ពលរដ្ឋខ្មែរមួយចំនួននៅក្រៅប្រទេសទាមទារឲ្យលុបចោលគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV
Your browser doesn’t support HTML5
ពលរដ្ឋមួយចំនួននៅក្រៅប្រទេសតវ៉ាជំទាស់នឹងគម្រោងកិច្ចសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍រួម (CLV) កាលពីថ្ងៃអាទិត្យ ដោយទាមទារឲ្យរដ្ឋាភិបាលកម្ពុជាលុបចោលគម្រោងបញ្ចូលខេត្តទាំង៤ របស់កម្ពុជា ទៅក្នុងគម្រោងដែលមានប្រទេសវៀតណាម និងឡាវចូលរួម។ ពួកគេបង្ហាញក្តីព្រួយបារម្ភថា កម្ពុជានឹងបាត់បង់ទឹកដីទៅប្រទេសវៀតណាមទៅថ្ងៃអនាគត។ កាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អ្នកស្រី ចម និម្មល បានបញ្ជាក់ថា កិច្ចព្រមព្រៀងCLVនេះជា«ការបន្ថែមអត្ថប្រយោជន៍» និង«ទាញយកប្រសិទ្ធភាពនៃការតភ្ជាប់គ្នា»។ តំបន់អភិវឌ្ឍន៍ត្រីកោណត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩ ដោយរដ្ឋាភិបាលប្រទេសបី គឺកម្ពុជា ឡាវ និងវៀតណាម ដែលបានឯកភាពគ្នាក្នុងការដាក់ខេត្តចំនួន១៣ រួមគ្នា ដើម្បីអភិវឌ្ឍ។ កម្ពុជាមានខេត្តចំនួនបួន គឺរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ដែលត្រូវបានដាក់បញ្ចូលក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ។ រដ្ឋាភិបាលកម្ពុជាអះអាងថាតំបន់ត្រីកោណអភិវឌ្ឍន៍ជាប្រភពនៃសក្តានុពល សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