ចំនួនស្រ្តីនៅក្នុងវិស័យនយោបាយនៅមានកម្រិតនៅឡើយ បើគិតមកដល់ពេលនេះ បើទោះជាមានការជំរុញជាបន្តបន្ទាប់ក៏ដោយ។ ឃុំសង្កាត់រាប់រយក្នុងចំណោមឃុំជាង១៦០០នៅទូទាំងប្រទេស មិនមានវត្តមានស្រ្តីជាក្រុមប្រឹក្សា ឬមេឃុំនោះទេ។ ប៉ុន្តែគេមើលឃើញថា តាមរយៈការបណ្តុះបណ្តាលរបស់អង្គការមួយចំនួន សំឡេងរបស់ស្រ្តីត្រូវបានបន្លឺឡើង ហើយស្រ្តីមានភាពក្លាហាន និងទំនុកចិត្តច្រើនក្នុងការចូលរួមក្នុងវិស័យនយោបាយ។
អ្នកស្រី ម៉ាន់ ចំប៉ា អាយុ៣៧ឆ្នាំ ធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើន ទាក់ទងនឹងស្រ្តី ក្នុងនោះមានការពង្រឹងភាពជាអ្នកដឹកនាំស្រ្តីក្នុងវិស័យនយោបាយផងដែរ។
អ្នកស្រី ចំប៉ា អតីតមេឃុំឃុំលាងដៃ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប បានថ្លែងប្រាប់ VOA ថា អ្នកស្រីបានចូលរួមសកម្មភាពជាច្រើនដែលបណ្តុះបណ្តាលដោយអង្គការបន្ទាយស្រី ទើបអ្នកស្រីបានក្លាយជាស្រ្តីដែលមានភាពក្លាហានជាងមុន និងមានជំនឿចិត្តលើខ្លួនឯង។
អ្នកស្រីមានប្រសាសន៍ថា៖
«ខ្ញុំក្លាយជាស្រ្តីម្នាក់ដែលមានជំនឿចិត្តលើខ្លួនឯង ពេលដែលយើងធ្វើអីមួយ។ មិនថា រាល់ការសម្រេចចិត្តនៅក្នុងគ្រួសារ ឬក៏នៅក្នុងការងារសហគមន៍ផ្សេងៗទេ អ៊ីចឹងខ្ញុំមានទំនុកចិត្តលើខ្លួនខ្ញុំ»។
អ្នកស្រី ចំប៉ា ដែលបានប្រឡូកនយោបាយតាំងពីឆ្នាំ២០០០ជាមួយគណបក្សប្រឆាំងគឺគណបក្សសង្រ្គោះជាតិនោះ មានប្រសាសន៍ថា អ្នកស្រីបានជាប់ឆ្នោតជាមេឃុំឃុំលាងដៃ ស្រុកអង្គរធំ កាលពីខែមិថុនាឆ្នាំ២០១៧ ប៉ុន្តែអ្នកស្រីបានបាត់បង់តំណែងទៅវិញ ក្រោយគណបក្សនេះត្រូវបានរំលាយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
អ្នកស្រី ចំប៉ាបានចូលរួមក្នុងគម្រោង«ស្រ្តីក្នុងវិស័យនយោបាយ» ដែលទទួលបានការឧបត្ថម្ភដោយសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។ ក្រោមគម្រោងរយៈពេលបីឆ្នាំនេះ អ្នកចូលរួមប្រមាណ១២០នាក់ត្រូវបានបណ្តុះបណ្តាលដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា អង្គការបន្ទាយស្រី រួមជាមួយអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយរបស់អាល្លឺម៉ង់ DW Akademie។ គម្រោងនេះត្រូវបានធ្វើឡើងនៅក្នុងខេត្តចំនួន៣គឺបាត់ដំបង កំពង់ធំ និងសៀមរាប ហើយត្រូវបានបិទបញ្ចប់នៅក្នុងខែវិច្ឆិកានេះ។
គោលដៅនៃគម្រោងនេះគឺដើម្បីបង្កើតការចូលរួមរបស់ស្រ្តីនៅក្នុងដំណើរការនយោបាយ ជាពិសេសការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។ ស្រ្តីត្រូវបានបណ្តុះបណ្តាលជំនាញទំនាក់ទំនង ជំនាញនិយាយជាសាធារណៈ និងការបង្កើនចំណេះដឹងសម្រាប់ការបោះឆ្នោត និងការចូលរួមក្នុងដំណើរការនយោបាយ។
