មុនពេលទទួលយកវ៉ាក់សាំង លោក ជា ធីរិទ្ធ ដែលជាអ្នកសារព័ត៌មានមួយរូប ត្រូវបានសួរនាំអំពីសុខភាពរបស់លោកនិងការបញ្ជាក់ម្តងហើយម្តងទៀតថា លោកពិតជាយល់ព្រមទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតដោយប្រទេសចិនឈ្មោះ Sinopharm បើទោះមានហានិភ័យណាមួយកើតឡើងក៏ដោយ។
ការសួរបញ្ជាក់បែបនេះ ជាការធានាថា ប្រសិនបើមាន «ហានិភ័យ» ណាមួយកើតឡើង លោក ជា ធីរិទ្ធ ដែលជាអ្នកយកព័ត៌មានម្នាក់របស់ទូរទស្សន៍បាយ័ន ជាអ្នកទទួលខុសត្រូវដោយខ្លួនឯង។
ចំណុចមួយដែលចែងក្នុងលិខិតព្រមព្រៀងនោះ គឺថា «អ្នកទទួលការចាក់វ៉ាក់សាំង ត្រូវតែបានប្រាប់ថាអ្នកផលិតវ៉ាក់សាំងត្រូវបានផ្តល់អភ័យឯកសិទ្ធិរួចពីការទទួលខុសត្រូវលើគ្រោះថ្នាក់ ឬមរណភាពបង្កឡើងដោយវ៉ាក់សាំង»។ ចំណុចមួយទៀត គឺថាការចាក់វ៉ាក់សាំងនេះអាចមានប្រតិកម្ម ដូចជាញាក់ គ្រុនក្តៅ ឈឺសាច់ដុំ ល្ហិតល្ហៃ ឈឺសន្លាក់ ឈឺក្បាល និងឈឺចាប់នៅកន្លែងចាក់។
លោក ធីរិទ្ធ អាយុ ២៩ ឆ្នាំ មានប្រសាសន៍ថា លោកបានចុះហត្ថលេខាលើលិខិតព្រមព្រៀងនេះ ជាការសបញ្ជាក់ថា លោកយល់ព្រមចាក់វ៉ាក់សាំងនេះដោយស្ម័គ្រចិត្ត។
លោកប្រាប់ VOA ថា៖ «ស៊ីញ៉េហ្នឹងបង្ហាញថាយើងយល់ព្រមចំពោះ[អ្វីដែលកើតឡើង] ប្រសិនបើមានហានិភ័យណាមួយកើតឡើង អ្វីដែលគេបានប្រាប់ ពីព្រោះមុននឹងយើងចាក់ គេបានប្រាប់ថាវាអាចមានបញ្ហាណាមួយ»។
ចំណុចកត្តាសុខភាព ត្រូវបានក្រសួងសុខាភិបាលកំណត់ ដើម្បីបង្ហាញទៅអ្នកមានបំណងចាក់វ៉ាក់សាំង ដែលក្នុងនោះមានអាការៈក្តៅខ្លួន មានជំងឺផ្លូវដង្ហើម ហឺត ជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ជំងឺថ្លើម តម្រងនោម ជំងឺប្រកាច់ អាឡាក់ស៊ី ស្រ្តីមានផ្ទៃពោះ អ្នកមានប្រវត្តិប្រតិកម្មជាមួយវ៉ាក់សាំង និងអ្នកមានប្រវត្តិជំងឺកូវីដ១៩ ជាដើម។
លោក ជា ធីរិទ្ធ ជាមនុស្សម្នាក់ក្នុងចំណោមអ្នកសារព័ត៌មាន ដែលត្រូវបានរដ្ឋាភិបាលកំណត់ជាក្រុមអាទិភាពក្នុងការទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន ៦០ ម៉ឺនដូស ដែលអាចចាក់បានមនុស្សប្រមាណ ៣០ ម៉ឺននាក់។ វ៉ាក់សាំងដែលមិនទាន់ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ត្រូវបានផ្តល់ដោយប្រទេសចិន។
អ្នកសារព័ត៌មានរូបនេះលើកឡើងថា លោកបានចាក់វ៉ាក់សាំងកាលពីព្រឹកម៉ោង ៨ ថ្ងៃទី១០ ខែកុម្ភៈ ដែលជាថ្ងៃយុទ្ធនាការចាក់វ៉ាក់សាំងលើកដំបូងរបស់កម្ពុជា ហើយរហូតមកដល់ពេលនេះ លោកថាស្ថានភាពសុខភាពរបស់លោក«ធម្មតា» មិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ។
