ជនភៀសខ្លួនផ្នែកនយោបាយពីកម្ពុជានៅថៃនិយាយថាពួកគេកំពុងរស់នៅដោយភាពភ័យខ្លាចបន្ទាប់ពីមានការចាប់បញ្ជូនខ្លួនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់មកលើជនភៀសខ្លួនដូចពួកគេពីសំណាក់អាជ្ញាធរថៃនៅក្នុងរយៈពេលមួយខែកន្លងមកនេះ។
ថៃបានចាប់ខ្លួនពលរដ្ឋកម្ពុជាចំនួនប្រាំនាក់ដែលបានចុះឈ្មោះក្នុងបញ្ជីរបស់ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ចាប់តាំងពីដើមខែវិច្ឆិកាមក និងបង្ខំពលរដ្ឋ៤នាក់ក្នុងចំណោមនោះវិលត្រឡប់មកកម្ពុជា ជាទីដែលពួកគេត្រូវបានចាប់ខ្លួនភ្លាមៗ តាមដីកាតុលាការដែលមានពីមុនមកស្រាប់។ ជនភៀសខ្លួនទីប្រាំព្រះតេជគុណ បូរ បេត ត្រូវបានដោះលែងឲ្យនៅក្រៅឃុំនៅប្រទេសថៃហើយក្រោយមកបានទទួលសិទ្ធិជ្រកកោននៅប្រទេសទី៣។
មជ្ឈមណ្ឌលសម្រាប់ការការពារជនសុំសិទ្ធិជ្រកកោន ដែលជាអង្គការគាំពារសិទ្ធិនិងផ្តល់ជំនួយផ្លូវច្បាប់មួយនៅប្រទេសថៃ បាននិយាយថា នេះជាការចាប់បញ្ជូនខ្លួនជនភៀសខ្លួនកម្ពុជាយ៉ាងលឿនបំផុតមួយពីប្រទេសថៃ ចាប់តាំងពីថៃនិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីឆ្នាំ ២០១៨ ដើម្បីដោះដូរ «ជនល្មើសរត់គេខ្លួចទៅបរទេស» ដែលប្រើប្រាស់ប្រទេសថៃ ឬកម្ពុជាជាមូលដ្ឋានដើម្បី«បង្កចលាចលនិងការញុះញង់»។
លោក ណារិទ្ធ សមាជិកមួយរូបនៃគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយដែលសុំមិនបញ្ចេញឈ្មោះពេញរបស់លោកបានថ្លែងប្រាប់វីអូអេតាមទូរសព្ទពីទីតាំងមិនបញ្ជាក់ច្បាស់មួយនៅថៃថា៖ «មកទល់ពេលនេះយើងមិនមានអារម្មណ៍ថាមានសុវត្ថិភាពនោះទេពីព្រោះតែព្រឹត្តិការណ៍វិវត្តនាពេលថ្មីៗនេះដែលបានកើតមានមកលើសហការីរបស់យើងដែលត្រូវប៉ូលិសថៃចាប់ខ្លួននិងបញ្ជូនមកកម្ពុជា»។
អ្នករៀបចំកម្មវិធីឲ្យគណបក្សសង្រ្គោះជាតិរូបនេះបានគេចខ្លួនទៅប្រទេសថៃកាលពីឆ្នាំមុន ស្របពេលត្រូវបានតុលាការកម្ពុជាដាក់ឲ្យនៅក្រៅឃុំពីបទឃុបឃិតទម្លាក់រដ្ឋាភិបាលចេញពីអំណាច ដែលជាបទចោទប្រកាន់មួយលោកបានបដិសេធ។ លោកណារិទ្ធបានលើកឡើងថា លោកបានផ្លាស់ប្តូរទីតាំងចំនួនបីលើកមកហើយចាប់តាំងពីមានការចាប់ខ្លួនជនភៀសខ្លួនពីកម្ពុជាចុងក្រោយបង្អស់។
