ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​មន្ទីរ​ពេទ្យ​កុមារជាតិ​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ពី​បទ​​​«ធ្វេស​ប្រហែស​ឲ្យ​កុមារ​ស្លាប់»


កុមារ​ជាច្រើន​នាក់​ដែល​មាន​ជំងឺ​គ្រុនឈាម កំពុង​សម្រាក​ទទួល​ការ​ព្យាបាល​នៅមន្ទីរពេទ្យគន្ធបុប្ជាភ្នំពេញ។ (ធីតា វីន/VOA)

សាលា​ដំបូង​រាជធានីភ្នំពេញ​បាន​កោះ​ហៅ​អ្នក​ទទួល​ខុស​ត្រូវ​​នៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ឲ្យ​ចូល​បំភ្លឺ​ទាក់​ទឹង​ការ​ស្លាប់​របស់​កុមារ​ម្នាក់​ដែល​មាន​ជំងឺ​គ្រុន​ឈាម។ អ្នក​ទទួល​ខុសត្រូវ​រូប​នោះ​បាន​ច្រាន​ចោល​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​នៃ​កុមារ​រង​គ្រោះ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កោះ​ហៅ ​ប្រធាន​មន្ទីរ​ពេទ្យ​កុមារ​ជាតិនិង​វេជ្ជបណ្ឌិត​មួយរូប​ផ្សេង​ទៀត​ឲ្យ​ចូលបំភ្លឺ​នៅ​សប្តាហ៍​ក្រោយ​ ទាក់​ទិន​នឹង​ការ​ស្លាប់​របស់​កុមារ​ម្នាក់​កាល​ពី​ខែមិថុនា។​

លោក អ៊ុំ សុភក្តិ ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​កោះអញ្ជើ​ញ​ លោក​វេជ្ជបណ្ឌិត ញឹប អង្គារ​បុស្ស ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ​និង​លោក​វេជ្ជបណ្ឌិត សរ ច័ន្ទចិត្រា​ ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​តុលាការនៅ​ថ្ងៃទី​១៧ កក្កដា សប្តាហ៍​ក្រោយ​ក្រោម​បទ​សង្ស័យថា​ វេជ្ជ​បណ្ឌិត​ទាំង​ពីររូប​បង្ក​ការ«ធ្វេស​ប្រហែល​ធ្វើ​ឲ្យ​កុមារ​ស្លាប់»។

ដីកា​កោះ​នេះ​ធ្វើ​ឡើងតាម​បណ្តឹង​របស់​ លោក ហៃ ឡុង​ និង​អ្នក​នាង​ ចោម ស្រីពៅ​ ​កាល​ពីពាក់​កណ្តាល​ខែ​មិថុនា បន្ទាប់​ពី​កូន​ប្រុស​របស់ប្តី​ប្រពន្ធ​ទាំង​ពីរនាក់ដែល​មាន​អាយុ​១៦ខែ​ បាន​ស្លាប់​ក្នុង​ពេល​កំពុង​ព្យាបាល​នៅមន្ទីរ​ពេទ្យ​កុមារ​ជាតិ។

ក្រោ​យ​ពីមានការ​ដាក់​បណ្តឹង​នោះ មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ក៏​បាន​ចេញ​លិខិត​ឆ្លើយ​បំភ្លឺ​ភ្លាមៗ​ផងដែរ។ ​លិខិត​ឆ្លើយ​តប​នោះ ​បាន​សរសេរ​រ៉ាយរ៉ាប់​អំពី​សភាព​ជំងឺ​របស់​កុមារា​រង​គ្រោះដែល​រឹតរួត​ដោយ​ជំងឺ​ច្រើន​មុខ រួម​មាន​ជំងឺគ្រុនឈាម​ ហើម​សួត​ និង​ ជំងឺ EV71។​ ជំងឺ​ច្រើន​មុខ​នេះ​ហើយ​ដែល​បណ្តាល​ឲ្យ​កុមារ​រង​គ្រោះស្លាប់​បាត់​បង់​ជីវិត។ នេះ​បើ​ផ្អែក​តាម​ការ​ពន្យល់​របស់​មន្ទីរពេទ្យ​កុមារជាតិ។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ កំពុង​បំពេញ​ការងារ​នៅ​មន្ទីរពេទ្យកុមារជាតិ រាជធានី​ភ្នំពេញ។ (ធីតា វីន/VOA)
លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ កំពុង​បំពេញ​ការងារ​នៅ​មន្ទីរពេទ្យកុមារជាតិ រាជធានី​ភ្នំពេញ។ (ធីតា វីន/VOA)

មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​អង្គារ​នេះលោកវេជ្ជបណ្ឌិត ញឹប អង្គារ​បុស្ស​ ​ប្រធាន​មន្ទីរ​ពេទ្យ​កុមារ​ជាតិ លើកឡើង​ថា​ កុមារ​រង​គ្រោះ​មាន​សភាព​ធ្ងន់​ធ្ងរ​មិន​អាច​សង្គ្រោះ​បាន។​

«យើង​បាន​ប្រឹង​ប្រែង​ទៅ​តាម​អ្វី​ ដែល​យើង​អាច​ធ្វើ​បាន​ហើយ​ការ​ស្លាប់​របស់​គាត់​ជា​រឿង​របស់​គាត់ ជា​រឿង​ជំងឺ​របស់​គាត់។ អ៊ីចឹង​មិនមែន​រាល់​តែ​ការ​ស្លាប់ សុទ្ធ​តែ​យើង​ត្រូវ​ទាមទារ​ឲ្យ​មន្ទីរ​ពេទ្យ​សងមន្ទីរ​សង​របៀប​ម៉េច​បាទវា​អត់​ត្រូវ»។

ទោះជា​យ៉ាង​ណា​លោក​ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ​អះអាង​ថា​ លោក​នឹង​ចូល​ខ្លួន​បំភ្លឺ​តាម​ដីកា​កោះ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ពុធសប្តាហ៍​ក្រោយ។

វីអូអេ​ មិនអាច​សុំ​ការ​អធិប្បាយ​ពីលោក អ៊ី រិន្ទ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ឡើយ​ ដោយសារ​លោក​កំពុង​ប្រជុំ។ហើយ​លោក​ស្រីឱ វណ្ណឌីន អគ្គនាយក​បច្ចេក​ទេស​សុខា​ភិបាល​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខា​ភិបាល​ក៏​មិន​អាច​ទាក់​ទងបាន​ផង​ដែរ​នៅ​ថ្ងៃ​នេះ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG