ក្រសួង​មហាផ្ទៃ​ផ្អាក​សកម្មភាព​អង្គការ​បរិស្ថាន​មួយ​ដោយ​ប្រើ​ច្បាប់​អង្គការ​សមាគម

ផ្អាកសម្គាល់របស់«អង្គការ​ការពារ និង​អភិរក្ស​សត្វ ព្រៃឈើ ជល​ផល​កម្ពុជា» ដែលត្រូវបានក្រសួង​មហាផ្ទៃ​​សម្រេច​​​ផ្អាក​សកម្មភាព​​របស់​អង្គការ​មួយ​ដែល​ជា​បណ្តោះ​អាសន្ន ​រយៈពេល​៩០​ថ្ងៃ។ (រូបថតដកស្រង់ពីបណ្តាញសង្គម)

ក្រសួង​មហាផ្ទៃ​បាន​សម្រេច​ផ្អាក​សកម្មភាព​របស់​អង្គការ​មួយ​ដែល​មាន​ឈ្មោះ​ថា​ «អង្គការ​ការពារ​និង​អភិរក្ស​សត្វ ​ព្រៃឈើ​ជល​ផល​កម្ពុជា»​ ជា​បណ្តោះ​អាសន្ន​រយៈ​ពេល​៩០​ថ្ងៃ​ ដោយ​ចោទ​ថា ​អង្គការ​នេះ​បាន​ធ្វើ​សកម្ម​ភាព​ផ្ទុយ​ពី​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋា​ភិបាល។

លោក​ស ខេង ​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ទី​២១​ ខែ​មេសា​ ឆ្នាំ​២០២០​ បាន​ចេញ​លិខិត​មួយ​ច្បាប់​ជូន​លោក​ ឈាវ អាន​សាលីដេត​ ប្រធាន​អង្គការ​ការពារ​និង​អភិរក្ស​សត្វ​ ព្រៃឈើ​ ជលផល​កម្ពុជា​ដោយ​ប្រាប់​ឲ្យ​អង្គការ​នេះ​ផ្អាក​សកម្ម​ភាព​ជា​បណ្តោះ​អាសន្ន។​

លិខិត​នោះ​បញ្ជាក់​ថា​ មូលហេតុ​នៃ​ការ​សម្រេច​ផ្អាក​សកម្មភាព​អង្គការ​នេះ ​គឺ​ដោយសារ​ក្រសួង​មហាផ្ទៃ​ពិនិត្យ​ឃើញ​ថា​ អង្គការ​នេះ​បាន​ធ្វើ​សកម្ម​ភាព​ផ្ទុយ​នឹង​ប្រការ​៨​នៃ​លក្ខន្តិកៈ​របស់​ខ្លួន​ ដែល​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ​ និង​ពុំ​បាន​បំពេញ​កាតព្វ​កិច្ច​តាម​មាត្រា​១០​ និង​មាត្រា​២៥ ​នៃ​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល។​ ក្រសួង​ក៏​បាន​ចោទ​អង្គការ​នេះ​ថា ធ្វើ​សកម្មភាព​ខុស​ច្បាប់​និង​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ជាមួយ​សមត្ថកិច្ច។​

លិខិត​នោះ​សរសេរ​ក្នុង​ន័យ​ដើម​ថា៖ ​«អង្គការ​ត្រូវ​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ​អំពី​ព័ត៌មាន​រាល់​គណនី​និង​អាសយដ្ឋាន​នៃ​ទីស្នាក់ការ​កណ្តាល​ ព្រម​ទាំង​ត្រូវ​ផ្តល់​នូវ​របាយ​ការណ៍​បូក​សរុប​លទ្ធផល​ការងារ​និង​របាយ​ការណ៍​ហិរញ្ញ​វត្ថុ​ ប្រចាំ​ឆ្នាំ​២០១៧​ឆ្នាំ​២០១៨ ​និង​ឆ្នាំ​២០១៩ ​ជូន​មក​ក្រសួង​មហាផ្ទៃ​ក្នុង​រយៈពេល​៣០​ថ្ងៃ​ នៃ​ថ្ងៃ​ធ្វើការ។​ ក្នុង​ករណី​មិន​អនុវត្ត​តាម​ការ​ជូន​ដំណឹង​នេះ​ ក្រសួង​មហាផ្ទៃ​នឹង​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន»។

