ក្នុងពេលបំពេញទស្សនកិច្ចនៅទីក្រុងហាណូយនៃប្រទេសវៀតណាម ដែលជាទស្សនកិច្ចក្រោយឡើងកាន់អំណាចជាង៣ខែ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យមានការផ្សព្វផ្សាយប្រវត្តិសាស្ត្រអំពីការជួយរបស់វៀតណាមក្នុងការរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត និងសុំកុំមានការយល់ច្រឡំ ក៏ដូចជាបង្កការរើសអើងរវាងប្រទេសទាំងពីរ។
លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងពិធីជប់លៀងនៃដំណើរទស្សនកិច្ចជាផ្លូវការរៀបចំដោយលោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
លោក ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជានិងវៀតណាមមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។ លោក ហ៊ុន ម៉ាណែត ក៏បានរំឭកពីការជួយរបស់កម្ពុជាក្នុងការបង្រួបបង្រួមវៀតណាមខាងជើង និងខាងត្បូងនាទសវត្ស៍ទី៦០ និងការជួយរបស់វៀតណាមក្នុងការរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនាចុងទសវត្សរ៍៧០ និងការបន្តជួយជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍកម្ពុជាឡើងវិញ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ស្របពេលដែលទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់យើងមានការរីកចម្រើនជាលំដាប់ យើងនៅតែយកចាំជានិច្ច នូវការជួយគំាទ្រទៅវិញទៅមករបស់ប្រទេសយើងទាំងពីរក្នុងអំឡុងទសវត្សរ៍១៩៦០ ១៩៧០ ១៩៨០ ក្នុងទី១គ្រាដែលប្រជាជនកម្ពុជាបានលះបង់ និងគាំទ្រដើម្បីបុព្វហេតុនៃការបង្រួបបង្រួមទឹកដី និងឯករាជ្យភាពរបស់វៀតណាម»។
លោកថ្លែងបន្តថា៖ «ទី ២ ការលះបង់របស់កងទ័ព និងប្រជាជនវៀតណាមក្នុងការផ្តួលរលំ និងជួយប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតកម្ពុជាប្រជាធិបតេយ្យ និងការគាំទ្ររបស់វៀតណាមក្នុងការកសាងអភិវឌ្ឍ»។
លោកហ៊ុន ម៉ាណែត ក៏បញ្ជាក់បន្ថែមទៀតថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាមគឺមានភាពល្អប្រសើរជាមួយថ្នាក់ដឹកនាំតាំងពីសម័យសង្គមរាស្ត្រនិយម រហូតមកពេលបច្ចុប្បន្ននេះ។
លោកថ្លែងថា៖ «នេះជាសច្ចភាពប្រវត្តិសាស្ត្រ ហើយគ្មានកម្លាំងប្រតិកិរិយាណាអាចមកប្រែក្រឡាស់បានឡើយ។ យើងត្រូវអប់រំ និងផ្សព្វផ្សាយឱ្យប្រជាជនយើងទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយបានយល់ដឹងជ្រួតជ្រាបអំពីសច្ចភាពប្រវត្តិសាស្ត្រនេះ ក៏ដូចជាសារសំខាន់ និងគុណតម្លៃនៃទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម»។
