ក្រុមសកម្មជនសិទ្ធិមនុស្សនៃប្រទេសកម្ពុជាស្នើឲ្យរដ្ឋាភិបាលមានតម្លាភាពក្នុងការចុះកិច្ចព្រមព្រៀងនានា ដើម្បីបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសកាតា ដែលរងការរិះគន់ថា មានការរំលោភសិទ្ធិពលករ និងលក្ខខណ្ខការងារមិនល្អប្រសើរ។
ការលើកឡើងរបស់ក្រុមសិទ្ធិមនុស្សនេះគឺធ្វើឡើង ស្របពេលដែលក្រុមហ៊ុនជ្រើសរើសពលករក្នុងស្រុកមួយកំពុងទទួលពាក្យសុំធ្វើការពីពលរដ្ឋកម្ពុជា ដើម្បីទៅធ្វើការនៅប្រទេសអារ៉ាប់មួយនេះ។
លោក ឌី ថេហូយ៉ា មន្រ្តីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានប្រាប់ VOAក្នុងបទសម្ភាសន៍មួយយ៉ាងដូច្នេះថា៖
«រដ្ឋាភិបាលអត់ត្រូវលាក់លៀមអ្វីទេ ព្រោះថា រយៈកាលកន្លងមកនៅមានការជជែកវែកញែកគ្នាថាក្រុមហ៊ុនមួយចំនួនគេទទួលបានអាជ្ញាបណ្ណពីរដ្ឋាភិបាលពីក្រសួងការងារ ក៏ប៉ុន្តែ មន្ត្រីក្នុងរដ្ឋាភិបាលខ្លួនឯងក៏ព្យាយាមបដិសេធថា មិនមានការបញ្ជូនមិនមានការផ្តល់អាជ្ញាបណ្ណឲ្យក្រុមហ៊ុនណាមួយដែលបញ្ជូនទៅប្រទេសកាតាទេ។ អញ្ចឹងទាំងអស់ហ្នឹងហើយគឺជាមន្ទិល»។
ក្រុមហ៊ុនកូរ៉េមួយឈ្មោះ KCTC Manpower Supply Co.,ដែលទទួលបានអាជ្ញាបណ្ណពីរដ្ឋាភិបាលកម្ពុជា កាលពីខែសីហាឆ្នាំ២០១៤ ដើម្បីជ្រើសរើសពលករកម្ពុជាទៅធ្វើការនៅប្រទេសកាតា និងគូវ៉េត កំពុងទទួលយកពាក្យសុំធ្វើការពីពលរដ្ឋកម្ពុជាបណ្តើរៗហើយ បើទោះជាមិនទាន់មានការបញ្ជាក់ពីរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឲ្យបញ្ជូនពលករទៅធ្វើការនៅប្រទេសកាតាក៏ដោយ ។
លោក ឌី ថេហូយ៉ា បានសង្កត់ធ្ងន់ថា ពលករកម្ពុជានឹងបន្តរងគ្រោះពីការរំលោភបំពានសិទ្ធិមនុស្សប្រសិនបើរដ្ឋាភិបាលកម្ពុជាពុំមានភាពសោ្មះត្រង់ចំពោះពលរដ្ឋខ្លួនឯងនោះ។
«រយៈកាលកន្លងមកយើងឃើញហើយប្រទេសម៉ាឡេ ប្រទេសថៃអីចឹង។ យើងឃើញ ហើយទាំងអស់នោះ វាផ្តល់ផលប៉ះពាល់អវិជ្ជមានវែងឆ្ងាយសម្រាប់ប្រជាជាតិយើង បើសិនជាគាត់ទៅធ្វើការត្រូវបានគេធ្វើបាប រហូតដល់គាត់សតិមិនគ្រប់គ្រាន់អីចឹង ហើយវាជាផលប៉ះពាល់ដល់ជាតិទាំងមូលផងដែរ។ អញ្ចឹងបើសិនជាមិនទាន់មានលិខិតបទដ្ឋានគតិយុត្តិឲ្យបានប្រសើរឡើង ឬមួយយន្តការណាមួយដែល អាចធានាបានអំពីសុខសុវត្ថិភាពនៃការចំណាកស្រុកដោយសុវត្ថិភាពដល់ប្រជាពលរដ្ឋទេគួរតែផ្អាកសិន»។
