ពលករខ្មែររងគ្រោះចំនួន៣៨នាក់ដែលត្រូវបានជួយសង្គ្រោះពីទូកនេសាទថៃ បានវិលមកដល់ប្រទេសកម្ពុជាវិញហើយនៅថ្ងៃអង្គារនេះ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ពលករទាំងនោះត្រូវបានជួយសង្គ្រោះ ពេលទូកនេសាទចូលចតនៅកោះបេនជីណា ប្រទេសឥណ្ឌូនេស៊ី នាពេលកន្លងមក។
ក្នុងចំណោមអ្នកដែលវិលមកប្រទេសកម្ពុជាវិញនៅថ្ងៃអង្គារនេះក៏មាននារីខ្មែរម្នាក់ ដែលត្រូវមេខ្យល់នាំយកទៅធ្វើការដោយខុសច្បាប់នៅប្រទេសឥណ្ឌូនេស៊ីផងដែរ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេស។
ជនរងគ្រោះទាំងនោះត្រូវបានជួយឧត្តម្ភក្នុងការធ្វើដំណើរដោយអង្គការទេសន្តរប្រវេសន៍អន្តរជាតិ៕