លោកឲ្យដឹងថា លោកបានតមអាហារមួយចំនួនតាមការណែនាំរបស់គ្រូពេទ្យ ដូចជាគ្រឿងសមុទ្រ គ្រឿងស្រវឹង និងមិនត្រូវធ្វើការធ្ងន់ពេកនោះទេ។
បើតាមលោក ធីរិទ្ធ មុនពេលសម្រេចចិត្តចាក់វ៉ាក់សាំងនេះ លោកបានតាមដានព័ត៌មានអំពីគុណភាពវ៉ាក់សាំងទាំងអស់ ហើយលោកក៏សម្រេចចិត្តចាក់វ៉ាក់សាំងរបស់ចិន ដោយលោកយល់ថា វាអាច«ទុកចិត្តបាន»។
លោកបន្ថែមថា៖ «យើងត្រូវស្មោះត្រង់ចំពោះខ្លួនឯងថា បើសិនជាយើងក្នុងអំឡុងពេលហ្នឹង មុននឹង យើងគ្មានបញ្ហាអីទេ ដែលក្រសួងគេហាមប្រាមហ្នឹង ហើយយើងមិនចូលនៅក្នុងចំណាត់ថ្នាក់ហ្នឹងទេ យើងត្រូវប្រាកដដោយខ្លួនឯងថា យើងមិនមានបញ្ហាដែលក្រសួងបានហាមប្រាមហ្នឹងទេ»។
លោក ធីរិទ្ធ បន្ថែមថា លោកសម្រេចចាក់វ៉ាក់សាំងមុនគេមុនឯងនេះ ព្រោះថា លោកត្រូវជួបមនុស្សជាច្រើនក្នុងពេលចុះយកព័ត៌មាន ដែលលោកថា អាចជា«ហានិភ័យ»នៃការឆ្លងជំងឺកូវីដ១៩ ដែលនៅតែជាបញ្ហាព្រួយបារម្ភរបស់ពិភពលោក។
លោកមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំគ្មានការបារម្ភអ្វីទាល់តែសោះ ខ្ញុំនិយាយដោយត្រង់ ព្រោះខ្ញុំបានយល់ថាវ៉ាក់សាំង វាមានតួនាទីយ៉ាងម៉េច»។
ទោះជាយ៉ាងណា លោកមិនទាន់ដឹងអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងក្នុងរយៈកាលប៉ុន្មាននោះទេ។
លោក ធីរិទ្ធ បានស្នើថា ប្រសិនបើលោកត្រូវធ្វើដំណើរទៅក្រៅប្រទេស លោកមិនគួរត្រូវតម្រូវឲ្យធ្វើចត្តាឡីស័ក ឬដាក់ឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃ តាមការតម្រូវរបស់ក្រសួងសុខាភិបាល នៅពេលត្រឡប់ចូលប្រទេសវិញនោះទេ។
កាលពីថ្ងៃពុធ ក្រុមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរួមមានទាំងកូនប្រុសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងនោះ បានទៅចាក់វ៉ាក់សាំងចិន Sinopharm ដំបូងគេ នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងរាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីមុនថា លោកនឹងចាក់វ៉ាក់សាំងនេះ ប៉ុន្តែក្រោយមក លោកថាលោកមិនអាចចាក់បានទេ ក្រោមហេតុផលថាវាតម្រូវមិនឲ្យមានអាយុលើសពី៥៩ឆ្នាំ។
លោក ហ៊ុន សែន បានបង្ហោះសារលើប្រព័ន្ធសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃពុធ ដែលជាថ្ងៃកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ទៅចាក់វ៉ាក់សាំងថា កូនរបស់លោកបានទទួលវ៉ាក់សាំងមុនគេជំនួសឲ្យរូបលោក ដែលលោកថា «នេះក៏បញ្ជាក់ច្បាស់ពីការទទួលខុសត្រូវរបស់យើងចំពោះមុខជនរួមជាតិយើង»។
