សកម្មជន​នយោបាយ​ខ្មែរ​ម្នាក់​ដែល​ភៀស​ខ្លួន​រស់​នៅ​ប្រទេស​ថៃ រង​ការ​លួច​វាយ​ប្រហារ

រូប​ឯកសារ៖ រូបថត​ផ្សាយ​​លើ​ទំព័រ​ហ្ចេសប៊ុក​ផ្ទាល់​ខ្លួន​របស់សកម្មជន​នយោបាយ​ខ្មែរ​ លោក​ ផន ផាន់ណា នៅ​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង។ លោក​​កំពុង​ភៀសខ្លួន​រស់​នៅ​ប្រទេស​ថៃ។ (Phorn Phana / Facebook)

សកម្មជន​នយោបាយ​ខ្មែរ​ម្នាក់​ដែល​កំពុង​ភៀសខ្លួន​រស់​នៅ​ប្រទេស​ថៃ ​លោក​ ផន ផាន់ណា ​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​វាយ​ប្រហារ ​កាល​ពី​ថ្ងៃ​អង្គារ ​ទី​២២​ ខែ​សីហា​ ដោយ​លោក​ចាត់​ទុក​នេះ​ជា​ការ​គំរាម​ផ្នែក​នយោបាយ​មួយ​លើ​រូប​លោក​ដែល​ជា​សកម្មជន​គណបក្ស​ភ្លើងទៀន។​

លោក ​ផន ផាន់ណា ​អាយុ​៣៦​ឆ្នាំ ​អនុ​ប្រធាន​យុវជន​ថ្នាក់​ជាតិ​របស់​គណបក្ស​ភ្លើង​ទៀន​បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​ប្រទេស​ថៃ​ចាប់​តាំង​ពី​ខែ​សីហា​ ឆ្នាំ​២០២២ ​ដោយ​សារ​គេច​ពី​ការ​គំរាមកំហែង​ក្នុង​ប្រទេស​កម្ពុជា នៅ​ពេល​លោក​ត្រូវ​បាន​កាត់​ទោស​ជាប់​ពន្ធនាគារ​៥​ឆ្នាំ ​ក្នុង​សំណុំ​រឿង​គាំទ្រ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ក្រុម​មនុស្ស​មិន​ស្គាល់​មុខ​មាន​គ្នា​៣​នាក់ ​បាន​តាម​ដាន​រូប​លោក ​ហើយ​បាន​ព្យាយាម​វាយ​ប្រហារ​រូប​លោក ​នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក។ ​ប៉ុន្តែ​លោក​បាន​ព្យាយាម​គេច​ ហើយ​រង​របួស​បន្តិច​បន្តួច​នៅ​លើ​មុខ​និង​ដើម​ទ្រូង។​ លោក​បញ្ជាក់​ថា​មនុស្ស​ទាំង​នោះ​មាន​បំណង​វាយ​ប្រហារ​រូប​លោក ​ហើយ​ចាប់​ដាក់​ក្នុង​រថយន្ត ​ដើម្បី​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ។​ ការ​ប៉ុន​ប៉ង​វាយ​ប្រហារ​នោះ​ត្រូវ​បាន​ថត​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ថៃ។​

លោក ​ផន ផាន់ណា ​ចាត់​ទុក​ការ​វាយ​ប្រហារ​ នេះ​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​មួយ​លើ​រូប​លោក ​ដើម្បី​«បំបាក់​ស្មារតី»​សកម្មជន​គណបក្ស​ជំទាស់​ ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​អត់​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ណា​ទេ​ ជា​រឿង​បុគ្គល។ ​ហើយ​ពាក់ព័ន្ធ​នឹង​ការ​ដែល​ភៀស​ខ្លួន​មក​ប្រទេស​ថៃ​នេះ​ ខ្ញុំ​មាន​តែ​ជួយ​បង​ប្អូន​ពលករ​នៅ​ទី​នេះ ​ជួយ​សម្រប​សម្រួល​ការងារ​មួយ​ចំនួន​ដែល​ខ្ញុំ​អាច​ជួយ​បាន ​ហើយ​ខ្ញុំ​ជួយ​បង្រៀន​ ហើយ​ខ្ញុំ​ជួយ​បង្រៀន​ក្មេងៗ​ កូន​ពលករ​នៅ​ទី​នេះ»។

លោក​បន្ថែម​ថា៖ ​«ហើយ​អ្វី​ដែល​ខ្ញុំ​មាន​ហ្នឹង ​គឺ​មាន​តែ​រឿង​នយោបាយ​មួយ​គត់ ពី​ព្រោះ​កន្លង​មក​ហ្នឹង ​ខ្ញុំ​រង​ការ​គំរាម​កំហែង​ពី​មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល។​ ទាំង​គំរាម​កំហែង​ទាំង​អូស​ទាញ​ រហូត​ដល់​មាន​ដីកា​ចាប់​ខ្លួន»។​

លោក ​ផន ផាន់ណា​ ដែល​បច្ចុប្បន្ន​រស់​នៅ​ក្នុង​ប្រទេស​ថៃ​ជាមួយ​ភរិយា​និង​កូន​ប្រុស​ពីរ​នាក់​របស់​លោក​ បាន​ទទួល​សិទ្ធិ​ជ្រក​កោន​ក្នុង​ប្រទេស​ថៃ ​ដោយ​មាន​ការ​ទទួល​ស្គាល់​ដោយ​ស្ថាប័ន​ទទួល​បន្ទុក​របស់​អង្គការ​សហ​ប្រជាជាតិ។ ​លោក​បញ្ជាក់​ថា​ វា​មាន​ការ​លំបាក​សម្រាប់​រូប​លោក​ក្នុង​ការ​ប្តឹង​ផ្តល់​ករណី​វាយ​ប្រហារ​នេះ​ទៅ​អាជ្ញាធរ​ថៃ។​

