ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិង្ហបុរី​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​ជា​លើក​ទី ១ ក្នុង​រយៈពេល​២០ឆ្នាំ


នាយករដ្ឋមន្ត្រី​ថ្មី​របស់​សិង្ហបុរី​លោក Lawrence Wong ស្បថ​ចូល​កាន់តំណែង​នៅ​វិមាន​រដ្ឋាភិបាល ក្នុង​ប្រទេស​សិង្ហបុរី នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រី​ថ្មី​របស់​សិង្ហបុរី​លោក Lawrence Wong ស្បថ​ចូល​កាន់តំណែង​នៅ​វិមាន​រដ្ឋាភិបាល ក្នុង​ប្រទេស​សិង្ហបុរី នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

លោក​ Lawrence Wong ត្រូវ​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​សិង្ហបុរីនេះ​កាល​ពី​ថ្ងៃ​ទី ​១៥​ ខែ​ឧសភា​ ដោយលោក​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រីថ្មី​ដំបូង​របស់​ប្រទេស​នេះក្នុង​រយៈពេល​ ២០​ ឆ្នាំ​កន្លង​ទៅ​ ​និង​ជា​មេដឹកនាំ​ទី ​៤ ចាប់​តាំង​ពី​ប្រទេស​សិង្ហបុរី​ទទួល​បាន​ឯករាជ្យ​មក។

ពិធី​នេះ​កត់សម្គាល់​ដំណើរការផ្លាស់ប្តូរ​ផ្ទេរ​អំណាច​ដ៏​ប្រុងប្រយ័ត្នមួយ ​ក្នុង​បំណងដើម្បី​ធានាពី​និរន្តរភាពនៅ​ក្នុង​ប្រទេស​ដែលជា​ទីក្រុងដ៏​សម្បួរ​រុងរឿង​មួយ​នេះ។ ​ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters។

​លោក​ Wong ដែល​មាន​វ័យ ​៥១ ​ឆ្នាំ​ស្ថិ ត​ក្នុង​ចំណោមមនុស្ស​សម្រិតសម្រាំង​មួយ​ក្រុម​តូច​ ដែល​គេ​ហៅ​ថាជា​ក្រុមមេដឹកនាំ «4G» ដែល​ជា​ក្រុម​អ្នក​នយោបាយ​ជំនាន់​ថ្មី​មួយ​ ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ផ្ទាល់​ ក្នុង​ចំណោម​គណបក្ស​កាន់​អំណាច​ដែល​គ្រប់គ្រង​ប្រទេស​សិង្ហបុរី​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ គឺ​គណបក្ស​សកម្មភាព​ប្រជាជន​ ឬ ​People's Action Party (PAP) ដើម្បី​ដឹកនាំ​អំណាច​បន្ត​ទៅ​មុខ​ទៀត​ ​នៅ​ក្នុង​ប្រទេសដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​និង​ពាណិជ្ជកម្ម​អាស៊ី​មួយ​នេះ។

​លោក​ Wong គឺ​ជា​មេដឹកនាំ​សិង្ហបុរីទី ​១​ ដែល​បាន​កើត​ក្រោយប្រទេស​នេះ​ទទួលបាន​ឯករាជ្យ​ក្នុង​ឆ្នាំ​ ១៩៦៥។ ​លោក​ក៏​នឹង​រក្សា​តំណែង​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ផង​ដែរ​ និងដឹកនាំ​ប្រទេសនេះ​បន្ត​ពី​លោក Lee Hsien Loong ​ដែល​បាន​ដឹកនាំ​ប្រទេសសិង្ហបុរី​អស់​រយៈពេល​ ២០ ​ឆ្នាំ​កន្លង​ទៅ។ លោក Lee Hsien Loong ដែល​មាន​អាយុ ​៧២ ​ឆ្នាំ​នោះ​ ជា​កូន​ប្រុស​របស់​លោក Lee Kuan Yew ដែល​ជា​ស្ថាបនិក​នៃ​ប្រទេស​សិង្ហបុរី​ទំនើប​ ដែល​បាន​ស្ថិត​នៅ​ក្នុង​ឆាក​នយោបាយរហូត​ដល់លោក​ទទួល​មរណភាពកាល​ពី​ឆ្នាំ​ ២០១៥។

