អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារក្នុងប្រទេសកម្ពុជា លោក គង់ វិបុល អាចប្រឈមមុខទៅនឹងការជាប់ពន្ធនាគារ ពីបទភូតកុហកគណៈកម្មការមូលប័ត្រ និងវិនិយោគប្រទេសអូស្រ្តាលី (Australian Securities and Investment Commission)។ នេះបើយោងតាមនិយតករសាជីវកម្មដែលបានប្រាប់ VOA។
មានសំណួរជាច្រើនបានចោទសួរ អំពីអាជីវកម្មលួចលាក់ជាប់ពាក់ព័ន្ធទៅនឹងលោក គង់ វិបុល និងពលរដ្ឋកម្ពុជាមួយចំនួន ដែលមានអំណាច និងជាប់ពាក់ព័ន្ធទៅនឹងនយោបាយ នៅក្នុងការស៊ើបអង្កេតមួយដែលបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ Al Jazeera ក្នុងកម្មវិធី 101 East កាលពីសប្តាហ៍មុន។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលការពិតលោករស់នៅអចិន្រ្តៃយ៍ក្នុងប្រទេសកម្ពុជា បានផ្តល់ព័ត៌មានមិនពិតដល់គណៈកម្មការមូលប័ត្រ និងវិនិយោគប្រទេសអូស្រ្តាលី ថាលោករស់នៅក្នុងគេហដ្ឋានមួយនៅក្នុងទីក្រុង Melbourne។
លោកស្រី Angela Friend ប្រធានផ្នែកទំនាក់ទំនងនៃគណៈកម្មការមូលប័ត្រ និងវិនិយោគប្រទេសអូស្រ្តាលី បានប្រាប់ VOA តាមរយៈសារអេឡិចត្រូនិកថា ការផ្តល់ព័ត៌មានមិនពិតដល់ស្ថាប័នឃ្លាំមើលអាជីវកម្មរបស់ប្រទេសអូស្រ្តាលី គឺជាបទល្មើសមួយ ដែលមានចែងនៅក្នុងច្បាប់អាជីវកម្ម។
លោកស្រីបានសរសេរថា៖
«ការរំលោភបំពានទៅលើច្បាប់នេះ នឹងត្រូវផ្តន្ទាទោស ដោយការផាកពិន័យជាទឹកប្រាក់គុណនឹង ១០០ដងនៃតម្លៃពិន័យមួយឯកតា ឬជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ឬទទួលទោសទាំងពីរករណី។ បច្ចុប្បន្ននេះទឹកប្រាក់ផាកពិន័យក្នុងមួយឯកតាមានតម្លៃ ២១០ដុល្លារសហរដ្ឋអាមេរិក»។
លោកស្រីបានបញ្ជាក់ថា នៅក្នុងច្បាប់ដដែលនេះ ប្រធានក្រុមហ៊ុនប្រភេទនេះចាំបាច់ត្រូវរស់នៅក្នុងប្រទេសអូស្រ្តាលី ប៉ុន្តែលោកស្រីបាននិយាយថា គណៈកម្មការមូលប័ត្រ និងវិនិយោគប្រទេសអូស្រ្តាលី មិនបានអត្ថាធិប្បាយជាទូទៅទៅលើថា តើស្ថាប័ននេះកំពុងស៊ើបអង្កេតបញ្ហាជាក់លាក់ណាមួយនៅឡើយទេ។
VOA បានព្យាយាមទាក់ទងលោក គង់ វិបុល ជាច្រើនលើកច្រើនសារ ប៉ុន្តែមិនអាចទាក់ទងបានឡើយ។ នៅក្នុងឯកសារក្រុមហ៊ុនរបស់លោក ដែលមានឈ្មោះថា Panhariddh Pty. Ltd លោក គង់ វិបុល ថា លោករស់នៅក្នុងតំបន់ Noble Park នៃជាយក្រុង Melbourne។