កងទ័ពរបស់វៀតណាមបានចាប់ផ្តើមចូលកម្ពុជានៅអំឡុងចុងខែធ្នូ ឆ្នាំ១៩៧៨ ដែលបានវាយបំបែកក្រុមខ្មែរក្រហម និងរំដោះកម្ពុជាពីរបបដ៏ព្រៃផ្សៃមួយនេះ។ ការជួយរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ត្រូវបានក្រុមអ្នករិះគន់ និងអ្នកនយោបាយមួយចំនួនលើកឡើងថាជា«ការឈ្លានពាន»របស់វៀតណាមមកលើកម្ពុជា។ កាលពីកន្លងទៅ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាត្រូវបានអ្នកនយោបាយជំទាស់មួយចំនួន និងអ្នករិះគន់លើកឡើងថាជា«អាយ៉ងវៀតណាម» ដោយសារវៀតណាមបានចូលមកទឹកដីកម្ពុជា ហើយបានរៀបចំរដ្ឋាភិបាលថ្មី ក្រោយការផ្តួលរំលំរបបខ្មែរក្រហម។
សាស្ត្រាប្រវត្តិសាស្ត្រនៃសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា លោក សំបូរ មាណ្ណារ៉ា ប្រាប់វីអូអេថា ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតគឺជាផ្នែកមួយដែលបង្ហាញប្រវត្តិសាស្ត្រនៃការជួយរំដោះកម្ពុជាពីសម័យដ៏ឃោរឃៅដែលស្ថិតនៅចន្លោះឆ្នាំ១៩៧៥-១៩៧៩ និងជានយោបាយការទូតរវាងប្រទេសទាំងពីរ។ លោកបន្តថា វាបានបង្ហាញពីគុណធម៌នៃការដឹងគុណរបស់កម្ពុជាពីការជួយជ្រោមជ្រែងរបស់វៀតណាម។
បើតាមសាស្ត្រាចារ្យប្រវត្តិវិទ្យារូបនេះ យុវជនជំនាន់ក្រោយគួរមានការសិក្សាពីប្រវតិ្តសាស្ត្រឱ្យបានច្បាស់លាស់ និងយល់ដឹងពីបរិបទពេលវេលា ពីព្រោះប្រវត្តិសាស្ត្រជាអ្វីដែលបានកើតឡើងកាលពីអតីតកាល។ លោកបន្តថាការខំប្រឹងបញ្ឈប់ការរើសអើងលុះត្រាតែមានការលើកចំណុចល្អពីទំនាក់ទំនងដែលធ្លាប់បានកើតឡើងនៅក្នុងប្រវត្តិសាស្ត្រ។
លោកថ្លែងថា៖ «កាលដែលយើងខំប្រឹងកុំឱ្យមានការរើសអើងនេះ គឺយើងត្រូវលើកពេលនៅក្នុងប្រវត្តិសាស្ត្រ យើងចំណុចល្អៗ យើងលើកចូលទៅក្នុងទំនាក់ទំនងសកម្មសម្រាប់ការអភិវឌ្ឍទាំងការទូត ទាំងពាណិជ្ជកម្ម ទាំងការងារនយោបាយ យើងលើកអ្វីដែលល្អដើម្បីនិយាយប្រាប់ ដើម្បីបង្ហាញប្រាប់ក្នុងជំនួប ដើម្បីជាជំទប់ការពារកុំឱ្យមានការរើសអើង។ ជាការពិតពីមួយជំនាន់ទៅមួយជំនាន់ បើយើងយកចិត្តទុកដាក់គិតបែបនេះ យើងនឹងរស់នៅជាមួយដោយសន្តិវិធី និងសុខដុមលុះមិនខាន»។
ពាក្យថា«ឈ្លានពាន»គឺជាការលើកទ័ពពីប្រទេសមួយទៅប្រទេសមួយទៀត ប៉ុន្តែសម្រាប់កម្ពុជា គឺការដែលកម្ពុជាខ្លួនឯងបានទៅពឹងភាគីវៀតណាមជួយ ដោយមានការរៀបចំផែនការផ្សេងៗ ដើម្បីរំដោះប្រទេសពីរបបខ្មែរក្រហម។ នេះបើតាមការបញ្ជាក់របស់លោក សំបូរ មាណ្ណារ៉ា។ លោកបន្ថែមថា មនុស្សគ្រប់រូបគួរស្វែងយល់ឱ្យកាន់តែស៊ីជម្រៅមុននឹងប្រើប្រាស់ពាក្យថាអ្វីជាការឈ្លានពាន និងការជួយជ្រោមជ្រែង ឬការជួយសង្គ្រោះ។
