នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការប៉ូលិសជាតិ ណែនាំស្ថាប័នប៉ូលិសនៅគ្រប់លំដាប់ថ្នាក់ដើម្បីទប់ស្កាត់និងបង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពអាជ្ញាធរប៉ូលិសកម្ពុជា នៅពេលកម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ១៩ថែមទៀត។
សេចក្តីណែនាំនៅថ្ងៃពុធនេះបានឲ្យដឹងថា៖ «ក្នុងគោលបំណងចូលរួមបង្ការ និងកាត់បន្ថយជាអតិបរមានូវការឆ្លងរាលដាលវីរុសកូវីដ១៩ ដែលបាននិងកំពុងគំរាមកំហែងចំពោះសុខភាពសាធារណ: និងអាយុជីវិតរបស់មនុស្សទូទៅជាសកលរួមទាំងព្រះរាជាណាចក្រកម្ពុជាផងនោះ អគ្គស្នងការនគរបាលជាតិសូមធ្វើការណែនាំគ្រប់នាយកដ្ឋាន អង្គភាព និងស្នងការនគរបាលជាតិរាជធានី ខេត្ត នូវវិធានការបង្ការ ការឆ្លងរាលដាលវីរុស COVID-19 (កូវីដ១៩) សំដៅការពារដល់សុខមាលភាពមន្ត្រីនគរបាលជាតិ»។
នៅក្នុងសេចក្តីណែនាំដដែលនោះ លោក នេត សាវឿន បានបង្ហាញបទបញ្ជា៧ចំណុច រាប់បញ្ចូលទាំងការណែនាំដល់មន្ត្រីថ្នាក់ក្រោមឲ្យយល់ដឹងពីការធ្វើអនាម័យលម្អិត ការត្រួតពិនិត្យ សុខភាពដល់ថ្នាក់ដឹកនាំនិងមន្ត្រីមុននិងក្រោយពេលបំពេញការងារ ផ្អាកកិច្ចប្រជុំ ការបណ្តុះបណ្តាល និងពិធីសំណេះសំណាលនានា ត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់លេខទូរសព្ទ១១៥ នៅពេលរកឃើញមន្ត្រីណាម្នាក់ឬច្រើននាក់ សង្ស័យថាមានវីរុសកូវីដ១៩ ត្រូវណែនាំឲ្យមន្ត្រីបន្តផ្សព្វផ្សាយដល់ក្រុមគ្រួសារដើម្បីចូលរួមបង្ការជំងឺឆ្លង និងចៀសវាងដំណើរកម្សាន្តទៅក្រៅប្រទេស ជាពិសេសប្រទេសមានហានិភ័យនិងជាបម្រាមរបស់រដ្ឋាភិបាល ពង្រឹងការអប់រំមន្ត្រីក្រោមឱវាទមិនត្រូវតក់ស្លុតហួសហេតុ អំពីការរាលដាលវីរុសកូវីដ១៩ ហើយនិងបន្តផែនការពាក់ព័ន្ធដែលអនុវត្តន៍ប្រចាំថ្ងៃ។
ក្រុមមន្ត្រីសុខាភិបាលកម្ពុជាបាននិយាយថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាមានចំនួន៣៥នាក់គិតត្រឹមថ្ងៃពុធនេះ ក្នុងពេលដែលពិភពលោកមានចំនួនមនុស្សស្លាប់ប្រមាណ៨ពាន់នាក់និង ឆ្លងជិត២សែននាក់៕