លោក ឌី វិជ្ជា អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាកូនប្រសាររបស់លោក ហ៊ុន សែន ផងនោះ ក៏ត្រូវបានទូរទស្សន៍ Al Jazeera ចោទប្រកាន់ថា លោកក៏បានផ្តល់ព័ត៌មានភូតកុហកដល់គណៈកម្មការមូលប័ត្រ និងវិនិយោគប្រទេសអូស្រ្តាលី អំពីអាសយដ្ឋានរបស់លោកផងដែរ។ VOA ក៏មិនអាចទាក់ទងលោកដើម្បីសុំការបំភ្លឺពីរឿងនេះបានដែរ។
នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Al Jazeera លោក គង់ វិបុល ត្រូវបានគេឈ្លេចសួរអំពីការផ្តល់ព័ត៌មានមិនពិតដល់គណៈកម្មការមូលប័ត្រ និងវិនិយោគប្រទេសអូស្រ្តាលីនេះ។ ដំបូងឡើយ លោកបានអះអាងថា ក្រុមហ៊ុននេះបានបង្កើតឡើង តាំងពីមុនពេលរូបលោកចាប់ផ្តើមការងារក្នុងប្រទេសកម្ពុជាមកម៉្លេះ។
ក្រោយពីចម្លើយរបស់លោកត្រូវបានបដិសេធន៍ថា មិនមែនជាការពិតទេនោះ លោក គង់ វិបុល បាននិយាយថា លោកបានផ្ទេរកម្មសិទ្ធិក្រុមហ៊ុនទៅឲ្យអ្នកដទៃ ហើយក្រោយមកទៀត លោកបានប្រកាសថា ក្រុមហ៊ុននោះបានបិទទ្វារជាយូរយារណាស់មកហើយ។
«ខ្ញុំគ្មានជំនួញនៅប្រទេសអូស្ត្រាលីនោះទេ»។
លោក គង់ វិបុល ត្រូវបានគេចោទសួរអំពីក្រុមហ៊ុនប្រេងឥន្ទនៈធំៗដែលកាន់កាប់ដោយគ្រួសាររបស់លោក ដែលយោងតាមទិន្នន័យរបស់រដ្ឋាភិបាលកម្ពុជាបានបង្ហាញថា ក្រុមហ៊ុនទាំងអស់នេះមិនបានចុះបញ្ជីបង់ពន្ធរហូតដល់ឆ្នាំ ២០១៧។
លោក គង់ វិបុល បានសួរសំណួរដដែលៗទៅកាន់អ្នករាយការណ៍របស់ទូរទស្សន៍ Al Jazeera ថា តើពួកគេទទួលបានឯកសារនេះយ៉ាងដូចមេ្តច ហើយលោកបានអះអាងថា ការចុះបញ្ជីនៅគណៈកម្មការមូលប័ត្រ និងវិនិយោគប្រទេសអូស្រ្តាលី និងការចុះបញ្ជីក្រុមហ៊ុនជាផ្លូវការនៅក្នុងប្រទេសកម្ពុជា មិនត្រឹមត្រូវទេ រួមទាំងការប្រើប្រាស់ អាសយដ្ឋានរបស់ក្រុមហ៊ុន Bright Victory Mekong Petroleum Import Export Co., Ltd ដែលត្រូវបានគេដឹងថា ជាអាសយដ្ឋានរបស់លោកផ្ទាល់ផងដែរ។
លោក គង់ វិបុល បានប្រាប់ទូរទស្សន៍ Al Jazeera ថា៖«យើងបានលក់ក្រុមហ៊ុននេះ ជាយូរមកហើយ។ ខ្ញុំគិតថា គេប្រហែលជាប្រើប្រាស់អាសយដ្ឋានរបស់ខ្ញុំពីមុនមក។ ហើយខ្ញុំក៏មិនដឹងថា តើគេលក់វានៅពេលណានោះទេ»។
