គ្រូបង្វឹក​ផ្នែក​សមាធិ​ម្នាក់​នឹង​រត់ចម្ងាយ​៣០០​គីឡូម៉ែត្រ​ដើម្បី​រៃអង្គាស​ប្រាក់​ជួយ​កុមារ​កម្ពុជា

លោក នឹម ឈុន្នី សហស្ថាបនិក និង​នាយកប្រតិបត្តិ​ក្រុមហ៊ុន​បណ្តុះបណ្តាល Vipassa ដែល​នឹង​ធ្វើការ​រត់​​ពី​ភ្នំពេញ​ ទៅ​ខេត្ត​សៀមរាប​ ដើម្បី​រៃអង្គាស​ប្រាក់​ជូន​មន្ទីរពេទ្យ​​កុមារ​​មួយ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃទី​១៥ រហូតដល់​ថ្ងៃទី២៥ ខែ​ធ្នូ​ខាង​មុខ​នេះ។ (ទុំ ម្លិះ/VOA)

លោក នឹម ឈុន្នី​ ជា​គ្រូ​បង្វឹក​ផ្នែក​សមាធិ​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​នៅ​កម្ពុជា។ កាល​ពី​ប្រាំពីរ​ឆ្នាំមុន ក្មួយស្រី​របស់​លោក​មិន​អាច​ដើរ​បាន​ដូច​ធម្មតា ហើយ​មិន​ទទួល​បាន​ការ​ព្យាបាល​ដែល​មាន​ប្រសិទ្ធភាពនោះ​ទេ។ ក្រោយមក​នាងត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​នៅ​ខេត្ត​សៀមរាប។ បន្ទាប់​ពី​ទទួល​បាន​ការ​ព្យាបាល​នៅ​ទីនោះ ក្មួយស្រី​របស់​លោក​បាន​ជា​សះស្បើយ និង​អាច​ដើរ​បាន​ធម្មតា​3ដូច​កុមារ​ដទៃទៀត។

ការណ៍​នេះ​ហើយ​ជា​កត្តា​ជំរុញ​ចិត្ត​លោក​ឲ្យ​សម្រេច​ធ្វើ​ការ​រត់​ដើម្បី​រៃអង្គាស​ប្រាក់​សប្បុរសធម៌​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ ដើម្បី​ «ស្នាម​ញញឹម​ជាមួយ​នឹង​កុមារ និង​ឪពុក​ម្តាយ​កុមារ​ដទៃ​ទៀត»។

លោក នឹម​ ឈុន្នី​ ដែល​ជា​សហស្ថាបនិក​ក្រុមហ៊ុន​បណ្តុះបណ្តាល Vipassa នឹង​ចាប់​ផ្តើម​ការ​រត់​ពី​ទីក្រុង​ភ្នំពេញ​ទៅ​កាន់​ទីរួមខេត្ត​សៀមរាបក្នុង​រយៈពេល​១០​ថ្ងៃ​ ចាប់​ពី​ថ្ងៃទី១៥ ដល់​ថ្ងៃទី២៥ ខែ​ធ្នូ​ ខាង​មុខ​នេះ។ លោក​បាន​ប្រាប់ VOA ថា ​ការ​រត់​នេះ​នឹង​ជា​រឿង​លំបាក​មួយ ប៉ុន្តែ​ជាមួយ​នឹង​ការ​ប្តេជ្ញាចិត្ត លោករំពឹង​ថា នឹង​សម្រេច​វាបាន។

លោក នឹម ឈុន្នី​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «អញ្ចឹង​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ថា រត់​តែ​ម្តង​ ពីព្រោះ​វា​ជា​ការងារ​លំបាក​មួយ។ ហើយ​មួយ​ទៀត​ ខ្ញុំ​គិត​ថា ក្នុង​នាម​ជា​មនុស្ស ទោះ​បី​ជា​កិច្ចការ​លំបាក​យ៉ាងណា​ក៏ដោយ​ឲ្យ​តែ​យើង​ចង់​ធ្វើ​មែនទែន យើង​មាន​សក្តានុពល​ក្នុង​ការ​ធ្វើ​វា»។

