យ៉ាងហោចណាស់មានឧកញ៉ាចំនួន៩៤នាក់ត្រូវបានរកឃើញថាកំពុងធ្វើការនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ។ រដ្ឋាភិបាល កំពុងឲ្យពួកគេជ្រើសរើសយកមុខងារមួយក្នុងចំណោមតួនាទីទាំងពីរ ដើម្បីចៀសវាងទំនាស់ផលប្រយោជន៍ក្នុងការងារ។ អ្នកជំនាញខាងអភិបាលកិច្ចយល់ថានេះ គឺជាវិធានការល្អសម្រាប់អភិបាលកិច្ចរដ្ឋប្រកបដោយប្រសិទ្ធិភាព។
អ្នកនាំពាក្យក្រសួងការពារជាតិ និងអ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងនៅថ្ងៃពុធនេះថា មានឧកញ៉ាយ៉ាងហោចណាស់ចំនួន៩៤នាក់ កំពុងតែកាន់តួនាទីសំខាន់ៗក្នុងក្រសួងទាំងពីរ ដែលជាហេតុនាំឲ្យមានទំនាស់ដល់ផលប្រយោជន៍ការងារជាចាំបាច់។
ក្នុងចំណោមឧញ៉ាទាំង៩៤នាក់ មាន៣៣នាក់កំពុងបម្រើការងារក្នុងក្រសួងមហាផ្ទៃនិង៦១នាក់កំពុងបម្រើការងារនៅអគ្គបញ្ជាការកងទ័ពរបស់ក្រសួងការពារជាតិ។ហើយភាគច្រើនមានឋានៈឧត្តមសេនីយ៍។
លោកឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិនិងលោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ដូចគ្នាថាទាំងក្រសួងការពារជាតិនិងទាំងក្រសួងមហាផ្ទៃនឹងតម្រូវឲ្យពួកគេជ្រើសរើសតួនាទីតែមួយប៉ុណ្ណោះក្នុងចំណោមមុខងារទាំងពីរ។នោះគឺឬមួយពួកគេនៅបន្តតួនាទីជារាជការក្នុងក្រសួងទាំងពីរ ឬ មួយពួកគេរក្សាងារជាឧកញ៉ា និងលាឈប់ពីការងារ។
លោកឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថាក្រសួងមហាផ្ទៃនឹងឲ្យឧកញ៉ាទាំងនោះលាលែងដោយស្ម័គ្រចិត្តដើម្បីចៀសវាងទំនាស់ផលប្រយោជន៍ក្នុងការងារ។
«ដោយអនុវត្តតាមការណែនាំរបស់សម្តេចតេជោចឹង គឺថាម្នាក់យកមួយ។មួយជាឧកញ៉ា មួយជាឧត្តមសេនីយ៍របស់នគរបាលជាតិ។ តើយកមួយណា? ប៉ុន្តែចំពោះមុខ យើងចង់ឲ្យគាត់ស្ម័គ្រចិត្តខ្លួនឯងល្អជាង»។
មានឧកញ៉ាម្នាក់ក្នុងចំណោមឧកញ៉ាទាំង៣៣នាក់ក្នុងក្រសួងមហាផ្ទៃបានលាលែងពីតួនាទីជាមន្ត្រីមុនការប្រកាសជាគោលការណ៍របស់ក្រសួង។ ដោយឡែកលោកឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថា មានឧត្តមសេនីយ៍យោធាចំនួន១៦នាក់ សុខចិត្តយកងារជាឧកញ៉ា។
