រដ្ឋសភាកម្ពុជាដែលមានតំណាងរាស្រ្តទាំងអស់មកពីគណបក្សប្រជាជនកម្ពុជា បានការពារចំណាត់ការរបស់រដ្ឋាភិបាលនិងតុលាការ ក្នុងការចាប់ខ្លួននិងកាត់ទោសសកម្មជនបក្សប្រឆាំង ហើយជំរុញឲ្យសភាអឺរ៉ុបវាយតម្លៃស្ថានភាព ដោយផ្អែកលើការពិត។
នេះជាការឆ្លើយតបមួយរបស់រដ្ឋសភាកម្ពុជាដែលគ្រប់គ្រងដោយបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ទៅនឹងញត្តិមួយរបស់សភាអឺរ៉ុប ដែលបានទាមទារឲ្យបញ្ចប់សវនាការទ្រង់ទ្រាយធំលើក្រុមមន្រ្តីបក្សប្រឆាំង និងអ្នកគំាទ្រ និងជំរុញឲ្យមានការស្តាលទ្ធិប្រជាធិបតេយ្យនិងការផ្សះផ្សាជាតិមួយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១៧ ខែមីនា រដ្ឋសភាកម្ពុជាបញ្ជាក់ថា កម្ពុជាមាន «សិទ្ធិអនុវត្តនូវគោលនយោបាយស្វ័យសម្រេចរបស់ខ្លួន ដើម្បីការពារផលប្រយោជន៍ជាតិ» ដោយការពារការកាត់ទោសសកម្មជន និងថ្នាក់ដឹកនាំបក្សប្រឆាំងថាស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ពាក់ព័ន្ធនានារបស់ប្រទេស។
សេចក្តីថ្លែងការណ៍ឲ្យដឹងថា៖ «យើងខ្ញុំមិនអាចអត់ឱនបានឡើយចំពោះរាល់ចេតនានិងសកម្មភាពទាំងឡាយណា ដែលមានបំណងបង្កការរំខានដល់សុខសន្តិភាពនិងស្ថិរភាព ដែលខិតខំរកបានដោយលំបាករបស់កម្ពុជា»។
សេចក្តីថ្លែងការណ៍បន្ថែមថា៖ «រាល់ការប៉ុនប៉ងរៀបចំផែនការបះបោរ តាមរយៈការប្រើភាសាបរិហារកេរ្តិ៍ ញុះញង់ឲ្យមានអំពើហិង្សា ក៏ដូចជាការអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធក្រោកឈរដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាទង្វើខុសច្បាប់ និងត្រូវតែធ្វើការថ្កោលទោសជាដាច់ខាត»។
រដ្ឋសភាកម្ពុជាបានឲ្យដឹងទៀតថា «ប្រជាធិបតេយ្យរូបនីយ៍កម្មនៅកម្ពុជាកំពុងរីកចម្រើនទៅមុខជាលំដាប់ ហើយមិនអាចវិលត្រឡប់ថយក្រោយបានឡើយ»។ នេះជាការឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់សភាអឺរ៉ុប ដែលបានជំរុញឲ្យស្តាដំណើរការប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា ដែលបានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយរំលាយគណបក្សសង្រ្គោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
រដ្ឋសភាកម្ពុជាបញ្ជាក់ថា៖ «ដូច្នេះយើងខ្ញុំសូមជំរុញឲ្យសភាអឺរ៉ុបមេត្តាវាយតម្លៃប្រកបដោយសត្យានុម័តិចំពោះការវិវឌ្ឍនយោបាយនៅកម្ពុជា និងសូមបន្តចូលរួមសិក្សាស្វែងយល់អំពីក្រុមបក្សនយោបាយទាំងអស់នៅកម្ពុជា ដោយឈរលើគោលការណ៍នៃការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក»។
កាលពីសប្តាហ៍មុន សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចឬញត្តិមួយទាក់ទងនឹងប្រទេសកម្ពុជា ដោយអំពាវនាវឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើមន្រ្តីបក្សប្រឆាំង ទម្លាក់ចោលការកាត់ទោសលើពួកគេ និងជំរុញឲ្យមានដំណើរការផ្សះផ្សាជាតិមួយជាមួយគណបក្សសង្រ្គោះជាតិផងដែរ។ នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី១១ ខែមីនា ដែលបង្ហោះលើគេហទំព័រសភាអឺរ៉ុប។