ការ​កាន់តំណែង​បន្ត​នេះ​ត្រូវ​បាន​គិតគូរអស់​ពេល​ជា​យូរ​មក​ហើយ​ ដោយ​លោក​ Lee មាន​គម្រោង​ថា​នឹង​ចុះចេញ​ពី​តំណែងមុន​ពេលលោកមាន​អាយុ​ ៧០ ​ឆ្នាំ តែ​ត្រូវ​បាន​ផ្អាក​ដោយ​ជំងឺ​រាតត្បាត​កូវីដ១៩​ និង​ដោយ​បេក្ខភាពដែល​ត្រូវទទួល​តំណែង​ជំនួស​លោក ​បាន​បដិសេធ​មិន​ព្រម​ទទួល​តំណែង ដែល​ធ្វើ​ឱ្យ​មាន​ការ​បើក​ផ្លូវ​ជា​ថ្មី​សម្រាប់អ្នក​ផ្សេង​ក្នុង​ការ​ទទួល​យក​តំណែង​នេះ ​ក្នុង​ឆ្នាំ ​២០២១។

រូបឯកសារ៖ នាយករដ្ឋមន្ត្រី​សិង្ហបុរីលោក Lee Hsien Loong (ឆ្វេង) ចាប់ដៃ​ជាមួយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សិង្ហបុរីលោក Lawrence Wong ក្នុង​អំឡុង​សន្និសីទសារព័ត៌មានមួយ ក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​សិង្ហបុរីលោក Lee Hsien Loong (ឆ្វេង) ចាប់ដៃ​ជាមួយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សិង្ហបុរីលោក Lawrence Wong ក្នុង​អំឡុង​សន្និសីទសារព័ត៌មានមួយ ក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។

​លោក​ Wong បាន​សន្យា​ថា​នឹង​ដឹកនាំ​ប្រទេស​ដោយ «សុភាព​រាបសា​និង​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់»​ចំ ពោះប្រទេស​សិង្ហបុរី​និង​ប្រជាជន​របស់​ប្រទេស​នេះ ​ដែល​មាន​ចំនួន​ ៥លាន​ ៩សែននាក់​ និងសន្យា​ប្រឹងប្រែង​ឱ្យ​អស់​ពីសមត្ថភាពសម្រាប់​ប្រជាជន។ ​

​លោក Wong ចាប់មាន​កេរិ៍្ត​ឈ្មោះ​ល្បី​ក្នុង​ឆ្នាំ​ ២០២០​ ក្នុង​ពេល​លោក​បំពេញ​មុខងារ​ជា​សហ​ប្រធាន​ថ្នាក់​ជាតិ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺរាតត្បាត​កូវីដ១៩​ ​និង​ត្រូវ​បាន​តែងតាំង​ជា​អ្នក​ស្នង​តំណែង​ជំនួស​លោក​ Lee​ កាល​ពី​ខែ​មេសា​ ឆ្នាំ​ ២០២២​ ក្រោយ​ពី​មាន​ការ​ពិគ្រោះ​យោបល់​ជា​ច្រើន​ដង រវាងថ្នាក់​ដឹកនាំ​នយោបាយ​និងសហការីរបស់​លោក​រួច​មក។

​លោក​ត្រូវ​បាន​តំឡើង​តួនាទី​ទៅ​ជាឧបនាយករដ្ឋមន្ត្រី​ និង​បាន​ដឹកនាំ​ការងារ​អនុវត្ត​ការពិគ្រោះ​យោបល់​សាធារណៈ​ថ្នាក់​ខ្ពស់​មួយ​ ដើម្បីពិនិត្យដោះស្រាយ​ពី​ផល​ប៉ះពាល់​សង្គម​រវាង​រដ្ឋាភិបាល​និង​ប្រជាជន​ ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ដូចជា​ចីរភាព​ វិសមភាព​និងបញ្ហា​ការងារជា​ដើម។ ​

