បុរសកម្ពុជាចំនួនបួននាក់ដែលត្រូវចាប់ធ្វើជាចំណាប់ខ្មាំងនៅប្រទេសសូម៉ាលី អស់រយៈពេលជិតប្រាំឆ្នាំ បានមកដល់ប្រទេសកម្ពុជាវិញហើយកាលពីល្ងាចថ្ងៃអាទិត្យ ទី៣០នេះ បន្ទាប់ពីពួកគេក្នុងចំណោមចំណាប់ខ្មាំងចម្រុះជាតិសាសន៍ចំនួន២៦នាក់ ត្រូវបានជួយសង្គ្រោះឲ្យរួចផុតពីការឃុំឃាំងរបស់ក្រុមចោរសមុទ្រនៅប្រទេសសូម៉ាលីកាលពីថ្ងៃទី២២ ខែតុលា សប្ដាហ៍មុន។
ពលរដ្ឋកម្ពុជាទាំងបួននាក់នោះ ដែលបានទៅធ្វើជាពលករនេសាទនៅប្រទេសចិននិងជប៉ុន ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងក្នុងប្រទេសសូម៉ាលីតាំងពីឆ្នាំ ២០១០។
ពួកគេត្រូវបានជួយសង្គ្រោះក្នុងចំណោមបុរសចំណាប់ខ្មាំងទាំង២៦នាក់ខណៈពេលបុរសទាំងនេះ កំពុងនេសាទក្នុងសមុទ្រនៅប្រទេសសីស្សែល (Seychelles)នៃទ្វីបអាហ្វ្រិក។
បុរសម្នាក់ក្នុងចំណោមបុរសកម្ពុជាទាំងបួននាក់ ដែលមានរាងកាយស្គមស្គាំង ពេលដើរចេញពីព្រលានយន្តហោះហើយចូលក្នុងឡានមួយ ប្រាប់ថាខ្លួនសប្បាយចិត្តដែលបានមកដល់ស្រុកកំណើតវិញ។
ចំណែកឯ បុរសម្នាក់ទៀតឆ្លើយថា រូបគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយអ្វីទៅកាន់អ្នកសារព័ត៌មានបាននៅឡើយទេ។
អង្គការដែលបានជួយរំដោះចំណាប់ខ្មាំងទាំងនេះ គឺក្រុម The Hostage Support Partners បានប្រកាសនាពេលថ្មីៗនេះថា ខ្លួនបានរំដោះចំណាប់ខ្មាំងចំនួន២៦ដែលនៅរស់រានមានជីវិត ដែលមកពីប្រទេសវៀតណាម ឥណ្ឌូណេស៊ី ប្រទេសហ្វីលីពីន ប្រទេសចិន ដែនកោះតៃវ៉ាន់ និងកម្ពុជាផងដែរ។
នាវានេសាទ FV Naham 3 ដែលជាកម្មសិទ្ធិរបស់ដែនកោះតៃវ៉ាន់ ប៉ុន្តែដោតទង់ជាតិប្រទេសអូម៉ង់ (Oman) ផ្ទុកអ្នកនេសាទសមុទ្រចំនួន២៩នាក់ នៅពេលនាវានោះ ត្រូវលិចលង់ បន្ទាប់ពីក្រុមចោរសមុទ្រចាប់ចំណាប់ខ្មាំងទាំងអស់នៅលើនាវានោះរួចមក។
មនុស្សបីនាក់ក្នុងចំណោមមនុស្សទាំង២៩នាក់នោះ បានឈឺស្លាប់ដោយសារថប់ដង្ហើមនិងត្រូវក្រុមចោរសមុទ្របាញ់សម្លាប់។
ក្រុមចំណាប់ខ្មាំងចំនួន២៩នាក់នោះ ត្រូវបានក្រុមចោរសមុទ្រនៅសូម៉ាលីចាប់ជំរិតកាលពីថ្ងៃទី២៦ ខែមិនា ឆ្នាំ ២០១២ នៅភាគខាងត្បូងប្រទេសសីស្សែល (Seychelles)នៃទ្វីបអាហ្វ្រិក ខណៈដែលពួកគេកំពុងនេសាទត្រីសមុទ្រធុនណា (Tuna)។
លោក John Steed អតីតឧត្ដមសេនីយ៍នៃទ័ពជើងទឹកចក្រភពអង់គ្លេស និងក្រុមរបស់លោក បានចំណាយពេលប្រមាណចំនួន១៨ខែ ដើម្បីចរចាជាមួយមេដឹកនាំសាសនា ក្រុមតំណាងសហគមន៍ និងជាពិសេសជាមួយក្រុមចោរសមុទ្រសូម៉ាលី ក្នុងការរំដោះបុរសនេសាទជនជាតិអាស៊ីទាំង២៦នាក់នេះ។ នេះបើតាមសេចក្ដីថ្លែងការណ៍នៅលើគេហទំព័រ Oceans Beyond Piracy (OBP) ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
អតីតបុរសចំណាប់ខ្មាំងទាំង២៦នាក់នេះ ត្រូវក្រុមចោរសមុទ្រសូម៉ាលីបង្ខំឲ្យចាប់សត្វកណ្ដុរ និងឆ្មាព្រៃ ដើម្បីបរិភោគ ហើយនិងផឹកទឹកមួយលីត្រក្នុងមួយថ្ងៃ។ ពួកគេត្រូវរស់នៅក្រោមសីតុណ្ហភាពក្ដៅហួតហែង ប្រហែលជាង៣៨អង្សាសេជារៀងរាល់ថ្ងៃ។ នេះបើយោងតាមគេហទំព័រដដែល៕