បើ​តាម​លោក ​ផន ផាន់ណា ​លោក​ធ្លាប់​ត្រូវ​បាន​អូស​ទាញ​ឱ្យចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​ជា​ច្រើន​លើក​ច្រើន​សា​ ប៉ុន្តែ​លោក​មិន​ទទួល​យក​ការ​ព្យាយាម​បញ្ចុះ​បញ្ចូល​ឡើយ។

នៅ​ក្នុង​ប្រទេសថៃ ​លោក ផន ផាន់ណា ​តែង​តែ​ជួប​កម្មករ​ខ្មែរ​ហើយ​ប្រាប់​ពួក​គេ​មិន​ឱ្យទទួល​ស្គាល់​រដ្ឋាភិបាល​បច្ចុប្បន្ន ​និង​ចាត់​ទុក​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា ​ក្លែង​ក្លាយ។ ​បច្ចុប្បន្ន​នេះ ​លោក​ជា​អ្នក​បច្ចេកទេស​ម្នាក់​ក្នុង​ការ​រៀបចំ​វីដេអូ ​និង​ការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដោយ​មាន​ការ​វាយ​ប្រហារ​រដ្ឋាភិបាល​កម្ពុជា។​

លោក ​ផន ផាន់ណា ​ជា​អតីត​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ​ក្រោយ​មក ​លោក​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ​ដោយ​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន ​ក្នុង​តួនាទី​ជា​អនុ​ប្រធាន​យុវជន​ថ្នាក់​ជាតិ។​

លោក​ឱ្យដឹង​ទៀត​ថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា ​គ.ជ.ប. បាន​ចោទ​ប្រកាន់​លោក​ពី​បទ​ធ្វើ​សកម្ម​ភាព​ញុះ​ញង់​បំផ្លាញ​ការ​បោះ​ឆ្នោត ​ហើយ​បាន​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​ឱ្យ​រយៈ​ពេល​២០​ឆ្នាំ។​

អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ លោក ​សុខ ឥសាន ​ច្រាន​ចោល​ការ​លើក​ឡើង​ថា​មាន​ការ​បញ្ជា​ពី​គណបក្ស​កាន់​អំណាច​ឱ្យ​វាយ​ប្រហារ​ប្រហារ​សកម្ម​ជន​នយោបាយ​គណបក្ស​ជំទាស់។ ​លោក​ចាត់​ទុក​ថា​នេះ​គ្រាន់​ ជា​ការ​ប្រឌិត​រឿង​របស់​សកម្មជន​ដែល​មាន​និន្នាការ​ប្រឆាំង​ ដើម្បី​ប្រើ​ប្រាស់​ជា​ហេតុ​ផល​អាច​ទៅ​រស់​នៅ​ប្រទេស​ទីបី។

លោក​ថ្លែង​ថា៖ ​«គ្មាន​អ្នក​ណា​ទៅ​តាម​វ៉ៃ​គាត់​ដល់​បាំងកក​ដល់​ប្រទេស​ថៃ​នោះទេ។​នគរបាល​យើង​ ឬ​មួយ​ក៏​សមត្ថ​កិច្ច​យើង​មាន​សិទ្ធិ​អី​ទៅ​ចូល​ក្នុង​ដែនដី​គេ ​ដើម្បី​ទៅ​បង្កើត​បញ្ហា? ​អាហ្នឹង​គាត់​បង្កើត​រឿង​ទេ​ ដើម្បី​ចោទ​ប្រកាន់​មក​លើ​គណបក្ស​កាន់​អំណាច​ ដើម្បី​គាត់​យក​លេស​ទៅ​ជួប​UNHCR ដើម្បី​គាត់​សុំ​លិខិត​ស្នាម​ ដើម្បី​ទៅ​នៅ​ប្រទេស​ទីបី។​រឿង​តែ​ប៉ុណ្ណឹង»។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក ​អំ សំអាត ​ទទូច​ឱ្យ​បញ្ឈប់​រាល់​ការ​គំរាម​កំហែង​ណា​មួយ​ជា​ពិសេស​លើ​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​នៅ​ក្នុង​ស្រុក ​និង​នៅ​ក្រៅ​ស្រុក។​

លោក​ថ្លែងថា៖ ​«ការ​ប្រើប្រាស់​អំពើ​ហិង្សា ​វា​ជា​រឿង​ខុស​ច្បាប់​ ហើយ​វានាំ​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ទៀត​ទាក់​ទង​នឹង​រឿង​នយោបាយ​ជា​ដើម​ ក៏​ប៉ុន្ដែ​ជា​រឿយៗ​ឃើញ​សកម្ម​ជន​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ ក្រៅ​តែ​ពី​រង​ការ​គំរាម​កំហែង​បំភិត​បំភ័យ​នៅ​ក្នុង​ស្រុក​ហើយ​ នៅ​ក្រៅ​ប្រទេស​ដូចជា​ប្រទេស​ថៃ ​ក៏​ត្រូវ​បាន​ទទួល​និង​រង​អំពើ​ហិង្សា​ដែរ»។​

លោក​ អំ សំអាត​ រំពឹង​ថា​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ហើយ​ស្វែង​រក​ជន​ល្មើស​មក​ផ្ដន្ទា​ទោស​ឱ្យ​ខាង​តែ​បាន​ចំពោះ​ករណី​វាយ​ប្រហារ​សកម្មជន​គណបក្ស​ជំទាស់៕