និរន្តរភាព​និង​ស្ថិរភាព

​លោក Wong បាន​ធ្វើការ​រុះរើ​គណៈរដ្ឋមន្ត្រី​តិចតួច​ប៉ុណ្ណោះ​កាល​ពី​ថ្ងៃ​ទី ​១៣​ ខែ​ឧសភា​កន្លង​ទៅ​ ដោយតំឡើង​ឋានៈ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ឱ្យ​ធ្វើ​ជា​ឧបនាយករដ្ឋមន្ត្រីរបស់​លោក ​និងកត់សម្គាល់ថា​ ​និរន្តរភាពនិង​ស្ថិរភាព​ជា​កត្តា​ចម្បង​ក្នុង​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​នេះ។ ​លោក​ក៏​បាន​សន្យា​ថា​នឹងធ្វើ​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​ បន្ទាប់​ពី​ការបោះឆ្នោតដែល​នឹង​ត្រូវ​កំណត់​ធ្វើ​នៅ​ឆ្នាំ​ក្រោយ។ ​

លោក Lee Hsien Loong ​នឹងនៅ​តែ​ស្ថិត​ក្នុង​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​លោក Wong ដោយ​មាន​តួនាទី​ជា​ទេសរដ្ឋមន្ត្រី​ដូចអតីត​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​មុនៗ​ដែរ​ ដោយ​រក្សា​តួនាទី​នយោបាយ​របស់ក្រុម​គ្រួសារ​ត្រកូល​ Lee​ ដែល​មាន​ជា​យូរ​មក​ហើយ។ ​

រូបឯកសារ៖ ទិដ្ឋភាព​ទីក្រុង​សិង្ហបុរី​នៅ​តំបន់​ Marina Bay កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។
រូបឯកសារ៖ ទិដ្ឋភាព​ទីក្រុង​សិង្ហបុរី​នៅ​តំបន់​ Marina Bay កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។

ឪពុក​របស់​លោក Lee Hsien Loong ​គឺ​លោក​អតីត​នាយករដ្ឋមន្ត្រី Lee Kuan Yew បាន​ចុះ​ចេញ​ពី​តំណែងជា​មេដឹកនាំ​សិង្ហបុរី​ក្នុង​ឆ្នាំ​ ១៩៩០ និង​បាន​ស្ថិត​ក្នុង​គណៈរដ្ឋមន្ត្រី​នៃ​អ្នក​ស្នង​តំណែង​របស់​លោកអស់​ពេល​ ២១ ​ឆ្នាំ​ ដោយ​ដំបូង​ឡើយ​ធ្វើជាទេសរដ្ឋមន្ត្រីហើយ​ក្រោយ​មក​ក៏​ធ្វើ​ជា «ព្រឹទ្ធាចារ្យ​រដ្ឋមន្ត្រី»​នៅ​ក្នុងរដ្ឋាភិបាល​របស់​លោក Lee Hsien Loong។

នាយករដ្ឋមន្ត្រី​ដែល​ចេញ​ពី​តំណែង​លោក​ Lee Hsien Loong បានថ្លែង​ប្រាប់​ក្រុម​អ្នក​ចូលរួម​ក្នុងសំឡេង​រំភើបក្នុង​ចិត្ត​ថា៖​ «ខ្ញុំ​មាន​អារម្មណ៍​ពេញចិត្ត​និង​ភាព​បាន​សម្រេចចប់​សព្វគ្រប់‍»។ ​

មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក Pritam Singh បាន​និយាយ​នៅ​ថ្ងៃ​ទី​ ១៥​ ខែ​ឧសភា​ថា​ លោក Wong បាន​ទទួល​តំណែង​នេះ​ក្នុងពេល​វេលាប្រឈម​មួយដែលគ្មាន​ភាព​ប្រាកដ​ប្រជា​និង​បរិយាកាស​ខាងក្រៅដែល​មិន​អាច​ព្យាករណ៍​ទុក​ជា​មុន ក៏​ដូច​ជា​ការ​ផ្លាស់​ប្តូរក្នុង​ជំនាន់​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស។​

​លោក​បាននិយាយទៀត​ថា៖​ «ក្រោម​ការដឹកនាំ​របស់នាយករដ្ឋមន្ត្រី​ Wong​ គណបក្ស​កម្មករ (Workers' Party) [ដែល​ជា​គណបក្ស​ប្រឆាំង] នឹង​បន្ត​ដើរ​តួនាទីក្នុង​អង្គ​នីតិបញ្ញតិ្ត​ ដើម្បី​ជំរុញ​ផលប្រយោជន៍ដល់​ប្រទេសនិង​ប្រជាជន​សិង្ហបុរី»៕

ប្រែសម្រួល​ដោយ លោក ជ្រា វណ្ណារិទ្ធ

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG