រដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​ឱ្យ​មាន​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ដោយ​ស្រប​ច្បាប់

អ្នកស្រី​ ជូ ប៊ុនអេង រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ និង​ផ្លូវ​ភេទ​លើ​ស្ត្រី​ និង​កុមារ​ ថ្លែងប្រាប់​ VOA ​ថា ស្រ្តី​និង​បុរស​គឺ​មាន​សិទ្ធស្មើគ្នា ប៉ុន្តែ​អ្នក​ស្រី​ចង់​ឲ្យ​ពួ

អ្នក​ការពារ​សិទ្ធិ​ពលករ​​ស្នើ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​​ពិចារណា​ឲ្យ​បាន​ដិត​ដល់​ចំពោះ​យន្ត​ការ​ការពារ​សុវត្ថិភាព​ដល់​ពលករ​ដែល​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ក្នុង​តំបន់​អារ៉ាប់​ ដើម្បី​ធានា​ថា​ ការ​ចំណាក​ស្រុក​របស់​ពួក​គេ​​នឹង​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រថុយ​ប្រថាន​នោះ​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​នឹង​មាន​ការ​ពិភាក្សា​ជាមួយ​ភាគី​ពាក់​ព័ន្ធ​នានាអំពី​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ (Saudi Arabia)​ ​ដែល​ជា​ផ្នែក​មួយ​នៃ​សហភាព​អារ៉ាប់​ និង​ជា​ទី​ដែល​មិន​ទាន់​មាន​វត្តមាន​ពលករ​ខ្មែរ​ច្រើន​នៅ​ឡើយ។

ក៏​ប៉ុន្តែ​អ្នក​ការពារ​សិទ្ធិ​ពលករយល់​ថា​ ​វាជា​ការ​ប្រថុយ​ប្រថាន​សម្រាប់​កម្ពុជា​ក្នុង​ការ​បញ្ជូន​ពលករ​របស់​ខ្លួន​ឲ្យទៅ​បម្រើ​ការងារនៅ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​ប្រទេស ​ដោយ​សារ​តែ​កត្កា​វប្បធម៌​ និង​មាន​ការ​រំលោភ​សិទ្ធិ​ការងារ​ជា​ច្រើន។​

អ្នក​ស្រី ជូ ប៊ុនអេង​ ​រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស​ និង​ផ្លូវ​ភេទ​លើ​ស្ត្រី​ ​និង​កុមារ​ ​ដែល​ទើបតែ​បាន​បញ្ចប់​ទស្សន​កិច្ច​នៅ​ប្រទេសម៉ារ៉ុក​ (Morocco)​ ​មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា​ ​សហភាព​អារ៉ាប់​បាន​លើក​ឡើង​ថា​ ​កម្ពុជា​ពុំទាន់​បាន​បញ្ជូន​ពលករចំនួន​ច្រើន​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​អារ៉ាប់​នោះ​ទេ។​

អ្នកស្រី​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ៖​

«ក្នុង​អាស៊ី​មាន​អ្នក​ទៅ​ហើយ​ ប៉ុន្តែ​គេ​ថា​ គេចង់​ផ្សារ​ភ្ជាប់​ទំនាក់​ទំនងជាមួយ​កម្ពុជា​ ដោយសារ​ថា​ កន្លង​មក​ហ្នឹង​មិន​ទាន់​ឃើញ​មាន​កម្ពុជា​ទៅ​ គេ​ហៅ​សហភាព​អារ៉ាប់​ហ្នឹង​ច្រើន​ទេ​ ហើយ​ក្នុង​ហ្នឹង​ ​ខ្ញុំបាន​ជម្រាប​សួរ​ដែរ​ថា​ តើ​ត្រូវ​ការ​ក្នុង​វិស័យ​អី? ​គាត់​ថា​ វិស័យ​គឺអាច​ ​មាន​គ្រប់​កម្រិត​ បើសិន​ជា​យើង​អាច​ត្រៀម​លក្ខណៈ​ ជា​ធនធាន​មនុស្សក្នុង​កម្រិត​ជា​អ្នក​មាន​ជំនាញ​ខ្ពស់​ ឬ​ជំនាញ​មធ្យម​ ឬ​ជំនាញ​ទាប​យ៉ាងណា​ហ្នឹង​ អា​ហ្នឹង​ស៊ីសង​ យើង​ធ្វើ​កិច្ច​សហការ​ជា​មួយ​គ្នា​ មាន​ MOU ​ឬមួយ​ក៏មាន​តម្រូវការ​ ដែល​នឹង​ធ្វើ​ទំនាក់​ទំនង​គ្នា​ក្រោយ​ទៀត»។