«ក្រសួងការពារជាតិនឹងធ្វើការបន្តទៀត ចឹងវាអាចមិនមែនមានត្រឹមតែ៦១នាក់នេះទេ អាចច្រើនជាងនេះទៀត មិនមែនត្រឹមតែ៦១នាក់ទេ។ ប៉ុន្តែក្នុងចំណោម៦១នាក់នោះ មាន១៦នាក់បានលាលែងពីកងទ័ព»។
យោងតាមតួលេខកាលពីឆ្នាំ២០០៧ មានឧកញ៉ាក្នុងប្រទេសកម្ពុជាសរុបជាង៧០០នាក់។ ប៉ុន្តែជាងដប់ឆ្នាំកន្លងមកនេះ ប្រភពមួយចំនួនទៀតបញ្ជាក់ថាចំនួនឧកញ៉ានៅក្នុងប្រទេសកម្ពុជាអាចកើនដល់៣០០០នាក់។ ហើយឧកញ៉ាមួយចំនួនបំពេញការងារជំនួញផងនិងការងារជាក្រមខណ្ឌ័ជាមន្ត្រីរាជការផង ថែមទាំងមានតួនាទីសំខាន់ ទាំងក្នុងកងកម្លាំងប្រដាប់អាវុធនិងទាំងក្នុងស្ថាប័នស៊ីវិលនិងស្ថាប័ននិតិបញ្ញត្តិ។
លោក ឱក សេរីសុភក្រ្ត អ្នកជំនាញផ្នែកអភិបាលកិច្ចល្អក្នុងប្រទេសកម្ពុជាមានប្រសាសន៍ថាការកំណត់ឲ្យក្រុមឧកញ៉ាលាលែងពីការងារក្នុងស្ថាប័នរដ្ឋគឺជារឿងត្រឹមត្រូវដើម្បីចៀសវាងឲ្យក្រុមមន្ត្រីទាំងនោះយកតួនាទីក្នុងរាជការទៅការពារមុខរបរជំនួញរបស់ខ្លួនដែលជាឧកញ៉ា។
ប៉ុន្តែលោក សេរីសុភក្ត្រ ផ្តល់យោបល់ថារដ្ឋាភិបាលគួរតែបន្តអនុវត្តវិធីនេះក្នុងស្ថាប័នស៊ីវិលនិងស្ថាប័ននិតិបញ្ញតិ្តផងដែរប្រសិនបើក្រុមឧកញ៉ាត្រូវបានរកឃើញថាកំពុងតែបំពេញការងារនៅទីនោះ។
«ខ្ញុំគិតថាប្រសិនបើខាងកងកម្លាំងប្រដាប់អាវុធចាប់ផ្តើមធ្វើអញ្ចឹង ដោយសារតែទំនាស់ផលប្រយោជន៍ ខាងស៊ីវិលក៏គួរធ្វើតាមហ្នឹងដែរដើម្បីកុំឲ្យមានទំនាស់ផលប្រយោជន៍ ទោះបីជានៅក្នុងអង្គនិតិបញ្ញត្តិក៏ដោយត្រូវតែដើរតាមអ្វីដែលកំពុងធ្វើក្នុងជួរកងទ័ព»។
កាលពីពាក់កណ្តាលខែសីហា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានដាក់បញ្ជាឲ្យក្រុមមន្ត្រីក្នុងជួរកងកម្លាំងប្រដាប់អាវុធដែលមានងារជាឧកញ៉ា ត្រូវតែជ្រើសរើសជាបន្ទាន់ឬមួយយកតួនាទីជាឧកញ៉ា ឬមួយយកតួនាទីជាកងកម្លាំងប្រដាប់អាវុធ។
ការដាក់បញ្ជារបស់ប្រមុខរដ្ឋាភិបាលខ្មែរធ្វើឡើងក្រោយពីមន្ត្រីយោធាមួយរូបដែលមានងារជាឧកញ៉ា ត្រូវចាប់ខ្លួននិងចោទប្រកាន់តាមផ្លូវតុលាការក្រោយពីរកឃើញថាមន្ត្រីយោធារូបនោះបានប្រព្រឹត្តិបទល្មើសទាក់ទងនឹងឧក្រិដ្ឋកម្មកាប់បំផ្លាញព្រៃឈើ៕