ក្នុងញត្តិនោះ សភាអឺរ៉ុបបានអំពាវនាវឲ្យទម្លាក់ចោលការចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងថ្នាក់ដឹកនាំផ្សេងទៀត ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារជាង២០ឆ្នាំ កាលពីពេលថ្មីៗនេះ។
បើតាមញត្តិនោះ សភាអឺរ៉ុបក៏បានអំពាវនាវឲ្យគណៈកម្មការអឺរ៉ុបដែលបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ EBA ពីកម្ពុជាកាលពីឆ្នាំមុន តាមដានយកចិត្តទុកដាក់លើស្ថានភាពក្នុងប្រទេសកម្ពុជានិងវាយតម្លៃលើផលប៉ះពាល់នៃការដក EBA មួយផ្នែក។
VOA មិនអាចសុំការឆ្លើយតបតាមសារអ៊ីមែលពីលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានទេ។
លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មានប្រសាសន៍ថា ជាធម្មតាមុននឹងចេញសេចក្តីថ្លែងការណ៍តំណាងប្រជាពលរដ្ឋ រដ្ឋសភាកម្ពុជាត្រូវបើកកិច្ចប្រជុំ ដើម្បីពិភាក្សា។ លោកបន្តថា សភាអឺរ៉ុបមានយន្តការច្បាស់លាស់ក្នុងការតាមដានស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា។
លោកប្រាប់ VOA ថា៖ «តាមពិតទៅសមាជិកសភារបស់សហភាពអឺរ៉ុបហ្នឹង គេមិនមែនធ្វើការអត់មានបច្ចេកទេស អត់មានហេតុផល អត់មានភ័ស្តុតាងច្បាស់លាស់ទេ»។
លោក ប៉ា ចន្ទរឿន បន្ថែមថាអ្វីដែលកម្ពុជាគួរធ្វើ ត្រូវតែបង្ហាញ «អំពីឆន្ទៈនិងការប្តេជ្ញាចិត្តពិតប្រាកដ» នៅក្នុងការគោរពសិទ្ធិមនុស្ស និងស្តាដំណើរការលទ្ធិប្រជាធិបតេយ្យឡើងវិញ។ លោកបញ្ជាក់បន្ថែមថាញត្តិរបស់សភាអឺរ៉ុបកាលពីពេលថ្មីៗ គឺជាការបង្ហាញគោលជំហររបស់សភាអឺរ៉ុបឡើងវិញ ហើយវាក៏ជា «ការពញ្ញាក់ស្មារតីឡើងវិញ» ដល់រដ្ឋាភិបាលកម្ពុជាផងដែរ។
លោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា និងជាព្រឹទ្ធសមាជិកមួយរូប ប្រាប់VOA នៅសប្តាហ៍នេះថាជំហររបស់សភាអឺរ៉ុប គឺ «ដដែលៗ» ដោយចង់ឲ្យគណបក្សសង្រ្គោះជាតិរស់ឡើងវិញ។ លោកបន្តថា ជំហររបស់រដ្ឋាភិបាលមិនអាចយកតាមការលើកឡើងរបស់សភាអឺរ៉ុបបានទេ។ លោកបានចោទសភាអឺរ៉ុបថា «កាន់ជើងតែអ្នកខុសច្បាប់»។
លោកបន្ថែមថាលោកសម រង្ស៊ី និងលោក កឹម សុខា មិនអាចដឹកនាំគណបក្សនយោបាយណាមួយដើម្បីចូលរួមការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០២៣ បាននោះទេ។
កាលពីខែសីហា ឆ្នាំ ២០២០ សហភាពអឺរ៉ុបបានបន្ថយការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម «គ្រប់មុខទំនិញលើកលែងសព្វាវុធ»ដោយចាប់ផ្ដើមយកពន្ធចំនួន ២០% លើទំនិញកម្ពុជាជាការឆ្លើយតបនឹង«ការរំលោភបំពានជាប្រព័ន្ធនិងយ៉ាងធ្ងន់ធ្ងរ» លើសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយក្រោយការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ។
អ្នកតាមដាននៅកម្ពុជាបង្ហាញក្តីព្រួយបារម្ភថា កម្ពុជាអាចនឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះបន្តទៀត ប្រសិនបើមិនមានការស្តាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស តាមការចង់បានរបស់សហភាពអឺរ៉ុប៕