យន្តហោះជំនួសមួយគ្រឿងបានចុះចតនៅសិង្ហបុរីកាលពីព្រឹកថ្ងៃពុធនេះ ដោយដឹកអ្នកដំណើរនិងនាវិកភាគច្រើនដែលបានជិះក្នុងអាកាសយានប្រតិកម្មមួយគ្រឿងនៃក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដែលត្រូវបានបង្ខំឱ្យចុះចតក្នុងគ្រាអាសន្ននៅក្រុងបាងកកកាលពីថ្ងៃអង្គារ ក្រោយមានបញ្ហាអាកាសធាតុមិនល្អ។
បុរសអង់គ្លេសម្នាក់អាយុ ៧៣ ឆ្នាំ បានស្លាប់ដោយសង្ស័យថាគាំងបេះដូង នៅក្នុងឧប្បត្តិហេតុនោះ ហើយមានមនុស្សតិចណាស់ ៧១ នាក់ទៀតបានរងរបួស។
ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និយាយថា យន្តហោះខ្លួនជើងហោះលេខ SQ321បានហោះលើប្រទេសមីយ៉ាន់ម៉ា នៅពេលធ្វើដំណើរបាន ១០ម៉ោង ពីក្រុងឡុងដ៍ ទៅកាន់ក្រុងជារដ្ឋនេះ នៅពេលវាជួបបញ្ហាធាតុអាកាសមិនល្អភ្លាមៗ។ យន្តហោះធុន Boeing 777 បានធ្លាក់កម្ពស់ហោះប្រមាណ ១ម៉ឺន ១ពាន់ ៣រយម៉ែត្រ មកនៅត្រឹម ៩ពាន់ ៤រយម៉ែត្រ ក្នុងពេលពី ៣ទៅ៥នាទី នៅមុនចុះចតនៅបាងកក។
អ្នកឃើញហេតុការណ៍ដោយផ្ទាល់បានពណ៌នាស្ថានការណ៍នៅក្នុងយន្តហោះនោះនៅពេលមានធាតុអាកាសអាក្រក់ ដោយអ្នកដំណើរបានខ្ទាតពីកៅអី ហើយប៉ះក្បាលនឹងកន្លែងដាក់វត្ថុនៅខាងលើកៅអីអ្នកដំណើរ ដោយអ្នកខ្លះមានការប៉ះទង្គិចខ្លាំងនាំឱ្យរបើកបន្ទះកន្លែងដាក់ឥវ៉ាន់ បណ្តាលឱ្យធ្លាក់ម៉ាស់ oxygen សម្រាប់ពេលមានអាសន្ន។
មនុស្សជាង ១៤០ នាក់ក្នុងបណ្តាអ្នកដំណើរនិងនាវិក ២១១ នាក់នៃជើងហោះលេខ SQ321 ត្រូវបានស្វាគមន៍ដោយប្រធានប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines លោក Goh Choon Phong និងសមាជិកគ្រួសារពួកគេ នៅពេលពួកគេបានទៅដល់អាកាសយានដ្ឋាន Changi នៃក្រុងជារដ្ឋនេះ។ អ្នកដំណើរប្រមាណ ៧៩ នាក់និងនាវិក ៦ នាក់ស្ថិតនៅក្រុងបាងកក មានរួមទាំងមនុស្ស ៧១ នាក់បានទទួលការព្យាបាលក្នុងមន្ទីរពេទ្យ។
បណ្តាញទូរទស្សន៍ BBC និងបណ្តាញព័ត៌មានឯទៀតៗផ្សាយថា ជនជាតិអង់គ្លេសដែលបានស្លាប់មានឈ្មោះ Geoff Kitchen មានទាក់ទិននឹងក្រុមល្ខោនមិនអាជីពក្នុងមូលដ្ឋាន។ លោកធ្វើដំណើរទៅសិង្ហបុរីដើម្បីវិស្សមកាលយូរជាមួយប្រពន្ធលោក៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP , AFP និង Reuters។
វេទិកាបញ្ចេញមតិ