ស្របពេលដែលការបោះឆ្នោតមិនមានវត្តមានគណបក្សជំទាស់ដ៏មានសក្តានុពល អ្នកតាមដានលើកឡើងពីហានិភ័យនៃការធាក់ថយក្រោយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា និងលទ្ធភាពនៃការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចផងដែរ។
អ្នកតាមដានស្ថានភាពនយោបាយនិងសង្គមបានសម្តែងការព្រួយបារម្ភពាក់ព័ន្ធនឹងលទ្ធភាពនៃការដាក់ទណ្ឌកម្មបន្ថែមពីសហភាពអឺរ៉ុប ក្រោយការបោះឆ្នោតជាតិអាណត្តិទី ៧ ធ្វើឡើងដោយគ្មានគណបក្សជំទាស់ ខណៈលម្ហសេរីភាពនយោបាយ សង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យ រងការរឹតត្បិតធ្ងន់ធ្ងរជាបន្តបន្ទាប់។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃសមាគមការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានថ្លែងវីអូអេនៅមុនថ្ងៃបោះឆ្នោតថា លោកនៅតែបារម្ភខ្លាចសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធបន្ថែម ដោយសារតែមានការព្រមានជាបន្តបន្ទាប់ និងទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហសេរីភាពនយោបាយ។
លោកថ្លែងថា៖ «យើងជាអង្គការសង្គមស៊ីវិលដែលធ្វើការសិទ្ធិមនុស្សហ្នឹង គឺយើងបានទទូចរួចហើយថា កម្ពុជាយើងគួរតែពិនិត្យមើលទៅថាអ្វីដែលយើងអាចកែលម្អបាន គួរតែកែលម្អទៅ ដើម្បីបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយើង»។
កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ លោក សម រង្ស៊ី មេដឹកនាំគណបក្សជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានថ្លែងថា លោកបានជួបជាមួយសភាអឺរ៉ុប ដែលគេបញ្ជាក់ប្រាប់លោកចំណុចចំនួន ២ រួមមានលទ្ធភាពនៃការដាក់ទណ្ឌកម្មលើកម្ពុជា និងបញ្ហាសិទ្ធិសេរីភាពនៅកម្ពុជា ដែលទាមទារឱ្យរដ្ឋាភិបាលគោរពនិងរៀបចំការបោះឆ្នោតឱ្យមានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ ដោយមានវត្តមានគណបក្សប្រឆាំងចូលរួម។
លោកថ្លែង៖ « ថាគេនឹងបញ្ចប់ទណ្ឌកម្មទាំងអស់ ពេលណាដែល ហ៊ុន សែន យល់ព្រមរៀបចំការបោះឆ្នោត ត្រឹមត្រូវ ដោយសេរី និងយុត្តិធម៌ ការបោះឆ្នោតដែលមានបក្សប្រឆាំងចូលរួម គណបក្សប្រឆាំងពិតប្រាកដ ដូចជាគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន។ ចំណុចទី ២ ដែលគេទាមទារពី ហ៊ុន សែន គឺត្រូវតែផ្តល់សិទ្ធិសេរីភាពសម្តែងមតិដល់ប្រជាពលរដ្ឋខ្មែរវិញឱ្យមានសារព័ត៌មានឯករាជ្យ ដូចជាសំឡេងប្រជាធិបតេយ្យដំណើរឡើងវិញ អ្នកសារព័ត៌មានអាចសរសេរអាចធ្វើរបាយការណ៍ពីស្ថានការណ៍ពីប្រទេសកម្ពុជា ប្រជាពលរដ្ឋទូទៅមានសិទ្ធិសម្តែងមតិ ហើយគេស្នើឱ្យដោះលែងអ្នកទោសនយោបាយទាំងអស់ កុំឱ្យមានការគំរាមកំហែង កុំឱ្យមានការចាប់ដាក់គុកអ្នកនយោបាយទាំងអស់»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដាថា ការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជាមិនពឹងផ្អែកទៅលើការគាំទ្រពីខាងក្រៅឡើយ ក្រៅពីប្រជាពលរដ្ឋនៅក្នុងប្រទេស។
លោកបញ្ជាក់ថា៖ «យើងអត់មានរណបទៅលើមតិខាងក្រៅ ឬមួយក៏មតិរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានមេដឹកនាំជាជនក្បត់ជាតិ កំពុងរត់គេចខ្លួននៅក្រៅប្រទេសទេ។ កត្តាកំណត់ គឺអាស្រ័យលើឆន្ទៈរបស់ប្រជាពលរដ្ឋ។ បើប្រជាពលរដ្ឋនៅតែគាំទ្រគណបក្សប្រជាជនកម្ពុជា ដើរតាមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺប្រជាជាតិកម្ពុជានឹងថែរក្សាបានយ៉ាងរឹងមាំនូវសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ»។
ព័ត៌មានទាក់ទង៖ លោក ហ៊ុន សែន ព្រមានចាប់ខ្លួនអ្នកញុះញង់គូសសន្លឹកឆ្នោតចោល ខណៈពលរដ្ឋជាង៨លាននាក់បានបោះឆ្នោតប្រធានគ្រប់គ្រងកម្មវិធីការងាររបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ថ្លែងថា លោកព្រួយបារម្ភថា សហភាពអឺរ៉ុបនឹងមានចំណាត់ការបន្ថែមមកលើរដ្ឋាភិបាលកម្ពុជា ខណៈលំហលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាកាន់តែរួមតូច។ លោកបន្ថែមថា បើសិនមានការដាក់ទណ្ឌកម្មបន្ថែម វានឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់កម្មករ។
