រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឲ្យ​មន្ទីរពេទ្យ​ឯកជន​​​ចំនួន​ ៣​ ព្យាបាលអ្នកជំងឺ​​កូវីដ​១៩ ខណៈ​អ្នក​ជំងឺ​កើន​ឡើង​ជាង​ ១​ម៉ឺន​នាក់

រូបឯកសារ៖ អ្នក​មក​ព្យាបាល​ជំងឺ​​​ពាក់ម៉ាស់​ ក្នុង​អំឡុង​ពេល​មាន​ការ​រីករាតដ្បាត​នៃ​ជំងឺ​កូវីដ១៩​ នៅ​មន្ទីរពេទ្យ​មួយ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៤ ខែ​មីនា​ ឆ្នាំ២០២១។ (ហ៊ាន​ សុជាតា​/វីអូអេ)

រដ្ឋាភិបាល​កម្ពុជា​សម្រេច​អនុញ្ញាត​ឲ្យ​មន្ទីរ​ពេទ្យ​ឯកជន​ធំៗ ​ចំនួន ​៣ ​ផ្តល់​សេវា​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ ​ស្រប​ពេល​ដែល​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ នៅ​មិន​ទាន់​ចុះថមថយ ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

យោង​តាម​សេចក្តី​ជូន​ដំណឹង​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​សុខាភិបាល​លោក ម៉ម ប៊ុនហេង ​នៅ​ថ្ងៃ​ទី​ ៤ ខែ​ឧសភា ​មន្ទីរ​ពេទ្យ​ឯកជន​ ៣ ​ដែល​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​រដ្ឋាភិបាល និងអាច​ផ្តល់​សេវា​ពិនិត្យ​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​ នោះ រួម​មាន​មន្ទីរពេទ្យ​សង់ត្រាល់​ នៅ​សង្កាត់​ផ្សារ​ថ្មី​ទី ៣ ​ខណ្ឌ​ដូនពេញ មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​ នៅ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែនសុខ ​និង​មន្ទីរ​ពហុព្យាបាល​វិសាល​សុខ​ នៅ​សង្កាត់​ទួលស្វាយ​ព្រៃ​ ២ ​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ ។

សេចក្តី​ជូន​ដំណឹងបញ្ជាក់​ថា​៖ «ក្រសួង​បាន​អនុញ្ញាត​ជា​ផ្លូវ​ការ​ឲ្យ​សេវា​សុខាភិបាល​ឯកជន​ចំនួន​បី​ទី​តាំង ​នឹង​មាន​សិទ្ធិ​ពិនិត្យ​ថែទាំ ​និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩។ សេវា​សុខាភិបាល​ឯក​ជន​ទាំង​នោះ​បាន​ទទួល​សិទ្ធិ​ធ្វើ​តេស្ត​រហ័ស​ រក​អង់​ទី​ហ្សែន​កូវីដ​១៩ ​ផងដែរ»។

អគ្គនាយក​បច្ចេកទេស​សុខាភិបាល​នៃ​ក្រសួង​សុខាភិបាល​លោក ហុក គឹមចេង ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​មន្ទីរ​ពេទ្យ​ឯកជន​ទាំង​ ៣​ មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ ​ស្រប​តាម​ស្តង់ដារ​សុខាភិបាល​ដែល​អាច​ទទួល​ពិនិត្យ​អ្នក​ជំងឺ​កូវីដ​១៩ បន្ថែម​លើ​សេវា​សុខាភិបាល​របស់​រដ្ឋ។

លោក​បន្ថែម​ថា ​ក្រសួង​សុខាភិបាល​នឹង​ជួយ​មន្ទីរពេទ្យ​ទាំង​នោះ​ជាមួយ​ការ​គាំទ្រ​ខាង​បច្ចេកទេស ​និង​យោបល់​ផ្សេងៗ​ នៅ​ពេល​ទទួល​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩។

«ឥឡូវ​ហ្នឹង​យើង​អនុញ្ញាត​ឲ្យ​គាត់​ហើយ​នៅ​តែ​គាត់​ហ្នឹង​ខ្លួន​គាត់​ហ្នឹង​រៀបចំ​ឲ្យ​បាន​លឿន​ ហើយ​និង​ពង្រីក​ជា​បន្ត​បន្ទាប់​ទេ ការ​អនុញ្ញាត​ហ្នឹង ហើយ​ក្រសួង​ចាំ​តែ​ជួយ​គាត់​ទេ​ នៅ​ក្នុង​ការ​ផ្តល់​ជា​យោបល់ ជា​លក្ខណៈ​បច្ចេក​ទេស​ ដើម្បី​ឲ្យ​គាត់​ដំណើរ​ការ​បាន​ល្អ»។

