អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជា លើកឡើងថា ពលរដ្ឋខ្មែរ ត្រូវតែបង្ហាញការគាំទ្របេក្ខជននយោបាយឬមន្ត្រីសាធារណៈស្អាតស្អំ ដែលហ៊ានប្ដេជ្ញាប្រឆាំងនឹងអំពើពុករលួយ ប្រសិនបើ ពួកគេចង់ឃើញការផ្លាស់ប្ដូរស្ថានភាពពុករលួយនៅកម្ពុជា។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានថ្លែងបែបនេះ នៅក្នុងកម្មវិធី «Hello VOA» កាលពីថ្ងៃព្រហស្បតិ៍ទី ១៥ ខែធ្នូ ឆ្នាំ២០១៥។
«កុំគាំទ្រជនពុករលួយ ដើម្បីដាក់សម្ពាធដល់អ្នកនយោបាយ ឲ្យកែប្រែ»។
ប្រទេសកម្ពុជា ត្រូវបានចាត់ចំណាត់ថ្នាក់ថា ជាប្រទេសដែលពុករលួយខ្លាំងជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមអង្គការតម្លាភាពអន្តរជាតិ។
ខណៈប្រទេសនេះ កំពុងត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួននៅពាក់កណ្ដាលឆ្នាំក្រោយ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨ អ្នកវិភាគខ្លះ លើកឡើងថា នេះគឺជាឱកាសដែលពលរដ្ឋខ្មែរ អាចដាក់សម្ពាធដល់អ្នកនយោបាយដែលចូលរួមប្រកួតប្រជែងដើម្បីតំណែងដឹកនាំ ឲ្យប្ដេជ្ញាប្រឆាំងអំពើពុករលួយដែលបាននិងកំពុងញាំញីសង្គមកម្ពុជា អស់រយៈពេលជាច្រើនទសវត្សមកហើយ។
លោក ព្រាប កុល ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងថា ទោះបីជាគ្មាននរណាម្នាក់ អាចចាប់ដៃពលរដ្ឋឲ្យគូសសន្លឹកឆ្នោតគាំទ្របេក្ខជននយោបាយណាមួយក៏ដោយ ក៏ពួកគេ មានសិទ្ធិក្នុងការសម្រេចជ្រើសរើសអ្នកតំណាងឬអ្នកដឹកនាំស្អាតស្អំបាន ប្រសិនបើពួកគេចង់ឲ្យមានការកែប្រែស្ថានភាពនៃអំពើពុករលួយនៅក្នុងប្រទេសរបស់ខ្លួននោះ។
មុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិមុន កាលពីឆ្នាំ២០១៣ អង្គការតម្លាភាពកម្ពុជា បានបង្កើតកម្មវិធី ជំរុញឲ្យគណបក្សនយោបាយដែលប្រកួតប្រជែងគ្នា ចុះហត្ថលេខាគាំទ្រការប្ដេជ្ញាចិត្តប្រឆាំងអំពើពុករលួយ។
លោក ព្រាប កុល ថ្លែងថា អង្គការរបស់លោក នឹងរៀបចំឲ្យមានកម្មវិធីបែបនេះទៀត នៅមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨ ដើម្បីធ្វើជាសក្ខីភាពដល់ពលរដ្ឋឲ្យមើលឃើញថាតើអ្នកនយោបាយណាខ្លះ ដែលហ៊ានប្រកាសថាខ្លួននឹងមិនប្រព្រឹត្ត ហើយប្ដេជ្ញាប្រឆាំងអំពើពុករលួយនោះ៕