ទូរទស្សន៍ Al Jazeera បានលើកឡើងថា លោក គង់ វិបុល មានទ្រព្យសម្បត្តិតម្លៃរាប់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងប្រទេសអូស្ត្រាលី រួមនឹងមុខជំនួញជាច្រើនថែមទៀត បើទោះបីប្រាក់ខែរបស់លោកមិនដល់ ១.០០០ដុល្លារសហរដ្ឋអាមេរិកផងនោះ។
ទូរទស្សន៍នេះ ក៏បានឲ្យដឹងទៀតថា លោក គង់ វិបុល បានបង្កើតក្រុមហ៊ុនវិនិយោគ ជាមួយប្តីប្រពន្ធជនជាតិអូស្ត្រាលីមួយគូ ដែលក្រោយមកត្រូវបានតុលាការកាត់ទោសពីបទប្រព្រឹត្តអំពើទុច្ចរិតដោយកេងបនំ្លពន្ធរបស់ប្រទេសអូស្ត្រាលីក្នុងទឹកប្រាក់ប្រមាណ ជាង ១,៨ លានដុល្លារសហរដ្ឋអាមេរិក។
តាមរយៈលិខិតរបស់តុលាការ ដែលត្រូវបានគេជឿថាបានចុះហត្ថលេខានៅឯស្ថានទូតអូស្ត្រាលីក្នុងទីក្រុងភ្នំពេញ បានឲ្យដឹងថា លោក គង់ វិបុល ធ្លាប់បានផ្ទេរប្រាក់ចំនួន ១,២ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ក្រុមហ៊ុនប្តីប្រពន្ធមួយគូនេះទៀតផង។
ទូរទស្សន៍ Al Jazeera ក៏បានសម្ភាសជាមួយអតីតទីប្រឹក្សារដ្ឋាភិបាលកម្ពុជា លោកស្រី គី កល្យាណ ផងដែរ។ លោកស្រីបាននិយាយថា លោកស្រីបានជម្រាបជូនស្ថានទូតអូស្ត្រាលីក្នុងទីក្រុងភ្នំពេញ និងរដ្ឋាភិបាលផងដែរថា មានមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជាកំពុងលាងលុយកខ្វក់ក្នុងប្រទេសអូស្ត្រាលី ដែលលុយទាំងនេះបានមកពីសកម្មភាពមិនស្របច្បាប់។
អ្នកនាំពាក្យក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលីដែលសុំមិនបញ្ចេញឈ្មោះបាន ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិកថា ក្រសួងបានបញ្ជូនព័ត៌មានពាក់ព័ន្ធនានាស្តីអំពីបទល្មើសព្រហ្មទណ្ឌក្រោមច្បាប់ប្រទេសអូស្ត្រាលី ទៅកាន់ស្ថាប័នអនុវត្តច្បាប់ពាក់ព័ន្ធនានា រួចរាល់ហើយ។
អ្នកនាំពាក្យរូបនេះបាននិយាយទៀតថា៖
«យើងសូមបដិសេធទាំងស្រុងនូវរាល់ការលើកឡើងទាំងឡាយណា ដែលថារដ្ឋាភិបាលអូស្ត្រាលីបានគាំទ្រ ឬអនុញ្ញាតឲ្យមានសកម្មភាពខុសច្បាប់ក្នុងប្រទេស ឬ ការចោទប្រកាន់ដែលថា រដ្ឋាភិបាលមិនបានចាត់វិធានការឲ្យបានដិតដល់ប្រឆាំងនឹងអំពើពុករលួយ និងអំពើឧក្រិដ្ឋកម្មនានា»។