នៅ​ពេល​ការ​រាត​ត្បាតជំងឺ​កូវីដ​១៩​ មាន​សន្ទុះ​កាន់​តែ​ខ្លាំង គិត​ចាប់​តាំង​ពី​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​ថ្ងៃ​ទី​ ២០ ​ខែ​កុម្ភៈ​មក​នោះ​ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ពី​កង្វះ​ខាតកន្លែង​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩។ រដ្ឋាភិបាល​ក៏​បាន​អនុញ្ញាត​ឲ្យ​អ្នក​ជំងឺ​កូវីដ​១៩​ ស្រាល ព្យាបាល​នៅ​ផ្ទះ​របស់​ពួកគេ​ផង​ដែរ ប្រសិន​បើ​ផ្ទះ​និង​បរិស្ថាន​អំណោយ​ផល។

រដ្ឋាភិបាល​បាន​ស្វះ​ស្វែង​រក​ទី​តាំង​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​ ក្រៅ​ពី​មន្ទីរពេទ្យ​រដ្ឋ ដែល​ក្នុង​នោះ​មាន​អតីត​សណ្ឋាគារ​អាំងទែកង់ទីណង់តាល់ ​(The Great Duke ) សាល​ពិព័រណ៍ និង​អគារ​រៀប​មង្គល​ការ​នៅ​ទី​ក្រុង​កោះ​ពេជ្រ ​ហើយ​មន្ទីរ​ពេទ្យ​ឯកជន​ ឈ្មោះ​មន្ទីរពេទ្យ​ «ស្ត្រី​នគរទេព​» នៅ​សង្កាត់​ព្រៃសរ​ខណ្ឌ​ដង្កោ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ទិញ​យក​និង​ប្តូរ​ឈ្មោះ​មក​ជា «មន្ទីរ​ពេទ្យ​ហ្លួង​ម៉ែ» ដើម្បី​ទទួល​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩។ រដ្ឋាភិបាល​ក៏​បាន​ប្រែ​ក្លាយ​អគារអាពាហ៍ពិពាហ៍​ ដឺ ព្រេ​មៀ សេនធ័រ សែន​សុខ របស់​លោក​ឧកញ៉ា​ លី យ៉ុង​ផាត់ ជា​កន្លែង​ព្យាបាល​ជំងឺ​កូវីដ​១៩​ កម្រិត​ស្រាល​ផង​ដែរ។

អ្នក​ជំងឺ​កូវីដ​១៩ បាន​កើន​ឡើង​ដល់​ជាង​ ១ ​ម៉ឺន​នាក់។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល។

លោក​វេជ្ជបណ្ឌិត​ ហុក គឹមចេង អគ្គ​នាយក​បច្ចេក​ទេស​សុខាភិបាល​នៃក្រសួង​សុខាភិបាល​ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​លើក​ទឹក​ចិត្ត​ឲ្យ​មន្ទីរពេទ្យ ឬ​គ្លីនិក​ឯកជន​ផ្សេង​ទៀត​ដាក់​ពាក្យ​ស្នើ​សុំ​ផ្តល់​សេវា​ព្យាបាល​ជំងឺ​កូវីដ​១៩ ​បន្ថែម​លើ​មន្ទីរ​ពេទ្យ​ឯកជន​ធំៗ​ ៣​ ដែល​មាន​ស្តង់ដារ​ខ្ពស់​ខាង​លើ​នោះ​ ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ជំងឺ​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ទទួល​សេវា​ព្យាបាល​។

«យើង​កំពុង​តែ​សុំ​ឲ្យ...ស្នើ​សុំ​ឲ្យ​គាត់ ស្នើ​សុំ​មន្ទីរ​ពេទ្យ​មាន​ច្រើន​ទៅ ហើយ​ដើម្បី​ឲ្យ​បងប្អូន​ប្រជាជន​យើង​ជ្រើស​រើស ជ្រើសរើស​ទៅ​តាម​ហ្នឹង​យើង​មាន​ខ្នាត​មធ្យម ខ្នាត​ខ្ពស់​អីចឹង​ទៅ។ អាហ្នឹង​ទៅ​តាម​ការ​ជ្រើស​រើស​របស់​ប្រជាជន​យើង​ហើយ​និង​អ្នក​ជំនួញ​អ្នក​ការទូត»។​

អ្នក​លើក​ទូរស័ព្ទ​នៅ​មន្ទីរ​ពហុព្យាបាល​វិសាល​សុខ​ម្នាក់ ​បញ្ជាក់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា សេវា​ទទួល​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩ ​ក្នុង​មន្ទីរ​ពេទ្យ​របស់​ខ្លួន​ កំពុង​តែ​ស្ថិត​ដំណើ​រការ​រៀប​ចំ​នៅ​ឡើយ​ ក្រោយ​ពី​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល។

«ឥឡូវ​ខ្ញុំ​កំពុង​រៀបចំ​ទទួល​ព្យាបាល។ ខ្ញុំ​អត់​ទាន់​រួចរាល់​ទេ»។

ចំណែក​បុគ្គលិក​ផ្នែក​ទី​ផ្សារ​មួយ​រូប​ នៅ​មន្ទីរ​រ៉ូយ៉ាល់​ភ្នំពេញ​ បញ្ជាក់​ថា ​មន្ទីរ​ពេទ្យ​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩ តែ​បដិសេធ​មិន​ផ្តល់​សេចក្តី​លម្អិត។

វីអូអេ​មិន​អាច​សុំ​ការ​អធិប្បាយ​ពី​មន្ទីរ​ពេទ្យ​សង់​ត្រាល់​បាន​ទេ ​នៅ​ថ្ងៃ​ពុធ​នេះ។

នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​ ២៨ ខែ​មេសា ស្តី​អំពី​វិធាន​ការ​បិទ​ខ្ទប់​ភូមិ​សាស្ត្ររាជធានី​ភ្នំពេញ​និង​ទីក្រុង​តាខ្មៅ​ខេត្ត​កណ្តាល លោក​វេជ្ជបណ្ឌិត ​ហុក​ គឹមចេង​ បាន​លើក​ឡើង​ពី​គុណ​សម្បត្តិ​សំខាន់ៗ​ចំនួន ​១១ ដែល​មន្ទីរ​ពេទ្យ​ឯកជន ​ឬ​មន្ទីរ​សម្ភព​ អាច​ផ្តល់​សេវា​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩ ​បាន​ដែល​រួមមាន​ទីតាំង​ដែល​អំណោយ​ផល​សម្រាប់​ទទួល​យក​អ្នក​ជំងឺចំណត​រថយន្ត រថយន្ត​គិលាន​សង្គ្រោះ​មាន​សម្ភារៈ​បំពាក់​គ្រប់​គ្រាន់​គ្រូពេទ្យ​ និងបុគ្គលិក​សុខាភិបាល​ ដែល​ទទួលបាន​ការ​បណ្តុះ​បណ្តាល​ត្រឹមត្រូវ​ មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ​ ឧប​ករណ៍ សម្ភារៈ​បរិក្ខា​វេជ្ជសាស្ត្រ​សមស្រប​និង​ប្រព័ន្ធ​គ្រប់​គ្រង​បង្ការ​ការ​ឆ្លង​រោគ​ជា​ដើម។

បើ​តាម​លោក​វេជ្ជបណ្ឌិត​ ហុក​ គឹមចេង ​មន្ទីរពេទ្យ​ឯកជន​ធំៗ​ ៣ ​ដែល​បាន​ទទួល​ការ​អនុញ្ញាត​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩ នោះ នឹង​មាន​លទ្ធភាព​ទទួល​អ្នក​ជំងឺ​ប្រមាណ​ពី ​៥ ​ទៅ ​១០ គ្រែ ​ក្នុង​មួយ​មន្ទីរ​ពេទ្យ​ ដោយ​ចាប់ផ្តើម​ពី​កម្រិត​ស្រាល​ទៅ​មធ្យមនៅ​ជំហាន​ដំបូង ខណៈ​កំពុង​រៀបចំ​ទទួល​អ្នក​ជំងឺ​កម្រិត​ធ្ងន់​ទៅ​ជំហាន​បន្ទាប់។

លោក​ ស៊ឹង សែនករុណា ​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​យល់​ថា ​ការ​ដាក់​ឲ្យ​មាន​សេវា​ព្យា​បាល​អ្នក​ជំងឺ​កូវីដ​១៩ ​នៅ​មន្ទីរពេទ្យ​ឯកជន ជា​ការ​សម្រួល​បន្ទុក​របស់​រដ្ឋាភិបាល ​ក្នុង​ការ​រ៉ាប់​រង​ទទួល​ព្យា​បាល​អ្នក​ជំងឺ​កូវីដ​១៩ ដែល​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ប៉ុន្តែ​លោក​ថា ​អ្វី​ដែល​ជា​ការ​បារម្ភ​របស់​អ្នក​ជំងឺ​នោះ​ គឺ​តម្លៃ​ព្យាបាល​ដែល​អាច​មាន​តម្លៃ​ខ្ពស់​ហើយ​ដែល​រដ្ឋាភិបាល​ត្រូវ​ពិចារណា​អន្តរាគមន៍​លើ​ការ​បន្ធូរ​បន្ថយ​បន្ទុក​របស់​អ្នក​ជំងឺ​ ដែល​លោក​ថា ក៏​កំពុង​ប្រឈម​បញ្ហា​ហិរញ្ញវត្ថុ​ ដោយ​សារ​ផល​ប៉ះ​ពាល់​ពី​ជំងឺ​ឆ្លង​មួយ​នេះ៕