កូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺលោក ហ៊ុន ម៉ានី និងមន្ត្រីផ្លូវការកម្ពុជាឯទៀត បានព្រួតគ្នាថ្កោលទោស សកម្មភាពគប់ស្បែកជើងលើលោកហ៊ុន សែន ពីសំណាក់ពលរដ្ឋខ្មែរអាមេរិកកាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោន ទីដែលលោក ហ៊ុន សែន កំពុងមានវត្តមានដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ាន។
សកម្មភាពគប់ស្បែកជើងដោយពលរដ្ឋខ្មែរអាមេរិកាំងម្នាក់គឺលោក អ៊ុក ទូច ទៅលើកលោក ហ៊ុន សែន កើតឡើងនៅចំពេលលោក ហ៊ុន សែន កំពុងសំណេះសំណាល និងថតរូប selfie ជាមួយក្រុមអ្នកគាំទ្រលោកនៅខាងក្រៅសណ្ឋាគារមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ សកម្មភាពដែលមន្ត្រីកម្ពុជា ចាត់ទុកថា ជាការប្រមាថមកលើលោក ហ៊ុន សែននោះ ត្រូវគេថតបាន និងបង្ហោះ ឬចែករំលែកតៗគ្នាក្នុងប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ប្រាប់វីអូអេ នៅថ្ងៃសុក្រនេះថា សកម្មភាពនោះគឺកើតឡើងនៅខាងមុខសណ្ឋាគារ ដែលលោកនាយករដ្ឋមន្ត្រីស្នាក់នៅ និងជាថ្ងៃដំបូងដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅដល់ទឹកដីសហរដ្ឋអាមេរិក។
មន្ត្រីនាំពាក្យរូបនេះ បានសម្តែងការហួសចិត្ត និងបានហៅទង្វើនោះថា «ថោកទាប និងអសីលធម៌» តែលោកថាទង្វើនោះ គឺនឹងមិនធ្វើឱ្យខូចកិត្តិយសរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែននោះទេ។
បើតាមលោក ផៃ ស៊ីផាន សកម្មភាពបែបនេះ ក៏ធ្លាប់កើតឡើងលើថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រធានាធិបតីរបស់ប្រទេសផ្សេងទៀត ក្នុងនោះគឺប្រធានាធិបតីទី៤៣ របស់សហរដ្ឋអាមេរិកលោក George W. Bush ដែលត្រូវបានបុរសម្នាក់គប់ដោយស្បែកជើងក្នុងពេលលោកធ្វើសន្និសីទព័ត៌មាននៅរដ្ឋធានីបាកដាដ ប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០០៨។
លោកថ្លែងថា៖ «ហើយគាត់ធ្វើសកម្មភាពហ្នឹង សំដៅគណបក្សមួយនោះ អាហ្នឹងជារឿងមួយដែលយើងសោកស្តាយ មិនគួរណាមាន[រឿង]អ៊ីចឹងកើតឡើង នៅពេលយើងជួបបដិសណ្ឋារកិច្ច ពេលជួបជុំមហាគ្រួសារខ្មែរ...។ ហើយមិនគួរណាមនុស្ស...មានចរិតពាលអ៊ីចឹង គឺគួរឱ្យស្តាយ»។
បើតាមឃ្លីបវីដេអូមានរយៈជាង៧នាទី ដែលត្រូវបានលោកហ៊ុន សែនបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកផងនោះ គេឃើញស្បែកជើងម្ខាងហោះសំដៅទៅលោក ហ៊ុន សែន ប៉ុន្តែស្បែកជើងនោះមិនបានត្រូវលោក ហ៊ុន សែន នោះទេ គឺត្រូវចំទូរស័ព្ទដៃរបស់អ្នកគាំទ្រលោក ហ៊ុន សែន ម្នាក់ ដែលកំពុងកាន់ថតរូបជាមួយលោក។ វីដេអូដដែលនោះ ត្រូវគេកាត់មកជាកំណាត់ខ្លីៗ គឺត្រង់កន្លែងមានការគប់ស្បែកជើងលើលោក ហ៊ុន សែន នោះរួចបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក។