មន្ត្រីរដ្ឋាភិបាល​ទទួល​បន្ទុក​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នេះមាន​ប្រសាសន៍​បន្ថែម​ថា​ ​ការ​ពិភាក្សា​កម្រិត​អន្តរក្រសួង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខនេះ​ ​ពាក់​ព័ន្ធ​នឹង​ការបញ្ជូន​ពលករ​ខ្មែរ​ទៅ​ប្រទេស​ក្នុង​តំបន់​អារ៉ាប់​មួយ​នេះ​ តាម​អនុស្សរណៈ​យោគយល់​មួយ ដែល​ភាសា​អង់​គ្លេស​ហៅ​ថា​ Memorandum of Understanding​ ​ឬ​ MOU។​

«ខ្ញុំ​នឹង​មាន​កិច្ច​ប្រជុំ​មួយ​ទៀត​ ព្រោះ​ខ្ញុំ​ទើប​មក​ដល់​ប្រទេស​វិញ​ទេ។ ​យើងនឹង​មាន​កិច្ច​ប្រ​ជុំដើម្បី​ពិភាក្សា​គ្នា ​ដែល​មិនមែន​តែ​ក្រសួង​ការ​ងារបណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ទេ។​ ក្រសួង​អប់​រំ​ និង​វិស័យផ្សេងៗ​ទៀត​ក៏​នឹង​ត្រូវ​ការពិគ្រោះ​គ្នា​ដែរ​ ហើយ​ក្នុង​ហ្នឹង​ យើង​នឹង​ជជែក​តែ​រឿង​ MOU ​ហ្នឹង។​ ដំណើរការ​ អាច​ជា​ក្នុង​ដើម​ឆ្នាំ​២០១៩​ហ្នឹង​ ​ទៅ​តាម​ដែលខាង​សំណើ​សុំ​របស់​គាត់​ ហើយ​យើង​ក៏បាន​រាយ​ការណ៍​ជូន​ទៅ​ខាង​ក្រសួង​ការងារ​បណ្តុះ​បណ្តាល​ និងវិជ្ជា​ជីវៈ​ហើយ»។​

ខណៈ​ដែល​កម្ពុជា​មិនទាន់​មាន​ការ​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​នៅ​ឡើយ​ ​តែ​ប្រទេស​នេះ​បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ប្រទេស​កាតាដែល​ស្ថិត​ក្នុង​ប្លុក​នៃ​ប្រទេស​អារ៉ាប់។​ ​

រដ្ឋ​សភា​កម្ពុជា​បាន​អនុម័ត​យល់​ព្រម​កាលពី​ឆ្នាំ​២០១២​ឱ្យ​កម្ពុជា​បញ្ជូន​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​កាតា​តាម​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង​កម្ពុជា​និង​ប្រទេស​កាតា។​

ប្រទេស​កាតា​បាន​សម្តែង​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​ទទួល​ពលករ​ខ្មែរ​ចំនួន​៣៣០០០​នាក់។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ឌី ថេហូយ៉ា​ មន្ត្រី​កម្មវិធី​ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​នៃ​អង្គការ​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិមនុស្ស​ (Central)។​

រហូតមក​ដល់​ពេល​នេះ​ លោក​ឌី ថេហូយ៉ា​ មិន​ទាន់​មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​បញ្ជាក់​ពីការ​បញ្ជូន​ពលករ​ពី​កម្ពុជា​ទៅ​ធ្វើ​ការ​នៅប្រទេស​កាតា​នោះ​ទេ។ ​ក៏​ប៉ុន្តែ​ មន្ត្រី​ការពារ​សិទ្ធិ​ពលករ​រូប​នេះបាន​ព្រមាន​ពី​ហានិភ័យ​ជាច្រើន​ ដែល​អាច​កើត​មាន​ដល់​ពលករ​ខ្មែរ​ ប្រសិន​បើ​ពួក​គេ​ស្ម័គ្រ​ចិត្តទៅធ្វើ​ការ​ក្នុង​ប្រទេស​ស្ថិត​ក្នុង​តំបន់​អារ៉ាប់។​

«ការ​បញ្ជូន​ទៅម្តុំ​អារ៉ាប់​នេះជារឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ។​ ព្រួយ​បារម្ភ​ត្រង់​ថា​ ទីមួយ​បើ​យើង​និយាយ​ពី​ភូមិ​សាស្ត្រ​រៀង​ឆ្ងាយ​ តំបន់​ឆ្ងាយ។​ ទីពីរ​ ទាក់​ទង​នឹង​រឿង​វប្បធម៌គឺ​ការ​រស់​នៅ​ យើង​ដឹង​ហើយ ​ពលរដ្ឋ​យើង​ ប្រពៃណី​វប្បធម៌​យើង​ របៀប​ពុទ្ធសាសនា​ របៀប​អីផ្សេង​អ៊ីចឹង​ទៅ​ ខាង​អារ៉ាប់​គឺ​ជា​របៀប​ឥសា្លម។ ​អ៊ីចឹង​ វប្បធម៌​ប្រពៃណី​ វា​ខុស​គ្នា។​ ទីបី​គឺទាក់​ទង​នឹង​រឿង​ យន្ត​ការ​ការពារ​នៅ​ក្នុង​ប្រទេស​អារ៉ាប់​ហ្នឹង​តែ​ម្តង។ ​យើង​ឃើញ​ថា​ ជា​ប្រទេស​សង្គមនិយម​ ជា​ប្រទេស​ផ្តាច់​ការ​អ៊ីចឹង ​ អ៊ីចឹង​អាការ​គោរព​សិទ្ធិ​មនុស្សអី​ទាំងអស់​នេះ​ វា​ជា​រឿង​មួយ​ដែល​យើង​ព្រួយ​បារម្ភ​ ក្នុង​លក្ខណៈ​ដែល​ប្រសិន​បើ​ពលរដ្ឋ​យើង​ត្រូវ​បាន​គេ​រំលោភ​សិទ្ធិ​អ៊ីចឹង​ ជា​ដើម​នេះ​ គឺ​វា​ពិបាក​ក្នុងការ​ជួយ​សង្គ្រោះ»។​

រូបឯកសារ៖ លោក ឌី ថេហូយ៉ា មន្ត្រី​កម្មវិធី​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​អង្គការ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) ចូលរួម​ពិភាក្សា​អំពី​«‍ការ​បង្ការ​ពី​ការ​ធ្វើបាប និង​ការ​កេង​ប្រវ័ញ្ច​ពលករ​ខ្មែរ​នៅ​ប្រទេសកាតា» នៅក្នុង​កម្មវិធី Hello VOA​កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨។ (លឹម សុធី/VOA)

លោក​ឌី ថេហូយ៉ា​ មន្ត្រី​កម្មវិធី​ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​នៃ​អង្គការ​ Central​ បាន​ឲ្យ​ដឹង​ពី​ករណី​នៃស្រ្តី​ខ្មែរ​មួយ​រូប​ ដែល​ត្រូវ​បាន​បញ្ជូន​ទៅធ្វើ​ការ​នៅប្រទេស​មួយ​ស្ថិត​នៅ​ប៉ែក​អារ៉ាប់​នេះ​ ហើយ​បាន​ប្រឈម​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​ធ្វើ​ទំនាក់​ទំនង​ជាមួយ​គ្រួសារ​ បន្ទាប់​ពី​ប្រាំមួយ​ខែ​ដំបូង​នៃ​ការ​ទៅ​បំពេញ​ការងារ។​

«ខាង​គ្រួសារ​ជាប្តី​ហ្នឹងគឺទាក់​ទង​មក​ឲ្យ​អង្គការ​ Central ជួយ​សង្គ្រោះ​ប្រពន្ធ​គាត់ ​ដោយ​សារ​តែ​ទៅ​រយៈ​ពេល​ប្រាំមួយ​ខែ។​ បីខែ​ដំបូង​អ៊ីចឹង​ទៅ​ គេឲ្យ​មាន​ការ​ទំនាក់​ទំនង​មក​ផ្ទះ​ បន្ទាប់​ពី​ហ្នឹង​ទៅ​ បាត់​ដំណឹង​ឈឹង​ អ៊ីចឹង។ ​អា​ហ្នឹង​យើង​មាន​ករណី​អ៊ីចឹង​!​ ទៅអារ៉ាប់! ​ហើយ​តែបាត់​ដំណឹង​ឈឹង​អ៊ីចឹង។​ ​ម្តុំ​ហ្នឹង​ យើង​ហាក់ដូច​ជា​មាន​ស្ថាន​ទូត​តែ​នៅ​គុយ​វ៉េត​ទេ។អ៊ីចឹង​ យើង​គ្រាន់​តែ​ចង់​និយាយ​ថា​ សូម្បី​ប្រទេសមួយ​ចំនួន​ដែល​យើង​មាន​ស្ថានទូត​នៅ​ហ្នឹង​ហើយ​ ក៏ពិបាក​ជួយ​ផង​ ចុះ​ទម្រាំនៅម្តុំ​ហ្នឹង​ យើង​អត់​មាន​ស្ថានទូត​ទៀត?​ តើ​ការ​ជួយ​សង្គ្រោះ​ទាំងអស់​ហ្នឹង​ វា​របៀប​ម៉េច​? អ៊ីចឹង​កន្លង​មក​ យើង​ឃើញ​បាទ​ យើង​ឃើញ​ស្រាប់​ហើយ​បាទ»។​

