លោក​ហ៊ុនសែន​បាន​សន្យា​​បន្ធូរ​បន្ថយ​ពន្ធ​លើ​រោងចក្រ​កាត់​ដេរ​ដោយ​សារ​មេរោគ​កូរ៉ូណា និង​ការ​ខាត​បង់​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស ដែលផ្ទុះឡើងនៅប្រទេសចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុនសែន​បាន​សន្យាកាល​ពី​ថ្ងៃ​ចន្ទ​ទី២៤ខែ​កុម្ភៈ​ថា ​លោក​នឹង​បន្ធូរ​បន្ថយ​ពន្ធ​លើ​រោងចក្រ​កាត់​ដេរ​ដែល​រងគ្រោះ​ដោយ​សារ​ការ​អាក់ខាន​នៃ​សង្វាក់​ផ្គត់ផ្គង់់​ដែល​បណ្តាល​មក​ពី​ការ​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា និង​ការ​ដំឡើង​ពន្ធបន្ទាប់​ពី​សហភាព​អឺរ៉ុប​បន្ថយ​ឋានៈ​អនុ​គ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​ដោយ​សារ​វិបត្តិ​សិទ្ធិ​មនុស្ស។​

លោក​ក៏​បាន​សន្យា​ថានឹង​បន្ថូរ​បន្ថយ​ពន្ធ​សម្រាប់​សណ្ឋាគារ​និង​ផ្ទះ​សំណាក់​រយៈ​ពេល​៤ ​ខែ​ដើម្បី​ជួយ​ទូទាត់​ការខាត​បង់​ក្នុង​វិស័យ​ទេសចរណ៍បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​ថ្មី​នេះ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​២​ពាន់​៥០០​នាក់​ដែល​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន​ហើយ​បាន​រាល​ដាល​ដល់​ប្រទេស​ចំនួន​២៨​និង​ដែនដី​ផ្សេងទៀត។​ ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​និង​ការ​បិទ​ចរាចរ​ណ៍​នៅ​ប្រទេស​ចិន​បាន​ប៉ះពាល់​ដល់​ការ​ដឹក​ទំនិញ​ដែល​នាំឲ្យ​មាន​កង្វះ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ និង​ផលិត​កម្ម​ទូទាំង​ពិភព​លោក។​

ភាព​រអាក់​រអួល​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ និង​ផលិត​កម្ម​នេះ​បាន​កើត​ឡើង​នៅ​ពេល​ឧស្សាហកម្ម​កាត់​ដេរ​សំខាន់ៗ​នៅ​ប្រទេស​កម្ពុជា​ត្រៀម​ខ្លួន​សម្រាប់​ការ​ខាត​បង់​២០​ភាគ​រយ​នៃ​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​លើ​ «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ» (EBA)​សម្រាប់​ប្រទេស​ចំនួន​៤៨​ដែល​ក្រីក្របំផុត​នៅ​លើ​ពិភពលោក រួម​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។

ទឹក​ប្រាក់​២០%​នេះ​ស្មើ​នឹង​ការ​នាំ​ចេញ​ប្រមាណ​១ពាន់​១រយលាន​ដុល្លារ។​

លោក​ ហ៊ុន សែន​ បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​មួយ​កាល​ពី​ថ្ងៃចន្ទ​ថា ​រោងចក្រ​ណា​ដែល​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ដោយសារ​តែ​មេរោគ​កូរ៉ូណា ​ឬ​ពន្ធ​សហភាព​អឺរ៉ុប​ ​នឹង​ត្រូវ​បន្ថូរ​បន្ថយ​ពន្ធ​យ៉ាង​តិច​៦​ខែ។ ​លោក​ក៏​បាន​មាន​និយាយ​ថា រដ្ឋាភិបាល​នឹង​ជួយ​ផ្តល់​ប្រាក់​ឈ្នួល​មួយ​ផ្នែក​ដល់​កម្មករ​ប្រសិន​បើ​ផលិតកម្ម​ត្រូវ​ផ្អាក៕​