្មែរកាត់ឡាវ ដែលមានស្រុកកំណើតនៅខេត្តស្ទឹងត្រែង។ លោកបានប្រកបរបរលក់គ្រឿងទេសនៅរដ្ឋចរចានេះ៣០ឆ្នាំហើយមុននឹងសន្សំថវិកាគ្រប់គ្រាន់និងបបួលមិត្តភក្តិទិញផ្សារនេះទាំងមូល៖
«ខ្ញុំបានរកពួកម៉ាកមកទាំងអស់គ្នាបីបួននាក់មកទិញសប់ពីងសឹនធឺ(Shopping Center)ហ្នឹងមកធ្វើជាCambodia Town។ ឥឡូវបើថាយ៉ាងម៉េចៗទៅចង់ឱ្យបងប្អូនខ្មែរយើងដឹងថាផ្លាស់មកចរចាផងបើកហាងនៅហ្នឹងផងធ្វើជាលក់ហាងវត្ថុអនុស្សាវរីយ៍ខ្មែរយើង ភោជនីយដ្ឋានខ្មែរយើង។ អ្វីៗដូចជាស្រុកខ្មែរយើង។ យើងចង់ឱ្យខ្មែរៗយើងដឹងផងថាដីហ្នឹងវាថោកហើយចូលមករកស៊ីនៅហ្នឹងក៏ល្អដែរ»។
លោក វ៉ានស៊ាង លី យល់ថាសក្តានុពលនៃការបើករបរអាជីវកម្មនៅទីក្រុងអាត្លង់តាភាគខាងត្បូងនេះមានច្រើននៅឡើយ។ ហើយលោកក៏អាចផ្តល់ជាយោបល់សម្រាប់អ្នកចង់បើកអាជីវកម្មផងដែរ។
«ឥឡូវតាមខ្ញុំមើលទៅខាងហាងកាត់សក់ខ្មែរយើងអត់សូវមានប៉ុន្មានទេ។ ដូចជាខាងភ្នាក់ងារធ្វើដំណើរលក់សំបុត្រកប៉ាល់ហោះហើយខាងធានារ៉ាប់រងក៏មានអ្នកលក់ដែរប៉ុន្តែធ្វើការឱ្យគេបើថាយើងមានសមត្ថភាពយើងបើកជាហាងតូចៗហ្នឹងមួយលក់ធានារ៉ាប់រងនិងភ្នាក់ងារធ្វើដំណើរនិងហាងលក់វត្ថុអនុស្សាវរីយ៍គឺអាចដំណើរការបានភ្លាមៗ»។
ប៉ុន្តែការចាប់ផ្តើមបង្កើតមុខរបរខ្លួនឯងក៏មានបញ្ហាប្រឈមដែរនោះគឺកង្វះខាតបុគ្គលិកធ្វើការដោយសារពលរដ្ឋខ្មែរអាមេរិកាំងនៅទីនេះមិនទាន់មានច្រើនដូចជានៅទីក្រុងឡុងប៊ិចនៃរដ្ឋកាលីហ្វញ៉ា និងទីក្រុងឡូវែលនៃរដ្ឋម៉ាស្សាឈូសិតទេ។
លោក គង់ ច័ន្ធសុគន្ធម្ចាស់ហាងធ្វើក្រចកបានបញ្ជាក់ពីការលំបាក៖
«បើសិនជាយើងមិនចង់ធ្វើការយើងចង់បើកហាង។ បើបើកហាងវាស្រួលណាស់ប៉ុន្តែសំខាន់យើងខ្វះមនុស្សស្រុកនេះយើងអត់មានមនុស្សធ្វើការឱ្យយើង។ រឿងបើកហាងស្រួលអត់មានអ្វីលំបាកទេ។ សំខាន់បំផុតអត់មានបុគ្គលិកធ្វើការឱ្យយើង»។
ក្នុងពេលដែលពលរដ្ឋខ្មែរអាមេរិកាំងដែលចាប់អារម្មណ៍បើកអាជីវកម្មដោយខ្លួនឯងនៅមានទ្រង់ទ្រាយតូចប៉ុន្តែចំនួនពលរដ្ឋខ្មែរដែលមករស់នៅទីនេះមានការកើនឡើងជាងទេ្វដងបើប្រៀបធៀបនឹងរយៈពេល១០ឆ្នាំមុនដែលមានមិនដល់៥០០០នាក់ផង៕