លោកថ្លែងថា៖ «ប៉ុន្តែទីបំផុតនៅពេលដែលយើងទទួលជោគជ័យ ទៅជាយើងបែរដែលហៅថាការបន្ទាបបន្ថោកនៃភាពតានតឹង យើងបែរជាគិតថាគេឈ្លានពានអ៊ីចឹងរើសអើងណាស់នៅលើពិភពលោកយើងហ្នឹង សូម្បីតែមហាអំណាចធំៗមានការជួយទៅប្រទេសដទៃក៏ត្រូវបានគេចោទប្រកាន់ថាឈ្លានពានដែរ។ ប្រទេសកម្ពុជាក៏មានចំណែកក្នុងបញ្ហាហ្នឹងខ្លះដែរគឺនៅក្នុងឆ្នាំ១៩៧០-១៩៧៥ នៅពេលសង្គ្រាមឥណ្ឌូចិនមែន សង្គ្រាមនៅវៀតណាមហ្នឹង អ៊ីចឹងយើងត្រូវគិតឡើងវិញនៃការរបៀបប្រើពាក្យឈ្លានពានគួរតែគិតពីតម្រូវការចាំបាច់»។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម ថ្លែងថាការលើករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គឺអះអាងតាមប្រវត្តិសាស្ត្រដែលកម្ពុជានិងវៀតណាមបានជួយគ្នាទៅវិញទៅមក។ លោកថាវៀតណាមមិនត្រូវទាមទារឱ្យកម្ពុជាត្រូវដឹងគុណពីការជួយជ្រោមជ្រែងរបស់ខ្លួន ហើយវៀតណាមក៏ទទួលស្គាល់ពីការជួយរបស់កម្ពុជាដូចគ្នានាគ្រាដែលធ្វើឱ្យវៀតណាមខាងជើង និងខាងត្បូងមានឯកភាពជារួមមួយ។
លោកប្រាប់វីអូអេថា៖ «គឺវៀតណាមត្រូវតែអរគុណមកឱ្យកម្ពុជាផងដែរនៅពេលដែលកម្ពុជាបានជួយវៀតណាមឱ្យមានឯកភាពជាតិឡើងវិញបានន័យថាបង្រួបបង្រួមវៀតណាមពីដើមមកមានខាងជើង ខាងត្បូងឱ្យចូលគ្នានៅក្នុងវៀតណាមតែមួយវិញ។ បើសិនជាកម្ពុជាកុំអនុញ្ញាតឱ្យវត្តមានកងទ័ពវៀតណាមដែលជំនាន់ហ្នឹងហៅវៀតកុងឱ្យមកនៅក្នុងប្រទេសខ្មែរជំនាន់ក៏វៀតណាមពិបាកក្នុងការវាយដណ្តើមយក ឬក៏ឈានទៅរកការបង្រួបបង្រួមវៀតណាមបានទាំងពីរវិញដែរ»។
បើតាមលោកបណិ្ឌត មាស នី ការបង្កជាសត្រូវជាមួយប្រទេសជិតខាងមិនមែនជារឿងដែលល្អប្រសើរទេ ដោយមិនគួរមានការកាឡៃឬកែច្នៃទៅលើប្រវត្តិសាស្ត្រដែលអាចនឹងបង្កឱ្យមានការរើសអើងកាន់តែខ្លាំងឡើង។ លោកបន្តថា លោកគាំទ្រចំពោះសកម្មភាពបញ្ឈប់ការរើសអើងរវាងជាតិសាសន៍ទាំងពីរ ដោយយុវជនជំនាន់ក្រោយត្រូវសិក្សាឱ្យច្បាស់ពីប្រវត្តិសាស្ត្រ ដោយមិនត្រូវឱ្យបុគ្គលមួយធ្វើឱ្យវង្វេងប្រវត្តិសាស្ត្ររបស់ខ្លួនឡើយ។
លោកថ្លែងថា៖ «អ៊ីចឹងដែលសំខាន់បំផុតនោះគឺដើម្បីទប់ទល់ជាមួយការរើសអើង រឿងហ្នឹងវាទល់តែកម្ពុជាក៏ត្រូវតែពង្រឹងសមត្ថភាពខ្លួនឯងដែលទាំងសេដ្ឋកិច្ច ទាំងនយោបាយអីហ្នឹងឱ្យដើរទាន់ទាន់ឯង អ៊ីចឹងយើងក៏មិនសូវជាមានការរើសអើងដែរបាទ»។
កាលពីខួបលើកទី ៤៥ ឆ្នាំនៃដំណើរស្វែងរកជំនួយពីកងទ័ពវៀតណាម អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានថ្លែងថាកងទ័ពវៀតណាមចូលទឹកដីកម្ពុជា កាលពីជាង៤០ឆ្នាំមុន គឺដើម្បីផ្តួលរំលំរបបខ្មែរក្រហម និងសង្គ្រោះអាយុជីវិតរបស់ប្រជាជនកម្ពុជា មិនមែនជាការចូលមកឈ្លានពាន ឬក៏សម្លាប់ប្រជាជនកម្ពុជា ដូចការចោទប្រកាន់ឡើយ៕