ព័ត៌មានទាក់ទង៖ ព្រះសង្ឃខ្មែរដែលអាជ្ញាធរថៃដោះលែង ចាកចេញទៅប្រទេសស្វីសដោយសារបារម្ភពីការបញ្ជូនមកកម្ពុជាវិញ ព័ត៌មានទាក់ទង៖ ព្រះសង្ឃខ្មែរមួយអង្គត្រូវបានប៉ូលិសថៃចាប់ផ្សឹក ខណៈមានការបារម្ភអំពីការបញ្ជូនមកកម្ពុជាជីវិតផុយស្រួយ
តុលាការកំពូលកម្ពុជាបានរំលាយគណបក្សសង្រ្គោះជាតិកាលពីឆ្នាំ ២០១៧ ពាក់ព័ន្ធនឹងផែនការទម្លាក់រដ្ឋាភិបាលពីអំណាចដែលជាចំណាត់ការមួយត្រូវបានគេយល់ឃើញជាទូទៅនៅកម្ពុជានិងនៅក្រៅប្រទេសថាដោយហេតុផលនយោបាយ។ សាលក្រមនេះត្រូវបានធ្វើឡើង ខណៈពេលមានការបង្រ្កាបពីសំណាក់រដ្ឋាភិបាលមកលើសហជីពអង្គការសិទ្ធិមនុស្សនិងបណ្តាញផ្សព្វផ្សាយឯករាជ្យហើយបានកម្ចាត់ចោលនូវគណបក្សដែលមានសមត្ថភាពប្រជែងនឹងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលបានដឹកនាំប្រទេសអស់រយៈពេលជាង ៣៥ឆ្នាំកន្លងមកនេះដោយការគ្រប់គ្រងអំណាចកាន់តែរឹងមាំជាងមុន។
សេចក្តីសម្រេចរបស់តុលាការកម្ពុជាបានរកឃើញថាលោកណារិទ្ធ និងមនុស្សមួយចំនួនទៀតមានទោសជុំវិញការធ្វើយុទ្ធនាការដើម្បីទម្លាក់លោកហ៊ុន សែនចេញពីតំណែងក្រោមស្លាកគណបក្សសង្រ្គោះជាតិ។ ហើយតុលាការបានចេញដីកាចាប់ខ្លួនសមាជិកមួយចំនួននៃគណបក្សនេះ។
លោក ណារិទ្ធ បានប្រាប់វីអូអេថាសមាជិកគណបក្សសង្រ្គោះជាតិជាង ៦០នាក់កំពុងស្ថិតនៅប្រទេសថៃ ចាប់តាំងពីរត់ភៀសខ្លួនចេញពីកម្ពុជាក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។
លោកបានបន្តថាលោកនិងសមាជិកដទៃទៀតធ្លាប់បានជាប់ទោសនៅក្នុងពន្ធនាគារដែលមានមនុស្សកកកុញនៅកម្ពុជាចំពោះសកម្មភាពផ្នែកនយោបាយរបស់ពួកគេ ហើយថាប្រសិនបើពួកគេត្រូវបានបង្ខំឲ្យត្រឡប់ទៅកម្ពុជាវិញលោកបាននិយាយថា៖ «ពួកគេនឹងចាប់យើងដាក់គុកសាជាថ្មីមិនខាន»។
ដោយព្រួយបារម្ភពីការចាប់ខ្លួនពីសំណាក់ប៉ូលិសថៃលោកណារិទ្ធបាននិយាយថាជនភៀសខ្លួនភាគច្រើនបានផ្លាស់ប្តូរកន្លែងស្នាក់អាស្រ័យជាបន្តបន្ទាប់ក្នុងរយៈពេលមួយខែកន្លងមកនេះដោយផ្លាស់ប្តូរទម្លាប់របស់ពួកគេនិងកាត់បន្ថយការហៅទូរសព្ទនិងការបង្ហោះសារលើបណ្តាញសង្គម។ លោកបានថ្លែងថា៖ «យើងត្រូវមានការប្រយ័ត្នប្រយែងក្នុងការប្រើទូរសព្ទអ៊ីនធឺណិត និងអ្វីដូចនេះ»។