អ្នកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានប្រតិកម្មតាមគណនីយហ្វេសប៊ុកដែលមានឈ្មោះថា Men Sam An Cambodia Deputy Prime Minister កាលថ្ងៃទី១២ ខែឧសភា ដោយពណ៌នាថា សកម្មភាពគប់ស្បែកជើងនោះ គឺជា «ទង្វើដ៏ថោកទាប ដែលប្រមាថមកលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានគណបក្សប្រជាជនកម្ពុជា»។
ទំព័រហ្វេសប៊ុករបស់អ្នកស្រី ម៉ែន សំអន ផ្តល់ការអត្ថាធិប្បាយបន្ថែមថា៖ «ទង្វើដ៏ថោកទាបនេះ ប្រជាពលរដ្ឋខ្មែរ មិនអាចទទួលយកបាន និងមិនអាចលើកលែង ឬសម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ»។
ស្របពេលគ្នានេះដែរ គណនីហ្វេសប៊ុកឈ្មោះ Hun Many ( ហ៊ុន ម៉ានី) ដែលជាកូនប្រុសពៅរបស់លោក ហ៊ុន សែន ក៏បានចេញសារថ្កោលទោសលើសកម្មភាពគប់ស្បែកជើងលើឪពុករបស់ខ្លួនផងដែរ។
សាររបស់លោក ហ៊ុន ម៉ានី បានសរសេរក្នុងអត្ថន័យដើមថា៖ «ទង្វើដែលប្រមាថមកលើពុក មកលើនាយករដ្ឋមន្ត្រី មកលើប្រធានគណបក្សប្រជាជនកម្ពុជា គឺជាទង្វើដែលមិនអាចទទួលយកបានជាដាច់ខាត។ ទង្វើនេះ ពួកយើងទាំងអស់គ្នា ជាសមាជិកគណបក្ស និងជាប្រជាជនខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មិនអាចបន្ធូរបន្ថយ ឬសម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បាននៅឡើយទេនៅថ្ងៃសុក្រនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រតិភូរដ្ឋាភិបាលកម្ពុជា កំពុងចូលរួមប្រជុំកិច្ចកំពូលពិសេសអាស៊ាន-អាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ មេដឹកនាំកម្ពុជារូបនេះ រងការគប់ស្បែកជើងពីលោក អ៊ុក ទូច នៅមុនពេលលោកចូលរួមប្រជុំជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងមេដឹកនាំប្រទេសអាស៊ានផ្សេងទៀតនៅសេតវិមានកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
លោក អ៊ុក ទូច អាយុ៧១ឆ្នាំ ជាពលរដ្ឋខ្មែរអាមេរិកាំងមកពីរដ្ឋ California សហរដ្ឋអាមេរិក បានផ្តល់បទសម្ភាសន៍ជាមួយ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីនៅសហរដ្ឋអាមេរិកថា លោកធ្វើសកម្មភាពនោះ គឺដោយសារតែលោកខកចិត្តខ្លាំងនឹងការដឹកនាំប្រទេសរបស់លោក ហ៊ុន សែន ដែលលោកចោទប្រកាន់ថា មានការពាក់ព័ន្ធ នឹងឃាតកម្ម និងការចាប់ខ្លួនអ្នករិះគន់រដ្ឋាភិបាល ក្នុងនោះមានអ្នកវិភាគនយោបាយលោកកែម ឡី និងមេដឹកនាំសហជីពលោក រ៉ុង ឈុន ជាដើម។ លោកក៏ចោទថា លោកហ៊ុន សែន ខកខានមិនបានជួយដោះស្រាយវិវាទការងាររបស់កម្មករនិយោជិតនៅ ក្រុមហ៊ុនណាហ្គាវើលដ៏ផងដែរ។
លោកថ្លែងថា៖ «ខ្ញុំតាមប្រមាញ់គាត់យូរ ហើយខ្ញុំស្អប់គាត់ណាស់ អាពួកផ្តាច់ការ»។
