មេដឹកនាំ​ក្រុម​ប្រឆាំង​របស់​កម្ពុជា​ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​ក្បត់​ជាតិ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក​​ ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)

លោក កឹម​ សុខា​ មេដឹកនាំ​ក្រុមប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ត្រូវ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ពី​បទ​ក្បត់​ជាតិ។ លោកប្រឈម​នឹងទោស​ជាប់​ពន្ធនាគារពី​១៥ទៅ​៣០ឆ្នាំ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​លោក​មាន​ទោស។​

តុលាការ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​មេដឹកនាំ​របស់​គណបក្សសង្គ្រោះ​ជាតិ​រូប​នេះ​បាន​ត្រូវ​ចោទ​ប្រកាន់ពី​បទ​ឃុបឃិត​ជា​សម្ងាត់​ជាមួយ​អង្គភាព​បរទេស​ដើម្បី​ធ្វើ​ឱ្យ​អន្តរាយ​ដល់​រដ្ឋាភិបាល។​

បើ​តាម Tweet មួយ​ដោយ​កញ្ញា​ កឹម មនោវិទ្យា ដែល​ជា​កូនស្រី​លោក​ថា​ លោក សុខា​ និង​ពួក​អង្គរក្ស​របស់​លោក​បាន​ត្រូវចាប់​ខ្លួន​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ការ​ឆ្មក់​ចូល​ក្នុង​ផ្ទះ​លោក។​ រដ្ឋាភិបាល​បាន​និយាយ​ថាខ្លួន​បាន​ចាប់​លោក សុខា​ ដោយ​ផ្អែក​លើ​អត្ថាធិប្បាយរបស់​លោក​នៅ​ក្នុង​វីដេអូ​មួយ​ដែល​ត្រូវ​បាន​ផ្សាយ​ដោយ​បណ្តាញ​ផ្សព្វផ្សាយ​ឯកជន​ខ្មែរ​មួយ​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង Melbourne ប្រទេស​អូស្ត្រាលី។ នៅ​ក្នុង​វីដេអូ​ដែល​បាន​ត្រូវ​ថតកាល​ពី​ឆ្នាំ២០១៣​នេះ លោក សុខា​ បាន​មាន​ប្រសាសន៍​អះអាង​ថា​លោក​បាន​ទទួល​ជំនួយ​ពី​ស.រ.អា.​ដើម្បី​កសាង​ចលនា​មាន​ទំនោរ​ទៅ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការ​ផ្សព្វផ្សាយ​មួយ​តាម Twitter លោក​កាល​ពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា «ខ្ញុំ​អាច​បាត់បង់​សេរីភាព​របស់​ខ្ញុំ ក៏​ប៉ុន្តែ​សូម​ឱ្យ​សេរីភាព​មិន​ផុត​រលត់​ដាច់​ខាត​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

ការ​ចាប់​ខ្លួន​លោក​សុខា​បាន​ធ្វើឡើង​នៅ​ពេល​មាន​ការបង្ក្រាប​ដ៏​ធំមួយ​របស់​រដ្ឋាភិបាល​ប្រឆាំង​នឹង​បណ្តាញ​ផ្សាយ​ព័ត៌មាន​ឯករាជ្យ ​និង​ក្រុម​ការពារ​សិទ្ធិ

មនុស្ស ដោយ​មាន​រួមបញ្ចូល​ការ​បិទ​ស្ថានីយ​វិទ្យុជាង​១២ និងវិទ្យាស្ថានប្រជាធិបតេយ្យ​ជាតិ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ផ្តល់​ថវិកា​ដោយ​រដ្ឋាភិបាល​ស.រ.អា.។ ការ​បិទ​ដ៏​គួរ​កត់​សម្គាល់​ខ្លាំង​បំផុត​កើត​មាន​ឡើង​កាលពីថ្ងៃ​ចន្ទ នៅ​ពេល​ដែល​កាសែត The Cambodia Daily ដែល​ជា​សារព័ត៌មាន​មួយ​ក្នុង​បណ្តាសារព័ត៌មាន​ឯករាជ្យ​ចុង​ក្រោយ​បង្អស់​របស់​ប្រទេស​កម្ពុជា​បាន​បោះពុម្ព​ផ្សាយ​ច្បាប់​ចុង​ក្រោយ​របស់​ផង​ខ្លួន​ដោយ​មាន​ចំណង​ជើង​ថា «ការ​ធ្លាក់​ចូល​ទៅ​ក្នុង​របប​ផ្តាច់​ការ​ទាំង​ស្រុង»។ ពួក​អ្នកបោះពុម្ព​ផ្សាយ​កាសែត​នេះ​និយាយ​ ថា​វិកយបត្រ​ពន្ធដារ​មិន​ទាន់​បង់​ដោយ​ហួស​កំណត់​មាន​ទឹក​ប្រាក់​៦លាន​៣សែន​ដុល្លារ​ដែល​ជា​ការ​ក្លែង​បន្លំ​ បាន​បង្ខិតបង្ខំ​ពួកគេ​ឱ្យ​បិទ​ប្រតិបត្តិការ​សារព័ត៌មាន​នេះ។​

ការ​បង្ក្រាប​នេះ​ជា​ការ​ប៉ុនប៉ង​ជាក់ច្បាស់​មួយ​ដោយ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដើម្បី​បិទ​មាត់​បំបាត់​សំឡេង​អ្នក​ប្រឆាំង​នៅ​មុន​ការ​បោះឆ្នោត​នៅ​ឆ្នាំក្រោយ​ដោយ​មាន​គោលដៅ​បន្ត​ការ​ក្តាប់អំណាច​របស់​គាត់​ដែល​មាន​រយៈពេល​បី​ទសវត្សរ៍​មក​ហើយ​នោះ។​ រដ្ឋាភិបាល​របស់​លោក​ហ៊ុន​ សែន ហៀប​នឹង​ត្រូវ​ទម្លាក់​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ២០១៣​ ហើយ​ក្រុម​ប្រឆាំង​បាន​ទទួល​ការ​គាំ​ទ្រ​កើនខ្លាំង​ឡើងៗ​ ជាពិសេស​នៅ​ក្នុង​ចំណោម​ប្រជារាស្ត្រ​ខ្មែរ​វ័យ​ក្មេង៕