គម្រោងមួយនេះ មានការចូលរួមពីស្រ្តីមកពីគណបក្សផ្សេងៗ ក្នុងនោះមានគណបក្សកាន់អំណាចបច្ចុប្បន្ន និងគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយផងដែរ។ ស្រ្តីដែលត្រូវបានបណ្តុះបណ្តាលបានជាប់ឆ្នោតជាមេឃុំ និងក្រុមប្រឹក្សា ក្រោយការបោះឆ្នោតឃុំសង្កាត់ កាលពីខែមិថុនាឆ្នាំ២០១៧។
ក្នុងពិធីបិទបញ្ចប់គម្រោងដែលធ្វើឡើងនៅរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ លោក Franck Viault ប្រធានផ្នែកសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងថា នេះជាជោគជ័យមួយសម្រាប់ការលើកកម្ពស់ស្រ្តីក្នុងគ្រប់វិស័យនានា ជាពិសេសនយោបាយ។ លោកបញ្ជាក់ថា ការរំលាយគណបក្សសង្រ្គោះជាតិបានធ្វើឲ្យស្រ្តីមួយចំនួន ដែលបានចូលរួមជាមួយគម្រោងនេះ បាត់បង់ឱកាសក្នុងការប្រើប្រាស់ចំណេះដឹងរបស់ពួកគេក្នុងនាមជាអ្នកដឹកនាំមួយរូបក្នុងឃុំ។
អ្នកចូលរួមគម្រោងម្នាក់គឺលោកស្រី ម៉ែន សុភី អាយុ៣៨ឆ្នាំ ជាក្រុមប្រឹក្សាឃុំឃ្លាំងមាស មកពីខេត្តបាត់ដំបង មានប្រសាសន៍ថា លោកស្រីចង់ក្លាយជាមេឃុំនៅពេលខាងមុខ ហើយលោកស្រីគិតថា លោកស្រីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ។ បច្ចុប្បន្ននេះ លោកស្រីទទួលបន្ទុកផ្នែកស្រ្តី និងកុមារនៅក្នុងឃុំរបស់លោកស្រី។
លោកស្រីបន្តថា ក្នុងចំណោមក្រុមប្រឹក្សាទាំង៩នាក់នៅក្នុងឃុំរបស់លោកស្រី មានតែលោកស្រីម្នាក់ប៉ុណ្ណោះដែលជាស្រ្តី។ លោកស្រីបន្តថា វត្តមានរបស់ស្រ្តីក្នុងការដឹកនាំឃុំអាចធ្វើឲ្យសហគមន៍មានការរីកចម្រើន។
លោកស្រីបានបញ្ជាក់ថា៖
«គោលបំណងដែលយើងចង់ធ្វើគឺយើងចង់លើកកម្ពស់ស្រ្តី ដើម្បីឲ្យមានការចូលរួមច្រើន ព្រោះពេលដែលមានគាត់ចូលរួមជាមួយយើង ល្អសម្រាប់យើងនៅក្នុងសហគមន៍ ជាពិសេសដែលយើងកាន់តួនាទីសព្វថ្ងៃហ្នឹង ដែលយើងចុះទៅតាមសហគមន៍មួយៗ គឺយើងឃើញផលលំបាកច្រើនចំពោះស្រ្តី។ ចំណេះដឹងរបស់គាត់មានកម្រិតខ្លាំង ជួនកាលការចូលរួមរបស់គាត់នៅក្នុងសហគមន៍មិនសូវជាមានការចូលរួម»។
ចំណែកអ្នកចូលរួមម្នាក់ទៀតគឺលោកស្រី ឆាយ សាត អាយុ៦៣ឆ្នាំ ជាក្រុមបឹក្សាមកពីគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា លោកស្រីចង់ឃើញចំនួនក្រុមប្រឹក្សាជាស្រ្តីមានច្រើនបន្ថែមនៅក្នុងឃុំរបស់លោកស្រី ខណៈដែលក្រុមប្រឹក្សាស្រ្តីមានតែ២នាក់ប៉ុណ្ណោះក្នុងចំណោម៧នាក់។ លោកស្រីក៏បានលើកឡើងថា អ្នកដឹកនាំជាស្រ្តីអាចចូលរួមដោះស្រាយបញ្ហាជាច្រើនពាក់ព័ន្ធនឹងស្រ្តីនៅក្នុងសហគមន៍។
លោកស្រីបានថ្លែងថា៖
«ខ្ញុំថា ក្នុងឃុំរបស់ខ្ញុំ បើសិនស្រ្តីជាប់ក្រុមប្រឹក្សាឃុំច្រើន ខ្ញុំថា អាចនឹងរីកចម្រើន ព្រោះការងារអ្វីដែលពលរដ្ឋមករកក្នុងឃុំគឺរកតែស្រ្តីៗ ទាំងការងារអំពើហិង្សា រំលោភផ្លូវភេទ ផ្លូវអីគឺមកអត់និយាយនឹងបុរសទេ គឺមកមករកតែស្រ្តី។ ស្រ្តីយើងមានការលាក់លៀមអាថ៌កំបាំង អត់មានថា គាត់មកនិយាយហើយសើចអត់ទេ»។