VOA បានទូរស័ព្ទសាកសួរលោក លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ទាក់ទងទៅនឹងបញ្ហានេះដែរ ក៏ប៉ុន្តែទូរស័ព្ទរបស់លោកត្រូវបានអ្នកផ្សេងលើកជំនួសទៅវិញ ដោយប្រាប់ថាលេខនេះមិនត្រឹមត្រូវទេ។
ខុទ្ទកាល័យរបស់លោកស្រី Kelly O'Dwyer រដ្ឋមន្រ្តីក្រសួងសេវាកម្មហិរញ្ញវត្ថុ និងចំណូលពន្ធដារនៃប្រទេសអូស្ត្រាលី និងស្នងការប៉ូលិសសហព័ន្ធអូស្រ្តាលី មិនបានឆ្លើយតបទៅនឹងសំណួរអ្នកយកព័ត៌មានរបស់ VOA ឡើយ។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពអន្តរជាតិប្រចាំប្រទេសកម្ពុជា បានប្រាប់ VOA តាមរយៈសារអេឡិចត្រូនិកថា គ្មាននរណាម្នាក់នៅក្នុងប្រទេសកម្ពុជាហ៊ានសាកសួរអំពីទង្វើខុសច្បាប់របស់មន្ត្រីជាន់ខ្ពស់ដូចនេះឡើយ។
«សុច្ចរិតភាពក្នុងចំណោមមន្ត្រីសាធារណៈជាច្រើនរូបនៅក្នុងប្រទសកម្ពុជា ត្រូវបានគេចោទជាសំណួរនៅឡើយ។ ដូច្នេះពួកគាត់ធ្លាប់ទៅហើយនឹងការមើលពួកគាត់ដោយវិធីនេះ។ ប្រជាពលរដ្ឋនៅទីនេះ គ្មានអំណាចឡើយ ដូច្នេះហើយ ពួកគេមិនហ៊ានសួរសំណួរប្រភេទនេះឡើយ»។
លោក ព្រាប កុល បានបន្តទៀតថា ការអះអាងរបស់លោក គង់ វិបុល ដែលថាការចុះបញ្ជីពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាមានភាពមិនត្រឹមត្រូវ គឺពិបាកនឹងជឿណាស់។ លោកនិយាយដោយសង្កត់ធ្ងន់ដូចនេះ បើទោះបីជាលោក មិនបានដឹងការពិតនៅពីក្រោយស្ថានការនេះក៏ដោយ។
លោកបន្តទៀតថា៖
«ប្រទេសកម្ពុជាមិនទាន់មានបទបញ្ជា ឬច្បាប់តឹងរ៉ឹងទាក់ទងទៅនឹងទំនាស់ផលប្រយោជន៍ ដូចប្រទេសមួយចំនួននៅឡើយ។ ដូច្នេះហើយការប្រព្រឹត្តដូចនេះគឺជារឿងធម្មតានៅទីនេះ»។
លោក បន្ថែមទៀតថា លោកមិនរំពឹងទុកទេថា ការប្រព្រឹត្តបែបនេះនឹងត្រូវបានផ្លាស់ប្តូរនៅក្រោមការដឹកនាំប្រទេសបច្ចុប្បន្ននេះ។
លោក ហុង លឹម សមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរ ក្នុងរដ្ឋវិចតូរីយ៉ា ក្នុងប្រទេសអូស្ត្រាលី បាននិយាយថា មានបុគ្គលមួយចំនួនដែលត្រូវបានលាតត្រដាង នៅក្នុងរបាយការណ៍របស់ទូរទស្សន៍ Al Jazeera បានបំភ័យសហគមន៍នានាក្នុងទីក្រុង Melbourneថានឹងមានការសងសឹក។
«ទាំងនេះគឺជាអ្វីដែលយើងកំពុងប្រឈមមុខដោះស្រាយក្នុងទីក្រុង Melbourne នៅពេលឥឡូវនេះ»៕
(រាយការណ៍បន្ថែមដោយ ឡេង ឡែន)
ប្រែសម្រួលដោយ ឆេង ចន្នី