ព័ត៌មានទាក់ទង៖ អ្នកពាក់ព័ន្ធរិះគន់ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងជ្រកកោននៅថៃ ហើយបញ្ជូនមកឃុំខ្លួននៅកម្ពុជាក្រុមជនភៀសខ្លួនបានប្រាប់ VOA ថាពួកគេជឿថា ពួកគេកំពុងត្រូវបានឃ្លាំមើលតាមដាន និងថតរូបនៅប្រទេសថៃសូម្បីតែមុនពេលមានការចាប់ខ្លួនចុងក្រោយបង្អស់នេះមកម្ល៉េះ។
សមាជិកគណបក្សសង្រ្គោះជាតិមួយរូបទៀតដែលកំពុងលាក់ខ្លួននៅប្រទេសថៃហើយសុំមិនបញ្ចេញឈ្មោះបាននិយាយថា៖ «ខ្ញុំបានដូរកន្លែងរួចរាល់ហើយដោយសារតែខ្ញុំគិតថាកន្លែងចាស់មិនមានសុវត្ថិភាព»។
យ៉ាងណាក្តីលោកបានបន្តថា៖ «ខ្ញុំមិនមានអារម្មណ៍ថា មានសុវត្ថិភាពនោះទេរាល់ថ្ងៃនេះ។ យើងមិនដឹងនៅពេលណាដែលប៉ូលិសថៃនឹងចាប់ខ្លួននរណាហើយយើងត្រូវគេចាប់ដាក់គុកនោះទេ»។
លោកឈុន សិទ្ធីអតីតក្រុមប្រឹក្សាឃុំសង្កាត់នៃគណបក្សសង្រ្គោះជាតិដែលកំពុងលាក់ខ្លួននៅប្រទេសថៃបាននិយាយថាលោកមានដីការង់ចាំចាប់ខ្លួនលោកនៅកម្ពុជាចំពោះការបន្តគាំទ្រគណបក្សសង្រ្គោះជាតិហើយលោកប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ប្រសិនបើត្រូវបង្ខំឲ្យត្រឡប់ទៅវិញ។
លោកបានផ្លាស់ប្តូរកន្លែងស្នាក់អាស្រ័យឈប់រៀនថ្នាក់ភាសាអង់គ្លេសដើម្បីលាក់ខ្លួននៅក្នុងផ្ទះ ហើយផ្អាកការនិយាយក្នុងកម្មវិធីពិភាក្សាតាមប្រព័ន្ធអនឡាញអំពីកម្ពុជា។
លោកបានថ្លែងថា៖ «ខ្ញុំភ័យខ្លាចថា ប្រសិនបើពួកគេបញ្ជូនសហការីរបស់ខ្ញុំទៅកម្ពុជាពួកគេក៏នឹងបញ្ជូនខ្ញុំផងដែរ»។
ព័ត៌មានទាក់ទង៖ ការិយាល័យ UNHCR ស្វះស្វែងរកការបកស្រាយពីថៃអំពីការបញ្ជូនជនភៀសខ្លួនខ្មែរជាលើកទីបីសិទ្ធិជនភៀសខ្លួន
លោកណារិទ្ធបាននិយាយថាភាគច្រើននៃជនភៀសខ្លួនកម្ពុជានៅថៃបានឆ្លងដែនដោយខុសច្បាប់ដើម្បីបញ្ចៀសពីការចាប់ខ្លួននៅតម្រួតព្រំដែន។ ប៉ុន្តែចាប់តាំងពីមកដល់លោកបានបន្ថែមថាពួកគេសឹងតែទាំងអស់បានចុះឈ្មោះជាមួយនឹងទីភ្នាក់ងារ UNHCR និងទទួលបានការទទួលស្គាល់ជាជនភៀសខ្លួន។
មជ្ឈមណ្ឌលសម្រាប់ការការពារជនសុំសិទ្ធិជ្រកកោនលើកឡើងថា ការទទួលស្គាល់នេះអាចជួយពួកគេបញ្ចៀសពីការបង្ខំឲ្យវិលត្រឡប់ទៅកម្ពុជាវិញ ជាទីដែល អង្គការនេះនិយាយថា ពួកគេមានឱកាសតិចតួចក្នុងការទទួលបានការកាត់ក្តីដោយយុត្តិធម៌។