លោក ហ៊ុន សែន បង្ហោះថា៖ «ខ្ញុំសូមផ្តាំផ្ញើចំពោះបងប្អូនជនរួមជាតិយើងទាំងក្នុងនិងនៅក្រៅប្រទេសឲ្យបានច្បាស់ថា សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រីលក់ត្រកួននោះទេ»។
ចំណែកអ្នកសារព័ត៌មានម្នាក់ទៀត គឺលោក វ៉ន ដារ៉ា អាយុ ៣០ ឆ្នាំ ដែលធ្វើការឲ្យស្ថាប័នកាសែតភ្នំពេញប៉ុស្តិ៍ លើកឡើងថា៣សប្តាហ៍ទៀត លោកត្រូវចាក់លើកទីពីរ តាមការតម្រូវរបស់ក្រសួងសុខាភិបាល។
លោក ដារ៉ា ដែលចាក់វ៉ាក់សាំងកាលពីព្រឹកថ្ងៃពុធ ដូចគ្នានឹងលោក ធីរិទ្ធ ដែរ ប្រាប់ VOA ថា ពីដំបូងឡើយ លោកត្រូវបានវាស់កម្តៅ ហើយបន្ទាប់មកចូលសម្ភាសនិងអានសេចក្តីណែនាំស្តីពីការចាក់វ៉ាក់សាំងនេះ។ បន្ទាប់មកប្រសិនបើលោកនៅបន្តស្ម័គ្រចិត្តចាក់ដោយទទួលខុសត្រូវខ្លួនឯងចំពោះហានិភ័យនានា លោកត្រូវចុះហត្ថលេខាលើលិខិតព្រមព្រៀង ដើម្បីបង្ហាញការយល់ព្រម ទោះមានហានិភ័យអ្វីមួយកើតឡើងក៏ដោយ។
លោកមានប្រសាសន៍ថា៖ «អាហ្នឹងដូចកិច្ចសន្យានៅក្នុងការចាក់មួយអញ្ចឹង។ គេពន្យល់យើង ពន្យល់អីអស់ហើយ គេសួរយើងម្តងពីរដងទៀតថាឥឡូវយើងសម្រេចចិត្តថាចាក់អត់? បើសុខភាពយើងអត់អីទេ បើយើងសម្រេចចិត្តថាចាក់អញ្ចឹងស៊ីញ៉េទៅ ចាក់ទៅ»។
លោកបន្ថែមថា៖ «ខ្ញុំគិតថា ខ្ញុំសម្រេចចិត្តច្បាស់លាស់ ដូចថាមិនប្រថុយទេ»។
អ្នកសារព័ត៌មានរូបនោះលើកឡើងថា ការចាក់ដំបូងបណ្តាលឲ្យមានចំហាយក្តៅតាមភ្នែកបន្តិច។ ប៉ុន្តែលោកថា រហូតមកដល់រសៀលថ្ងៃព្រហស្បតិ៍ លោកមិនមានប្រតិកម្មលើសុខភាពអ្វីនោះទេ។ លោកឲ្យដឹងថា លោកសម្រេចចិត្តចាក់វ៉ាក់សាំងពេលនេះ ដោយសារអ្នកសារព័ត៌មានត្រូវបានកំណត់ជាក្រុមអាទិភាព ហើយលោកមិនចង់រង់ចាំ នៅពេលមានមនុស្សច្រើនសម្រុកទៅចាក់ជាបន្តបន្ទាប់។
បើតាមរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន មនុស្សចំនួន ៣៣៩ នាក់ត្រូវបានចាក់វ៉ាក់សាំងថ្ងៃដំបូង កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១។ ចំណែកមនុស្សចំនួន ៨៦ នាក់ មិនត្រូវបានអនុញ្ញាតឲ្យចាក់ ដោយសារស្ថានភាពសុខភាពរបស់ពួកគេ។
លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គមនិងជាអ្នកឃ្លាំមើលស្ថានភាពនយោបាយកម្ពុជា មានប្រសាសន៍ថា លោកមានអាយុលើសពី ៥៩ ឆ្នាំ ដូចលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរ។ លោកថា មិនអាចចាក់វ៉ាក់សាំងនេះបានទេ។ ប៉ុន្តែលោកថា សម្រាប់លោកផ្ទាល់និងក្រុមគ្រួសាររបស់លោក មិនចាក់នោះទេ ដោយសារលោកត្រូវការវ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)។