លោកស្រី និន ចិន្តា ប្រធានអង្គការបន្ទាយស្រីប្រចាំខេត្តសៀមរាប មានប្រសាសន៍ថា បញ្ហាប្រឈមរបស់ស្រ្តីបច្ចុប្បន្ននេះគឺទាក់ទងនឹងអំពើហិង្សាលើស្រ្តី ភាពក្រីក្រ និងការមិនអនុញ្ញាតរបស់ក្រុមគ្រួសារ ជាពិសេសស្វាមី មិនឲ្យស្រ្តីចូលរួមសកម្មភាពសង្គម និងនយោបាយ។
នៅក្នុងចំណោមប្រជាជនកម្ពុជាជាង១៦លាននាក់ ចំនួនស្រ្តីមានប្រមាណ៥២ភាគរយ។ តែចំនួនស្រ្តីនៅក្នុងតំណែងដឹកនាំគ្រប់លំដាប់ថ្នាក់ នៅទាបនៅឡើយ។ ក្នុងចំណោមសមាជិករដ្ឋសភា សរុបទាំង១២៥មកពីគណបក្សប្រជាជនកម្ពុជា មានតែស្រ្តី២៥នាក់តែប៉ុណ្ណោះគឺស្មើនឹង២០ភាគរយ។ សមាជិកព្រឹទ្ធសភាស្រ្តីមានប្រមាណ១៨ភាគរយ។ សម្រាប់តំណែងមន្រ្តីរដ្ឋាភិបាល ទាំងគ្រប់កម្រិតភាគច្រើនគ្រប់ដណ្តប់ដោយបុរស។
ក្នុងចំណោមក្រុមប្រឹក្សាឃុំសង្កាត់១១៥៧២នាក់ ស្រ្តីមានចំនួន២៣២៣នាក់គឺស្មើនឹងប្រមាណ២០ភាគរយ។ នៅក្នុងចំណោមឃុំសង្កាត់ទូទាំងប្រទេសសរុប១៦៤៦ឃុំសង្កាត់ មានឃុំសង្កាត់ជាង៣០០មិនមានក្រុមប្រឹក្សាស្រ្តីសូម្បីតែម្នាក់។ ប៉ុន្តែការងារដឹកនាំឃុំសង្កាត់តម្រូវឲ្យមានក្រុមប្រឹក្សាម្នាក់ទទួលបន្ទុកផ្នែកស្រ្តីនិងកុមារ នៅក្នុងឃុំ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា គណបក្សកាន់អំណាចតែងតែយកចិត្តទុកក្នុងការលើកកម្ពស់តួនាទីរបស់ស្រ្តី តែលោកថា ចំនួនស្រ្តីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដឹកនាំនៅមានកម្រិតនៅឡើយ។
លោកបានថ្លែងថា៖
«និយាយរួម យើងវាខ្សត់ស្រ្តី មិនមែនការលើកកម្ពស់យេនឌ័រហ្នឹង មិនមែនចេះតែលើកទទឹងទទែងទេ។ វាត្រូវតែយកអ្នកគ្រប់លក្ខណៈសម្បត្តិមកបម្រើការងារ ប្រកបដោយប្រសិទ្ធភាព ទើបមានផលប្រយោជន៍»។
លោកស្រី ធីតា ឃឹះ នាយិកាប្រតិបត្តិអង្គការសីលការដែលធ្វើការលើសិទ្ធិស្រ្តី មានប្រសាសន៍ថា ចំនួនស្រ្តីកាន់មុខតំណែងធំ ដែលមានការសម្រេចចិត្ត មានកម្រិតទាបនៅឡើយ។ លោកស្រីបន្តថា ការរើសអើងចំពោះស្រ្តីនៅតែមាននៅឡើយ ដូចជាការមិនស្តាប់យោបល់របស់ស្រ្តីជាដើម។
លោកស្រីមានប្រសាសន៍ថា៖
«(បុរស)អត់ស្តាប់(ស្រ្តី) បើប្រើឲ្យរៀបចំម្ហូបអាហារ ដើរបោសជូត ធ្វើម្ហូប ធ្វើអាហារ អាហ្នឹងប្រើស្រី។ ហើយដើរចែកអំណោយពេលប្រជាពលរដ្ឋឈឺ អាហ្នឹងស្រីរត់មុខ។ ប៉ុន្តែដល់ធ្វើការសម្រេចចិត្តដែលជាការធ្វើការសម្រេចចិត្តដែលប៉ះពាល់ដល់ការអនុវត្តផ្សេងៗគឺបុរស»។
លោកស្រីបន្តថា បុរសត្រូវបានលើកតម្កើង និងគាំទ្រតែក្នុងក្រុមរបស់ពួកគេផងដែរ។ លោកស្រីបញ្ជាក់ថា៖
«ហើយបុរសច្រើនតែ promote(លើកតម្កើង)បុរសគ្នាឯង ដោយសារគេស្គាល់គ្នា ហើយគេដើរលេងស៊ីផឹកជាមួយគ្នា។ គេស្គាល់គ្នាច្បាស់»។
ទោះជាចំនួនស្រ្តីក្នុងវិស័យនយោបាយនៅមានចំនួនតិចនៅឡើយ លោកស្រី ធីតា ឃឹះ នៃអង្គការសីលការបានជំរុញឲ្យគណបក្សនយោបាយបន្តលើកតម្កើងតួនាទីស្រ្តី និងព្យាយាមធ្វើយ៉ាងណាឲ្យមានវត្តមានស្រ្តីយ៉ាងតិច៣០ភាគរយ នៅក្នុងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