កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានប្រកាសចាត់វិធានការលើស្ត្រីលក់ផលិតផលតាមអ៊ីនធឺណិតរូបណាដែលស្លៀកពាក់ «ស៊ិចស៊ីជ្រុល»។ ការប្រកាសនេះបានបណ្ដាលឲ្យមានការរិះគន់ពីអង្គការសិទ្ធិមនុស្សនានា ដោយអង្គការទាំងនោះបានបញ្ជាក់ថា វិធានការនេះគឺជាការរើសអើងលើស្ត្រី។
នៅក្នុងការថ្លែងកាលពីថ្ងៃច័ន្ទទី ១៧ ខែកុម្ភៈ ទៅកាន់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា អ្នកលក់ផលិតផលតាមបណ្ដាញសង្គមលើអ៊ីនធឺណិតមួយចំនួនធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ខ្មែរ ដោយសារបានបង្ហាញភាពស៊ិចស៊ីជ្រុល។
វីដេអូរបស់អ្នកលក់ផលិតផលមួយចំនួនដែលបានបង្ហោះនៅលើ Facebook និងបណ្ដាញសង្គមតាមអ៊ីនធឺណិតផ្សេងទៀត បានបង្ហាញពីស្ត្រីផ្សព្វផ្សាយលក់ផលិតផលជាច្រើនប្រភេទដូចជារបស់របរប្រើប្រាស់ គ្រឿងកែសម្ផស្ស និងសំលៀកបំពាក់ជាដើម។ ក្នុងនោះ អ្នកលក់ខ្លះស្លៀកសំលៀកបំពាក់ស៊ិចស៊ីបញ្ចេញរាង។
អង្គការការពារសិទ្ធិស្ត្រីចំនួន ៧ ដូចជាមជ្ឈមណ្ឌលកម្ពុជាដើម្បីសិទ្ធិមនុស្ស និងអង្គការ ActionAid Cambodia ជាដើម បានរិះគន់វិធានការនេះនៅក្នុងលិខិតចំហមួយដែលបានចេញផ្សាយកាលពីថ្ងៃទី ១៩ ខែកុម្ភៈកន្លងទៅនេះ។
លិខិតនោះលើកឡើងដូច្នេះថា៖ «វាជារឿងសំខាន់ដែលយើងត្រូវយល់ថា តម្លៃសង្គមគឺតែងតែមានការប្រែប្រួលតាមដំណើរវិវត្តន៍។ ជាងនេះទៀត មិនមានការស្រាវជ្រាវផ្អែកលើភស្តុតាងណាមួយដែលបញ្ជាក់ថា ជម្រើសរបស់ស្ត្រីនៅក្នុងការស្លៀកសំលៀកបំពាក់គឺជាមូលហេតុចម្បងនៃការធ្វើឲ្យធ្លាក់ចុះនូវសីលធម៌សង្គមនោះទេ»។
កញ្ញា សេង រាសី ដែលជាអ្នកតស៊ូមតិមួយរូបនៃអង្គការលីលការ ដែលជាអង្គការការពារសិទ្ធិស្ត្រី ក៏មានចម្ងល់អំពីវិធានការរបស់លោកនាយករដ្ឋមន្ត្រីចំពោះបញ្ហាវប្បធម៌ខ្មែរទាក់ទិននឹងរឿងនេះដែរ។
កញ្ញាថ្លែងដូច្នេះថា៖ «តើវប្បធម៌អ្វីដែលយើងចង់សំដៅលើ និងក្នុងសម័យណា? ជាឧទាហរណ៍ កាលពីសម័យអប្សរា ក៏យើងឃើញមានផ្នែកខ្លះនៃអប្សរាមិនមានសំលៀកបំពាក់បិទបាំងដែរ។ ហើយសម័យបន្ទាប់មកក៏អីចឹងដែរ»។
កញ្ញាបានបន្តថា៖ «ខ្ញុំមិនដឹងថាហេតុអ្វីបានជាគេបន្ទោសតែស្ត្រីថាជាអ្នកបំផ្លាញវប្បធម៌...។ ខ្ញុំគិតថា វប្បធម៌ខ្មែរមានលក្ខណៈល្អផូរផង់ច្រើនយ៉ាងណាស់។ ហេតុអ្វីបានជាយើងតែងតែថាស្ត្រីជាអ្នកបំផ្លាញវប្បធម៌?...។ ប្រសិនបើយើងរក្សានូវវប្បធម៌មួយដែលភាគច្រើនដាក់កំហិត និងហាមប្រាមសេរីភាពទៅវិញទៅមកបែបនេះ នោះយើងត្រូវសួរថាតើយើងចង់បានវប្បធម៌បែបនេះឬក៏អត់»។
លោក ហ៊ុន សែន បានស្នើឲ្យក្រសួងមហាផ្ទៃដែលធ្វើការងារក្នុងបទល្មើសបច្ចេកវិទ្យា ដើម្បីពិនិត្យមើល និងចាត់វិធានការប្រឆាំងរាល់វីដេអូស៊ិចស៊ីរបស់ស្ត្រីខ្មែរមួយចំនួន ដែលបានថត និងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវិបសាយមួយចំនួន។
អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានរិះគន់វិធានការនេះរបស់រដ្ឋាភិបាល។
លោក Nicholas Bequilin ប្រធានប្រចាំតំបន់អាស៊ីខាងកើត អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃអង្គការ Amnesty International បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីនៅក្នុងការចាត់វិធានការ និងអប់រំស្ត្រីទាំងនោះ តំណាងឲ្យការអនុវត្តបែបគំរាមកំហែងនូវការតាមដានរបស់រដ្ឋ ដើម្បីបំពេញតាមគោលការណ៍បែបរើសអើង និងផ្ដល់តម្លៃលើបុរស។ ក្រុមហ៊ុន Facebook គួរតែបដិសេធកុំសហការជាមួយនឹងសំណើបែបរើសអើងណាមួយរបស់អាជ្ញាធរកម្ពុជានៅក្នុងការបិទចោលនូវគណនីរបស់ស្ត្រីទាំងនោះ»។
លោក Nicholas Bequilin បានបន្តថា៖ «ការអប់រំសីលធម៌បែបបង្ខិតបង្ខំរបស់អាជ្ញាធរលើស្ត្រីទាំងនេះ គឺជាអំពើមិនត្រឹមត្រូវដែលមានរួចមកហើយ។ គ្មាននរណាម្នាក់ក្នុងចំណោមស្ត្រីទាំងនេះត្រូវបានចោទប្រកាន់ថាបានរំលោភច្បាប់នោះទេ ហើយមើលទៅ អាជ្ញាធរដូចជាធ្វើតាមគំនិតនឹកឃើញផ្ទាល់ខ្លួនរបស់លោក ហ៊ុន សែន»។
សកម្មជនការពារសិទ្ធិស្ត្រីបានអះអាងនៅក្នុងលិខិតចំហនោះថា៖ «ការពិន័យលើស្ត្រីដោយសារតែការស្លៀកសំលៀកបំពាក់បែបស៊ិចស៊ីនោះគឺជាផ្នែកមួយនៃឫសគល់អំពើហិង្សា ជាជាងការដោះស្រាយបញ្ហា និងមិនគួរកើតឡើងនោះទេ»។
ពីរថ្ងៃក្រោយមកបន្ទាប់ពីលោក ហ៊ុន សែន បានប្រកាសចាត់វិធានការលើរឿងនេះ អ្នកលក់ផលិតផលតាមអ៊ីនធឺណិត កញ្ញា ថៃ ស្រីនាង បានធ្វើការសុំទោសនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើទំព័រ Facebook របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងបានសន្យាថានឹងឈប់បង្ហោះរូបដែលមានលក្ខណៈស៊ិចស៊ី។
កញ្ញា ឆន ណាវី អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន បាននិយាយថា ក្រសួងវប្បធម៌គួរតែដាក់ចេញនូវលក្ខខណ្ឌពន្យល់អំពីថាតើការស្លៀកសំលៀកបំពាក់បែបណាដែលមានលក្ខណៈ «ស៊ិចស៊ីជ្រុល»។
កញ្ញាបានបញ្ជាក់ថា ក្រសួងមានក្រុមប្រឹក្សាវិន័យដើម្បីចាត់វិធានការលើរាល់សកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់ប្រពៃណី វប្បធម៌ ជាតិ និងគុណធម៌សង្គម។
កញ្ញាបានបន្ថែមថា កញ្ញាមិនដឹងថាមានអ្នកលក់សំលៀកបំពាក់តាមអ៊ីនធឺណិតប៉ុន្មាននាក់នោះទេនៅក្នុងប្រទេសកម្ពុជា ដោយសារតែអ្នកទាំងនោះមិនបានចុះឈ្មោះ។ ប៉ុន្តែកញ្ញាបានបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធដូចជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាដើម គួរតែចាត់វិធានការឲ្យបានម៉ឺងម៉ាត់ និងរកដំណោះស្រាយចំពោះបញ្ហានេះ»៕
ប្រែសម្រួលដោយ ភី សុភាដា