ឪពុក​ម្តាយ​ខ្មែរ​ណែនាំ​កូន​ឲ្យ​ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង

រូបឯកសារ៖ ពលករ​ខ្មែរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ រង់ចាំ​ដំណើរ​ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បូង។ (ប៉ូច រាសី/VOA)

រហូត​មក​ដល់​ពេល​នេះ​ ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​ទៅ​ដល់​ជិត​៥៤០០០​នាក់។ ​ក្នុង​មួយ​ឆ្នាំៗ ​កម្ពុជា​អាច​នឹង​បញ្ជូន​ពលករ​ទៅ​កូរ៉េ​ជាង​៤​ពាន់​នាក់។

រវាង​ការ​សិក្សា​ និង​ការ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេស ​អ្នកស្រីហម សៀង ​អាយុ​៥៤​ឆ្នាំ ​ជា​ប្រជា​ពលរដ្ឋ​ម្នាក់​ក្នុង​ឃុំ​ព្រែក​អាជី ​ស្រុក​ក្រូច​ឆ្មារ ​ខេត្ត​កំពង់ចាម ​បាន​សម្រេច​ជោគ​វាសនា​កូន​ប្រុស​របស់​អ្នកស្រី​ឲ្យ​ឈប់​រៀន​ ​ហើយ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។​

អ្នកស្រី ហម សៀង អាយុ ៥៤​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ឃុំ​ព្រែកអាជី ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម ដែល​បាន​បញ្ជូន​កូន​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង។ (ស៊ុន ណារិន/VOA)

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ ​VOA ​នៅ​ផ្ទះ​របស់​អ្នកស្រី ​ អ្នកស្រី​បាន​ថ្លែង​ថា៖​

«ឃើញ​គេ​ទៅ​អស់​ហើយ ​នៅ​ក្រ​តែ​យើង​អ៊ីចឹង។ ​មួយ​ផ្ទះ​ពីរបី​ មួយ​ផ្ទះ​ពីរ​បី ​អត់តែ​យើង​ហ្នឹង​ ​ប្រថុយ​ទៅៗ​កូន។ ​អា​ឪ​ហ្នឹង​ចេះ​ទៅ​បន្ទោស​ថា ​កុំ​ទៅ!​ ​កុំ​អី​បាន​ធ្វើ​គ្រូ​ហ្នឹង​គេ​ហើយ»។​

កូន​ប្រុស​របស់​អ្នកស្រី​គឺ​លោក​វិន ឌីណា ​អាយុ​២៤​ឆ្នាំ​ បាន​និង​កំពុង​ធ្វើ​ការ​នៅ​រោងចក្រ​ដែក​មួយ​ក្នុង​ប្រទេស​កូរ៉េ​អស់​រយៈ​ពេល​ជិត​៣​ឆ្នាំ​មក​ហើយ។ ​មុន​ពេល​ចាក​ចេញ​ទៅ​ប្រទេស​កូរ៉េ ​ លោក​ឌីណា​បាន​សម្រេច​បោះ​បង់​ការ​សិក្សា​ថា្នក់​ទី​១១ ​ក្រោយ​មាន​ការ​ជំរុញ​ពី​ម្តាយ​របស់​គេ ​ខណៈ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​នៅ​ក្នុង​ឃុំ​មួយ​នេះ​បាន​ចាក​ចេញ​ទៅ​ប្រទេស​កូរ៉េ។​

ដោយ​សារ​រៀន​ខ្មែរ​ផង​ និង​ភាសាកូរ៉េ​ផង ​លោក​ឌីណា ពិបាក​នឹង​ចាប់​បាន​ទាំង​២ ​ដូច្នេះ​លោក​បាន​ឈប់​រៀន​ថ្នាក់​ខ្មែរ​ទី​១១ ​និង​សម្រេច​ផ្តោត​តែ​លើ​ភាសា​កូរ៉េ។​

អ្នកស្រី​ ហម សៀង​ជាម្តាយ ​មាន​ប្រសាសន៍​ថា៖​

«វា​រៀន​រដ្ឋ​ហ្នឹង​ផង ​កូរ៉េ​ផង​ រៀន​អត់​ចូល​លោក​គ្រូ។​ ដល់​អ៊ីចឹង ​អានេះ​ផង ​អា​នោះ​ផង ​ដល់​ពេល​រៀន​បាន​២​ឆ្នាំ​ អត់​ជាប់។ ​ខ្ញុំ​ថា ​អា​អូន​អ្ហា ​គេ​ទៅ​កូរ៉េ​អស់​ហើយ​ ទៅ​នឹង​គេ​ទៅ!​ "អ៊ី​ចឹង​ទៅ​កូរ៉េ​ ​ចោល​ខ្មែរ​ហើយ​ណា​ម៉ែ?”​ ចោល​ខ្មែរ​ហ្នឹង​ទៅ ​បាន​ជាប់​កូរ៉េ​វគ្គ​ហ្នឹង»។​

ប្រជា​ពលរដ្ឋ​ដែល​មាន​បំណង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ត្រូវ​តែ​ប្រកួត​ប្រជែង​សមត្ថ​ភាព​ភាសា​កូរ៉េ​ជាមួយ​បេក្ខជន​ជា​ច្រើន​ផ្សេង​ទៀត។ ​រដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​ក្រុមហ៊ុន​ឯក​ជន​ក្នុង​ការ​ជ្រើស​រើស​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​នោះ​ទេ​គឺ​រដ្ឋាភិបាល​ជា​អ្នក​រ៉ាប់​រង ​ដោយ​សហការ​ជាមួយ​ប្រទេស​កូរ៉េ។​

ជា​ធម្មតា ​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េអាច​រក​ប្រាក់​ចំណូល​បាន​ចន្លោះ​ពី​១២០០​ទៅ​១៣០០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ការងារ​ផ្នែក​កសិកម្ម​ ហើយ​ពួកគេ​អាច​រក​បាន​ចន្លោះ​ពី​១៧០០​ទៅ​១៨០០​ដុល្លារ​អាមេរិក​ក្នុង​ផ្នែក​ឧស្សាហ​កម្ម។​

ពលករ​ខ្មែរ​ប្រហែល​៥៤០០០​នាក់​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ ហើយ​ពួកគេ​ធ្វើ​ការ​ក្នុង​ផ្នែក​សំណង់ ​កសិកម្ម​ និង​ឧស្សាហ​កម្ម​ធុន​តូច ​និង​មធ្យម។ ​មាន​ការ​ប៉ាន់​ប្រមាណ​ថា ​ជារៀង​រាល់​ឆ្នាំ ​ពួក​គេ​បាន​ផ្ញើ​លុយ​សរុប​ប្រមាណ​៣០០​លាន​ដុល្លារ​អាមេរិក​មក​ក្រុម​គ្រួសារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

អ្នកស្រី ហម សៀង បាន​យក​ប្រាក់​ដែល​កូន​ផ្ញើ​ពី​ប្រទេស​កូរ៉េ ដើម្បី​ជួសជុល​ផ្ទះ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ព្រែកអាជី ខេត្តកំពង់ចាម។ (ស៊ុន ណារិន/VOA)

ស្ថាន​ភាព​រស់​នៅ​របស់​អ្នកស្រី​សៀង​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​គឺ​ពី​មុន​ធ្លាប់​ខ្ចី​លុយ​គេ​ ​ តែ​ឥឡូវ​មានលុយ​ដាក់​ក្នុង​ធនាគារ។ ​អ្នកស្រី​ធ្លាប់​បាន​ខ្ចី​លុយ​គេ​រៀង​រាល់​រដូវ​ធ្វើ​ស្រែ​ ដោយសារ​ត្រូវ​ទិញ​ប្រេង​សម្រាប់​បូម​ទឹក ​និង​ជី​ដាក់​ស្រែ។ ​ប៉ុន្តែ​អ្នកស្រី​ថា ​បច្ចុប្បន្ន​នេះ ​អ្នកស្រី​មាន​លុយ​សល់​ក្នុង​ធនាគារ​ ដោយសារ​កូន​ប្រុស​ផ្ញើ​មក​ពី​ប្រទេស​កូរ៉េ។​ អ្នកស្រី​បញ្ជាក់​ថា ​ក្នុង​មួយ​ខែៗ​ កូន​ប្រុស​បាន​ផ្ញើ​លុយ​ប្រមាណ​១​ពាន់​ដុល្លារ​ដល់​អ្នកស្រី ​ហើយ​រហូត​មក​ដល់​ពេល​នេះ​បាន​ជាង​២​ម៉ឺន​ដុល្លារ​រួច​ទៅ​ហើយ។ ​អ្នកស្រី​បាន​យក​ថវិកា​មួយ​ចំនួន​ទៅ​ធ្វើ​ផ្ទះ​ ទិញ​ម៉ូតូ និង​ទិញ​ទូរស័ព្ទ​ដៃ​ទំនើប​ផង​ដែរ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«វា​ធូរ​ មុន​ដល់​ខែ​ស្រូវ​អ៊ីចឹង ជំពាក់​គេ​ដែរ​ ហ្នឹង​គ្រូ»។​

ប៉ុន្តែ​មុន​ពេល​កូន​ប្រុស​ទៅ​ប្រទេស​កូរ៉េ​ ​អ្នកស្រី​បាន​ខ្ចី​លុយ​គេ​ប្រមាណ​៣ពាន់​ដុល្លារ​ដើម្បី​ចំណាយ​មុន​ចេញ​ទៅ​ធ្វើ​ការ ​ដូច​ជា​ថ្លៃ​យន្តហោះ ​និង​ទិញ​សម្ភារៈ​ផ្សេងៗ។ ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ អ្នកស្រី​បាន​សង​គេ​អស់​រួច​ទៅ​ហើយ។​

អ្នកស្រី​ក៏​បាន​ចំណាយ​លុយ​អស់​រាប់​រយ​ដុល្លារ​សម្រាប់​កូន​រៀន​ភាសា​កូរ៉េ ​និង​ប្រឡង​ត្រៀម​ចេញ​ទៅ​ប្រទេស​កូរ៉េ។​

អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖​

«លុយ​គ្រាន់​តែ​បណ្តោះ​វា​ទៅ​មកៗ ​គេ​ហៅ​ទៅ​ភ្នំពេញ​ហ្នឹង​លោក​គ្រូ។ ​ទៅ​អ៊ីចឹង​ទៅ​១០០ដុល្លារ។ ​ត្រឡប់​មក​វិញ​ទៅ ​ពីរ​បី​ថ្ងៃ​ទៀត ​ទៅ​វិញ១០០​ដុល្លារ​ទៀត​ទៅ។ អា​ហ្នឹង​លុយ​ខ្លួន​ឯង។ ​ដល់​ពេល​វា​ឡើង​យន្ត​ហោះ​ ​អាហ្នឹង​ខ្ញុំ​យក​លុយ​គេ»។

នៅ​តាម​ជន​បទ ​វាជា​រឿង​ធម្មតា​ទេ ​ដែល​ប្រជាជន​ពឹង​ផ្អែក​លើ​ការ​ធ្វើ​ស្រែ ​និង​ចម្ការ។ ​ប៉ុន្តែ​វា​នឹង​មាន​ការ​លំបាក​ ប្រសិន​បើ​ពួកគេ​មិន​មាន​ដី​សម្រាប់​ធ្វើ​ស្រែ​ និង​ចម្ការ។ អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​គឺ​ការ​ចំណាក​ស្រុក​ទៅ​ទីក្រុង​ ឬ​ទៅ​ក្រៅ​ប្រទេស ​ដែល​ជា​បញ្ហា​ធំ​នៅ​កម្ពុជា។​

ប្រទេស​ចំនួន​៧ ​ដែល​ពលករ​កម្ពុជា​កំពុង​ធ្វើ​ការ​គឺ​ប្រទេស​ម៉ាឡេ​ស៊ី ​អារ៉ាប៊ីសាអ៊ូឌីត ​ថៃ ​ជប៉ុន ​សិង្ហបុរី ​ចិន​ហុងកុង ​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ​ប្រជាជន​ខ្មែរ​រាប់​ម៉ឺន​នាក់កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ និង​ម៉ាឡេស៊ី ​ដោយ​ខុស​ច្បាប់។​

អ្នក​ភូមិ​លើក​ឡើង​ថា ​ប្រជាជន​ក្នុង​ឃុំ​ព្រែក​អាជី​នេះបាន​សម្រេច​បញ្ជូន​កូន​ទៅ​ប្រទេស​កូរ៉េ​ស្ទើរ​តែ​គ្រប់​គ្នា​ទៅ​ហើយ។ ​មុន​ពេល​កូន​របស់​អ្នក​ស្រី​សៀង​ចេញ​ទៅ​ក្រៅ​ប្រទេស ​ អ្នក​ភូមិ​ផ្សេង​ទៀត​ក៏​បាន​បញ្ជូន​កូន​ទៅ​ជា​បន្ត​បន្ទាប់​ផង​ដែរ ​ក្នុង​នោះកូន​ប្រុស​៣​នាក់​របស់​លោក​ឃឹម សាន ​អាយុ​៥០​ឆ្នាំ។ ​មិន​តែ​ប៉ុណ្ណោះ ​កូន​ប្រសារ​ស្រី​២​នាក់​របស់​លោក​ក៏​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ផង​ដែរ។​

លោក ឃឹម សាន អាយុ ៥០​ឆ្នាំ បាន​បញ្ជូន​កូនប្រុស​របស់​លោក​ទាំង៣​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ផងដែរ។ (ស៊ុន ណារិន/VOA)

លោក​ ឃឹម សាន​បាន​ថ្លែង​ប្រាប់​ VOA​ ថា៖​

«ឃើញ​គេ​ ឃើញ​ឯង​ទៅ​ចេះ​តែ​បាន​ទៅ​ ទៅ​តាម​គេ​ ទៅ​រៀន​ ទៅ​អី​តាម​គេ​ប្រឡង​តាម​គេ​ទៅ»។​

លោក​បន្ត​ថា ​មុន​ដំបូង​ឡើយ ​កូន​ប្រុស​ទី​១​បាន​ទៅ​ធ្វើ​ការ ​ហើយ​បន្ទាប់​មកកូន​ប្រុស​ទី​២ ​និង​ទី​៣។ ​ទោះ​ជា​យ៉ាងណា ​លោក​ហាក់​ដូច​ជា​មិន​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន​ ដូច​អ្នកស្រី​សៀង​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«វា​គួរ​សម។ ​វា​មិន​ពិបាក​ ក៏​មិន​ស្រណុក​ពេក​ដែរ។ ផ្ញើ​គ្រាន់​តែ​ចាយ​៥០​(ដុល្លារ)​ ១០០​(ដុល្លារ)​អ៊ីចឹង»។​

មុន​ពេល​កូន​ចេញ​ទៅ ​លោក​ក៏​បាន​ខ្ចី​លុយ​គេ​ផង​ដែរ​គឺ​កូន​ដំបូង ​ខ្ចី៤​ពាន់​ដុល្លារ កូន​ទីពីរខ្ចី​៣ពាន់​ដុល្លារ​ទៀត និង​កូន​ទី​បី​ខ្ចី​៣​ពាន់​ដុល្លារ​ផង​ដែរ។

ទោះ​ជាយ៉ាងណា ​លោក​មាន​ប្រសាសន៍​ថា ​កូន​របស់​លោក​នឹង​ត្រឡប់​មក​ស្រុក​កំណើត​វិញ ​នៅ​ពេល​ណា​មួយ ​ដែល​ពួក​គេ​អាច​សន្សំ​លុយ​បាន​ខ្លះ ​ដើម្បី​រក​ស៊ី​នៅ​ស្រុក​ខ្មែរ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ចង់​ឲ្យ​ទៅ​ម្នាក់​មួយ​អាណត្តិ​ទៅ ​ចង់​បាន​លុយ​រក​ស៊ី។ ​នៅ​ម៉េច​កើត? មាន​កូន​មាន​ចៅ។ ​គ្រាន់​តែ​សន្សំ​លុយ​ឲ្យ​បាន​ដើម​រក​ស៊ី​នៅ​ស្រុក​ខ្មែរ​យើង»។

