សហគ្រិនស្ត្រីកម្ពុជា ដែលជាស្ថាបនិក និងអ្នកគ្រប់គ្រងជំនួញអាជីវកម្ម រួមទាំងគម្រោងរបស់ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋផងនោះ បានទទួលឱកាសដកស្រង់បទពិសោធន៍ និងចំណេះដឹងផ្សេងៗអំពីភាពជាអ្នកដឹកនាំក្នុងការធ្វើជំនួញ ពីអ្នកជំនាញនៅសហរដ្ឋអាមេរិក។
សហគ្រិនស្ត្រីកម្ពុជាចំនួន១២នាក់ ត្រូវបានតំណាងរដ្ឋាភិបាលអាមេរិក គឺស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា អញ្ជើញឲ្យចូលរួមក្នុងគម្រោងស្តីពីការពង្រឹងអំណាចរបស់សហគ្រិនស្ត្រីនៅកម្ពុជា ក្រោមកម្មវិធីរបស់ក្រសួងការបរទេសអាមេរិក ដែលមានឈ្មោះថា កម្មវិធីដំណើរទស្សនកិច្ចអន្តរជាតិស្តីពីភាពជាអ្នកដឹកនាំ (International Visitor Leadership Program) ឬហៅកាត់ថា (IVLP)។ ជារៀងរាល់ឆ្នាំ កម្មវិធី IVLP នេះបានអញ្ជើញអ្នកដឹកនាំជុំវិញពិភពលោកប្រមាណ ៥០០០នាក់ មកដកស្រង់បទពិសោធន៍នៅសហរដ្ឋអាមេរិក។
នេះគឺជាគម្រោងលើកដំបូងបង្អស់ ដែលរដ្ឋាភិបាលអាមេរិកបានបង្កើតឡើង សម្រាប់ការពង្រឹងសមត្ថភាពសហគ្រិនស្ត្រីកម្ពុជា។ កម្មវិធីពង្រឹងសមត្ថភាពសហគ្រិនស្ត្រីកម្ពុជានេះ មានរយៈពេល៩ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែកញ្ញា។
ក្នុងចំណោមសហគ្រិនទាំង១២រូបនេះ សហគ្រិនខ្លះបានបង្កើត គ្រប់គ្រង និងដឹកនាំអាជីវកម្មខ្នាតតូចនិងមធ្យម និងក្រុមហ៊ុនពាណិជ្ជកម្មខ្នាតធំ ក្នុងវិស័យផ្សេងៗដូចជាវិស័យសេវាកម្ម សុខាភិបាល ផលិតកម្ម និងពាណិជ្ជកម្មជាដើម។ សហគ្រិនខ្លះទៀត មានតួនាទីជាអ្នកគ្រប់គ្រងគម្រោងធំៗក្នុងស្ថាប័នរដ្ឋ និងក្នុងវិស័យហរិញ្ញវត្ថុ ធនាគារ ស្ថាប័នស្រាវជ្រាវនិងប្រឹក្សាយោបល់ឲ្យក្រុមហ៊ុនឯកជនជាដើម។
អ្នកស្រី ចេន សុភាព នាយិកាគ្រប់គ្រងកីតម្បាញខ្មែរ បានប្រាប់ VOA អំពីក្តីរំពឹងរបស់អ្នកស្រីពីដំណើរទស្សនកិច្ចដកស្រង់បទពិសោធន៍នេះថា៖
«ខ្ញុំអាចសិក្សារៀនសូត្របន្ថែម អំពីតើសហគ្រិនស្ត្រីដែលនៅប្រទេសទំនើប ដូចជាសហរដ្ឋអាមេរិក គាត់ធ្វើអ្វីខ្លះ ដើម្បីធ្វើឲ្យសំឡេងរបស់គាត់មានឥទ្ធិពល និងក្នុងការធ្វើឲ្យគាត់អាចពង្រីកអាជីវកម្មរបស់គាត់កាន់តែរីកចំរើនជាងមុន ហើយតើគាត់ធ្វើយ៉ាងម៉េចដើម្បីឲ្យហិរញ្ញវត្ថុរបស់គាត់ បានន័យថា យកមកពង្រីកដើមទុនអាជីវកម្មរបស់គាត់ហ្នឹងឲ្យបានច្រើនជាងមុន ហើយជួយឲ្យអាជីវកម្មរបស់គាត់កាន់តែរីកចំរើនបន្ថែមទៀត»។
អ្នកស្រី ចេន សុភាព បានបង្កើតកីតម្បាញខ្មែរ នៅឆ្នាំ២០១៥ ដោយសារតែចំណង់ចំណូលចិត្តរបស់អ្នកស្រី ដែលស្រឡាញ់ផលិតផលតម្បាញរបស់ខ្មែរ។ ត្រឹមតែរយៈពេលជាង៣ឆ្នាំប៉ុណ្ណោះ អ្នកស្រី សុភាព បានពង្រីកអាជីវកម្មរបស់អ្នកស្រី ដែលបានបង្កើតការងារដល់ស្ត្រីតម្បាញខ្មែរពី១០គ្រួសារ រហូតដល់២០០គ្រួសារ។ អ្នកស្រីក៏បានបង្កើតជាសមាគមកីតម្បាញខ្មែរ ដើម្បីប្រមូលផ្តុំស្ត្រីដែលត្បាញ ឲ្យជួបជុំគ្នា ទទួលបានវគ្គបណ្តុះបណ្តាលជំនាញ និងចែករំលែកបទពិសោធន៍ ជាពិសេស ជួយលើកទឹកចិត្ត និងពង្រឹងភាពក្លាហានរវាងគ្នាទៅវិញទៅមក។