ក្រសួង​មហាផ្ទៃ​មិន​បាន​បញ្ជាក់​ថា​ តើ​អង្គការ​ការពារ​និង​អភិរក្ស​សត្វ​ ព្រៃ​ឈើ ​ជលផល​កម្ពុជា​នេះ​បាន​ធ្វើ​សកម្ម​ភាព​អ្វី​ខ្លះ​ដែល​ផ្ទុយ​នឹង​ច្បាប់​នោះ​ទេ។

លោក​ ឈឹម កាន ​ប្រធាន​នាយកដ្ឋាន​សមាគម​ និង​គណបក្ស​នយោបាយ​នៃ​ក្រសួង​មហាផ្ទៃ​ បាន​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​លម្អិត​ថា ​តើ​អង្គការ​នេះ​បាន​ធ្វើ​សកម្ម​ភាព​ខុស​ច្បាប់​អ្វី​ខ្លះ​នោះ​ទេ។​

«នៅ​ក្នុង​ករណី​នេះ​ខ្ញុំ​រក​ទីស្នាក់ការ​គាត់​អត់​ឃើញ ។ ​ប៉ុន្មាន​ថ្ងៃ​ហ្នឹង ​គឺ​ខ្ញុំ​មាន​លិខិត​អញ្ជើញ​ឲ្យ​គាត់​មក​បំភ្លឺ​ខ្ញុំ។​ យល់​ទេ?​ ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​គាត់​ហ្នឹង។​ ប៉ុន្តែ​ខ្ញុំ​ទៅ​រក​ស្នាក់​ការ​គាត់​អត់​ឃើញ​ទេ​ដោយ​សារ​ស្នាក់ការ​គាត់​ហ្នឹង​គាត់​រើ​ចោល​បាត់​ហើយ។​ អ៊ីចឹង​ឥឡូវ​ហ្នឹង​ខ្ញុំ​មិន​ទាន់​បាន​…​អត់​បញ្ជាក់ពី​មូល​ហេតុ​អី​សិន​រង់ចាំ​ការ​ឆ្លើយ​បំភ្លឺ​របស់​គាត់​សិន។ [បើ​មិនមាន​ការ​ឆ្លើយ​បំភ្លឺ​របស់​ពួក​គាត់] ​អាហ្នឹង​យើង​នឹង​ពិនិត្យ​ផ្លូវ​ច្បាប់​តាម​ក្រោយ»។​

VOA ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ​ឈាវ អាន​សាលីដេត ​ប្រធាន​អង្គការ​ការពារ​និង​អភិរក្ស​សត្វ​ ព្រៃឈើ​ជលផល​កម្ពុជា​ បាន​នៅ​ឡើយ​ទេ។​

លោក ​ព្រំ ភារុណ ​បុគ្គលិក​អង្គការ​នេះ ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ លោក​ធ្លាប់​ធ្វើ​ជា​ប្រធាន​ស្តីទី​អង្គការ​នេះ​កាលពី​ប៉ុន្មាន​ខែ​មុន​ ខណៈ​លោក​ ឈាវ អាន​សាលីដេត ​ជាប់​រវល់។​ លោក​បន្ថែម​ថា ​ អង្គការ​នេះ​មាន​ស្នាក់​ការ​កណ្តាល​នៅ​រាជធានី​ភ្នំពេញ ​និង​សាខា​តាម​បណ្តា​ខេត្ត​ជាង​១០។​ លោក​បញ្ជាក់​ថា ​អង្គការ​នេះ​មិន​ទទួល​បាន​ប្រាក់​ជំនួយ​ពី​ណា​នោះ​ទេ​ ហើយ​ថវិកា​គឺ​បាន​មក​ពី​ការ​ចូលរួម​របស់​ប្រជា​ពលរដ្ឋ ​និង​អ្នកស្ម័គ្រ​ចិត្ត​មួយ​ចំនួន។​

លោក ​ព្រំ​ ភារុណ ​បន្ថែម​ថា​អង្គការ​នេះ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១០ ​និង​តែង​តែ​សហការ​ជាមួយ​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​ និង​ការ​ទប់​ស្កាត់​បទ​ល្មើស​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​សត្វ​ព្រៃ។​