នៅ​ក្នុង​ឃុំ​ដដែល​នេះ ​ អ្នក​ជិត​ខាង​អ្នកស្រី​សៀង​គឺ​អ្នកស្រី​ជន ណាត ​អាយុ​៦៥​ឆ្នាំ ​មាន​ប្រសាសន៍​ថា ​អ្នកស្រី​មាន​កូនស្រី​២​នាក់​ដែល​បាន​រៀបការ​ជាមួយ​ស្វាមី​កូរ៉េ ​ហើយ​បាន​ទៅ​រស់​នៅ​ទី​នោះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

អ្នកស្រី​មាន​ប្រសាសន៍​ថា ​ពួកគេ​ទទួល​បានសញ្ជាតិ​កូរ៉េ​រួច​ហើយ។ ​អ្នកស្រី​បន្ត​ថា ​ពួក​គេ​បាន​ផ្ញើ​លុយ​មក​អ្នកស្រី​ដើម្បី​ធ្វើ​ផ្ទះ​ និង​ចាយ​វាយ​បន្តិច​បន្តួច​ផង​ដែរ។​

អ្នកស្រី​បញ្ជាក់​ថា៖​

«អឺ ​ឥឡូវ​ ផ្ញើ​តែ​ចាយ​១០០​(ដុល្លារ)។ ​គេ​មក​ ​គេ​ធ្វើ​ផ្ទះ​ទាំង​អស់​ហ្នឹង​ណា៎»។​

បើ​តាម​មន្រ្តី​កម្ពុជា​ ស្រ្តី​ខ្មែរ​ប្រមាណ​៨​ពាន់​នាក់​បាន​រៀបការ​ជាមួយ​ប្តី​កូរ៉េ។​

មេឃុំ​ព្រែក​អាជី ​លោក​អ៊ីវ លីហូវបាន​ថ្លែង​ប្រាប់​ VOA ថា ​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​បាន​សម្រុក​ទៅ​ប្រទេស​កូរ៉េ​ច្រើន​ ដោយសារ​ពួកគាត់​បាន​ឃើញ​ជីវភាព​គ្រួសារ​ដែល​មាន​កូន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ​ដូច្នេះ​ពួកគាត់​តាម​គ្នា។​

លោក​បន្ត​ថា ​ក្មេងៗ​ជា​សិស្ស​មួយ​ចំនួន​បាន​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​១១ ​ទី​១២ ​រួច​ក៏​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ។​

លោក​មាន​ប្រសាសន៍​ថា៖​

«និយាយ​ទៅ​ ​ ម៉ែ​ឪ​គេ​ជំរុញ​ដែរ ហើយ​ការ​ស្ម័គ្រ​ចិត្ត​ខ្លួន​គេ​ផង។ ពលករ​ច្រើន​តែ​យុវជន ​អ្នក​មាន​គ្រួសារ​កូន​មួយ ​កូន​ពីរ​អី​ហ្នឹង​ណា៎។​ ខ្លះ​គេ​រៀន​ប្រឡង​បាក់​ឌុប​ជាប់​ទៅ​ ខ្លះ​ត្រូវ​ប្រឡង​អី​ចឹង​ទៅ។ ​ម្នាក់ៗ​មើល​ឃើញ​តាម​គ្នា។​ ខ្លះ​នឹក​ឃើញ​ថា​ ទៅ​រក​លុយ​សិន​អី​ចឹង​ទៅ​ ​ទៅ​រក​លុយ​ទៅ!​ ​ដូច​ថា ​ជាប់​បាក់​ឌុប​ មក​រក​ស៊ី​អ៊ី​ចឹង​ទៅ​ ខ្លះ​មក​រក​ស៊ី​វិញ​អ៊ី​ចឹង​ទៅ»។​