លោកបន្ថែមថា៖ «ខ្ញុំចង់បន្ថែមថា ខ្ញុំគប់ក្បាល ហ៊ុន សែន ខ្ញុំយកស្បែកជើងគប់ហ្ហេណា...ប៉ុនត្រង់ថា ហ៊ុន សែន យកគ្រាប់បែកគប់ក្បាល គប់អ្នកធ្វើបាតុកម្ម...មុនវិមានរដ្ឋសភា ងាប់មិនចេះតិច តើឱ្យប្រជាជនខ្មែរ ថ្លែងថ្លឹងមើល តើទោសខ្ញុំធ្វើប៉ុណ្ណឹង ធ្ងន់ជាង ហ៊ុន សែន ដែលយកគ្រាប់បែកទៅគប់លោកក្រុមបាតុករ បាតុកម្មយ៉ាងម៉េច ឱ្យបងប្អូនខ្មែរពិចារណាមើលត្រង់ហ្នឹង។ អ្នកកាន់ជើងខាងគណបក្សប្រជាជន គិតមើលហើយប្រាប់ខ្ញុំផង»។
បើតាម លោក អ៊ុក ទូច លោកបានចូលរួមពិធីសំណេះសំណាលជាមួយលោក ហ៊ុន សែន តាមរយៈកូនចុងប្រុសរបស់លោកដែលបានរៀបការជាមួយក្មួយរបស់អ្នកស្រី ម៉ែន សំអន។
ប្រតិកម្មទៅនឹងការអះអាងរបស់លោក អ៊ុក ទូច រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អ្នកស្រី ម៉ែន សំអន ដែលជាឧបនាយករដ្ឋមន្ត្រីមួយរូបផងនោះ បានចេញការបរិហារភ្លាមលើសកម្មភាពរបស់លោកអ៊ុក ទូច តែមិនបានបញ្ជាក់ពីការជាប់សាច់ឈាមរបស់កូនចុងលោក អ៊ុក ទូច និងក្មួយស្រី របស់អ្នកស្រីនោះទេ។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកស្រី ម៉ែន សំអន បានទេ នៅថ្ងៃសុក្រនេះ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា បានប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ទង្វើរបស់លោក អ៊ុក ទូច គឺជាទម្រង់នៃការសម្តែងមតិរបស់ពលរដ្ឋ ក្នុងទឹកដីសហរដ្ឋអាមេរិក ដែលមិនមានច្បាប់ណាដាក់ទោស ឬថ្កោលទោសនោះឡើយ។
លោកថ្លែងថា៖ «យើងសួរថាហេតុអ្វីបានជាប្រទេសលោកសេរីទាំងអស់ហ្នឹង គេអាចអនុញ្ញាតឱ្យគាត់សម្តែងមតិបែបហ្នឹងបាន ហេតុអ្វីបានជាកម្ពុជាយើង មិនអាចអនុញ្ញាតិឱ្យបាន អាហ្នឹងយើងសួរសាមញ្ញមកវិញ ហេតុផលវាខុសគ្នាត្រង់ណា? ដែលក្នុងសង្គមប្រជាធិបតេយ្យតែមួយ អ៊ីចឹងវាអត់មានស្តង់ដា២ ឬ៣ ទេ អាហ្នឹង ខ្ញុំចង់បញ្ជាក់ថាស្តង់ដាអាមេរិក និងស្តង់ដាកម្ពុជាមិនគួរមានទេ [ព្រោះ]គោលការណ៍ច្បាប់តែមួយនោះ»។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និយាយថា នៅក្នុងប្រទេសជាច្រើន គេមិនចាត់ទុកការសម្តែង ការកើតទុក្ខមិនសុខចិត្ត តាមរយៈការចោលស្បែកជើងនេះ គឺជាទោសឧក្រិដ្ឋទេ ប៉ុន្តែគេចាត់ទុកថាជាទង្វើទាមទារបែបជ្រុលនិយម និងអសីលធម៌។
លោកថ្លែងថា៖ «នៅក្នុងប្រទេសជាច្រើន នៅក្នុងប្រទេសសហរដ្ឋអាមេរិកផង គេមិនចាត់ទុកសកម្មភាពប្រឆាំងទាមទារ ឬការសម្តែងនូវការកើតទុកមិនសុខចិត្ត តាមរយៈការចោលស្បែកជើងនេះ គឺជាទោសឧក្រិដ្ឋទេ គេចាត់ទុកថាជាទង្វើទាមទារបែបជ្រុលនិយម ហើយអសីលធម៌»។
យ៉ាងណាក៏ដោយ លោកសម្តែងការសោកស្តាយចំពោះសកម្មភាពបែបនោះ ដោយថា កាយវិការតវ៉ា ឆ្លុះបញ្ចាំងឱ្យប្រទេសដទៃឃើញថា កម្ពុជាមានការបែកបាក់ផ្ទៃក្នុង៕