លោកមានប្រសាសន៍ថា៖ «បើសិនជាថ្នាំហ្នឹង មិនទាន់ទទួលខុសត្រូវ[ទទួលស្គាល់]ពីអង្គការសុខភាពពិភពលោកទេ ក៏ខ្ញុំអត់ឲ្យកូនខ្ញុំ អត់ឲ្យបងប្អូនខ្ញុំទៅចាក់ដែរ។ អានេះសម្រាប់ខ្ញុំខ្លួនឯង។ ក៏ប៉ុន្តែមិនមានថាខ្ញុំមានចេតនាអី ដើម្បីយកទៅឡូកឡំជាមួយនឹងនយោបាយឡូកឡំជាមួយនឹងចិនអីទេ។ ខ្ញុំមិនមានការរើសអើងជាមួយនឹងចិនទេ»។
លោក មាស នី បន្តថា រដ្ឋាភិបាលនឹងត្រូវប្រឈមការរិះគន់ពីសំណាក់មហាជន ប្រសិនបើមាន «ភាពថ្លោះធ្លោយច្រើន» កើតឡើងពីការចាក់វ៉ាក់សាំងនេះ។
លោកបន្ថែមថា៖ «ខ្ញុំគិតថា ការទទួលយកវ៉ាក់សាំងមកនេះ ក៏ប្រហែលជាមិនទាន់បានសិក្សាឲ្យបានស៊ីជម្រៅទៅលើលក្ខណៈបច្ចេកទេស មុននឹងទទួលយករបស់គេមកទេ។ ខ្ញុំមើលទៅហាក់ដូចជាអ្នកនយោបាយ គាត់ដើរលឿនជាងអ្នកបច្ចេកទេស»។
បើតាមលោក មាស នីប្រជាពលរដ្ឋនៅតាមជនបទមិនយល់ពីជំងឺរបស់ខ្លួនច្បាស់លាស់ ដូច្នេះពួកគេប្រហែលជាមិនអាចបញ្ជាក់ជំងឺពិតប្រាកដរបស់ពួកគេទៅក្រុមគ្រូពេទ្យ។
វ៉ាក់សាំង Sinopharm របស់ចិនត្រូវបានក្រុមហ៊ុនផលិតប្រកាសថា មានប្រសិទ្ធភាពក្នុងអត្រា ៧៩% ក្នុងការសាកល្បងដំណាក់កាលទី ៣។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា កម្ពុជាបានពិចារណារួចរាល់អស់ហើយ មុននឹងអនុញ្ញាតដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងរបស់ចិន។
លោកស្រីលើកឡើងថា វ៉ាក់សាំងរបស់ប្រទេសចិនត្រូវបានប្រើប្រាស់ក្នុងប្រទេសចិន ហើយប្រទេសមួយចំនួនក៏បានប្រើប្រាស់រួចទៅហើយ។ លោកស្រីថ្លែងនៅក្នុងសារផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃពុធថា អង្គការសុខភាពពិភពលោកនឹងចុះបញ្ជីវ៉ាក់សាំងរបស់ចិនក្នុងពេលខាងមុខ។
លោកស្រីបញ្ជាក់ថា៖ «ផ្ទុយទៅវិញអ្វីដែលយើងឮគឺអង្គការសុខភាពពិភពលោក នឹងឆ្ពោះទៅរកការដាក់វ៉ាក់សាំងនេះ [វ៉ាក់សាំងចិន] ចូលទៅក្នុងបញ្ជីប្រើប្រាស់ជាបន្ទាន់សម្រាប់ឲ្យពិភពលោកអាចប្រើប្រាស់វ៉ាក់សាំងនេះផង»។
ការិយាល័យប្រចាំប្រទេសកម្ពុជានៃអង្គការសុខភាពពិភពលោក (WHO) មិនបានឆ្លើយតបនឹងសំណួររបស់ VOA តាមអ៊ីមែលនៅឡើយទេ។
អង្គការអន្តរជាតិមួយនេះ ក៏មិនបានបញ្ចេញជំហរអ្វីទេតាំងពីរដ្ឋាភិបាលកម្ពុជាបានសម្រេចប្ដូរចិត្តទទួលយកវ៉ាក់សាំង ដែលមិនទាន់ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។
ចំណែកស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលគ្រប់គ្រងមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លង (CDC) ក៏បានបដិសេធមិនអត្ថាធិប្បាយលើការចាក់វ៉ាក់សាំងរបស់កម្ពុជាដែរ៕