លោកថ្លែងថា៖ «ជាការពិតណាស់ វានឹងប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់កម្មករនិយោជិតក្នុងប្រទេសកម្ពុជា ហើយរោងចក្រមួយចំនួននឹងប្រឈមទៅនឹងការព្យួរការងារ ឬក៏ការបិទនូវខ្សែចង្វាក់ផលិតកម្ម ពីព្រោះថា បញ្ហាទាំងអស់នេះ វានឹងជះឥទ្ធិពលអវិជ្ជមានទៅដល់ភាពគ្មានការងារធ្វើ ហើយនិងបង្កនូវផលវិបាកធ្ងន់ធ្ងរទៅដល់ស្ថានភាពសេដ្ឋកិច្ច»។
អ្នកតាមដានរូបនេះជំរុញឱ្យរដ្ឋាភិបាលកម្ពុជាឆ្លើយតបទៅនឹងការស្នើសុំរបស់សភាអឺរ៉ុប។
លោកបញ្ជាក់បន្ថែមថា៖ «អ៊ីចឹងចំណុចនេះ វាជាក្តីបារម្ភសម្រាប់យើងក្នុងនាមជាអង្គការសង្គមស៊ីវិល ដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស ហើយករណីនេះ គឺចាំបាច់ណាស់ដែលរដ្ឋាភិបាលត្រូវមានវិធានការជាក់លាក់ ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្ត ឬក៏អនុសាសន៍របស់សហភាពអឺរ៉ុបដែលបានស្នើទៅរដ្ឋាភិបាលនាពេលកន្លងមក»។
ចាប់តាំងពីឆ្នាំ ២០១៧ នៅពេលដែលគណបក្សប្រជាជនកម្ពុជាបានចាប់ផ្តើមបង្ក្រាបនយោបាយរបស់គណបក្សប្រឆាំងដោយការចោទប្រកាន់តាមប្រព័ន្ធតុលាការពីបទញុះញុង និងក្បាត់ជាតិមក ក្នុងនោះរហូតដល់ការរំលាយគណបក្សសង្គ្រោះជាតិ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប បានជំរុញឱ្យរដ្ឋាភិបាលបើកលំហប្រជាធិបតេយ្យឡើងវិញ និងគោរពសិទ្ធិនយោបាយជាមូលដ្ឋាន។
ចាប់តាំងពីខែសីហា ឆ្នាំ ២០២០ សហភាពអឺរ៉ុបបានកាត់បន្ថយប្រព័ន្ធអនុគ្រោះពន្ធចំនួន ២០% ដែលការណ៍នេះបានធ្វើឱ្យប៉ះពាល់ដល់វិស័យកាត់ដេរ ស្បែកជើង ទំនិញធ្វើដំណើរ និងស្ករស ដែលជារួមផ្តល់ការងារដល់កម្មករប្រមាណ ១លាននាក់។ ទន្ទឹមនឹងនោះ ប្រព័ន្ធអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិកបានផុតកំណត់ក្នុងខែធ្នូ ឆ្នាំ២០២០ ហើយមិនត្រូវបានបន្តទេ មានន័យថា កម្ពុជាកំពុងខាតបង់ប្រាក់ច្រើនរយលានក្នុងការនាំចេញដោយគ្មានបង់ពន្ធ ឬបង់ពន្ធទាប ក្នុងគ្រាដែលសហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា។ នេះបើតាមការលើកឡើងរបស់សហជីព។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា វាមិនមានផលប៉ះពាល់ទេ ទោះជាគ្មានប្រព័ន្ធអនុគ្រោះពន្ធ EBA (Everything But Arms) នៅឆ្នាំខាងមុខៗក្តី។
ដោយឡែក អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព លោក វណ្ណ ប៊ុនណា ប្រាប់វីអូអេថា បើទោះបីជាមានការដាក់ទណ្ឌកម្មបន្ថែមពីសហភាពអឺរ៉ុប ក៏វាមិននឹងអាចផ្លាស់ប្តូរឥរិយាបថរបស់រដ្ឋាភិបាលកម្ពុជាឡើយ ខណៈបណ្តាប្រទេសលោកខាងលិចទាំងនេះកំពុងយកចិត្តទុកដាក់លើបញ្ហាជាច្រើនផ្សេងទៀត ដូចជាសង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងរវាងចិននិងសហរដ្ឋអាមេរិកជាដើម។
លោកថ្លែងថា៖ «អ៊ីចឹងខ្ញុំគិតថា វាមិនសូវជាដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាប៉ុន្មានឡើយ។ មួយទៀត បើសិនជាដាក់សម្ពាធមែន ក៏វាជាលក្ខណៈរូបភាព ដើម្បីលម្អផ្នែកសាធារណមតិអីច្រើនជាងទង្វើចង់បានឱ្យមានការកែប្រែ។ ដូច្នេះរដ្ឋាភិបាលកម្ពុជា គាត់ដឹងពីចំណុចនេះ។ អ៊ីចឹងខ្ញុំគិតថា មិនមានសម្ពាធណាមួយដែលធ្វើឱ្យរដ្ឋាភិបាលកម្ពុជាផ្លាស់ប្តូរជំហររបស់ខ្លួនទេ»។
គួរបញ្ជាក់ថា កម្ពុជាបានរៀបចំការបោះឆ្នោតដោយមិនមានវត្តមានគណបក្សជំទាស់ដ៏មានសក្តានុពលចំនួនពីរលើកជាប់គ្នា រួមមានការបោះឆ្នោតជាតិអាណត្តិទី ៧ នេះដែលគ្មានគណបក្សភ្លើងទៀន និងការបោះឆ្នោតជាតិអាណត្តិទី ៦ ឆ្នាំ ២០១៨ គ្រាដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូល នៅចុងឆ្នាំ ២០១៧៕