លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បានជួបជាមួយនឹងឯកអគ្គរដ្ឋទូតបារាំង និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ បន្ទាប់ពីលោកត្រូវបានតុលាការដោះលែងពីការជាប់ឃុំក្នុងគេហដ្ឋាន ទោះបីជាលោកនៅតែរងការចោទប្រកាន់ពីបទក្បត់ជាតិ និងត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយ និងមិនឲ្យធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Patrick Murphy បានសាទរចំពោះការដោះលែងលោក កឹម សុខា និងបានជំរុញរដ្ឋាភិបាលឲ្យដោះលែងមនុស្សរាប់សិបនាក់ទៀត ដែលបានជាប់ឃុំនៅក្នុងការបង្ក្រាបរបស់រដ្ឋាភិបាលកម្ពុជា។
ការដោះលែងលោក កឹម សុខា ដោយមានការរឹតត្បិតនេះ បានធ្វើឡើង ស្របពេលដែលសហភាពអឺរ៉ុបកំពុងពិចារណាថាតើត្រូវកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ជាមួយប្រទេសកម្ពុជា ឬក៏អត់ បន្ទាប់ពីមានការបង្ក្រាបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើក្រុមអ្នកប្រឆាំង។
ការដោះលែងនេះផងដែរបានធ្វើឡើងប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបាននិរទេសខ្លួននៅប្រទេសបារាំងតាំងពីឆ្នាំ ២០១៥ មក ប្រកាសអំពីដំណើរមាតុភូមិនិវត្តន៍របស់លោកទៅកាន់ប្រទេសកម្ពុជា។
លោកឯកអគ្គរដ្ឋទូត Murphy បាននិយាយថា វាជា «ក្ដីរំភើបរីករាយ» មួយ ដែលបានជួបលោក កឹម សុខា។ លោកបានប្រាប់អ្នកកាសែត បន្ទាប់ពីបានជួបជាមួយនឹងលោក កឹម សុខា ថា៖ «ខ្ញុំសោកស្ដាយដែលគេបំបិទសិទ្ធិសេរីភាពរបស់លោក កឹម សុខា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ»។
លោក Murphy បានអំពាវនាវឲ្យរដ្ឋាភិបាលទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា និងស្ដារសិទ្ធិសេរីភាពនយោបាយរបស់លោកឡើងវិញ។
នៅមុនជួបជាមួយនឹងលោក Murphy លោក កឹម សុខាបានជួបជាមួយឯកអគ្គរដ្ឋទូតបារាំងអ្នកស្រី Eva Nguyen Binh។
លោក កឹម សុខា មិនបាននិយាយទៅកាន់អ្នកកាសែតទេ ដោយលោកលើកឡើងថា លោកមិនច្បាស់ថាតើលក្ខខណ្ឌនៃការដោះលែងលោកនេះអនុញ្ញាតឲ្យលោកអាចនិយាយជាសាធារណៈបានឬក៏អត់នោះទេ៕