ទោះ​ជា​យ៉ាងណា ​លោក​យល់​ថា ​ពលករ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ពិបាក​នឹង​ប្រើ​ជំនាញ​របស់​ខ្លួន​ដែល​មាន​បទ​ពិសោធន៍​នៅ​ទីនោះ ​មក​ធ្វើ​ការ​នៅ​ប្រទេស​ខ្មែរ។ ​លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​មើល​ទៅ ​មាន​ខ្លះ​អី​ ខ្លះ​ទៅ​ ខ្លះ​ក៏​គ្មាន​ចាប់​ជំនាញ​អី​បាន ​ព្រោះ​យើង​ទៅ​ធ្វើ​ការ​នៅ​ហ្នឹង ​ខ្លះ​រោងចក្រ​តូច។ ​តាម​ពិត​ទៅ​ ជំនាញ​ដែល​គេ​ឲ្យ​មាន​ អ្នក​នេះ​ធ្វើ​ស្អី​ អ្នក​នោះ​ធ្វើ​ស្អី ​យើង​យក​មក​ផ្គួប​ផ្សំ​ បាន​ន័យ​ថា ​ធ្វើ​វា​អត់​កើត​ដដែល»។​

មេ​ឃុំ​រូប​នោះ​បាន​បញ្ជាក់​ថា ​អ្នក​ខ្លះ​ត្រឡប់​ពី​ប្រទេស​កូរ៉េ​វិញ ​ហើយ​មាន​លុយ ​ពួក​គេ​បាន​ទិញ​ដី ​និង​ខ្លះ​ទៀត​បាន​ចាប់​ផ្តើម​របរ​រក​ស៊ី​មួយ​ចំនួន។​

លោក​ឌី ថេហូយ៉ា ​មន្រ្តី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ (Central)​មាន​ប្រសាសន៍​ថា​ កូរ៉េ​ខាង​ត្បូង​មាន​លក្ខខណ្ឌ​ការងារ​ល្អ ​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​ប្រាក់​កម្រៃ​ការងារ​ល្អ​ប្រសើរ​ជាង​គេ។ ​លោក​បញ្ជាក់​ថា ​ពលករ​ខ្មែរ​ទៅ​ប្រទេស​ផ្សេង ​ដូច​ជា​ប្រទេស​ថៃ ​និង​ម៉ាឡេ​ស៊ី ​រង​ការ​រំលោភ​បំពាន ដោយ​សារ​ពួកគេ​ជា​ពលករ​មិន​មាន​ជំនាញ ​ហើយ​មិន​យល់​ដឹង​ពី​ច្បាប់​ការងារ។​

លោក​ក៏​បារម្ភ​អំពី​ការ​ត្រឡប់​មក​ពី​ក្រៅ​ប្រទេស​វិញ​របស់​ពលករ ​ដោយសារ​កម្ពុជា​មិន​ទាន់​មាន​ការ​រៀប​ចំ​ឲ្យ​ពួកគេ​បាន​ប្រើប្រាស់​ជំនាញ​ទាំង​នោះ​នៅ​កន្លែង​ការងារ។​

លោក​មាន​ប្រសាសន៍​ថា៖​

«អ៊ីចឹង​ រាល់​ថ្ងៃ​យើង​អត់​មាន​ឧទាហរណ៍។ ​ទៅ​នៅ​កូរ៉េពីរ​ឆ្នាំ ​ឬ​៤​ឆ្នាំ ​ត្រឡប់​មក​វិញ ​តាម​សមត្ថភាព​របស់​គាត់​ បើ​គាត់​រក​បាន​ការងារ​បាន​ធ្វើ​ជា​រឿង​ឱកាស​របស់​គាត់។ វា​អត់​មាន​អា​ Plan​ [ផែនការ] អ្នក​ដែល​មក​ពី​កូរ៉េ ​អ្នក​មក​ពី​ប្រទេស​ផ្សេងៗ​ បញ្ចប់​កុងត្រា​ កិច្ច​សន្យា​ការងារ​ស្រុក​គេ​ហ្នឹង ​គួរ​មាន​ចន្លោះ ​គួរ​តែ​មាន​ទីផ្សារ​ការ​ងារ​ហ្នឹង​សម្រាប់​ពួកគេ ​ឲ្យ​គាត់​បាន​ប្រើប្រាស់​ជំនាញ​របស់​គាត់ ​បន្ត​ការងារ ​បន្ត​អាជីព​របស់​គាត់​ហ្នឹង»។​

កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៧ ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​ជួប​ជាមួយ​មន្រ្តី​របស់​កូរ៉េ ​ដោយ​ពួកគេ​មាន​ការ​កោត​សរសើរ​ពលករ​ខ្មែរ​នៅ​ទីនោះ។​

លោក​ហ៊ុន សែន​បាន​ថ្លែង​ថា៖​

«នៅ​កូរ៉េ​មាន​ព័ត៌មាន​ល្អ ​គេ​បាន​ចាត់​ទុក​ថា​ កម្មករ ​កម្មការិនី​របស់​កម្ពុជា​មាន​ស្តង់ដារ​ខ្ពស់​ណាស់​ មាន​កម្រិត​គោរព​វិន័យ​ខ្ពស់​ណាស់ ​មាន​វិជ្ជាជីវៈ​ខ្ពស់​ណាស់»។​

លោក​ហេង សួរ ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​ បាន​ថ្លែង​ថា ​រដ្ឋាភិបាល​កំពុង​ធ្វើ​ការ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ស្ថានភាព​នៃ​ពលករ​ដែល​ត្រឡប់​មក​វិញ។ ​លោក​បន្ត​ថា​ រដ្ឋាភិបាល​ក៏​បាន​គិត​គូរ​ដល់​ជំនាញ​របស់​ពួកគេ​ ពេល​ពួកគេ​ត្រឡប់​មក​វិញ​ផង​ដែរ ​តាមរយៈ​ការ​ទទួល​ស្គាល់​ជំនាញ ​និង​បទពិសោធន៍​របស់​ពួកគេ។​

ត្រឡប់​មក​ផ្ទះ​របស់​អ្នកស្រីសៀង​វិញ​ ​អ្នកស្រី​នៅ​តែ​ធ្វើ​ស្រែ ​និង​ដាំ​ឈូក​ដើម្បី​រក​ចំណូល​បន្ថែម​ពី​ការ​ផ្ញើ​លុយ​របស់​កូន​ពី​ក្រៅ​ប្រទេស។ ​អ្នកស្រី​សៀង​បាន​ឲ្យ​ដឹង​ថា ​ក្នុង​មួយ​សប្តាហ៍ ​ អ្នកស្រី​ទូរស័ព្ទ​ទៅ​កូន ​ហើយ​ពេល​ណា​ចង់​ឃើញ​មុខ​ អ្នកស្រី​អាច​និយាយ​គ្នា​តាម​ហ្វេសប៊ុក។​

ទោះ​ជា​យ៉ាងណា ​អ្នកស្រី​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព ​និង​សុខភាព​កូន​ប្រុស​ផង​ដែរ​ ដោយ​គេ​សារ​ធ្វើ​ការ​នៅ​កន្លែង​ដែល​ក្តៅ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«ក្តៅ​ណាស់ ​គាត់​ត្អូញ​ដែរ។ ​គេ​នៅ​កើត​ យើង​នៅ​កើត។ ​ម៉េចខ្ជិល​ដែរ»។​

អ្នកស្រី​បញ្ជាក់​ថា​ កូន​ប្រុស​របស់​អ្នកស្រី​ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ការងារ​ផង​ដែរ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«ម៉ាស៊ីន​កាត់​ក្រចក​នេះដាច់​បន្តិច​ដែរ​ហ្នឹង។ ​ប៉ុន្តែ​វា​អត់​មាន​ប្រាប់​ខ្ញុំ​ទេ​ ដេក​ពេទ្យ​មួយ​ខែ​ដែរ‍»។ ​

ទោះ​ជា​យ៉ាងណា​ អ្នកស្រី​ក៏​បាន​ផ្តាំ​ឲ្យ​កូន​ចេះ​មើល​ថែ​សុខភាព ​ដោយសារ​អាកាស​ធាតុ​នៅ​ប្រទេស​កូរ៉េ​ត្រជាក់​ពេក៕