អ្នកស្រី Rawitsara Piakhuntod មន្រ្តីប្រចាំនៅអង្គការខាងលើនេះបាននិយាយថា៖ «ពួកគេទាំងអស់ត្រូវបានទទួលស្គាល់ជាជនភៀសខ្លួន ដូច្នេះយ៉ាងហោចណាស់សម្រាប់ជនភៀសខ្លួន រដ្ឋាភិបាលថៃត្រូវការពារពួកគេពីការបញ្ជូនត្រឡប់ទៅវិញ»។
ទោះបីជាថៃមិនបានចុះហត្ថលេខាលើអនុសញ្ញាស្តីជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិក៏ដោយទីភ្នាក់ងារ UNHCR និយាយថាប្រទេសនេះមានកាតព្វកិច្ចទៅនឹងច្បាប់អន្តរជាតិដែលហាមឃាត់រដ្ឋាភិបាលបណ្តាប្រទេសនានាក្នុងការបញ្ជូនមនុស្សត្រឡប់ទៅប្រទេសដែលទំនងនឹងធ្វើទុក្ខបុកម្នេញមកលើពួកគេតាមរយៈសន្ធិសញ្ញាផ្សេងៗទៀតដែលប្រទេសថៃផ្ទាល់បានចូលរួម។
អ្នកស្រី Catherine Stubberfield អ្នកនាំពាក្យការិយាល័យប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកនៃទីភ្នាក់ងារអង្គការសហប្រជាជាតិបានថ្លែងប្រាប់វីអូអេថា៖ «ទីភ្នាក់ងារ UNHCR បង្ហាញការព្រួយបារម្ភនិងជំរុញឲ្យរដ្ឋាភិបាលថៃបញ្ចៀសពីការបញ្ជូនជនភៀសខ្លួនដែលត្រូវបានទទួលស្គាល់ត្រឡប់ទៅវិញនិងគោរពតាមកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនជាពិសេសគោលការណ៍មិនបញ្ចូនមនុស្សត្រឡប់ទៅប្រទេសដែលទំនងនឹងធ្វើទុក្ខបុកម្នេញមកលើពួកគេ»។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីខែមុនអង្គការឃ្លាំមើលសិទ្ធិមនុស្សនិយាយថា ការជំរុញឲ្យជនភៀសខ្លួនវិលត្រឡប់មកវិញដោយបង្ខំពីសំណាក់ប្រទេសថៃបង្ហាញពី «ការមិនគោរពទាល់តែសោះ»ចំពោះគោលការណ៍ខាងលើនេះ។
អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Tanee Sangrat មិនឆ្លើយសំណួរពាក់ព័ន្ធនឹងការចាប់ខ្លួននិងការបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញមកលើពលរដ្ឋកម្ពុជានាពេលថ្មីៗនេះនោះទេ។
អ្នកនាំពាក្យឲ្យរដ្ឋាភិបាលនិងនគរបាលជាតិថៃមិនឆ្លើយតបនឹងការព្យាយាមទាក់ទងតាមប្រព័ន្ធទូរសព្ទជាច្រើនលើកនិងសំណើសុំការអធិប្បាយម្តងហើយម្តងទៀត។
លោក Achayon Kraithong អ្នកនាំពាក្យការិយាល័យអន្តោប្រវេសន៍ថៃបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីខែមុនថារដ្ឋាភិបាលថៃនឹងផ្តោតអាទិភាពលើច្បាប់អន្តោប្រវេសន៍នៅក្នុងប្រទេសប៉ុន្តែនឹងបញ្ចៀសពីការបញ្ជូនមនុស្សទៅរកគ្រោះថ្នាក់៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា