ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ​​​ថា​​​​ ស្ថានភាព​សន្តិសុខ​​​តំបន់​​​​​ប្រហែល​​​​អាក្រក់​ជាងមុន​​​​ទោះ​​មាន​​​ជំនួប​​​ខាង​ការពារជាតិ​រវាង​​អាមេរិក​​និង​​​ចិនក៏​ដោយ


​​រដ្ឋមន្ត្រី​ការពារ​ជាតិ​​ចិន​​លោក Dong Jun ថ្លែងក្នុងអំឡុងកិច្ចប្រជុំ​ Shangri-La​ នៅ​ប្រទេស​សិង្ហបុរី​​​កាល​​ពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។ (AP)
​​រដ្ឋមន្ត្រី​ការពារ​ជាតិ​​ចិន​​លោក Dong Jun ថ្លែងក្នុងអំឡុងកិច្ចប្រជុំ​ Shangri-La​ នៅ​ប្រទេស​សិង្ហបុរី​​​កាល​​ពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។ (AP)

អ្នកវិភាគ​ខ្លះនិយាយ​ថាសារ​ពី​សុន្ទរកថា​របស់រដ្ឋមន្ត្រី​ការពារ​ជាតិចិនលោក Dong Jun និង​រដ្ឋមន្ត្រីការពារ​ជាតិ​សហរដ្ឋអាមេរិកលោក Lloyd Austin នៅសិង្ហបុរី​នាំ​ឱ្យ​យល់​ថាសន្តិសុខតំបន់​ប្រហែលនឹង​អាក្រក់តទៅ​ទៀត។

ប្រទេសចិន​បាន​បន្តឹង​គោលជំហរ​ខ្លួន​អំពីបញ្ហាសន្តិសុខនៅ​ក្នុង​តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនៅក្នុង​កិច្ចប្រជុំ​ Shangri-La​ នៅ​ប្រទេស​សិង្ហបុរី​កាលពីចុង​ខែឧសភា នៅ​ពេល​រដ្ឋមន្ត្រីការពារ​ជាតិចិនលោក Dong Jun​ បានរិះគន់កងកម្លាំង​ពី​ក្រៅ​ខ្លះដែល​បានផ្តល់ការគាំទ្រ​យោធា​ដល់​តៃវ៉ាន៉ ខណៈ​ចោទប្រកាន់ប្រទេសហ្វីលីពីនថា​ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់ដល់​ស្ថិរភាពក្នុង​សមុទ្រចិន​ខាងត្បូង។​

ខណៈ​លោក Dong ​បាន​និយាយថា​ រដ្ឋាភិបាលក្រុងប៉េកាំង​អនុវត្ត​ការ​រឹត​បន្តឹង​ដើម្បី​ជា​ការឆ្លើយ​តប​នឹង​អ្វី​ដែលចិនពណ៌នា​ថា​ជា​«ការជ្រៀតជ្រែកនិងការបង្ក​រឿង‍»ដោយប្រទេស​មួយ ដែល​ចិន​មិន​បាន​និយាយ​ចំៗថាប្រទេសហ្វីលីពីន​នោះ ​ពួក​ប្រតិភូ​មក​ពី​ប្រទេស​ខ្លះនិយាយ​ថា​សុន្ទកថា​របស់លោក​ «បង្កប់​ទៅដោយ​ការ​គំរាម​កំហែង»។​

អ្នកស្រី Jennifer Parker​ ជា​អ្នកជំនាញ​ខាងការការពារប្រទេសម្នាក់​នៅ​សាកលវិទ្យាល័យជាតិ​អូស្ត្រាលីនិងជាប្រតិភូម្នាក់នៅ​ក្នុង​ការសន្ទនា​ Shangri-La។ អ្នកស្រី​បាននិយាយ​ថា​«នៅ​ក្នុងសុន្ទរកថា​របស់លោក​ Dong មាន​ការគំរាមកំហែង​មួយចំនួន​ដល់​តំបន់នោះ រួមមាន​ការ​ព្រមាន​ថា​«ពួក​បំបែករដ្ឋ​តៃវ៉ាន់‍»នឹងត្រូវកត់ត្រាជា​ភាព​អាម៉ាស់​ក្នុងប្រវត្តិសាស្ត្រ​ ហើយ​ថាបណ្តា​ប្រទេសដែល​ជ្រៀតជ្រែកក្នុងការប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុង​ប៉េកាំង​ដើម្បីបង្រួបបង្រួម​ជា​ថ្មីជា​មួយតៃវ៉ាន់​អាចប្រឈម​នឹងការបំផ្លិច​បំផ្លាញ​ខ្លួនឯង‍»។​

អ្នកស្រី Parker បានថ្លែង​ថាបន្ថែម​លើការ​គំរាម​កំហែងអំពីតៃវ៉ាន់ សុន្ទរកថា​របស់លោក Dong ក៏​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញការ​មិន​អើពើរបស់​រដ្ឋាភិបាលប៉េកាំង​ដល់ប្រទេស​ហ្វីលីពីន​នៅ​ក្នុង​ជម្លោះដែនដី​ដែលកំពុងមានរវាងប្រទេសទាំង​ពីរក្នុង​សមុទ្រចិន​ខាងត្បូង។​ អ្នកស្រីបាន​និយាយ​ប្រាប់​វីអូអេ​តាម​ទូរសព្ទ​ថា«មាន​កម្រិត​ជាក់លាក់មួយ​នៃការមិនគោរពប្រទេសហ្វីលីពីន​នៅក្នុង​សុន្ទរកថា​របស់លោក Dong‍»។

នៅ​ក្នុង​សុន្ទរកថា​៤០នាទី​របស់លោក​ លោក​ Dong បានចោទប្រកាន់កម្លាំង​ពី​ក្រៅ​ខ្លះ ដែល​ជា​ការ​និយាយយោង​មិនផ្ទាល់ដល់​សហរដ្ឋអាមេរិក ថា«ធ្វើឱ្យ​អន្តរាយ»ដល់អព្យាក្រឹតភាព​នៃសមាគមប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (ASEAN) និងនាំ​ឱ្យ​មាន«កត្តាអស្ថិរភាព​ដល់សន្តិភាពនិង​ការអភិវឌ្ឍន៍ក្នុង​តំបន់»។​

ប្រតិភូ​ខ្លះនៃ​ប្រទេសហ្វីលីពីន​ក្នុងការប្រជុំ​ Shangri-La បាន​និយាយថាប្រទេសអាស៊ីអាគ្នេយ៍​ខ្លះយល់​ថាការប៉ុនប៉ងរបស់ប្រទេសចិន​«ក្នុងការ​និយាយ​ក្នុងនាមនៃសមាគមអាស៊ាន​ជា«​ការប៉ុនប៉ង​ឥតលាក់​លៀមដើម្បី​ឆក់​ប្លន់​អាស៊ាន»។​

លោក Justin Baquisal ជា​អ្នក​វិភាគ​ភូមិសាស្ត្រ​នយោបាយមានមូលដ្ឋាន​នៅ​ក្រុង​ម៉ានីល​និងជា​ប្រតិភូម្នាក់​ក្នុង​ការសន្ទនា Shangri-La។ លោក​បាននិយាយប្រាប់វីអូអេក្នុង​ចម្លើយ​ជាលាយលក្ខណ៍​អក្សរ​ថា«ការប្រើ​ទឡ្ហីករណ៍​អំពីអព្យាក្រឹតភាព​របស់​អាស៊ានដោយ​ប្រទេសចិន​មិន​បាន​ផល​ច្រើនទេពីព្រោះចិនមិនមែន​ជា​សមាជិក​អាស៊ានតែអះអាង​ដែរថា​ខ្លួននិយាយ​ក្នុងនាមនៃសមាគមអាស៊ាន»។​

ដោយប្រៀបធៀបនឹង​ការ​ព្រមាននៅក្នុងសុន្ទរកថារបស់លោក Dong អ្នក​វិភាគ​ខ្លះ​ថា​សុន្ទរកថារបស់​រដ្ឋមន្ត្រីការពារ​ជាតិ​សហរដ្ឋអាមេរិក​លោក Lloyd Austin នៅ​ក្នុងការសន្ទនា Shangri-La ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​ប្រទេស​មួយ​ចំនួន។​

នៅ​ក្នុង​សុន្ទរកថា៣០នាទី​របស់លោក លោក Austin បានមានប្រសាសន៍​ថា​ក្រុមប្រទេសមានចិត្តគំនិត​ដូចគ្នានៅទូទាំង​តំបន់ឥណ្ឌូ-ប៉ាស៊ិហ្វិកបានពង្រឹង​ការទាក់ទងគ្នា​និង​ផ្តល់​លទ្ធផល​ជា​អត្ថប្រយោជន៍ដល់ប្រជារាស្ត្រក្នុង​តំបន់​កាលពី​បីឆ្នាំមុន​នេះ។

លោកបាន​និយាយប្រាប់ប្រតិភូអន្តរជាតិរាប់រយ​នាក់​ក្នុង​បន្ទប់​ធំមួយថា«​គម្រូ​ថ្មីមួយ​នៃ​ការ​ស្របមតិគ្នា​ក្នុង​តំបន់​នេះ​មិនមែន​ជា​សម្ព័ន្ធភាព​តែមួយឬជា​ក្រុមចម្រុះតែមួយ​ទេ ប៉ុន្តែ​ជា​ការផ្តួច​ផ្តើមគំនិត​និង​ជា​ស្ថាប័នត្រួតស៊ី​គ្នា​និង​ជួយ​បំពេញ​គ្នា​ទៅវិញ​ទៅមក ដែល​ជំរុញដោយចក្ខុវិស័យរួម​និងកាតព្វកិច្ចទៅ​វិញ​ទៅ​មករួមគ្នាដែរ»។​

លោក Austin បាន​គូសបញ្ជាក់​កិច្ច​ព្រមព្រៀងឬ​ការ​ផ្តួច​ផ្តើមគំនិត​ចំនួន​១៣ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានធ្វើ​ជាមួយ​សម្ព័ន្ធមិត្ត​ក្នុង​តំបន់ រួមមាន​ប្រទេសកូរ៉េខាង​ត្បូង ជប៉ុន ហ្វីលីពីន​និងប្រទេសឥណ្ឌា​ ដោយ​លោកបាន​សង្កត់ធ្ងន់​ថា​សហរដ្ឋអាមេរិក«​ប្តេជ្ញា​ខ្លាំងដល់តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក»។

ទោះជា​មានការប៉ុនប៉ង​ដោយរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោននិង​រដ្ឋាភិបាល​ប៉េកាំងក្នុងការ​បន្ថយភាពតានតឹងរវាង​ពួក​គេ​តាមរយៈ​ការចរចា​រវាងលោក Austin និងលោក Dong ក៏​ដោយ ក៏​អ្នកវិភាគខ្លះក្នុង​តំបន់​និយាយថា​សុន្ទរកថារបស់លោកទាំង​ពីរបង្ហាញ​ថាប្រទេសមហាអំណាច​ទាំង​ពីរ​នេះ​នៅមាន«ទស្សនៈ​ខុស​គ្នា​ខ្លាំងណាស់»។​

លោក Parker មកពីប្រទេស​អូស្ត្រាលី​បានថ្លែងថា​ គ្មានសញ្ញា​ថា​ភាព​តានតឹងក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ិហ្វិកបាន​ចុះថមថយ​ទេ​ ក្រោយ​ការ​សន្ទនាគ្នានៅ​សិង្ហបុរី៕

ប្រែសម្រួលដោយ​លោក ឈឹម សុមេធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG