ស្របពេលនឹងដំណើរទស្សនកិច្ចរបស់លោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជា សហគមន៍ដីធ្លីក្នុងរាជធានីភ្នំពេញនឹងធ្វើការជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះក្នុងគោលបំណងដាក់ញត្តិជូនលោក ចន ឃែរី ដើម្បីជួយអន្តរាគមន៍ទៅរដ្ឋាភិបាល ឲ្យបញ្ឈប់ការរំលោភដីធ្លី ការបណ្ដេញចេញដោយអំពើហិង្សា និងការរំលោភសិទ្ធិមនុស្សជាដើម។
លោក ចន ឃែរី បានធ្វើដំណើរមកបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃក្នុងប្រទេសកម្ពុជាចាប់ផ្តើមពីថ្ងៃច័ន្ទ។ ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថា នឹងផ្តល់ផលវិជ្ជមានជាច្រើនដល់ប្រទេសកម្ពុជា រួមទាំងការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ការបញ្ជាក់គោលជំហរកម្ពុជាក្នុងបញ្ហាសមុទ្រចិនខាងត្បូង និងការកាត់បន្ថយឥទ្ធិពលពីប្រទេសចិនមកលើប្រទេសដ៏ក្រីក្រមួយនេះ។
លើសពីនេះទៀត លោក ចន ឃែរី នឹងអាចពិនិត្យមើលកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងបង្ហាញពីក្តីបារម្ភរបស់សហរដ្ឋអាមេរិកលើបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពនយោបាយក្នុងប្រទេសនេះ។ លោក ចន ឃែរី គ្រោងជួបជាមួយមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល មន្ត្រីគណបក្សប្រឆាំង និងតំណាងអង្គការសង្គមស៊ីវិលផងដែរ។
អ្នកស្រី ទេព វន្នី សកម្មជនដីធ្លី បានឲ្យ VOA ថា សហគមន៍ដីធ្លីប្រមាណជិត៣០នឹងមកជួបជុំគ្នា នៅមុខស្ថានទូតអាមេរិកក្នុងគោលបំណងស្វែងរកការជួយអន្តរាគមន៍ពីលោក ចន ឃែរី ក្នុងការជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់បញ្ហាទំនាស់ដីធ្លី និងការរំលោភលើសិទ្ធិសេរីភាពផ្សេងៗលើប្រជាពលរដ្ឋ។
«ដើម្បីឲ្យគាត់ជួយដាក់សម្ពាធទៅដល់រដ្ឋាភិបាលកម្ពុជាឲ្យគាត់មានការគោរពសិទ្ធិមនុស្ស ហើយបញ្ឈប់នូវការបណ្តេញចេញទាំងបង្ខំនៅក្នុងទូទាំងប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះក៏យើងទាមទារឲ្យមានការដោះស្រាយបញ្ចប់ជម្លោះវិវាទដីធ្លីនៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជានៅតាមខេត្តផ្សេងៗផងដែរ។
លោកស្រី ទេព វន្នី បានបញ្ជាក់បន្ថែមថា សហគមន៍ដីធ្លីតែងតែស្វះស្វែងរកបុគ្គលឬ ប្រទេសដែលមានឥទ្ធិពលជួយអន្តរាគមន៍ពួកគេជានិច្ច។
«ស្វះស្វែងដើររកអ្នកដែលមានឥទ្ធិពលដើម្បីឲ្យគេជួយ ជាពិសេសដូចជាម្ចាស់
ជំនួយផ្សេងៗនៅក្នុងទូទាំងពិភពលោក គឺពួកខ្ញុំតែងសង្ឃឹមថា លោកមានឥទ្ធិពលនៅក្នុងការជួយដាក់សម្ពាធទៅដល់រដ្ឋាភិបាលក្នុងការជួយរកដំណោះស្រាយជូនពួកយើងខ្ញុំទាំងអស់គ្នាដែលជាប្រជាពលរដ្ឋរងគ្រោះ។
បញ្ហាទំនាស់ដីធ្លីដ៏រុំារៃក្នុងប្រទេសកម្ពុជាជាយូរឆ្នាំកន្លងមកនេះ ត្រូវបានគេសង្កេតឃើញថា បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនជួបការលំបាកបាត់បង់ផ្ទះសម្បែង មុខរបរ និងដីស្រែចម្ការជាដើម។
ជាមួយគ្នានេះដែរ លោក សៀ ភារម្យ នាយកប្រតិបត្តិអង្គការក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានបានឲ្យដឹងដែរថា ការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋនេះគឺមកពីប្រជាពលរដ្ឋអស់ជំនឿលើរដ្ឋាភិបាលក្នុងការរកដំណោះស្រាយបញ្ហាផ្សេងៗដូចជាការរំលោភសិទ្ធិមនុស្ស អំពើហិង្សា និងទំនាស់ដីធ្លីជាដើម។
លោកថ្លែងប្រាប់ VOA ថា៖«ដោយសារតែគាត់អស់ជំនឿចំពោះរដ្ឋាភិបាលកម្ពុជាយើងមិនបានអនុវត្តន៍ច្បាប់ឲ្យបានត្រឹមត្រូវ ហើយមិនបានផ្តល់ដំណោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។ ដោយសារតែបញ្ហាជម្លោះដីធ្លីនេះវាជាជំងឺមហារីករ៉ាំរៃយូរអង្វែង ចឹងហើយបានជាគាត់ព្យាយាមរកសម្ពាធពីអន្តរជាតិផ្សេងៗតាមរយៈការទូតនឹងអាចមានឱកាសក្នុងការលើកទៅប្រមុខរដ្ឋាភិបាលយើង ដើម្បីពិចារណា និងដោះស្រាយជូនពួកគាត់។
លោក សៀ ភារម្យ សង្ឃឹមថា ការស្វះស្វែងរបស់ប្រជាពលរដ្ឋនេះនឹងអាចជាផ្នែកមួយជួយជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគិតគូរឡើងវិញពីបញ្ហាទាំងអស់នេះ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី មិនអាចធ្វើការទំនាក់ទំនង ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហាទាំងអស់នេះបានឡើយនៅល្ងាចថ្ងៃច័ន្ទនេះ៕