​គ្រូ​បង្វឹក​ផ្នែក​សមាធិ​ដែល​មាន​វ័យ ៣៨ឆ្នាំ និង​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​កំពង់​ចាម​បាន​និយាយ​ថា លោក នឹម ឈុន្នី​ សង្ឃឹមថា លោក​នឹង​អាច​រៃអង្គាស​ប្រាក់​ពី​សកម្មភាព​រត់​ដើម្បី​សប្បុរសធម៌​បាន​ចំនួន​មួយ​សែន​ដុល្លារ​អាមេរិក។ លោក​បាន​បន្ត​ថា​ ទឹក​ប្រាក់​សប្បុរសធម៌​ដែល​បាន​ពី​ការ​រត់​នេះ​នឹង​អាច​ជួយ​ព្យាបាល​កុមារ​រាប់​ពាន់​នាក់​នៅ​កម្ពុជា។

លោក នឹម ឈុន្នី​ បាន​ថ្លែង​ទៀត​ថា៖ «គោលបំណង​គឺ​រៃអង្គាស​ថវិកា​ចំនួន​មួយ​សែន​ដុល្លារ។ ហើយ​បើ​តាម​ការ​ជជែក​ពិភាក្សា​ជាមួយ​ពេទ្យ​ទៅ​ មន្ទីរពេទ្យ​កុមារ​អង្គរ​ព្យាបាល​ក្មេង​មួយ​ថ្ងៃ​ពី​៤០០​ទៅ​៥០០​នាក់។ ​ពួកគាត់​អាច​ចំណាយ​ពី​១០​ទៅ​១៥​ដុល្លារ​[ក្នុង​ការ​ព្យាបាល​កុមារ​ម្នាក់]។ ដូច្នេះ​មួយ​សែន​ដុល្លារ​ហ្នឹង​ ខ្ញុំ​គិត​ថា អាច​ជួយ​ក្មេង​បាន​ដល់​ទៅ​រាប់​ពាន់​នាក់»។

អ្នកស្រី​ ស៊ិន កេតអារុណ ប្រធាន​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​ បាន​ប្រាប់​ VOA ថា គម្រោង​ថវិកា​ប្រចាំ​ឆ្នាំ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​មាន​ប្រមាណ​ពី​៦​ទៅ​៦លាន​៥សែន​ដុល្លារ​អាមេរិក។ អ្នកស្រី​បាន​លើកឡើង​ថា បច្ចុប្បន្ន​ មន្ទីរ​ពេទ្យ​នេះ​ទទួល​បាន​ប្រាក់​ជំនួយ​ពី​បរទេស​ចំនួន​៨៥% និង​ទទួល​បាន​ពី​រដ្ឋាភិបាល​កម្ពុជា​ចំនួន​៥%។ ចំណែកឯ​ថវិកា​ចំនួន​១០%​ដែល​នៅ​សេសសល់ មន្ទីរពេទ្យ​ត្រូវ​ប្រឹងប្រែង​ស្វែង​រក​ថវិកា​ដោយ​ខ្លួន​ឯង​តាមរយៈ​ការ​រៃអង្គាស​។​

អ្នកស្រី ស៊ិន ​កេតអារុណ បាន​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​អ្វី​ដែល​ថា​ជា កង្វះខាត​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​គឺ ​យើង​ត្រូវ​ការ​ថវិកា​ដើម្បី​ឲ្យ​មន្ទីរពេទ្យ​មាន​និរន្តភាព​តែ​ម្តង»។

អ្នកស្រី​ ស៊ិន កេតអារុណ បាន​លើក​ឡើង​ទៀត​ថា អ្នកស្រី​ស្គាល់​លោក​ នឹម ឈុន្នី​ ជាង​៦​ឆ្នាំ​មក​ហើយ ​តាមរយៈ​វគ្គ​បង្រៀន​«ភាព​ជា​អ្នក​ដឹកនាំ»​។ នៅ​ពេល​នោះ​អ្នកស្រី​បាន​ណែនាំ​ឲ្យ​លោក​ នឹម ឈុន្នី ​ក្លាយ​ជា​សមាជិក​ក្រុមប្រឹក្សា​ផ្នែក​ទំនាក់ទំនង​សាធារណៈ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ។ ​អ្នកស្រី​សង្ឃឹម​ថា សកម្មភាព​រៃអង្គាស​ប្រាក់​សប្បុរស​ធម៌​នឹង​មាន​ដំណើរការ​ទៅ​ដោយ​រលូន ក្រោម​ការ​តាំងចិត្ត និង​ប្តេជ្ញាចិត្ត​របស់​លោក នឹម ​ឈុន្នី។