កាតាគឺជាប្រទេស ដែលមានជាងគេបំផុតតាមរយៈការផលិតប្រេងក្នុងតំបន់អារ៉ាប់ ហើយត្រូវបានបណ្តាញព័ត៌មានអន្តរជាតិ និងក្រុមអង្គការសិទ្ធិមនុស្សជាច្រើនរាយការណ៍ថា ប្រទេសនេះបាន រំលោភធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្ស និងសិទ្ធិការងាររបស់ពលករ ដែលនាំមកពីបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ី ក្នុងពេលដែលការដ្ឋានកសាងអគារកីឡា និងស្តាតធំៗជាច្រើនកំពុងដំណើរការ។
ប្រទេសនេះគ្រោងនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតដណ្តើមពានបាល់ទាត់ពិភពលោកក្នុងពេល៧ឆ្នាំខាងមុខនេះ។
លោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ ក៏ទទូចសុំឲ្យរដ្ឋាភិបាលកម្ពុជាបង្ហាញជាសាធារណៈនូវការចុះកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់ណាមួយ ដែលរដ្ឋាភិបាលកម្ពុជានឹងចុះជាមួយប្រទេសកាតា។
«ទីមួយយើងត្រូវផ្តល់ព័ត៌មានជាក់លាក់ឲ្យបានច្បាស់លាស់ជាសាធារណៈ។ ទីពីរត្រូវតែមាន MOU ណាមួយ ដើម្បីជាកិច្ចការពារទៅដល់ពលករ ដែលត្រូវបញ្ជូនទៅហើយត្រូវមានយន្តការនៃការត្រួតពិនិត្យតាមដានអំពីសុវត្ថិភាពសន្តិសុខការងាររបស់ពលករដែលត្រូវបញ្ជូនទៅ។ហើយត្រូវមានយន្តការនៃការពិនិត្យតាមដានអំពីសុវត្ថិភាព សន្តិសុខការងាររបស់ពលករខ្មែរនៅប្រទេសហ្នឹងឲ្យបានត្រឹមត្រូវ»។
លោក ហែម ប៊ុន្នី ប្រធាននាយកដ្ឋានពលករ និងការងារនៃក្រសួងការងារ បដិសេធពុំធ្វើអត្ថាធិប្បាយលើការអនុញ្ញាតរបស់ក្រសួងទៅដល់ក្រុមហ៊ុនជ្រើសរើសពលករក្នុងស្រុក ដែលគ្រោងនឹងនាំយកពលករកម្ពុជាទៅធ្វើការនៅប្រទេសកាតាទេ ដោយលោកបង្វែរសំណួរទៅអ្នកនាំពាក្យក្រសួង។
«រឿងហ្នឹងខ្ញុំបានធ្វើទៅក្រសួងអស់ហើយ ហើយទៅអ្នកនាំពាក្យដូច្នេះគួរបង្វិលពាក្យហ្នឹងសួរទៅអ្នកនាំពាក្យវិញម្តង»។
VOA មិនអាចទាក់ទងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានទេ ដោយលោកជាប់បេសកកម្មនៅក្រៅប្រទេស។
កាលពីខែកុម្ភៈ លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការនៃក្រសួងការបទេសកម្ពុជា បានជួបប្រជុំជាមួយលោក Mohamed Bin Abdulla Al-Rumaihi ឧបការីរដ្ឋមន្ត្រីការបរទេសនៃប្រទេសកាតា ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ជូនពលករទៅធ្វើការនៅប្រទេសកាតា៕