អ្នកស្រីឧកញ៉ា ស្រៀត មុំសុភា គឺជានាយិកាគ្រប់គ្រងក្រុមហ៊ុន សុហ្វីយ៉ា (Sophiya Corportation)។ ក្នុងនាមជាសហគ្រិនស្ត្រីឆ្នើមម្នាក់នៅកម្ពុជា អ្នកស្រី មុំសុភា ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីពង្រឹងសមត្ថភាពសហគ្រិនស្ត្រីកម្ពុជា នៅសហរដ្ឋអាមេរិកនេះដែរ។
អ្នកស្រី មុំសុភា បានប្រាប់ VOA ថា កម្មវិធីពិសេសនេះ នឹងជួយពង្រីកចំណេះដឹង និងភាពជាអ្នកដឹកនាំរបស់សហគ្រិនស្ត្រីកម្ពុជា ឲ្យកាន់តែប្រសើរឡើង ហើយជាពិសេសអនុញ្ញាតឲ្យសហគ្រិនទាំងអស់មានឱកាសបង្កើតបណ្តាញថ្មី ជាមួយនឹងអ្នកជំនាញ និងពាណិជ្ជករស្ត្រីផ្សេងៗទៀតនៅសហរដ្ឋអាមេរិក ដែលជាប្រទេសរីកចំរើនឈានមុខមួយខាងសេដ្ឋកិច្ច និងបច្ចេកវិទ្យានៅក្នុងពិភពលោក។
អ្នកស្រីបានបន្ថែមថា៖ «ការរំពឹងរបស់ខ្ញុំមិនមែនតែសម្រាប់ខ្លួនឯងទេ ដោយសារក្នុងនាមខ្ញុំជាអនុប្រធាននៃសមាគមសហគ្រិនស្ត្រីកម្ពុជា ដែលយើងមានសមាជិកលើសពី៤០០នាក់ អ៊ីចឹង ខ្ញុំនឹងពាំនាំមកវិញ និងចែករំលែកបទពិសោធន៍ ក៏ដូចជាបណ្តាញទំនាក់ទំនងមួយចំនួន ដែលខ្ញុំគិតថា ជាអត្ថប្រយោជន៍ ហើយនឹងមានការទាក់ទងគ្នា។ មានន័យថា អាជីវកម្មខ្លះ វាជាអាជីវកម្មដែលយើងអាចផ្សារភ្ជាប់ជាមួយនឹងខាងសមាជិករបស់យើង»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ កម្ពុជាបានបង្កើតកិច្ចផ្តួចផ្តើមជាច្រើន ដើម្បីជួយបណ្តុះបណ្តាល និងគាំទ្រស្ត្រីនៅក្នុងវិស័យអាជីវកម្ម និងពាណិជ្ជកម្ម ទាំងខ្នាតតូចនិងមធ្យម ដោយមានការបង្កើតជាសមាគមស្ត្រីក្នុងវិស័យអាជីវកម្មជាដើម។
ជាអាទិ៍ សមាគមសហគ្រិនស្រ្តីកម្ពុជា (Cambodia Women Entrepreneur Association) និងសហព័ន្ធស្ត្រីអ្នកជំនួញកម្ពុជា (Cambodia Women Business Association) ត្រូវបានបង្កើតឡើង ហើយត្រូវបានទទួលស្គាល់ និងគាំទ្រដោយក្រសួងកិច្ចការនារី។ ដោយឡែក សមាគមសហគ្រិនស្ត្រីកម្ពុជា មានសមាជិកចំនួនជាង៤០០នាក់ដែលជាស្ត្រី ហើយជំនួញ អាជីវកម្ម និងក្រុមហ៊ុនរបស់ស្ត្រីទាំងអស់នេះ បានបង្កើតឱកាសការងារដល់មនុស្សប្រមាណជាង ១៥,០០០នាក់ នៅតាមទីប្រជុំជននានាទូទាំងប្រទេសកម្ពុជា។
តាមរយៈកម្មវិធីពង្រឹងសមត្ថភាពសហគ្រិនស្ត្រីកម្ពុជានៅសហរដ្ឋអាមេរិកនេះ ស្ត្រីកម្ពុជាទាំង១២រូប នឹងជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ជាមួយមន្ត្រីរដ្ឋាភិបាលអាមេរិកផ្នែកជំនួញនិងទីផ្សារសេដ្ឋកិច្ច អ្នកជំនាញខាងហិរញ្ញវត្ថុនិងអាជីវកម្ម និងរួមទាំងសហគ្រិនស្ត្រីអាមេរិកផងដែរ នៅរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋ Iowa និងទីក្រុង Seattle នៃរដ្ឋវ៉ាស៊ីនតោន ដែលជាតំបន់ពាណិជ្ជកម្ម និងជំនួញធំៗរបស់អាមេរិក។
អ្នកស្រី ស្រៀត មុំសុភា បានលើកឡើងថា៖ «សកម្មភាពនៃដំណើរលើកនេះគឺមានភាពអស្ចារ្យ ដោយមានការឧបត្ថម្ភ ក៏ដូចជាការគាំទ្រ និងការរៀបចំពីរដ្ឋាភិបាលអាមេរិក។ អ៊ីចឹង យើងនឹងជួបដៃគូដែលល្អៗ និងជាពិសេសគឺបានទៅតំបន់ផ្សេងៗ ដែលយើងមិនធ្លាប់ទៅពីមុនមក»៕