«អង្គការ​នេះ​មាន​សកម្មភាព​ចូលរួម​ចំណែក​ជា​មួយ​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​បង្កើត​នូវ​ថ្នាល​បណ្តុះ​កូន​ឈើ​ក៏​ដូចជា​ជួយ​សហការ​ក្នុង​ការ​ទប់​ស្កាត់​រាល់​សកម្ម​ភាព​ផ្សេងៗ​ ដូច​ជា​ការ​ដឹក​ជញ្ជូន​សត្វព្រៃ​…​និយាយ​ទៅ​សកម្មភាព​មនុស្ស​ធម៌​ជា​ច្រើន​ទៀត»។​

លោក​សុំ​មិន​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ទេ ដោយ​លោក​ប្រាប់​ថា ​ថ្នាក់​ដឹកនាំ​អង្គការ​នេះ​មិន​ទាន់​ទទួល​លិខិត​ពី​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ​ទេ​ ដោយ​ឃើញ​តែ​តាម​សារ​ព័ត៌មាន​ប៉ុណ្ណោះ។​ ទោះ​ជា​យ៉ាងណា លោក​ថា ​អង្គការ​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ដាក់​ទៅ​ក្រសួង​មហា​ផ្ទៃ។​

«ប៉ុន្តែ​យើង​ក៏​គោរព​តាម​បទ​បញ្ជា​របស់​ក្រសួង​ ក្នុង​ការ​អនុវត្ត​ដែល​ក្រសួង​បាន​ដាក់​ប៉ុន្មាន​ចំណុច ​និង​ដែល​យើង​ធ្វើ​ខុស​នូវ​ប្រការ​ទី​៨​ទី​១០​ ទី​២៥​ អី​ហ្នឹង ​គឺ​យើង​នឹង​អនុវត្ត​ធ្វើ​តាម​កំណែ​ទម្រង់​តាម​លក្ខន្តិកៈ​របស់​យើង​ ដើម្បី​ធ្វើ​របាយ​ការណ៍​ក៏​ដូចជា​បែប​បទ​ជូន​ទៅ​ក្រសួង​វិញ»។​

រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​លោក ​សាយ សំអាល់ ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​សកម្ម​ភាព​របស់​អង្គការ​ផ្នែក​បរិស្ថាន​មួយ​នេះ​ទេ។​

VOA​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​លោក​ នេត្ រភក្រ្តា ​បាន​នៅ​ឡើយ​ទេ។​

សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ផ្សាយ​ថា​ កាល​ពី​ខែ​ឧសភា​ឆ្នាំ​ ២០១៤ ​សមត្ថ​កិច្ច​ខេត្ត​កំពង់ធំ​ បាន​ឃាត់​ខ្លួន​បុគ្គលិក​អង្គការ​នេះ​ម្នាក់​ពី​បទ​ជម្រិត​ទារ​ប្រាក់​ពី​ប្រជា​ពលរដ្ឋ។​ ហើយ​កាលពី​ថ្ងៃទី​២០ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ មាន​ការ​ចុះ​ផ្សាយ​ថា​បុគ្គលិក​អង្គការ​នេះ​ចំនួន ​១០​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​រថយន្ត​ផ្ទាល់​ខ្លួន​ ដែល​មាន​ស្លាក​លេខ​ខេមរ​ភូមិន្ទ​ និង​ប្រើប្រាស់​តួនាទី​អង្គការ​គំរាម​កំហែង​អ្នក​ដទៃ​ក្នុង​សង្កាត់​ព្រៃនប់​ ខេត្ត​ព្រះ​សីហនុ។​

លោក​ ព្រំ ភារុណ ​បុគ្គលិក​អង្គការ​នេះ​បាន​បញ្ជាក់​ថា ​ការ​ឃាត់​ខ្លួន​បុគ្គលិក​អង្គ​ការ​នេះ​ចំនួន ​១០​នាក់​នៅ​សង្កាត់​ព្រៃនប់​ ខេត្ត​ព្រះ​សីហនុ​ គឺ​ដោយ​សារ​មាន​ជន​ម្នាក់​បាន​បន្លំ​ធ្វើ​ជា​បុគ្គលិក​របស់​អង្គការ។​

