លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំប្រទេសសិង្ហបុរីបានវាយតម្លៃជាវិជ្ជមានលើទំនាក់ទំនងរវាងប្រទេសទាំង២ ក្នុងវិស័យជាច្រើន ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ និងការបន្តកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរប្រជាជន និងប្រជាជនដែលរួមចំណែកដល់ការកសាងធនធានមនុស្ស ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការជំរុញវិស័យទេសចរណ៍។
លោក ហ៊ុន ម៉ាណែត ដែលកាន់អំណាចជិតមួយឆ្នាំ បានបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ដល់១៩ ខែមិថុនា ឆ្នាំ២០២៤ តាមការអញ្ជើញពីសមភាគីសិង្ហបុរី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
អំឡុងពេលបំពេញទស្សនកិច្ចនោះ លោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាទេ្វភាគីជាមួយនាយករដ្ឋមន្ត្រីរបស់ប្រទេសសិង្ហបុរី គឺលោក Lawrence Wong ដែលជានាយករដ្ឋមន្ត្រីថ្មីទី១របស់សិង្ហបុរីក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ និងប្រធានាធិបតីសិង្ហបុរី គឺលោក Tharman Shanmugaratnam។ មេដឹកនាំកម្ពុជាក៏បានចូលរួមជាអធិបតីនៅក្នុងវេទិកាធុរកិច្ចសិង្ហបុរី និងកម្ពុជាផងដែរ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន ម៉ាណែត។
បើតាមសេចក្តីប្រកាសព័ត៌មាននៅលើគេហទំព័រក្រសួងការបរទេសសិង្ហបុរី នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Wong និងលោក ហ៊ុន ម៉ាណែត បានស្វាគមន៍ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរដែលមានការកើនឡើង។ មេដឹកនាំនៃប្រទេសទាំងពីរក៏បានពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យថ្មី ដូចជាថាមពលកកើតឡើងវិញ និងឥណទានកាបូន។ បើតាមសេចក្តីប្រកាសព័ត៌មាននោះ នាយករដ្ឋមន្រ្តីសិង្ហបុរីក៏បានបង្ហាញការបន្តគាំទ្ររបស់សិង្ហបុរីលើការអភិវឌ្ឍធនធានមនុស្សនិងការកសាងសមត្ថភាព។ មេដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់មជ្ឈភាពឬភាពនៅជាកណ្តាលរបស់សមាគមអាស៊ានដែលប្រទេសទាំងពីរជាសមាជិក និងការរួបរួមគ្នា។
អ្នកជំនាញកិច្ចការអន្តរជាតិសង្កេតឃើញថាទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅសិង្ហបុរី ជាការបង្កើនកិច្ចសហការខាងសេដ្ឋកិច្ច និងសង្គម ក៏ដូចជាការទាក់ទាញវិនិយោគិនសិង្ហបុរីមកបណ្តាក់ទុនក្នុងវិស័យដែលមានសក្តានុពលរបស់កម្ពុជា។ ការពិភាក្សាលើការកសាងប្រព័ន្ធហិរញ្ញវត្ថុដែលមានតម្លាភាពក៏នឹងត្រូវមេដឹកនាំសិង្ហបុរីលើកឡើងមកពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ខណៈសិង្ហបុរីកំពុងមានក្តីបារម្ភលើការលាងលុយកខ្វក់តាមប្រព័ន្ធធនាគារ។
អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ លោក សេង វណ្ណលី ប្រាប់វីអូអថាប្រទេសសិង្ហបុរីគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់ និងជាទីកន្លែងដែលមានប្រព័ន្ធធនាគាររឹងមាំផងដែរ។ ក៏ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការលាងលុយកខ្វក់តាមប្រព័ន្ធធនាគារ បានបង្កជាក្តីបារម្ភដល់ប្រទេសដែនកោះមួយនេះ។ ដូច្នេះលោកថាបញ្ហានៃការបោសសម្អាតការលាងលុយកខ្វក់តាមប្រព័ន្ធធនាគារ និងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញអាចនឹងលើកឡើងអំឡុងពេលលោកហ៊ុន ម៉ាណែតមានវត្តមាននៅប្រទេសសិង្ហបុរីទីដែលមានប្រព័ន្ធហិរញ្ញវត្ថុ និងធនាគាររឹងមាំ និងទំនុកចិត្តខ្ពស់ តែនៅត្រូវបានឧក្រិដ្ឋជនប្រើប្រាស់សម្រាប់ការលាងលុយកខ្វក់។
លោកថ្លែងថា៖ «ថ្មីៗនេះ យើងឃើញហើយ សិង្ហបុរីបានធ្វើការ បោសសម្អាត និងលាងជម្រះ ទៅលើជនឧក្រិដ្ឋផ្នែកខាងហិរញ្ញវត្ថុ ច្រើន ក្នុងនោះមានជនជាតិចិនច្រើនដែរ ដែលកាន់សញ្ជាតិកម្ពុជា ហើយក៏ដូចជាជនជាតិចិនដែលកាន់សញ្ជាតិប្រទេសដទៃ។ ក៏ប៉ុន្តែចំណុចដែលគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ ប្រទេសដែលរងគ្រោះដោយសារតែការលាងលុយ ឬក៏អាការរកស៊ីខុសច្បាប់ លាងលុយកខ្វក់ ឬក៏ការរៀបចំអាហិរញ្ញវត្ថុអត់មានតម្លាភាពហ្នឹងគឺ មកពីកម្ពុជា ឡាវ ហើយនិងមីយ៉ាន់ម៉ា ហើយបើយើងនិយាយអំពីអា call center [មណ្ឌលភ្ជាប់បណ្តាញទូរស័ព្ទ] ហើយក៏ដូចជា អា cybercrime [ឧក្រិដ្ឋកម្មអ៊ិនធឺណិត] ក៏ដូចជាការជួញដូរមនុស្ស ក៏ល្បីបំផុតមកពីតំបន់ហ្នឹងដែរ មកពីកម្ពុជា មកពី ឡាវ ហើយនិងមកពីមីយ៉ាន់ម៉ា»។
បើតាមលោក សេង វណ្ណលី មេដឹកនាំសិង្ហបុរីនឹងផ្តោតលើការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុក្នុងប្រទេសទាំងបី ដើម្បីកាត់បន្ថយ ឬលុបបំបាត់ចោលសកម្មភាពលាងលុយកខ្វក់តាមប្រព័ន្ធធនាគារដោយក្រុមឧក្រិដ្ឋជនឆ្លងដែន។
លោកថ្លែងថា៖ «ចំណុចដំបូងដែលសិង្ហបុរីគាត់ចង់ពង្រឹងហ្នឹងគឺប្រទេសដែលមានកេរ្តិ៍ឈ្មោះមិនសូវល្អ ដូចជាកម្ពុជា និងឡាវ។ យើងឃើញហើយក្នុងដំណើរទស្សនកិច្ចហ្នឹង មានការលើកឡើងពាក់ព័ន្ធអារឿង transparency financial system [តម្លាភាពប្រព័ន្ធហិរញ្ញវត្ថុ] ធ្វើឡើងដំបូង៣ប្រទេសសិន កម្ពុជា សិង្ហបុរី និងឡាវ។ ខ្ញុំគិតថា រឿងនេះជារឿងឈឺក្បាលមិនត្រឹមសម្រាប់រដ្ឋាភិបាលសិង្ហបុរីទេ រដ្ឋាភិបាលកម្ពុជាក៏ឈឺក្បាលដែរ ដោយសារតែវាជារូបភាពមួយដ៏អាក្រក់ និងវាធ្វើឱ្យបាត់បង់ដល់ទំនុកចិត្តដល់អ្នកវិនិយោគ»។
បើតាមសេចក្តីប្រកាសព័ត៌មានមួយចំនួននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត រដ្ឋាភិបាលទីក្រុងភ្នំពេញ និងសិង្ហបុរីបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើរដ្ឋាភិបាលឌីជីថល។ សមភាគីទាំងពីរក៏បានព្រមព្រៀងគ្នាលើការបន្ត«កិច្ចសហប្រតិបត្តិការលើវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិស័យឌីជីថល» និងបានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងថ្នាលច្រករបៀបតម្លាភាពហិរញ្ញវត្ថុ (Fanancial Transparency Corridor)។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានទេ។
គួររំឭកថាការបំពេញទស្សនកិច្ចផ្លូវការរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសសិង្ហបុរី កើតឡើងនៅចំពេលប្រទេសទាំងពីរគ្រោងនឹងរៀបចំខួបលើកទី៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-សិង្ហបុរី ហើយប្រទេសទាំងពីរនឹងស្វែងរកនូវកិច្ចសហប្រតិបត្តិការស្តីពីការអភិវឌ្ឍលើគ្រប់ទំនាក់ទំនង ដូចជាទំនាក់ទំនងធុរកិច្ច វិស័យឯកជន រដ្ឋាភិបាល និងរដ្ឋាភិបាល ក៏ដូចជាទំនាក់ទំនងក្នុងទិដ្ឋភាពផ្សេងទៀត។
ប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam បានលើកឡើងនៅចំពោះមុខលោក ហ៊ុន ម៉ាណែត និងប្រតិភូនៃរដ្ឋាភិបាលកម្ពុជាថា សក្ដានុពលនៃធនធានមនុស្សវ័យក្មេង និងវឌ្ឍនភាពរីកចម្រើននៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅកម្ពុជា នឹងក្លាយជាកម្លាំងចលករនៃការទាក់ទាញការវិនិយោគ និងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើវិស័យថាមពល ឧស្សាហកម្ម កម្មន្តសាល និងវិស័យសក្ដានុពលផ្សេងៗទៀត។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន ម៉ាណែត៕
នាយករដ្ឋមន្ត្រីកម្ពុជាជួបថ្នាក់ដឹកនាំសិង្ហបុរី ដើម្បីពង្រឹងទំនាក់ទំនងការទូតនិងសេដ្ឋកិច្ច
ភ្នំពេញ —