ខ្សែភាពយន្តខ្មែរបែបប្រឌិតវិទ្យាសាស្ត្រស្តីពីព្រះពុទ្ធសាសនាមួយ គ្រោងនឹងចាក់បញ្ចាំងជាលើកដំបូង ដើម្បីបើកកម្មវិធីវាយតម្លៃភាពយន្តអន្តរជាតិក្រុង Venice ឬ Venice International Film Critics' Week លើកទី៣៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
ខ្សែភាពយន្តចំណងជើងថា «Karmalink» ស្ថិតក្នុងចំណោមខ្សែភាពយន្តអន្តរជាតិចំនួន ៩ ដែលគ្រោងនឹងចាក់បញ្ចាំងជាលើកដំបូងនៅដើមខែកញ្ញានេះក្នុងប្រទេសអ៉ីតាលី។ កម្មវិធីវាយតម្លៃភាពយន្តអន្តរជាតិក្រុង Venice នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែកញ្ញា ស្របទៅតាមមហោស្រពភាពយន្តអន្តរជាតិក្រុង Venice។
ជាខ្សែភាពយន្តដំបូងរបស់អ្នកដឹកនាំរឿងអាមេរិកាំង លោក Jake Wachtel រឿង «Karmalink» ស្តែងពីទិដ្ឋភាពទីក្រុងភ្នំពេញនាពេលអនាគតខ្លីខាងមុន ដែលក្មេងប្រុសជំទង់ម្នាក់និងក្មេងស្រីពូកែខាងបច្ចេកវិទ្យាជាមិត្តភក្តិ ព្យាយាមដោះស្រាយអាថ៌កំបាំងនៃក្តីសុបិន្តក្នុងអតីតជាតិរបស់ខ្លួនដោយធ្វើដំណើរកាត់ទីក្រុងនិងត្រឡប់ទៅអតីតកាលវិញ។ ផ្អែកលើសេចក្តីសង្ខេបសាច់រឿង ខ្សែភាពយន្ដបែបប្រឌិតវិទ្យាសាស្ត្ររយៈពេល ១០០ នាទីនេះ ស្វែងយល់ពីទស្សនៈព្រះពុទ្ធសាសនា «ដែលព្រមានពីបញ្ហាប្រឈមរបស់សង្គមមួយដែលពោរពេញដោយការពឹងផ្អែកលើបច្ចេកវិទ្យាជ្រុល សភ្ភារៈនិយម និងប្រព័ន្ធទាក់ទងកាន់តែស្អិតរមួត»។
ក្មេងប្រុស Leng Heng Prak ជាតួសម្តែងម្នាក់ក្នុងខ្សែភាពយន្ត «Karmalink»។ (រូបថតដោយ Robert Leitzell)
ក្មេងស្រី Srey Leak Chitth ជាតួសម្តែងម្នាក់ក្នុងខ្សែភាពយន្ត «Karmalink»។ (រូបថតដោយ Robert Leitzell)
លោក Jake Wachtel អ្នកដឹកនាំរឿងនៃខ្សែភាពយន្ត «Karmalink»។ (រូបថតដោយ Jake Starr)
អ្នកដឹកនាំរឿងលោក Jake Wachtel ធំដឹងក្តីនៅទីក្រុង Palo Alto រដ្ឋ California ហើយបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Stanford ផ្នែកចិត្តវិទ្យានិងការសិក្សាភាពយន្ត។ បន្ទាប់ពីមកប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៥ ដើម្បីបង្រៀនការផលិតភាពយន្តដល់កុមារកម្ពុជាក្នុងសង្កាត់ក្តីក្រ លោក Wachtel បានបង្កើតខ្សែភាពយន្ត «Karmalink» ឡើងនៅក្នុងសហគមន៍ដែលលោកបង្រៀន។ ហើយអតីតសិស្សរបស់លោកមួយចំនួនបានបង្ហាញខ្លួនដើរតួនៅក្នុងខ្សែភាពយន្ត «Karmalink» ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដដែល។
ខ្សែភាពយន្ត «Karmalink» ត្រូវបានផលិតដោយផលិតកម្ម Valerie Steinberg ដែលមានមូលដ្ឋានក្នុងទីក្រុង Los Angeles រដ្ឋ California។ ហើយសហផលិតករម្នាក់គឺជាផលិតករភាពយន្តជនជាតិខ្មែរ លោក សុខ វិសាល នៃក្រុមហ៊ុន 802 Films នៅប្រទេសកម្ពុជា។
កម្មវិធីវាយតម្លៃភាពយន្តអន្តរជាតិក្រុង Venice ដែលជាសាខាឯករាជ្យមួយរបស់មហោស្រពភាពយន្តអន្តរជាតិក្រុង Venice បានជ្រើសរើសនិងចាក់បញ្ចាំងខ្សែភាពយន្តថ្មីៗផលិតដោយអ្នកដឹកនាំរឿងទើបតែលេចមុខ មកពីទូទាំងពិភពលោកតាំងពីឆ្នាំ ១៩៨៤៕