VOA ​មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ហ៊ី ចាន់រិទ្ធ​ អធិការ​ស្រុក​ព្រៃ​នប់ ​និង​លោក ហ៊ី ប៊ុនទី​ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះ​សីហនុ​បាន​ទេ។​

លោក ស៊ឹង សែនករុណា ​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លើក​ឡើង​ថា​ ការ​មិន​បញ្ជាក់​អំពី​សកម្មភាព​ដែល​ក្រសួង​មហាផ្ទៃ​ចោទ​ថា​ បាន​ប្រព្រឹត្ត​ខុស​ច្បាប់​នោះ អាច​ធ្វើ​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត​ បារម្ភ​អំពី​ការ​អនុវត្ត​ច្បាប់​របស់​ក្រសួង​មហាផ្ទៃ។​

«បើសិន​ជា​មិន​មាន​ការ​បង្ហាញ​ឲ្យ​មាន​ភាព​ច្បាស់​លាស់​ទេ អាច​ធ្វើ​ឲ្យ​អង្គការ​ផ្សេងៗ​ទៀត ​មាន​ការ​ព្រួយ​បារម្ភ​ហើយ​ ព្រោះ​បើ​សិន​ជា​ការ​ប្រព្រឹត្ត​មិន​ច្បាស់​លាស់​ណា​មួយ ​ហើយ​ត្រូវ​បាន​មាន​ការ​ចាត់​វិធានការ​អ៊ីចឹង»។​

លោក​ សឿង សារឿន នាយក​ប្រតិបត្តិ​អង្គការ​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា​(CCC) ប្រាប់​ VOA ​ថា​ អង្គការ​ការពារ​និង​អភិរក្ស​សត្វ ​ព្រៃឈើ​ ជលផល​កម្ពុជា ​មិន​មែន​ជា​សមាជិក​របស់​CCC​នោះ​ទេ។​ លោក​បន្ត​ថា​ ក្រុម​ការងារ​របស់​លោក​កំពុង​ស្រាវជ្រាវ​អំពី​សកម្ម​ភាព​ការងារ ​និង​មូលហេតុ​នៃ​ការ​ផ្អាក​សកម្ម​ភាព​របស់​អង្គការ​នេះ។​

បើ​តាម​លោក​ ឈឹម កាន​ ប្រធាន​នាយកដ្ឋាន​សមាគម​និង​គណបក្ស​នយោបាយ​នៃ​ក្រសួង​មហា​ផ្ទៃ​កម្ពុជា ​មាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ ​និង​អន្តរ​ជាតិ ​ជាង ​៥.០០០ ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ។​ លោក​ថា ​កន្លង​មក​មាន​អង្គការ​តែ​មួយ​ប៉ុណ្ណោះ ​ដែល​ត្រូវ​ផ្អាក​សកម្ម​ភាព​ ប៉ុន្តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ឡើង​វិញ។

កាលពី​ខែ​កញ្ញា​ ឆ្នាំ​២០១៧​ ក្រសួង​មហាផ្ទៃ​បាន​ផ្អាក​សកម្ម​ភាព​របស់​អង្គការ​សមធម៌​កម្ពុជា​ ដែល​ជា​អង្គការ​តែង​ជួយ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ។​ ក្រសួង​លើក​ហេតុ​ផល​ថា​ អង្គការ​នេះ​ធ្វើ​សកម្ម​ភាព​ផ្ទុយ​ពី​ខ្លឹម​សារ​ច្បាប់​ដែល​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ។​

ប៉ុន្តែ​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨ ​ក្រសួង​បាន​សម្រេច​ឲ្យ​អង្គការ​មួយ​នេះ​ដំណើរ​ការ​ការងារ​របស់​ខ្លួន​ឡើង​វិញ។ ​ការ​ផ្អាក​សកម្មភាព​របស់​អង្គការ​សមធម៌​នា​ពេល​នោះ​ ធ្វើ​ឡើង​ដោយ​យោង​លើ​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ កាល​ពី​ឆ្នាំ​២០១៥​ ហើយ​ត្រូវ​បាន​រិះគន់​ថា​រឹតត្បិត​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល៕