លោក​ នឹម ឈុន្នី បាន​លើក​ឡើង​ថា ការ​រត់​ដើម្បី​រៃអង្គាស​ប្រាក់​សប្បុរសធម៌​នេះ​ជា​សកម្មភាព​សប្បុរសធម៌​ដែល​លោក​មាន​គំនិត​ផ្តួចផ្តើម​ដោយ​ខ្លួន​ឯង​ជា​លើកដំបូង ដោយ​មាន​ការ​លើកទឹកចិត្ត​ពី​មិត្តភក្តិ​និង​អ្នក​ស្គាល់គ្នា។ ​ លោកសង្ឃឹម​ថា សកម្មភាព​សប្បុរសធម៌​នេះ​ជា​មធ្យោបាយ​មួយ​ដែល​អាច​ជំរុញ​ឬ​ទាក់ទាញ​សប្បុរសជន​ឲ្យ​ចូលរួម​ចំណែក​ផ្តល់​ការបរិច្ចាគ​ផ្សេងៗ។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «​ខ្ញុំ​ជឿ​ថា ជា​ការ​ជំរុញលើកទឹកចិត្ត​ដល់​បងប្អូនប្រជាពលរដ្ឋ​ដែល​ចង់​ជួយ​អ្នក​ដទៃ ឬ​ចង់​ជួយ​មន្ទីរពេទ្យ​ផ្សេងៗ​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រកម្ពុជា ពីព្រោះ​ខ្ញុំ​ជឿ​ថា វា​ជា​ចរន្ត​មួយ​ដែល​ធ្វើ​ឲ្យ​គាត់​ងាយស្រួល​ក្នុង​ការ​យក​ប្រាក់​ទៅ​ឧបត្ថម្ភ​តាម​មន្ទីរពេទ្យ​ផ្សេងៗ»។

លោក​ មាស​ សំណាង ដែល​ជា​ជើងឯក​ខាង​ប្រណាំង​កង់​មួយ​រូប​ ប្រាប់ VOAថា លោក​ស្គាល់​លោក ​នឹម ឈុន្នី ​អស់​រយៈពេល​ជាង​១៥​ឆ្នាំ​មក​ហើយ​។ លោក ​មាស សំណាង គាំទ្រ​សកម្មភាព​រៃអង្គាស​ប្រាក់​សប្បុរសធម៌ ដែល​លោក​ នឹម ឈុន្នី​ បាន​ផ្តួចផ្តើម​ឡើង។

លោក មាស​ សំណាង ​បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា គំនិត​របស់​គាត់​គឺ​ល្អ​មែនទែន។ ​គាត់​យក​បេះដូង​របស់​គាត់​ហ្នឹង​ទៅ​រក​លុយ​ដើម្បី​ជួយ​ក្មេង​មាន​ជំងឺ​ផ្សេងៗ​។ ដូច​ពេទ្យ​នៅ​ស្រុក​ខ្មែរ​យើង​ ភាគច្រើន​គាត់​អស់​លុយ​ច្រើន។ អញ្ចឹង​គាត់​យក​បេះដូង​គាត់​ហ្នឹង​រៃអង្គាស​ប្រាក់​តាម​មិត្តភក្តិ ឬ​អ្នក​នៅ​ជុំវិញ​ពិភពលោក​ហ្នឹង​ ដើម្បី​ទៅ​បរិច្ចាគ​ឲ្យ​មន្ទីរពេទ្យ​កុមារ​អង្គរ»។

ជើងឯក​ខាង​ប្រណាំង​កង់​ លោក មាស​ សំណាង ​នឹង​រួម​ដំណើរ​ជាមួយ​លោក នឹម ឈុន្នី ​នៅ​ក្នុង​ការ​រត់​រៃអង្គាសប្រាក់​សប្បុរសធម៌​នេះ ដោយ​លោក​នឹង​ជិះ​នាំ​ផ្លូវ​ខាង​មុខ។

លោក មាស​ សំណាង ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​ចំណែក​ពី​សាធារណជន​ក្នុង​សកម្មភាព​សប្បុរសធម៌​នេះ​ដើម្បី​បុព្វហេតុ​កុមារ​កម្ពុជា​ផងដែរ៕