អង្គការ​តម្លាភាព៖ ​កម្ពុជា​នៅ​តែ​ជា​ប្រទេស​ពុក​រលួយ​ជាង​គេ​​​នៅ​អាស៊ាន​ក្នុង​ឆ្នាំ​២០១៦​

របាយការណ៍​ស្តី​ពី​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​នៅ​ឆ្នាំ​២០១៦ ​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​ ដែល​មាន​ស្នាក់​ការ​នៅ​ទី​ក្រុង​ប៊ែរឡាំង ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃទី​២៥ ខែ​មករា​ ឆ្នាំ​២០១៧​។ (ហ៊ាន សុជាតា​/ VOA)

កម្ពុជា​ជា​ប្រទេស​មាន​អំពើ​ពុក​រលួយ​​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ឆ្នាំ​២០១៦។ នេះ​បើ​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ពុធ​នេះ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​ (Transparency International) ដែល​មាន​ស្នាក់ការ​នៅ​ទី​ក្រុង​ប៊ែកឡាំង​ ប្រទេស​អាល្លឺម៉ង់។

របាយការណ៍​ស្តី​ពី​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​នៅ​ឆ្នាំ​២០១៦​ បាន​វាយ​តម្លៃ​ថា​ កម្ពុជា​ទទួល​បាន​២១​ពិន្ទុ​ ​លើ​ ១០០​ពិន្ទុ​ និង ​ទទួល​បាន​ចំណាត់​ថ្នាក់​ទី​ ១៥៦​ ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៧៦ ​ដែលត្រូវគេ​បាន​សិក្សា។

ការដាក់​ពិន្ទុ​ និង​ចំណាត់​ថ្នាក់​នេះ​ធ្វើ​ឡើង​ដោយ​ការសិក្សា​ផ្អែក​លើ​កម្រិត​នៃ​អំពើ​ពុករលួយ​ក្នុង​វិស័យ​សាធារណៈ​ បង្ហាញ​ថា​ កម្ពុជា​នៅ​តែ​ជា​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ខ្លាំង​ដដែល។​ ប្រទេស​ដ៏​ក្រីក្រ​នេះ​ ទទួល​បាន​២១​ពិន្ទុ​ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​ បន្ទាប់​ពី​ប្រទេស​នេះ​ធ្លាប់​ទទួល​បាន ​២២​ពិន្ទុ​កាល​ពី​ឆ្នាំ​២០១២​ និង​ធ្លាក់​មក​ត្រឹម​២០​ពិន្ទុ​ក្នុង​ឆ្នាំ​២០១៣។

​ប្រទេស​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​គឺ​ជា​ប្រទេស​ដែល​មាន​កម្រិត​នៃ​អំពើ​ពុក​រលួយ​ទាប។​ ហើយ​ផ្ទុយ​មក​វិញ​ប្រទេស​ដែល​ទទួល​បាន​ពិន្ទុ​ទាប​ដូច​ជា​ប្រទេស​កម្ពុជា​ជាដើម ​គឺ​ជា​ប្រទេស​ដែល​មាន​កម្រិត​នៃ​អំពើ​ពុក​រលួយ​ខ្ពស់។​ នេះ​បើ​យោង​តាម​ការ​បក​ស្រាយ​របស់​អង្គការ​តម្លាភាព​កម្ពុជា។

អ្នក​ជំនាញ​លើក​ឡើង​ថា​ លទ្ធផល​នេះ​ បង្ហាញថា​ កម្ពុជា​មិន​ទាន់​បាន​ធ្វើ​កំណែ​ទម្រង់​ចំ​គោលដៅ​សំខាន់ៗ​ដើម្បី​លុប​បំបាត់​អំពើ​ពុករលួយ​នោះ​ទេ។​

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ លោក​ ព្រាប​ កុល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា មើល​ឃើញ​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​កាត់​បន្ថយ​អំពើ​ពុករលួយ​បាន​នៅ​ក្នុង​វិស័យ​ខ្លះ​ ក៏​ប៉ុន្តែ ការ​កែ​ទម្រង់​នេះ​ នៅ​យឺត​ និង​តិចតួច​នៅ​ឡើយ។​ ​