អ្នកស្រី ​ជូ ប៊ុន​អេង​ ​ រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ មាន​ប្រសាសន៍ថា​ ការ​សិក្សា​អំពី​ហានិភ័យ​នានា​ តែង​តែ​ត្រូវ​បាន​ធ្វើឡើង​ នៅ​មុន​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ក្រៅ​ប្រទេស។​

«រឿង​កាតព្វ​កិច្ច​ហ្នឹងទីមួយ​ហើយ!​ ពីព្រោះ​រាល់​ពេល​ដែល​យើង​បញ្ជូន​ពលករ​ទៅក្រៅ​ គឺ​ក្នុង​ MOU​ ចាំ​បាច់​ត្រូវ​តែ​ដាក់​ ដោយសារ​យើង​ត្រូវ​មាន​កិច្ចការ​ពារ​ពល​ករ​ ហើយ​កម្ពុជា​យើង​ហ្នឹង​កន្លង​មក​ ពេល​ដែល​យើង​មាន​កិច្ច​ព្រម​ព្រៀង​បញ្ជូន​ពលករ​ទៅក្រៅ​ប្រទេស​ យើង​មាន​អា​ MOU ​ហ្នឹង​មួយ​ ហើយ​បន្ទាប់​មក​ទៀត​ យើង​មាន​ MOU​ ទាក់​ទង​រឿងប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នេះ​ទៀត។​ ប៉ុន្តែ​យើង​ក៏អាច​បង្រួម​ដាក់​ចូល​ក្នុង MOU តែមួយ​ក៏បាន​ដែរ»។​

VOA មិន​អាច​ទាក់​ទង​លោក ​ហេង សួ​ អ្នក​នាំពាក្យ​ក្រសួង​ការងារបាន​ទេ​ នៅ​ថ្ងៃ​ពុធ​នេះ​ ដោយ​ទូរស័ព្ទ​លោក​រោទិ៍​គ្មា​ន​អ្នក​ទទួល។ ​លោក ​សេង សក្កដា​ អគ្គនាយកអគ្គ​នាយក​ដ្ឋាន​ការងារ​នៃ​ក្រសួង​ការងារ​ ​បានបដិសេធមិន​ផ្តល់​ការ​អធិប្បាយ​ ដោយ​លោក​ជាប់​ប្រជុំ។​

គ្រា​ដែល​កម្ពុជាមិនទាន់​បាន​សម្រេច​បញ្ជូន​ពលករ​ទៅ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​នោះ​ លោក​ឌី ថេហូយ៉ាបាន​ឲ្យ​ដឹង​ពីការ​រក​ឃើញ​នៃ​គ្រោះ​ថ្នាក់​ការងារ​ជាច្រើន ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​កាតា​ ​ដែល​ជា​ប្រទេស​ស្ថិត​ក្នុង​តំបន់​អារ៉ាប់​ដូច​គ្នា​នេះ។​ លោក​បាន​រៀបរាប់​យ៉ាង​ដូច្នេះ៖

«បញ្ហា​ទីមួយ​ទាក់​ទង​នឹង​រឿង​កេង​ប្រវ័ញ្ច​ការ​ងារ​ កេង​ប្រវ័ញ្ច​ប្រាក់​ឈ្នួល​ ទីពីរ​លក្ខខណ្ឌ​រស់​នៅ​ពិបាក​ ដូច​ជា​ អង្គការ​ Amnesty International ​រក​ឃើញ​ថា​ មាន​កន្លែង​ខ្លះ​ហ្នឹងគឺ​រស់​នៅ​ ៦០០​នាក់​អ៊ីចឹង​ ហើយ​បន្ទប់​ទឹក​មាន​តែ​ពីរ​អ៊ីចឹង​ទេ។​ ហើយ​រុយ​ចង់​ច្រើន​ជាង​មនុស្ស​ មនុស្ស​នៅ​ជាមួយ​រុយ​កខ្វក់​ចឹង​ណាស់! ធ្វើ​ការ​ទាំង​យប់​ ធ្វើ​ការ​ទាំង​ថ្ងៃ​ ហើយ​នៅ​ពេល​ដែល​មាន​បញ្ហា​ អត់​ដឹង​រត់​ទៅណា។​ គេ​ដកលិខិត​ឆ្លងដែនអស់​រលីញ​ហើយ​ ហើយ​កាល​ណា​បើ​គេ​រត់​ចេញ​ គេ​ប្រឈម​នឹង​ពី​ការជាប់​គុក​អ៊ីចឹង​ជាដើម។ ​ហើយ​ក៏​មាន​គ្រោះថា្នក់​ការងារ​ បើ​យោង​តាម​ Department of Emergency ​របស់​ Qatar ​ហ្នឹងគឺដូច​រក​ឃើញ​ថា​ មួយ​ថ្ងៃ​ គ្រោះ​ថ្នាក់​ការងារ​ មិន​ក្រោម​ពី​១៨០០​នាក់​ទេ​ ហើយ​មាន​មនុស្ស​ស្លាប់​មិន​ មិន​តិច​ជាង​៧០០០​នាក់​ទេ​ រាប់​តាំងពី​ឆ្នំាំ​២០១៣​ រហូត​ដល់​ឆ្នាំ​២០២២។​ អានេះ​ជាការ​រក​ឃើញ​របស់​ Armnesty International»។​

លោក​ថា​ ព័ត៌មាននេះ​ ​អាច​ជា​ទុន​សម្រាប់​រដ្ឋាភិបាល​ខ្មែរពិចារណា​ឲ្យមាន​យន្តការ​ហ្មត់​ចត់​ដើម្បី​ការពារ​ជីវិត​ពលករ​របស់​ខ្លួន។​

«អ៊ីចឹង​ហើយ​បាន​យើង​មានការ​ព្រួយ​បារម្ភ​ ចំពោះ​ការ​បញ្ជូន​ទៅ​ប្រទេស​ម្តុំ​ហ្នឹង។​ បើសិន​ជា​រដ្ឋ​ មាន​យន្តការ​ធានា​ថា​ ពលរដ្ឋ​យើង​ទៅ យើង​មាន​យន្តការ​ធានា​បាន​ បើក្នុងករណី​ថា​ គេ​រំលោភ​សិទ្ធិការ​ងារ​ យើង​មាន​ដំណោះស្រាយជាក់​លាក់គឺ​ធានា​បាន​អំពីការការពារ​សិទ្ធិ​១០០​ភាគ​រយ អាហ្នឹង​ ​វាមិន​ជា​បញ្ហា​អី​ទេ។ អ៊ីចឹង​អាការណ៍​ចំណាកស្រុក​នេះ​ វា​ជា​ជម្រើស​ អ៊ីចឹង​យើង​មិន​អាច​ហាម​ឃាត់​មិន​ឲ្យ​គាត់​ទៅ​ទេ​ ក៏ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវ​គិតគឺ​យន្តការ​ការពារ​សិទ្ធិ​របស់​គាត់ ​ធានា​បាន​អំពី​សុវត្ថិភាព​ អំពី​ការ​ធ្វើ​ចំណាក​ស្រុក​ មិនមែន​ការ​ចំណាក​ស្រុក​ ប្រថុយ​ប្រថាន។​ បើ​សំណាង​ល្អ​ ល្អ​ បើ​សំណាង​មិន​ល្អ​ យក​ជីវិត​ទៅ​គ្រោះ​ថ្នាក់។ ​ហ្នឹង​ជា​រឿង​មួយ​ដែល​យើង​ព្រួយ​បារម្ភ​ បាទ»។​

អង្គការ​សិទ្ធិ​មនុស្ស​ ​Amnesty International​ ​បាន​លើក​ឡើង​ពី​ករណី​រំលោភ​បំពាន​ ​ដូច​បាន​បញ្ជាក់​ខាង​លើ​នេះ ​នៅ​ក្នុង​របាយ​ការណ៍​ដែល​មាន​ចំណង​ជើង​ថា​«The Ugly Side of the Beautiful Game: Exploitation on a Qatar 2022 World Cup Site»ចេញ​ផ្សាយ​កាល​ពី​ខែ​មីនា​ឆ្នាំ​២០១៦។​

តាម​ការ​បញ្ជាក់​របស់​លោកឌី ថេហូយ៉ា​ ​ពល​ករ​ខ្មែរ​ជាង​ពីរ​លាន​នាក់​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅក្រៅ​ប្រទេស​ ​ក្នុង​នោះ​មាន​ជាង​មួយ​លាន​នាក់​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ។

ទិន្នន័យ​ដែល​លោក​បាន​លើក​ឡើងនេះ​គឺ​យោង​ទៅ​លើ​ស្ថិតិ​ចុង​ក្រោយ​របស់​ក្រសួង​ការងារ​នៃ​រដ្ឋាភិបាល​ខ្មែរ៕