លោក​ ព្រាប​ កុល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ នៅក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ស្តី​ពី​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​នៅ​ឆ្នាំ​២០១៦​ ក្នុង​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃទី​២៥ ខែ​មករា​ ឆ្នាំ​២០១៧​។ (ហ៊ាន សុជាតា​/ VOA)

លោក​ ព្រាប​ កុល បញ្ជាក់​ថា៖​

«មាន​ន័យ​ថា​ កម្ពុជា​មិន​ទាន់​បាន​កែ​ទម្រង់​ចំ​គន្លឹះ​សំខាន់ៗ​គ្រប់គ្រាន់​ដើម្បី​ផ្លាស់​ប្តូរ​ការ​យល់ឃើញ​របស់​អ្នក​ជំនាញ​ទេ។​ បើ​សិន​យើង​មើល​ពី​ការ​ប្រែ​ប្រួល​មាន​ហើយ​ នៅ​លើ​វិស័យ​ខ្លះ​ ប៉ុន្តែ​គន្លឹះ​អត់​ទាន់​មាន​ទេ។ កាល​ណា​មាន​ការ​ផ្លាស់​ប្តូរ​ជា​គន្លឹះ​ពិន្ទុ​ ក៏​ប្រែប្រួល​ចំណាត់​ថ្នាក់​ក៏​ប្រែប្រួល»។

លោក​ ព្រាប កុល​ លើក​ឡើង​ថា​ វិស័យ​មួយ​ចំនួន​នៅ​កម្ពុជា​ ​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន ដូច​ជា​ចំណូលពន្ធ​រដ្ឋ​មាន​ការ​កើន​ឡើង​ជិត​២០%​ ក្នុង​រយៈពេល​៣ឆ្នាំ​ចុង​ក្រោយ​ និង​សកម្មភាព​ពុករលួយ​ក្នុង​វិស័យ​អប់រំ​មាន​ការ​ថយ​ចុះ​ជាដើម។​

ក៏​ប៉ុន្តែ​លោក​ ព្រាប កុល​ មើល​ឃើញ​ថា ​ប្រព័ន្ធ​យុត្តិធម៌​ ​សេវា​សាធារណៈ​ជា​ពិសេស​សេវា​សុខាភិបាល គ្រួសារ​និយម​ និង​បញ្ហា​ពុករលួយ​នយោបាយ​ គឺ​ជា​បញ្ហា​សំខាន់ៗ​ដែលអំពើ​ពុករលួយ​នៅ​តែ​ជា​បញ្ហា​ធ្ងន់ធ្ងរ​គួរ​ឲ្យ​បារម្ភ។​

«ដូច្នេះនៅ​ពេល​ដែល​កម្ពុជា​អត់​ទាន់​មាន​តុលាការ​ពាណិជ្ជកម្ម​ ប្រព័ន្ធ​យុត្តិធម៌ ក្រុមហ៊ុន​ធំៗដែល​នៅ​សហរដ្ឋ​អាមេរិក​ ឬ​នៅ​អឺរ៉ុប​គាត់​ញញើត​ក្នុង​ការ​ដាក់ទុន​វិនិយោគ​ ដែល​ជា​ការ​ខាត​បង់​របស់​ប្រទេស​យើង​មួយ»។​

លោក​ ព្រាប​ កុល​ បន្ថែម​ថា​ ការ​បោះឆ្នោត​ឃុំ​សង្កាត់​ និង​ ការ​បោះឆ្នោត​សាកល​ នា​ពេល​ខាង​មុខ​នេះ គឺ​ជា​ឱកាស​ឲ្យ​អ្នក​នយោបាយ​បង្ហាញ​ឆន្ទៈ​ខ្លួន​ក្នុង​ការ​លុប​បំបាត់​អំពើ​ពុករលួយ​ក្នុង​សង្គម។

សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​ (CPI) ​បាន​ដាក់​ពិន្ទុ​និង​ចំណាត់​ថ្នាក់​ប្រទេស​ទៅ​តាម​កម្រិត​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​សាធារណៈ​របស់​រដ្ឋ។ របាយការណ៍​ស្តី​ពី​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​នៅ​ឆ្នាំ​២០១៦​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​ប្រមូល​ទិន្នន័យ​រយៈ​ពេល​១ឆ្នាំ​ ពីអង្គការ​អន្តរជាតិ​ចំនួន​៨​ ជា​អាទិ៍​ ធនាគារ​ពិភពលោក​ និង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ជា​ដើម។

សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​ (CPI)​ បង្ហាញ​ថា​ ប្រទេស​ដាណឺម៉ាក ​New Zealand ​និង ​ប្រទេស​ហ្វាំងឡង់​ នៅ​តែ​រក្សា​បាន​ចំណាត់​ថ្នាក់ជាប្រទេស​ដែល​ស្អាត​ស្អំ​បំផុត​ក្នុង​ពិភពលោក។ ដោយ​ឡែក​ប្រទេស​សិង្ហបុរី​ នៅ​តែ​ជា​ប្រទេស​ស្អាត​ស្អំ​នាំ​មុខ​គេ​ក្នុង​តំបន់។


ថ្លែង​មក​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ លោក​ ចេវ គឹមហេង​ ជា​សមាជិក​គណៈកម្មការ​អង្កេត​ បោសសំអាត​ និង​ប្រឆាំង​អំពើ​ពុករលួយ មក​ពី​គណបក្ស​ប្រជាជន​ ទទួល​ស្គាល់​ថា​ កម្ពុជា​ពិត​ជា​មាន​ចំណុច​ខ្វះ​ខាត​ចំពោះ​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ។ ហើយ​លោក​ថា​ ទិន្នន័យ​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​នេះ​ជា​អ្វី​ដែល​កម្ពុជា​ត្រូវ​យក​ទៅ​ពិចារណា។​

«ហើយ​ចំណុច​ខ្វះ​ខាត​ ក៏​យើង​ទទួល​ស្គាល់​ថា​មាន ដូច្នេះ​យើង​មាន​តែ​ខិត​ខំ​បន្ថែម​ទៀត ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។​ ហើយ​ទិន្នន័យ​ដែល​គាត់​ឲ្យ​នេះ​ គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​យក​ទៅ​ពិចារណា​ដែរ»។

លោក នុត​ រំដួល​ ​តំណាងរាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​សមាជិក​គណៈកម្មការ​ដដែល​នេះ​ អះអាង​ថា​ ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ភាគ​ច្រើន​កើត​មាន​ឡើង​នៅ​ថ្នាក់​ក្រោម​ជាតិ។ លោក​បន្ត​ថា​ គណៈកម្មការនេះ​ មាន​តួនាទី​ប្រមូល​ព័ត៌មាន​ រួច​បញ្ចូន​បន្ត​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ជា​អង្គភាព​សាមី​ដើម្បី​ដោះ​ស្រាយបញ្ហា​អំពើ​ពុករលួយ។​

តំណាងរាស្ត្រ​រូប​នេះ​ថ្លែង​ថា៖

«តាម​ការ​ពិនិត្យ​មើល​របស់​ខ្ញុំ​ មើល​ឃើញ​រដ្ឋាភិបាល​ខំ​ប្រឹង​ណាស់​ ប្រឹង​ផ្តល់​យោបល់​ទៅ​ថ្នាក់​ក្រោម​ ថ្នាក់​ក្រោម​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ស្តាប់។ ឥឡូវប្រពឹត្ត​ភាគ​ច្រើន​ថ្នាក់​ក្រោម​វិញ​ទេ»។

អំពើ​ពុក​រលួយ​បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ថវិកា​ជាតិ​ប្រមាណ​១,៧​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ឬ​ស្មើ​នឹង​១០​ភាគ​រយ​នៃ​ផលិតផលសរុប ​(GDP)។​ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​ដោយ ​អង្គការ ILO ដែល​បាន​ដក​ស្រង់​របាយការណ៍​នេះ​ចេញ​ពីវេទិកា​សេដ្ឋកិច្ច​ពិភព​លោក​កាល​ពី​ឆ្នាំ​២០១៤៕